កម្ពុជា​ស្វែង​រក​អ្នក​ផលិត​ស្បែកជើង​មាន​រូប​ទង់​ជាតិ​ខ្មែរ

ដោយ លាង ដឺលុច
អត្ថបទ RFI
ថ្ងៃទី 13/01/2010

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ខ្មែរ​លោក ហោ ណាំហុង បាន​ថ្លែង​ថា លោក​បាន​បញ្ជា​អោយ​មាន​ការ​ស្រាវ​ជ្រាវ​រក​អ្នក​ផលិត​ស្បែក​ជើង​ប៉ាតា​ដែល​មាន​ដាក់​រូប​ទង់​ជាតិ​កម្ពុជា។ រដ្ឋមន្ត្រី​ការបរទេស​ចាត់ទុក​ថា ការ​ផលិត​ស្បែក​ជើង​មាន​រូបភាព​ទង់​ជាតិ​ខ្មែរ​នេះ គឺ​ជា​ការ​មើល​ងាយ​ជាតិ​ខ្មែរ។

ស្បែក​ជើង​មាន​រូប​ប្រាសាទ​អង្គរ​ដែល​មាន​ដាក់​នៅ​គេហទំព័រមួយ

ស្បែក ជើង មាន រូប ប្រាសាទ អង្គរ ដែល មាន ដាក់ នៅ គេហទំព័រមួយ

លោក​ឧបនាយក​រដ្ឋមន្ត្រី​ ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា​បាន​បញ្ចេញ​ប្រតិកម្ម​នៅថ្ងៃនេះ​ប្រឆាំង​ការ​ផលិត​ស្បែក​ជើង​ប៉ាតា​ដែល​មាន​រូប​ទង់ជាតិ​កម្ពុជា។ លោក ហោ ណាំហុង​ បាន​ថ្លែង​ថា លោក​បាន​ជួប​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​លោក​ ចម ប្រសិទ្ធ ​រួច​ហើយ ដើម្បី​ស្វែង​រក​ទីតាំង​ផលិត​ស្បែកជើង​នេះ។ បើតាម​ការអត្ថាធិប្បាយ​របស់​លោក​ ហោ ណាំហុង ការ​ផលិត​ស្បែកជើង​ដោយ​មាន​ដាក់​រូប​ទង់ជាតិ​ខ្មែរ​យ៉ាង​នេះ គឺជា​ការ​មើលងាយ ដោយ​សារ​តែ​ទង់ជាតិ​ដែល​មាន​រូប​អង្គវត្ត គឺ​ជា​ព្រលឹងជាតិ​ខ្មែរ។

ស្បែកជើង​ប៉ាតា​មាន​ដាក់​រូប​ទង់ជាតិ​អង្គរវត្ត​កម្ពុជា ត្រូវ​បាន​គេ​រក​ឃើញ​ក្នុង​គេហទំព័រ​មួយ www.zazzle.com/cambodia_flag_shoes-167999868568277464។ ក្នុង​ពេល​នេះ លោក​ឧបនាយក​រដ្ឋមន្ត្រី​ ហោ ណាំហុង ​គ្រាន់តែ​បាន​បញ្ជាក់​អោយ​ដឹងថា គេហទំព័រ​នេះ​មាន​ប្រភព​មក​ពី​រដ្ឋ​កាលីហ្វ័រនីញា សហរដ្ឋ​អាមេរិក។ ប៉ុន្តែ​កម្ពុជា​នៅ​មិនទាន់​ដឹង​ថា តើ​ទីតាំង​ផលិត​ស្បែកជើង​នេះ​នៅ​ទី​ណា​ពិតប្រាកដ​ឡើយ។ គេហទំព័រ​នេះ​បាន​បង្ហាញ រូបភាព​ស្បែកជើង​ប៉ាតា​ជាច្រើន​ដែល​មាន​ដាក់​រូបភាព​ទង់ជាតិ​របស់​ប្រទេស​ផ្សេងៗ​ដូចជា ប្រទេស​ថៃ អាល់ហ្សេរី កូសូវ៉ូ​ជាដើម។

នេះ​មិនមែន​ជាលើកទី​មួយទេ​ដែល​និមិត្តរូប​នៃ​ព្រលឹង​ជាតិ​ខ្មែរ​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ជាប់​នឹង​ស្បែកជើង។ កាលពី​ដើម​ឆ្នាំ​២០០៨ អាជ្ញាធរ​កម្ពុជា​ក៏​បាន​រក​ឃើញ​មាន​ការនាំចូល​ស្បែក​ជើង​ផ្ទាត់​ពីប្រទេស​វៀតណាម។ ស្បែកជើង​ផ្ទាត់​ដែល​មាន​គូរ​រូប​ប្រាសាទ​អង្គរវត្ត​នៅពីលើ៕


No comments: