បក្ស​សម​រង្ស៊ី​ប្រមូល​អ្នក​គាំទ្រ​ដើម្បី​សុំ​ឲ្យ​លើកលែង​ទោស​ប្រធាន​បក្ស

ដោយ ម៉ៅ សុធានី
2010-01-11
​វិទ្យុ​អាស៊ីសេរី

គណបក្ស​សមរង្ស៊ី​ប្រមូល​អ្នក​គាំទ្រ​បាន​ជាង ២០​ម៉ឺន​នាក់ ដើម្បី​ទូល​សុំ​ព្រះ​មហាក្សត្រ​ខ្មែរ​និង​រដ្ឋ​សភា​លើកលែង​ការ​ចោទ​ប្រកាន់​ដល់​លោក​ប្រធាន​គណបក្ស​សមរង្ស៊ី។

ប្រធាន​គណបក្ស​សមរង្ស៊ី លោក សម រង្ស៊ី (RFA/Ayuthyea)

ប្រធាន គណបក្ស សមរង្ស៊ី លោក សម រង្ស៊ី (RFA/AYUTHYEA)

លោក​តំណាង​រាស្ត្រ ហូ វ៉ាន់ នៃ​គណបក្ស​សមរង្ស៊ី បាន​មាន​ប្រសាសន៍​ថា គណបក្ស​លោក​បាន​ប្រមូល​ស្នាម​មេ​ដៃ​ប្រជាពលរដ្ឋ​គាំទ្រ​ប្រមាណ​ជាង ២០​ម៉ឺន​នាក់​ហើយ​ដើម្បី​ដាក់​ថ្វាយ​ព្រះ​មហាក្សត្រ​ខ្មែរ សម្តេច​ព្រះ​នរោត្តម សីហមុនី និង​សភា​ជាតិ ដើម្បី​សុំ​លើកលែង​ការ​ចោទ​ប្រកាន់​លោក សម រង្ស៊ី ពី​បទ​ថា​បាន​បំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈ និង​បទ​ញុះញង់​ឲ្យ​មាន​ការ​រើសអើង​ជាតិ​សាសន៍​ចំពោះ​ការ​ដក​តម្រុយ​បង្គោល​ព្រំដែន​កម្ពុជា​-​វៀតណាម កាល​ពី​ថ្ងៃ​ទី​២៥ ខែ​តុលា ឆ្នាំ​២០០៩​កន្លង​មក​នេះ។

កាសែត​ភ្នំពេញ​ប៉ុស្តិ៍​បាន​ឲ្យ​ដឹង​ថា លោក​តំណាង​រាស្ត្រ ហូ វ៉ាន់ បាន​មាន​ប្រសាសន៍​បញ្ជាក់​ផងដែរ​ថា ញតិ្ត​ដែល​ដាក់​ថ្វាយ​ព្រះ​មហាក្សត្រ​នោះ​ពុំ​មែន​សុំ​ឲ្យ​លើកលែង​ទោស​ឡើយ ពីព្រោះ​លោក សម រង្ស៊ី នៅ​មិន​ទាន់​បាន​ត្រូវ​តុលាការ​ខេត្ត​ស្វាយរៀង​កាត់​ទោស​នៅ​ឡើយ​ទេ។

លោក​តំណាង​រាស្ត្រ ជាម យៀប នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សនវកម្ម នៃ​សភា​ជាតិ បាន​មាន​ប្រតិកម្ម​ថា ញត្តិ​ដែល​គណបក្ស​សមរង្ស៊ី បម្រុង​ថ្វាយ​ព្រះ​មហាក្សត្រ​នោះ គឺ​ពុំ​ត្រឹមត្រូវ​ឡើយ ពីព្រោះ​ថា មាន​តែ​តុលាការ​ខេត្ត​ស្វាយរៀង​ប៉ុណ្ណោះ​ទេ​ដែល​អាច​លើកលែង​ការ​ចោទ​ប្រកាន់​ទោស​ឧក្រិដ្ឋ​លើ​រូប​លោក សម រង្ស៊ី បាន។

តាម​ការ​អះអាង​របស់​លោក ជូង ជូងី មេធាវី​ការពារ​ក្តី​ឲ្យ​លោក សម រង្ស៊ី បាន​ថ្លែង​ថា តុលាការ​ខេត្ត​ស្វាយរៀង​គ្រោង​នឹង​បើក​សវនាការ​កាត់​ទោស​លោក សម រង្ស៊ី កំបាំង​មុខ​នៅ​ថ្ងៃ​ទី​២៧ ខែ​មករា ខាង​មុខ​នេះ​ហើយ។

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សមរង្ស៊ី ដែល​កំពុង​ស្នាក់នៅ​ក្រៅ​ប្រទេស បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា លោក​នឹង​វិល​ត្រឡប់​ទៅ​កម្ពុជា​វិញ​ដើម្បី​ប្រឈម​មុខ​ជាមួយ​នឹង​តុលាការ​ខេត្ត​ស្វាយរៀង ប៉ុន្តែ​គឺ​ក្នុង​លក្ខខណ្ឌ​ដែល​តុលាការ​ត្រូវតែ​ដោះលែង​ប្រជាពលរដ្ឋ ២​នាក់ និង​ប្រគល់​ដី​ស្រែ​ចម្ការ​ដល់​ពលរដ្ឋ​ដែល​បាត់បង់​ជា​មុន​សិន។

លោក សម រង្ស៊ី បាន​បញ្ជាក់​ថា ៖ «ខ្ញុំ​នឹង​ទៅ ខ្ញុំ​ចង់​ឲ្យ​តុលាការ​កាត់​ទោស​ខ្ញុំ កាត់​យ៉ាង​ម៉េច​កាត់​ទៅ តែ​មុន​នឹង​ខ្ញុំ​ត្រឡប់​ទៅ​វិញ​ឲ្យ​គេ​កាត់​ទោស​បែប​ហ្នឹង ខ្ញុំ​សុំ​ឲ្យ​គេ​ដោះលែង​ប្រជារាស្ត្រ​ខ្មែរ​ដែល​ត្រូវ​គេ​ចាប់​ដាក់​គុក ហើយ​បន្ទាប់​ពី​ដោះលែង ខ្ញុំ​សុំ​ឲ្យ​ប្រគល់​ដី​ធ្លី​សង​ពួក​គាត់​វិញ តែ​ដោះស្រាយ​បញ្ហា​ប្រជារាស្ត្រ​ខ្មែរ​សិន ព្រោះ​បញ្ហា​នេះ​មិន​មែន​បញ្ហា សម រង្ស៊ី ទេ គឺ​បញ្ហា​ប្រជារាស្ត្រ​ខ្មែរ​រង​គ្រោះ​ដោយ​អំពើ​អយុត្តិធម៌ ហើយ​បន្ទាប់​ពី​អ្នក​ដែល​ជាប់​ឃុំឃាំង​ត្រូវ​បាន​ដោះលែង ហើយ​ត្រូវ​បាន​ប្រគល់​ដី​ស្រែ​ជូន​គាត់​វិញ ពេល​នោះខ្ញុំ​វិល​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ ឲ្យ​គេ​យក​ខ្ញុំ​ទៅ​ធ្វើ​អី​ធ្វើ​ទៅ!»។

សូម​ជម្រាប​ជូន​ផងដែរ​ថា តំណាង​រាស្ត្រ​គណបក្ស​សមរង្ស៊ី​ទាំង ២៥​រូប មាន​គម្រោង​ចុះ​សួរ​សុខទុក្ខ​អ្នកស្រី មាស ស្រី និង​លោក ព្រំ ជា នៅ​ថ្ងៃ​ទី​១៩ ខែ​មករា​ខាង​មុខ​នេះ ដែល​អ្នក​ទាំង​ពីរ​កំពុង​ជាប់​ក្នុង​ពន្ធនាគារ​នៅ​ក្នុង​ខេត្ត​ស្វាយរៀង ពី​បទ​ចោទ​ប្រកាន់​ថា បាន​បំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈ ដោយ​បាន​ដក​តម្រុយ​បង្គោល​ព្រំដែន​កម្ពុជា​វៀតណាម​នៅ​ថ្ងៃ​ជាមួយ​លោក សម រង្ស៊ី៕


No comments: