ប្រមុខ​ការទូត​កម្ពុជា ថ្កោល​ទោស​ថៃ និង អំពាវនាវ​កុំ​ឲ្យ​ខ្មែរ​ឆ្លង​ដែន​ខុស​ច្បាប់

ដោយ លី ម៉េងហួរ
អត្ថបទ RFI
ថ្ងៃទី 13/01/2010

ប្រមុខ​ការទូត​ប្រទេស​កម្ពុជា លោក​ឧបនាយក​រដ្ឋមន្ត្រី ហោ ណាំហុង បាន​ធ្វើការ​ថ្កោល​ទោស​ជា​ថ្មី​ម្តង​ទៀត លើ​ទាហាន​ថៃ ដែល​បាន​បាញ់​សម្លាប់ គ្មាន​ប្រណី​ដៃ​លើ​ពលរដ្ឋ​ខ្មែរ​នៅ​ជាយដែន។ ពលរដ្ឋ​ខ្មែរ ដែល​បាន​នាំគ្នា​ចូល​ឆ្លង​ដែន​ខុស​ច្បាប់ ទៅ​រក​អនុផល​ព្រៃឈើ នៅ​លើ​ខ្នង​ភ្នំ​ដងរែក​ តំបន់​ព្រំដែន​កម្ពុជា​-​ថៃ។

លោក ហោ ណាំហុង ថ្ងៃ​ទី​១៣ មករា ២០១០ (រូបថត ៖ ម៉េងហួរ/RFI)

លោក ហោ ណាំហុង ថ្ងៃ ទី ១៣ មករា ២០១០ (រូបថត ៖ ម៉េងហួរ/RFI)

ចំពោះ​មុខ​គ្រោះថ្នាក់​ជា​ប្រចាំ ដែល​ទាហាន​ថៃ​ បាញ់​សម្លាប់​ពលរដ្ឋ​ខ្មែរ​នៅ​ជាយ​ដែន លោក​ឧបនាយក​រដ្ឋមន្ត្រី ហោ ណាំហុង បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ កុំ​ព្យាយាម​ឆ្លង​ដែន​ខុស​ច្បាប់​ទៅ​កាន់​ទឹក​ដី​ថៃ ហើយ​ងាក​មក​រក​ការងារ​​ធ្វើ​នៅ​ក្នុង​ស្រុក​វិញ។

នៅ​ថ្ងៃ​ពុធ ទី​១៣​មករា ឆ្នាំ ២០១០ លោក ហោ ណាំហុង បាន​ធ្វើការ​អំពាវនាវ តាម​រយៈ​ប្រព័ន្ធ​ឃោសនា​មហាជន រួម​មាន៖ កាសែត វិទ្យុ និង ទូរទស្សន៍ ដើម្បី​ឲ្យ​ពលរដ្ឋ​ខ្មែរ កុំ​ឆ្លង​ដែន​ទៅ​ស្រុក​ថៃ ដោយ​ខុស​ច្បាប់។ ពលរដ្ឋ​ខ្មែរ ក៏​គួរ​តែ​ងាក​មក​ធ្វើ​ការងារ​នៅ​ក្នុង ស្រុក​ប្រសើរ​ជា​ជាង ព្រោះ​ឥឡូវ​នេះ ការងារ​ក្នុង​ស្រុក​យើង ក៏​មាន​ប្រាក់​កម្រៃ​ដូចគ្នា នឹង​ការងារ​នៅ​ប្រទេស​ថៃ។ ប៉ុន្តែ​បើ​ត្រូវ​ចេញ​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស គឺ​ពលរដ្ឋ​ខ្មែរ ក៏​ត្រូវ​ចេញ​ដោយ​ស្រប​ច្បាប់។

កង​ទ័ព​ថៃ​ឈរ​ជើង​តាម​ព្រំដែន បាន​បាញ់​សម្លាប់​ពលរដ្ឋ​ខ្មែរ យ៉ាង​ហោច​ណាស់ ១០ នាក់ គិត​ចាប់ពី​ឆ្នាំ ២០០៨ មក​ទល់​នឹង​ពេល​នេះ។ គឺ​គិត​ចាប់​តាំងពី​ទាហាន​ថៃ បាន​លើក​​ទ័ព ចូល​មក​ឈ្លានពាន​ទឹកដី​កម្ពុជា នៅព្រំដែន​ប្រាសាទ​ព្រះវិហារ កាលពី​ថ្ងៃ ១៥​កក្កដា ឆ្នាំ​២០០៨។ ចុងក្រោយ គឺ​នៅ​ថ្ងៃ​ច័ន្ទ ទី​១១ មករា ឆ្នាំ ២០១០ ទាហាន​ឈុត​ខ្មៅ​ថៃ បាន​បាញ់​សម្លាប់​ពលរដ្ឋ​ខ្មែរ ២ នាក់​ឪពុក​កូន នៅ​លើ​ខ្នង​ភ្នំ​ដង​រែក ជាប់​ព្រំដែន​ប្រទេស​កម្ពុជា​-​ថៃ ក្នុង​ខេត្ត​ឧត្តរមានជ័យ។

ព្រឹត្តិការណ៍​បង្ក្រាប​របស់​ទាហាន​ថៃ​នេះ ក៏​មាន​យុវជន​ខ្មែរ​ម្នាក់ កាលពី​ខែ​កញ្ញា ឆ្នាំ​មុន ត្រូវ​ទាហាន​ថៃ បាញ់​ឲ្យ​របួស ហើយ​ចាក់​សាំង ដុត​ទាំង​រស់​ទៀត​ផង។ ចំណែក​ពលរដ្ឋ​ខ្មែរ​ក្រីក្រ​ប្រហែល ២០ នាក់​ផ្សេង​ទៀត ក៏​ត្រូវ​បាន​រាយការណ៍​ថា ត្រូវ​ទាហាន​ថៃ បាញ់​ឲ្យ​របួស ហើយ​ថៃ​បាន​ចាប់​កាត់​ទោស ឲ្យ​ជាប់​ពន្ធនាគារ​យូរ​ឆ្នាំ​ទៀត​ផង។

មូលហេតុ​នៃ​ការបង្ក្រាប​យ៉ាង​ចាស់​ដៃ​របស់​ថៃ មក​លើ​ពលរដ្ឋ​កម្ពុជា​បែប​នេះ ពលរដ្ឋ​ខ្មែរ​នៅ​តាម​ជាយ​ដែន​ប្រទេស​ថៃ មាន​ជីវភាព​ក្រីក្រ តោក​យ៉ាក។ អ្នកខ្លះ​ក៏​ដាច់​ចិត្ត​ចូល​ព្រៃ រុក​រក​អនុផល​ព្រៃឈើ នៅ​លើ​ខ្នង​ភ្នំ​ដងរែក ក្នុង​ខេត្ត​ឧត្តរមានជ័យ ជាប់​ទល់​ដែន​ប្រទេស​ថៃ។ អ្នកខ្លះ​ទៅ​បោច​វល្លិ៍ អ្នកខ្លះ​ចូល​កាប់​ឈើ ពិសេស​គ្រញូង​ដ៏​មាន​តម្លៃ ដោយ​​ខុស​ច្បាប់។ ពលរដ្ឋ​ខ្មែរ​ទាំង​នោះ ចូលព្រៃ​រហូត​ឆ្លង​ចូល​ទឹក​ដី​ថៃ។

ចំពោះ​មុខ​វិធានការណ៍​បង្ក្រាប​របស់​ថៃ​បែប​នេះ អាជ្ញាធរ​ប្រទេស​កម្ពុជា តាម​ព្រំដែន បាន​ចេញ​បម្រាម​ជាបន្ទាន់ អំពាវនាវ​កុំ​ឲ្យ​ពលរដ្ឋ​ខ្មែរ ឆ្លង​ដែន​ដោយ​ខុស​ច្បាប់ ទៅ​កាន់​ទឹក​ដី​ថៃ ពិសេស ការ​ចូល​កាប់​ឈើ តាម​ព្រំដែន ក្នុង​ទឹកដី​ថៃ។​ ចំណែក​ចំណាត់ការ ខាង​ផ្លូវ​ការទូត​វិញ ក្រសួង​ការបរទេស​កម្ពុជា ក៏​បាន​ធ្វើ​កំណត់​ទូត ទៅ​កាន់​ប្រទេស​ថៃ ដោយ​ប្រើ​ពាក្យ​ធ្ងន់ៗ​ជា​ច្រើន​លើក​ច្រើន​សារ ព្រម​ទាំង​ការ​ថ្កោលទោស​ចំពោះ​ទង្វើ​បង្រ្កាប​របស់​ថៃ លើ​ពលរដ្ឋ​ខ្មែរ​ឆ្លង​ដែន​ខុស​ច្បាប់ បូក​រួម​ទាំង​ការបាញ់​សម្លាប់​ពលរដ្ឋ​ខ្មែរ ជា​ហូរហែ​មក​នេះ។

បន្ថែម​លើ​ប្រតិកម្ម តាម​បែប​ការទូត​នេះ នៅ​ថ្ងៃ​ពុធ ទី​១៣​មករា​នេះ​តែ​ម្តង លោក​ប្រមុខ​ការទូត​កម្ពុជា ហោ ណាំហុង បាន​ថ្កោលទោស ដោយ​ផ្ទាល់មាត់​ម្តង​ទៀត​ថា ថៃ​កាត់​ទោស​ពលរដ្ឋ​ខ្មែរ ដោយ​ការបាញ់​សម្លាប់​របៀប​នេះ ជា​អំពើ​ឃោរឃៅ អមនុស្សធម៌ ដែល​មិន​អាច​ទទួល​យក​បាន។

លោក​ប្រមុខ​ការទូត​កម្ពុជា ហោ ណាំហុង បាន​គូស​បញ្ជាក់​ថា ទោះ​ជា​ពលរដ្ឋ​ខ្មែរ​ឆ្លង​ដែន​ខុសច្បាប់ និង មាន​កំហុស​យ៉ាង​ណា​ក៏​ដោយ ថៃ​ត្រូវ​ចាប់​គាត់​កាត់​​ទោស​តាម​ច្បាប់ ហើយ​ថៃ ដែល​ជា​ប្រទេស​ប្រជាធិបតេយ្យ​ទំនើប​នោះ ក៏​គួរ​តែ​មាន​ការគោរព​សិទ្ធិ​មនុស្ស និង គោរព​ច្បាប់​អន្តរជាតិ៕


No comments: