ភ្នំពេញ៖ សមាជិកសភាថៃម្នាក់ និងជនជាតិថៃ ៦នាក់ផ្សេងទៀត ត្រូវបានតុលាការកម្ពុជាសាកសួរនៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីពួកគេត្រូវបានចាប់ខ្លួននៅតាមបណ្តោយព្រំដែនក្រោមការចោទប្រកាន់ថាបានឆ្លងដែនខុសច្បាប់។
លោក ផានិក វិគិតស្រេត មកពីគណបក្សប្រជាធិបតេយ្យកំពុងកាន់អំណាចនៅប្រទេសថៃ ត្រូវបានចាប់ខ្លួនរួមជាមួយមនុស្ស ៦នាក់ទៀត កាលពីថ្ងៃពុធម្សិលមិញ នៅក្នុងខេត្តបន្ទាយមានជ័យ នៅជិតភាគខាងលិចនៃព្រំដែនប្រទេសថៃ។
លោកនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន សែន បានថ្លែងកាលពីថ្ងៃពុធម្សិលមិញថា ករណីនេះនឹងដំណើរការកាត់ក្តីឆាប់ៗ ដោយបានបន្ថែមថា លោកនឹងបានច្រានចោលការស្នើពីក្រុមមន្ត្រីថៃចូលអន្តរាគមន៍ក្នុងរឿងនេះ។
លោក ហ៊ុន សែន មានប្រសាសន៍ថា៖ «ខ្ញុំគិតថា នាយករដ្ឋមន្ត្រីអាភីស៊ីត នឹងយល់ពីនីតិវិធីច្បាប់កម្ពុជាដែលគ្មាននរណាម្នាក់អាចរំលោភបំពានបាន»។ លោក ហ៊ុន សែន បន្តថា៖ «ក្រុមនេះនឹងទទួលទោសតាមច្បាប់ ពីព្រោះក្រុមតំណាងរាស្ត្រថៃ មិនអាចប្រើប្រាស់អភ័យឯកសិទ្ធិសភារបស់ពួកគេ ចូលកម្ពុជាបានឡើយ»។
មន្ត្រីជាន់ខ្ពស់កម្ពុជាមួយរូប បានប្រាប់ថា ក្រុមជនជាតិថៃនេះ កំពុងស្ថិតក្រោមការឃុំខ្លួនពីបទចូលទឹកដីកម្ពុជាគ្មានការអនុញ្ញាត ក្រោមច្បាប់អន្តោប្រវេសន៍។
មន្ត្រីរូបនោះដែលស្នើសុំមិនបញ្ចេញឈ្មោះ ខណៈដែលគាត់គ្មានសិទ្ធិត្រូវនិយាយពីបញ្ហានេះនោះ បានថ្លែងថា៖ «ពួកគេបានចូលកម្ពុជាដោយគ្មានការអញ្ចើញ»។
លោក ប្រាសាក់ ប្រាសាទវិនិច្ឆ័យ បានប្រាប់ថា សវនការរបស់តុលាការនៅថ្ងៃព្រហស្បតិ៍នេះ មិនត្រូវបានអនុញ្ញាតឲ្យក្រុមអ្នកយកព័ត៌មានចូលឡើយ ដោយមានតែអគ្គរាជទូតថៃប្រចាំរាជធានីភ្នំពេញប៉ុណ្ណោះ ទើបអាចចូលបាន។ ប្រែសម្រួល ឌិត សុខធី
អានព័ត៌មានពិស្តារក្នុងកាសែតភ្នំពេញ ប៉ុស្តិ៍
No comments:
Post a Comment