ទុកបណ្តឹង ព្រហ្មទណ្ឌ មួយអន្លើ ដើម្បីរង់ចាំ លទ្ធផល ផ្សះផ្សារវាង ម៉េង កែវពេជ្ជតា និងស្វាមី ថ្ងៃទី១១មក

កំសាន្តថ្ងៃទី០៩/០១/១០
everyday.com.kh

តារាចម្រៀង ម៉េង កែវពេជ្ជតា

តារាចម្រៀង ម៉េង កែវពេជ្ជតា

បណ្តឹងតារាចម្រៀង ម៉េង កែវពេជ្ជតា និងបងស្រីដែលមាន កម្មវត្ថុប្តឹងលោក មួង ឃីម ពីបទបង្ករបួសស្នាម និងរំលោភលើ លំនៅស្ថាននោះ បានត្រូវអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ ទុកមួយអន្លើដើម្បីរង់ចាំតុលាការ សម្រេចរឿងលែង លះជាមុនសិន ពោលគឺបើការផ្សះផ្សា លើកទី២នេះ ធ្វើឱ្យគូភាគីជួបជុំគ្នាវិញ នឹងធ្វើឱ្យបណ្តឹង ព្រហ្មទណ្ឌត្រូវរលាយ ។ ប៉ុន្តែបើបរាជ័យនោះ តុលាការនឹងចាត់ការ បណ្តឹងព្រហ្មទណ្ឌតាមនីតិវិធី ។

គួររំលឹកថាកាលពីខែវិច្ឆិកាឆ្នាំ២០០៩កន្លងទៅតារាចម្រៀង ម៉េង កែវពេជ្ជតា បានដាក់ពាក្យបណ្តឹងមកសាលាដំបូងរាជធានីភ្នំពេញដែលមានកម្មវត្ថុប្តឹងលែងលះជាមួយស្វាមីឈ្មោះ មួង ឃីម។

ក្នុងពាក្យបណ្តឹងលែងលះនេះបានចោទប្រកាន់ថាលោកមួង ឃីម លេងល្បែងនិងមានស្រីញីនៅក្រៅផ្ទះទើបធ្វើឱ្យមនោសញ្ចោតនាស្វាមីភរិយាត្រូវដាច់ពីគ្នា ។ ប៉ុន្តែតារាចម្រៀងម៉េង កែវពេជ្ជតាសុំបែង ចែកទ្រព្យសម្បត្តិរួមនិងសុំសិទ្ធិគ្រប់គ្រងកូន ពីរនាក់មានឈ្មោះ មួង រតនៈឃីម និងឈ្មោះ មួង ពេជ្ជតារោជនៈ ។

ទន្ទឹមនឹងការដាក់ពាក្យបណ្តឹងលែងលះនេះតារាចម្រៀងម៉េង កែវពេជ្ជតា បានដាក់ពាក្យបណ្តឹងមួយទៀតដើម្បីឱ្យតុលាការចេញដីការក្សាការពារដែលមានកម្មវត្ថុសុំបែកលំនៅស្ថានសង្វាស និងសុំសិទ្ធិគ្រប់គ្រងកូនទាំងពីរជាបណ្តោះអាសន្ន ។ ប៉ុន្តែក្រោយមកតារាចម្រៀង ម៉េង កែវពេជ្ជតា បានកែប្រែកម្មវត្ថុរក្សាការពារមកជាសុំឱ្យលោកមួង ឃីម ចុះចេញពីផ្ទះវិញ ។ ដូច្នេះហើយតុលាការបានលើកយកបណ្តឹងសុំដីការក្សាការពារនេះទុកដោះស្រាយនៅថ្ងៃក្រោយវិញ ។

ដោយយោងតាមបណ្តឹងលែងលះនេះនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០០៩ តុលាការបានកោះហៅគូភាគីឱ្យមកផ្សះផ្សាគ្នាជាលើកទី១ដោយនៅចំពោះមុខលោកជា សុខហៀង ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ។

លទ្ធផលនៃការផ្សះផ្សានេះពុំមានប្រភពណាបញ្ជាក់ឱ្យដឹងជាផ្លូវការនោះទេគ្រាន់តែបង្ហើបឱ្យដឹងថាលោកមួង ឃីម បានបដិសេធចោលរាល់ការចោទប្រកាន់របស់ភរិយា ហើយលោកនៅតែទទូចសុំឱ្យមានការជួបជុំជាមួយភរិយាវិញ ។ ប៉ុន្តែតារា ចម្រៀង ម៉េង កែវពេជ្ជតា នៅតែប្រកាន់ជំហរដាច់ខាតថាត្រូវលែងលះឱ្យខាងតែបាន ។ ដូច្នេះហើយតុលាការបានឱ្យគូភាគីដកឃ្លាមួយរយៈសិនដើម្បីត្រៀមចូលផ្សះផ្សាលើកទី២ម្តងទៀត ។

នៅចន្លោះពេលនេះនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០០៩ តារាចម្រៀងម៉េង កែវពេជ្ជតា បានចេញទៅប្រទេសបារាំងដោយឱ្យបងប្រុសឈ្មោះ ម៉េង និព្វភារៈ ជាអ្នកបើកឡានជូនទៅ ។ ប៉ុន្តែពេលត្រឡប់មកវិញលោក ម៉េង និព្វភារៈ ពុំបានយកឡានមកទុក នៅផ្ទះលោក មួង ឃីម ទេបែរជាយកទុកនៅផ្ទះម្តុំសង្កាត់ចោមចៅវិញ ។

ទំនងជាមានការអាក់អន់ស្រពន់ចិត្តចំពោះរឿងនេះលោកមួង ឃីម បានដាក់ពាក្យមកតុលាការដើម្បីសុំដីការក្សាការពារដកហូតឡាននេះយកមកវិញ ។ ដូច្នេះតុលាការបានចេញដីកាឱ្យតាមសំណូមពរ ។ ប៉ុន្តែនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០០៩ តារា ចម្រៀង ម៉េង កែវពេជ្ជតា បានវិលត្រឡប់មកវិញទើបរឿងនេះត្រូវបានបញ្ចប់ ។

ដោយសារឃើញអត្តចរិតរបស់លោក មួង ឃីម យ៉ាងដូច្នេះធ្វើឱ្យតារាចម្រៀងម៉េង កែវពេជ្ជតា មានការមួហ្មងក្នុងចិត្តរហូតសម្រេចចាក់សោផ្ទះរួចយកកូនសោចាកចេញមករស់នៅជាមួយបងស្រីឈ្មោះ ម៉េង កែវពេជ្របុប្ឆា ដែលមានផ្ទះនៅម្តុំជើង ឯកក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោជាបណ្តោះអាសន្ន ។

នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០០៩ លោក មួង ឃីម បានទៅផ្ទះរបស់ឈ្មោះ ម៉េង កែវពេជ្របុប្ឆា ដើម្បីជួបភរិយាយកកូនសោផ្ទះវិញ ។ ប៉ុន្តែដោយសារខ្វះការយោគយល់គ្នាទៅវិញទៅមកធ្វើឱ្យគូភាគីរួមទាំងក្រុមគ្រួសារមានការជជែករហូតដល់ថ្នាក់ ប្រតាយប្រតប់គ្នា ទៅវិញទៅមក ។

នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០០៩ តារាចម្រៀងម៉េង កែវពេជ្ជតា និងបងស្រីបានដាក់ពាក្យប្តឹងមកសមត្ថកិច្ចប៉ូលិសខណ្ឌដង្កោដែលមានកម្មវត្ថុប្តឹងលោកមួង ឃីម ពីបទបង្ករបួសស្នាមនិងរំលោភលើលំនៅស្ថាន ។ ទន្ទឹមនេះតារាចម្រៀងម៉េង កែវពេជ្ជតា និងបងស្រីបានដាក់ពាក្យបណ្តឹងមួយទៀតមកអយ្យការសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមច្បាប់ ។

ស្របពេលជាមួយគ្នានេះដែរតុលាការបានចេញដីកាកោះអញ្ជើញគូភាគីឱ្យមកតុលាការនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១០ដើម្បីធ្វើការផ្សះផ្សាលើកទី២ក្នុងបណ្តឹងលែងលះនិងចាត់ការលើពាក្យបណ្តឹងសុំដីការក្សាការពាររបស់តារាចម្រៀង ម៉េង កែវពេជ្ជតា ។

ដោយយោលទៅលើសភាពជាក់ស្តែងនោះតុលាការបានទុកបណ្តឹងព្រហ្មទណ្ឌមួយអន្លើសិនដើម្បីរង់ចាំមើលលទ្ធផលនៃការផ្សះផ្សា នាថ្ងៃទី១១ ខែមករា ឆ្នាំ២០១០ខាងមុខនេះ ព្រោះលទ្ធផលនេះមានបំណងទាក់ទងគ្នាជាមួយបណ្តឹងព្រហ្មទណ្ឌ ព្រោះបើត្រូវគ្នាវិញ បណ្តឹងព្រហ្មទណ្ឌនឹងត្រូវបញ្ចប់តែបើមិនត្រូវគ្នាទេទើបតុលាការបន្តចាត់ការរឿងព្រហ្មទណ្ឌ ។

(អត្ថបទដកស្រង់ពីកាសែតរស្មីកម្ពុជា)


No comments: