ពលរដ្ឋ​ត្អូញត្អែរ​ពី​បញ្ហា​ប្រេង​ឥន្ធនៈ​ឡើង​ថ្លៃ


ដោយ សេក បណ្ឌិត
2010-01-12
​វិទ្យុ​អាស៊ីសេរី

ប្រជាពលរដ្ឋ​ដែល​មាន​មុខរបរ​រត់​ម៉ូតូ​ឌុប បើក​រថយន្ត​តាក់ស៊ី បាន​ត្អូញត្អែរ​ថា នៅ​ដើម​ឆ្នាំ​២០១០​នេះ ប្រេង​ឥន្ធនៈ​ចាប់ផ្តើម​ឡើង​ថ្លៃ​ជា​បន្ត​បន្ទាប់ បញ្ហា​នេះ​ពួក​គាត់​អះអាង​ថា នេះ​ជា​បន្ទុក​យ៉ាង​ធ្ងន់ធ្ងរ​ដែល​ពួក​គាត់​ចាប់ផ្តើម​រែកពុន​តាំង​ពី​ដើម​ឆ្នាំ​នេះ​ត​ទៅ។

អតិថិជន​ជិះ​ម៉ូតូ​ចេញ​ពី​ស្ថានីយ​ប្រេង​មួយ​កន្លែង​របស់​ក្រុមហ៊ុន​តូតាល់ នៅ​ក្នុង​ទីក្រុង​ភ្នំពេញ នា​ថ្ងៃ​ទី​២០ កក្កដា ២០០៩។ (RFA Photo/Mean Riddh)

អតិថិជន ជិះ ម៉ូតូ ចេញ ពី ស្ថានីយ ប្រេង មួយ កន្លែង របស់ ក្រុមហ៊ុន តូតាល់ នៅ ក្នុង ទីក្រុង ភ្នំពេញ នា ថ្ងៃ ទី ២០ កក្កដា ២០០៩។ (RFA PHOTO/MEAN RIDDH)

អ្នក​រត់​ម៉ូតូ​ឌុប​ម្នាក់​រស់​នៅ​រាជធានី​ភ្នំពេញ លោក តាម៉ៅ បាន​ឲ្យ​ដឹង​ថា តម្លៃ​ប្រេង​កាល​ពី​ឆ្នាំ​ចាស់​មាន​តម្លៃ​ជាង ៣.០០០​រៀល ហើយ​ចូល​ឆ្នាំ​ថ្មី​បាន​ឡើង​រហូត​ដល់ ៤.០០០​រៀល ជា​បន្ត​បន្ទាប់ មក​ដល់​ថ្ងៃ​នេះ​ប្រេង​សាំង​ឡើង​ដល់ ៤.១៥០​រៀល ទៅ ៤.៤០០​រៀល។ លោក​បន្ត​ថា ចំពោះ​អ្នក​ជិះ​មិន​បាន​ឲ្យ​ឈ្នួល​ឡើង​ថ្លៃ​នោះ​ឡើយ។

លោក តាម៉ៅ បាន​បញ្ជាក់​ថា ៖ «ចំពោះ​អ្នក​ក្រ​សំខាន់​រឿង​សាំង​ហ្នឹង រឿង​រកស៊ី សំខាន់​រឿង​សាំង​ហ្នឹង តែ​សាំង​ឡើង អ្នក​ក្រ​ដូច​ជា​យ៉ាប់​ដែរ បើ​វា​ចុះ​វិញ អ្នក​ក្រ​ធូរ​វិញ​ហើយ ហើយ​បើ​សាំង​នៅ​ត្រឹម ៣.៥០០​(រៀល)​ដូច​មុន អា​ហ្នឹង​អាច​រស់​បាន​ស្រួល»។

បុគ្គលិក​ផ្នែក​លក់​នៅ​ស្ថានីយ​ប្រេង​ឥន្ធនៈ​តូតាល់​បាន​ប្រាប់​ឲ្យ​ដឹង​ពី​តម្លៃ​ប្រេង​សាំង​សម្រាប់​ថ្ងៃ​អង្គារ ទី​១២ មករា​នេះ ថា ៖ «ថ្ងៃ​មុន​សាំង​ស៊ុបពែរ ៤.៣៥៩​(រៀល) ហើយ​និង​សាំង​ធម្មតា​វា ៤.០០០ ហើយ​ឥឡូវ​វា​ឡើង ស៊ុបពែរ​ឡើង ១០០ ហើយ​និង​សាំង​ធម្មតា​ឡើង ១៥០»។

អ្នក​រត់​តាក់ស៊ី​ពី​ភ្នំពេញ​ទៅ​ខេត្ត​តាកែវ លោក អន ប៉ុន បាន​ត្អូញត្អែរ​ថា ប្រេង​សាំង​តែ​ឡើង​ហើយ​មិន​ងាយ​ចុះ​វិញ​ទេ ដូច្នេះ​វា​ជា​បន្ទុក​មួយ​ធ្ងន់ធ្ងរ​ណាស់​សម្រាប់​អ្នក​មាន​មុខរបរ​តូចតាច ក្រីក្រ រក​មួយ​ថ្ងៃ​សម្រាប់​រស់​មួយ​ថ្ងៃ​នោះ។

លោក អន ប៉ុន បាន​ឲ្យ​ដឹង​ថា ៖ «បញ្ហា​សាំង​ឡើង​ថ្លៃ​រាល់​ថ្ងៃ​នេះ ម៉្ងៃ​ឡើង​៥០​(រៀល) ម៉្ងៃ​ឡើង​១០០ៗ​រហូត ហើយ​ថ្ងៃ​ណា​ក៏​ឡើង​ថ្លៃៗ ហើយ​ដល់​ពេល​អ្នក​ជិះ​សព្វដង​យើង​ដាក់ ១២.០០០ ឥឡូវ​ហ្នឹង​អ្នក​ជិះ​រក​លុយ​អត់​បាន សុំ​តែ ១​ម៉ឺន អ្នក​ខ្លះ​ឲ្យ ៨​ពាន់ ចេះ​តែ​ដាក់ៗ​ទៅ វា​ពិបាក​ពេក!»។

ប្រជាពលរដ្ឋ​សូម​ឲ្យ​រដ្ឋាភិបាល​ជួយ​ទប់ស្កាត់​ពី​បញ្ហា​នេះ ពោល​គឺ​កុំ​ឲ្យ​ប្រេង​ឥន្ធនៈ​ឡើង​ថ្លៃ​ជា​បន្ត​ទៀត ៖ «សំណូមពរ​ឲ្យ​វា​បាន​ចុះ​ទៅ ក៏​វា​ល្អ​ជាង​វា​ឡើង​ដូច​រាល់​ថ្ងៃ។ សំណូមពរ​ឲ្យ​រាជ​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់ សាំង​ហ្នឹង​កុំ​ឲ្យ​ចេះ​តែ​ឡើង​រហូត​ពេក ឲ្យ​វា​បាន​ចុះ​ខ្លះ​ទៅ ធ្វើ​ឲ្យ​ពួក​ខ្ញុំ​តាក់ស៊ី​ស្រណុក​រកស៊ី​ផង ហើយ​ណា​មួយ​យើង​ដាក់​ទៅ​តម្លៃ​ទាប​បន្តិច​ទៅ ធ្វើ​ឲ្យ​ជីវភាព​ប្រជាជន​ក៏​វា​ធូរធារ​តាម​ហ្នឹង​ដែរ ខ្ញុំ​ក៏​ស្រណុក​រក​ម៉ូយ គ្នា​ក៏​ស្រណុក​រក​លុយ​ជិះ​ដែរ!»។

ស្ថានីយ​ប្រេង​ឥន្ធនៈ​នៅ​ប្រទេស​កម្ពុជា​ដែល​គេ​និយម​ចូល​ចិត្ត​មាន​កាល់តិច, តូតាល់, តេលា និង​សូគីម៉ិច ចំពោះ​តម្លៃ​ខុស​គ្នា​បន្តិច​បន្តួច​ទៅ​តាម​គុណភាព​ប្រេង។

វិទ្យុ​អាស៊ីសេរី​មិន​ទាន់​អាច​ទាក់ទង​មន្រ្តី​រដ្ឋាភិបាល​ដើម្បី​ពន្យល់​ពី​បញ្ហា​សាំង​ចាប់ផ្តើម​ឡើង​ថ្លៃ​បាន​ទេ នៅ​ថ្ងៃ​ទី​១២ មករា។ ប៉ុន្តែ​អ្នក​គ្រប់គ្រង​ស្ថានីយ​ប្រេង​ឥន្ធនៈ​នីមួយៗ​បាន​ពន្យល់​ដោយ​លើក​ហេតុផល​ថា តម្លៃ​ប្រេង​ឥន្ធនៈ​ឡើង​ថ្លៃគឺ​វា​អាស្រ័យ​ទៅ​លើ​តម្លៃ​ប្រេង​នៅ​ក្រៅ​ប្រទេស​មាន​ការ​ប្រែប្រួល​ឡើង​ថ្លៃ​ដែរ៕


No comments: