ដោយ : ជំនិត
ថ្ងៃទី 11 មករា 2010
CEN by: camnews.org

នាង វ៉ាង ស្រីណូ

នាង វ៉ាង ស្រីណូ

ភ្នំពេញ: ​“​ចប់​ត្រឹម​នេះ​ចុះ​ក៏​មិន​អី​ដែរ ព្រោះ​នាង​ខ្ញុំ​មិន​ទាន់​ជ្រុលជ្រួស​អ្វីៗ​ជាមួយ​បុរស​នោះ​ផង​” ។ នេះ​ជា​សម្តី​របស់​តារា​សម្តែង វ៉ាង ស្រីណូ ដែល​បាន​លាតត្រដាង​ពី​ជម្រៅ​ស្នេហារបស់​នាង​ជាមួយនឹង​យុវ​និស្សិត​ខ្មែរ​អាយុ​ជាង​២០​ឆ្នាំ ទើប​បញ្ចប់​ការសិក្សា​នៅ​សហរដ្ឋអាមេរិក ។​

​ ​វ៉ាង ស្រីណូ ជា​តារា​សម្តែង​ដែល​សំបូរ​រឿងអាស្រូវ​ ។ នាង​មាន​រូបរាង​តូចច្រឡឹង ប៉ុន្តែ​ដើមទ្រូង​ធំ​ព្រហើន ពោរពេញ​ទៅដោយ​ភាព​សិច​ស៊ី​សម្បើម​ណាស់ ​។​

​ ​ចំណង​ស្នេហា​រវាង​នាង ជាមួយនឹង​យុវ​និស្សិត​ខ្មែរ​ដែល​ទើបនឹង​បញ្ចប់​ការសិក្សា​នៅ​សហរដ្ឋ​អាមេរិក​នោះ នាង​បាន​លាតត្រដាង​ជា​សាធារណៈ នៅ​មុនពេល​ដែលនាងចាកចេញ​ទៅ​សម្តែង​នៅ​សហរដ្ឋអាមេរិក​កាលពី​ពាក់កណ្តាល​ខែ​សីហា ​ឆ្នាំ​២០០៩ ។ កាល​នោះ​ពេល​នាង​បាន​ថ្លែង​សរសើរ​ពី​យុវ​និស្សិត​ថា ជា​បុរស​ដំបូង​បំផុត​ដែល​បាន​ទាក់ទាញ​ទឹកចិត្ត​របស់​នាង​ឱ្យ​ព្រម​ទទួលយកការស្នើសុំ​ស្រឡាញ់​របស់គេ ។ វ៉ាង ស្រីណូ នៅ​បាន​សរសើរត្រង់ៗ​ថា បុរស​នោះ​មិន​ត្រឹមតែ​មានចំណេះដឹង​ខ្ពង់ខ្ពស់ និង​ជា​កូន​អ្នក​មាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ចេះ​ផ្តល់​តម្លៃ​ដល់​នារី​ភេទ ពិសេសសម្រាប់​រូប​នាង​ដែល​ជា​អ្នកសិល្បៈ គឺ​គេ​បាន​យកចិត្តទុកដាក់​លើ​រូបនាង​ខ្លាំងណាស់ ស្ទើរតែ​នឹកស្មាន​មិន​ដល់​ពី​ទង្វើ​ដ៏​ល្អ​របស់​គេ ។ ចាប់ពី​នោះមកពួកគេ​ទាំង​ពីរ​នាក់​បាន​សាង​មិត្តភាព​និង​ស្នេហា ដែល​ស្រីណូ​អះអាងថាជាដំណាក់កាលនៃការស្វែងយល់​ចិត្ត​គ្នា​ទៅវិញទៅមក ។​

ឥឡូវនេះ ការបែកបាក់​គ្នា​ត្រូវ​បាន​នាង វ៉ាង ស្រីណូ ប្រាប់​ទៅ​ទស្សនា​វ​ដ្តី​ក្នុង​ស្រុក​ថា បាន​ធ្វើឡើង​បន្ទាប់​ពី​នាង​បាន​វិលត្រឡប់​មក​ពី​សម្តែង​នៅ​សហរដ្ឋអាមេរិកវិញ​កាល​ពី​ថៃ្ង​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០០៩​កន្លងមកនេះ ព្រោះ​ត្បិត​នាង​គ្មាន​ក្តីសង្ឃឹម​ក្នុងការ​ធ្វើ​ដំណើរ​លើ​ផ្លូវ​ស្នេហា​ដ៏​វែង​ឆា្ងយ និង​គ្មាន​គោលដៅ​បន្តទៅ​ទៀត​បាន ។ ស្រីណូ​បន្តថា “​បុរស​នោះ​គេ​មិនសូវ​អើពើ យកចិត្តទុកដាក់​លើ​រូប​នាង​ខ្ញុំ​ដូច​ពី​មុន​ទៀត​ទេ ដូចជា​នៅពេល​ខ្ញុំ​ចាកចេញ​ទៅ​សម្តែង​នៅ​សហរដ្ឋអាមេរិក គេ​មិន​បាន​សួរនាំ​អ្វី​ទាំងអស់ ហើយក៏​មិន​ស្វះស្វែង រក​ប្រភព​ដើម្បី​ធ្វើ​ទំនាក់ទំនង​ជាមួយ​ខ្ញុំដែល​នៅ​ទីនោះ​ដែរ​” ។​នាង​បន្ត​ថា គិតៗ​ទៅ​រហូតមកទល់​ពេលនេះ មាន​រយៈពេល​ជិត​បួន​ខែ​ហើយ “​នាង​ខ្ញុំ​ពុំដែល​មាន​ទំនាក់ទំនង​ជាមួយ​គ្នា នាង​ខ្ញុំ​គិត​ថា​នឹង​បញ្ចប់ ហើយ​មិន​អាច​បន្ត​ទៅមុខ​ទៀត​រួច​ឡើយ​”​ ។​

​ ​អ្នក​នៅ​ក្នុង​ពិភព​សិល្បៈ​បានបញ្ជាក់​ថា បើតាម​សម្តី​របស់​នាង​ស្រីណូ​បានឱ្យដឹងថា “​ចិត្ត​ខ្ញុំ​ក៏​រឹង ចិត្ត​គេ​ក៏​រឹង​”​ ដែល​នេះ គឺ​មូលហេតុ​ធ្វើឱ្យ​អ្នក​ទាំង​ពីរ​ងាក​មុខ​ចេញ​ពី​គ្នា ត្បិត​អ្នក​ទាំង​ពីរ​ប្រកាន់​យក​ត្រូវទៅតាម​ឆន្ទៈ​រៀងៗ​ខ្លួន រហូត​ធ្វើឱ្យ ​វ៉ាង ស្រីណូ ពុំ​អាច​ទ្រាំ​បាន​ក៏​ទម្លាយ​រឿងរ៉ាវអាថ៌កំបាំង​ស្នេហា​បែកបាក់​នេះ​ប្រាប់​ដល់​ទស្សនិកជន​តែម្តង ។​

​ ​តារា​សិច​ស៊ី វ័យ​ ២២​ឆ្នាំ វ៉ាង ស្រីណូ បានបញ្ជាក់​ថា​បច្ចុប្បន្ន​នេះនាង​ប្រឹងប្រែង​ប្រមូលប្រាក់​ចំណូល​ពីវិស័យ​សិល្បៈ​ឱ្យបាន​ច្រើន​ជាង​នេះ ។ ​នាង​កំពុង​រៀបចំ​គម្រោង​ដើម្បី​ចេញ​ទៅ​សម្តែង​នៅ​ប្រទេស​បារាំង និង​នៅ​ប្រទេស​កាណាដា​រយៈពេល​បី​ខែ នា​អំឡុង​ខែ​កុម្ភៈ​ ឆ្នាំ​២០១០​ខាង​មុខ​ជា​បន្ត​ទៀត ​៕


No comments: