មន្រ្តី​បក្ស​សមរង្ស៊ី​គ្រោង​ចុះ​សួរ​សុខទុក្ខ​ពលរដ្ឋ​ជាប់​ឃុំ​នៅ​ស្វាយរៀង

ដោយ សុខ សេរី
2010-01-10
វិទ្យុ​អាស៊ីសេរី

មន្រ្តី​អ្នក​នាំ​ពាក្យ​និង​ជា​តំណាង​រាស្រ្ត​នៃ​គណបក្ស​សមរង្ស៊ី បាន​មាន​ប្រសាសន៍​ថា នៅ​ថ្ងៃ​១៩ ខែ​មករា​ខាង​មុខ​នេះ តំណាង​រាស្រ្ត​២៥​រូប​និង​មន្រ្តី​គណបក្ស​មួយ​ចំនួន​ទៀត មាន​គម្រោង​ទៅ​សួរ​សុខ​ទុក្ខ​អ្នកស្រី មាស ស្រី និង​លោក ព្រំ ជា ដែល​កំពុង​ជាប់​ក្នុង​ពន្ធនាគារ​ក្នុង​ខេត្ត​ស្វាយរៀង។

១៤-ធ្នូ-០៩: កង​កម្លាំង​សមត្ថកិច្ច​ខេត្ត​ស្វាយរៀង ព្យាយាម​រារាំង​ក្រុម​អ្នក​តំណាង​រាស្រ្ដ​បក្ស​សមរង្ស៊ី​និង​ប្រជាពលរដ្ឋ​មិន​ឲ្យ​ចូល​ទៅ​ពិនិត្យ​កន្លែង​ដែល​លោក សម រង្ស៊ី ដក​តម្រុយ​បង្គោល​ព្រំដែន​លេខ​១៨៥ នៅ​ក្នុង​ឃុំ​សំរោង ស្រុក​ចន្ទ្រា។ (RFA/Uon Chhin)

១៤-ធ្នូ-០៩: កង កម្លាំង សមត្ថកិច្ច ខេត្ត ស្វាយរៀង ព្យាយាម រារាំង ក្រុម អ្នក តំណាង រាស្រ្ដ បក្ស សមរង្ស៊ី និង ប្រជាពលរដ្ឋ មិន ឲ្យ ចូល ទៅ ពិនិត្យ កន្លែង ដែល លោក សម រង្ស៊ី ដក តម្រុយ បង្គោល ព្រំដែន លេខ ១៨៥ នៅ ក្នុង ឃុំ សំរោង ស្រុក ចន្ទ្រា។ (RFA/UON CHHIN)

លោក យឹម សុវណ្ណ ជា​មន្រ្តី​អ្នក​នាំ​ពាក្យ​និង​ជា​តំណាង​រាស្រ្ត​នៃ​គណបក្ស​សមរង្ស៊ី បាន​មាន​ប្រសាសន៍​ថា ការ​ទៅ​សួរ​សុខ​ទុក្ខ​នៅ​ពេល​ខាង​មុខ​នេះ គឺ​ក្នុង​បំណង​លើក​ទឹក​ចិត្ត​ពួកគាត់​ដែល​កំពុង​រង​ទុក្ខ​នៅ​ក្នុង​គុក​ដោយ​អយុត្តិធម៌។

អ្នកស្រី មាស ស្រី និង​លោក ព្រំ ជា បាន​ត្រូវ​ចាប់​ឃុំ​ខ្លួន​កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០០៩​កន្លង​ទៅ ក្រោម​បទ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈ ដោយ​រង​ការ​ចោទ​ថា បាន​ដក​តម្រុយ​បង្គោល​ព្រំដែន​លេខ​១៨៥ រវាង​កម្ពុជា​និង​វៀតណាម នៅ​ក្នុង​ភូមិ​កោះក្បានកណ្តាល ឃុំ​សំរោង ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង កាល​ពី​ថៃ្ង​ទី​២៥ ខែ​តុលា ឆ្នាំ​២០០៩ កន្លង​ទៅ។

ជាមួយ​គ្នា​នេះ​ដែរ លោក ជូង ជូងី ជា​មេធាវី​ការពារ​ក្តី​ឲ្យ​លោក សម រង្ស៊ី បាន​មាន​ប្រសាសន៍​ថា តុលាការ​នៅ​ក្នុង​ខេត្ត​ស្វាយរៀង គ្រោង​នឹង​បើក​សវនាការ​កាត់​ទោស​លោក សម រង្ស៊ី កំបាំង​មុខ​នៅ​ថ្ងៃ​ទី​២៧ ខែ​មករា ខាង​មុខ​នេះ​នៅ​វេលា​ម៉ោង​៨​ព្រឹក ក្រោម​បទ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈ​និង​បទ​ញុះញង់​រើស​អើង​ជាតិ​សាសន៍ ទាក់​ទង​នឹង​ការ​ដក​តម្រុយ​បង្គោល​ព្រំដែន​នោះ។

លោក​មេធាវី ជូង ជូងី បាន​អះអាង​ថា លោក​នឹង​ទៅ​បង្ហាញ​ខ្លួន​នៅ​ក្នុង​សវនាការ​នោះ បើ​ទោះ​ជា​លោក សម រង្ស៊ី កូន​ក្តី​របស់​លោក​ទៅ​បង្ហាញ​ឬ​មិន​ទៅ​បង្ហាញ​ខ្លួន​ក្នុង​សវនាការ​នោះ​ក្តី៕


No comments: