Radio Free Asia 2010-12-31
ប្រធានវិទ្យុអាស៊ីសេរី លោកស្រី លីប៊ី លូ (Libby Liu) ផ្ញើសារជូនពរដល់លោកអ្នកនាងមិត្តអ្នកស្ដាប់ទាំងអស់ក្នុងឱកាសឆ្នាំថ្មី ២០១១។

ប្រធានវិទ្យុអាស៊ីសេរី លោកស្រី លីប៊ី លូ (Libby Liu)
នាងខ្ញុំ ឈ្មោះ លីប៊ី លូ (Libby Liu) ជាប្រធានវិទ្យុអាស៊ីសេរី។ នៅក្នុងឱកាសចូលឆ្នាំថ្មីនេះ នាងខ្ញុំសូមជូនពរដល់លោកអ្នក និងអ្នកស្ដាប់របស់យើងទាំងអស់ ឲ្យជួបប្រទះតែសុភមង្គល ភាពរុងរឿង និងប្រកបដោយសុខភាពល្អជានិច្ចនិរន្តរ៍។
ការឈានចូលមកដល់នៃឆ្នាំថ្មី ឆ្នាំ២០១១នេះ គឺជាខួបទី ១៥ឆ្នាំ របស់វិទ្យុអាស៊ីសេរី ដែលបានផ្សាយជូនលោកអ្នកនូវព័ត៌មាន និងសេចក្ដីរាយការណ៍នានា ដែលមានលក្ខណៈសេរី។
នៅក្នុងរយៈពេល ១៥ឆ្នាំកន្លងមកនេះ អ្នករាយការណ៍ព័ត៌មានរបស់យើងបានប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត មិនខ្លាចការនឿយហត់ ដើម្បីផ្សាយជូនលោកអ្នកនូវដំណឹង និងព័ត៌មានដែលអាចជឿទុកចិត្តបាន និងទាន់ហេតុការណ៍ ជាព័ត៌មានលោកអ្នកត្រូវការ។
ក្នុងនោះរួមមាន៖ ព័ត៌មានថ្មីៗស្ដីពីសេដ្ឋកិច្ច រហូតដល់សេចក្ដីរាយការណ៍ទាក់ទងនឹងការរំលោភសិទ្ធិមនុស្សនៅក្នុងប្រទេសរបស់លោកអ្នក។ ព័ត៌មានផ្សាយចេញពីសមរភូមិប្រយុទ្ធ និងក្រោយពេលប្រយុទ្ធ ព្រមទាំងស្ថានការណ៍ជនភៀសខ្លួនជាដើម។ ព័ត៌មានស្ដីពីការជួញដូរស្ត្រីភេទ រហូតដល់វិនាសកម្មផ្នែកបរិស្ថាន។ ព័ត៌មានស្ដីពីការធ្វើទុក្ខបុកម្នេញផ្នែកសាសនា រហូតដល់ព័ត៌មានស្ដីពីគ្រោះថ្នាក់ផ្នែកសុខភាព ដែលមានផលប៉ះពាល់ដល់សុខភាពរបស់លោកអ្នក និងក្រុមគ្រួសារលោកអ្នកផ្ទាល់។
យើងក៏បានផ្សាយជូនផងដែរនូវព័ត៌មានទាំងឡាយដែលរដ្ឋាភិបាលចង់លាក់បំបាំងពីមហាជន ព្រមទាំងព័ត៌មានស្ដីពីបាតុកម្មតវ៉ាទាំងឡាយដែលធ្វើឡើងនៅតាមផ្លូវថ្នល់ក្បែរតំបន់ដែលលោកអ្នករស់នៅ និងនៅតាមទីក្រុងនានាជាដើម។
វិទ្យុអាស៊ីសេរីបង្កើតឡើងសម្រាប់លោកអ្នក ហើយនឹងបន្តបេសកកម្មរបស់ខ្លួនសម្រាប់លោកអ្នក។
ក្នុងរយៈកាល ១៥ឆ្នាំនៃការផ្សាយរបស់យើង យើងមានមោទនភាពក្រៃលែង ដែលអ្នករាយការណ៍ព័ត៌មានរបស់យើងជាច្រើននាក់បានឈ្នះ និងទទួលរង្វាន់កោតសរសើរជាច្រើន ដោយសារតែបានបំពេញការងាររបស់ខ្លួនបានល្អប្រពៃ និងរាយការណ៍ព័ត៌មាននានាដែលមានប្រយោជន៍ដល់មនុស្សជាតិ។ ប៉ុន្តែរង្វាន់ដ៏ធំបំផុតនោះ គឺការដែលយើងដឹងថា មានមនុស្សជាច្រើនដូចលោកអ្នកជាដើម ដែលពឹងផ្អែកលើការផ្សាយរបស់យើងដើម្បីស្វែងយល់ និងតាមដានហេតុការណ៍ និងព្រឹត្តិការណ៍ផងទាំងឡាយដែលកំពុងកើតមានឡើង។
យើងខ្ញុំក៏សូមសម្ដែងការកោតសរសើរផងដែរដល់លោកអ្នកស្ដាប់ជាច្រើន ដែលបានដើរតួជាអ្នកផ្ដល់ដំណឹងពីគ្រប់ទីកន្លែង ដែលអាចហៅបានថា អ្នកកាសែតប្រជាជន ដោយការផ្ដល់រូបថត និងរូបភាពវីដេអូ នូវហេតុការណ៍ទាំងឡាយដែលលោកអ្នកបានឃើញដោយផ្ទាល់ភ្នែក។
យើងសូមអរគុណចំពោះលោកអ្នក ហើយដើម្បីលោកអ្នក និងអ្នកស្ដាប់របស់យើងទាំងអស់ យើងសូមប្ដេជ្ញាថា នឹងបន្តប្រឹងប្រែងថែមទៀតនៅក្នុងឆ្នាំ២០១១នេះ គឺយើងនឹងបន្តផ្សាយនូវព័ត៌មាន និងសេចក្ដីរាយការណ៍ផ្សេងៗដែលមានប្រយោជន៍ដល់លោកអ្នក។
នេះគឺជាវិទ្យុអាស៊ីសេរី! សួស្ដីឆ្នាំថ្មី! ពីយើងទាំងអស់គ្នានៃវិទ្យុអាស៊ីសេរី។
No comments:
Post a Comment