សេវាកម្ម ផ្លូវភេទ កំរើកឡើងវិញ នៅក្រុងទេសចរណ៍ សៀមរាប កំពុងតែបំផ្លាញ សេចក្តីថ្លៃថ្នូរ ស្ត្រីខ្មែរ និងវប្បធម៌ របស់ជាតិ

ថ្ងៃទី១១ ខែមករា ឆ្នាំ២០១០
កោះសន្តិភាព

ការបង្ក្រាបមុននេះ ក្នុងក្លឹបរាត្រីមួយ (រូបថត សំណាង)

ការបង្ក្រាបមុននេះ ក្នុងក្លឹបរាត្រីមួយ (រូបថត សំណាង)

ខេត្តសៀមរាប ៖ ក្រុមសមត្ថកិច្ច ធ្លាប់បានធ្វើការ ប្តេជ្ញាចិត្តខ្ពស់ កាលពីពេលថ្មីៗ កន្លងទៅនេះថា នឹងអនុវត្ត ឱ្យដូចភ្លៀងរលឹម នូវផែនការបោស សំអាតសកម្មភាព បំរើសេវាផ្លូវភេទ គ្រប់រូបភាព ដែលជាទង្វើប៉ះពាល់ យ៉ាងធ្ងន់ធ្ងរដល់ សេចក្តីថ្លៃថ្នូរ របស់ស្ត្រី និងតំលៃវប្បធម៌ ជាតិខ្មែរ ។

ទោះជាបែបណាក្តី ការប្តេជ្ញាចិត្តរបស់សមត្ថកិច្ចខាងលើ កំពុងត្រូវបានស្តែងឱ្យឃើញថា ជួបនូវការបរាជ័យ យ៉ាងអាម៉ាស់មួយ ដោយបច្ចុប្បន្នគេនៅតែសង្កេតឃើញ មានសកម្មភាពបំរើសេវាផ្លូវភេទដ៏ច្រើនសន្ធឹក សន្ធាប់ អាចបន្តដំណើរការយ៉ាង អនាធិបតេយ្យដដែល មិនចាញ់ពីពេលមុនប៉ុន្មានទេ នៅកណ្តាលក្រុង សៀមរាប ។

យោងតាមក្រុមសង្គមស៊ីវិល ដែលធ្វើការពាក់ព័ន្ធទៅ នឹងសុខភាពផ្លូវភេទ បានឱ្យដឹងថា យ៉ាងហោចណាស់ ក៏មានផ្ទះស្ត្រីបំរើ សេវាផ្លូវភេទ ដោយផ្ទាល់ពី ១៥ទៅ២០កន្លែង ដែរ នៅទូទាំងក្រុងទេសចរណ៍ ប្រវត្តិសាស្ត្រ សៀមរាប ជាពិសេសនៅ តាមបណ្តោយដងផ្លូវ ផ្សារញ៉ែ និងផ្លូវបបរសរាជនី ក្នុងភូមិតាភុល សង្កាត់ស្វាយដង្គុំ ដែលស្ត្រីភាគច្រើន ជានិគមជនជាតិយួន ។

ប្រភពដដែលបានបន្តទៀតថា សកម្មភាពក្រុមស្ត្រីទាំងនោះ មើលទៅដូចជាអនាធិបតេយ្យគ្មានលេខដាក់ គឺនៅពេលមានភ្ញៀវជាតិ-អន្តរជាតិជិះរថយន្ត ម៉ូតូ ឬដើរឆ្លងកាត់ម្តងៗ ពួកនាងៗទាំងនោះតែងតែធ្វើ សកម្មភាពបោយដៃ និងស្រែកហៅ ជួន កាលមានរហូតចាប់តោងដៃតោងជើង បង្ខំឱ្យភ្ញៀវចូលរួមភេទ ជាមួយក៏មានដែរ ដូចជារហេមរហាមណាស់។ ក្រៅពីសកម្មភាពបំរើសេវាផ្លូវភេទដោយផ្ទាល់ គេនៅ ឃើញមានសកម្មភាពបំរើសេវាផ្លូវភេទដោយប្រយោល ជាច្រើនទៀត ដែលជ្រក ក្រោមរូបភាពម៉ាស្សា ភោជនីយដ្ឋានធំៗ ក្លឹបរាត្រី និងក្លឹបខារ៉ាអូខេ ក៏ដូចជាក្រុមស្ត្រីផ្សព្វផ្សាយស្រាបៀរផងដែរ ។

លោករ៉េត សាមុត មគ្គុទ្ទេសទេសចរ និងជាអតីតពិធីករផ្នែកវប្បធម៌ ដ៏មានប្រជាប្រិយភាព ប្រចាំ វិទ្យុក្នុងតំបន់មួយបានបញ្ចោញជាទស្សនៈផ្ទាល់ខ្លួនថា ខេត្តសៀមរាបជាតំបន់សំបូរទៅដោយរមណីយដ្ឋាន វប្បធម៌-ប្រវត្តិសាស្ត្រ-ធម្មជាតិ និងប្រាង្គ ប្រាសាទដ៏សំបូរបែប ពិសេសប្រាសាទអង្គរវត្តបេតិកភណ្ឌពិភព លោក ដែលផ្តល់ឱកាសសំរាប់កម្ពុជា ផ្សព្វផ្សាយនូវវប្បធម៌ និងប្រពៃណីទំនៀមទំលាប់ដ៏ល្អផូរផង់ របស់ ខ្លួនឱ្យប្រទេសលើពិភពលោក បានស្គាល់តាមរយៈភ្ញៀវទេសចររាប់លាន នាក់ក្នុងមួយឆ្នាំៗ ដូច្នេះបើបណ្តែត បណ្តោយឱ្យមានផ្ទះបនស្រីបំរើផ្លូវភេទដូចសព្វថ្ងៃ វប្បធម៌អាក្រក់វានឹងផ្សាយទៅខាងក្រៅមិនខាន ដែល គួរតែយើងទាំងអស់គ្នាជាកូនខ្មែរនាំគ្នាកុំឱ្យសកម្មភាពអាក្រក់នេះកើតមានតទៅទៀត ។

សូមជំរាបផងដែរថា នៅក្នុងអំឡុងខែ សីហា ឆ្នាំ២០០៩កន្លងទៅនេះ សមត្ថកិច្ចប៉ូលិសដឹកនាំផ្ទាល់ ដោយលោកវរសេនីយ៍ឯក អ៊ុំ អមរា ស្នងការរងនគរបាលខេត្តសៀមរាប ធ្លាប់បានបញ្ចោញសាច់ដុំធ្វើ ការបង្ក្រាបទៅលើទីតាំងបំរើសេវាផ្លូវភេទ បានចំនួន៤ករណីដែរ ក្នុងនោះករណីធំជាងគេគឺការបង្ក្រាប ទៅ លើក្លឹបស៊ីស្តាអិនអិនរបស់ជនជាតិកូរ៉េ ដែលលាក់បំពួនសេវាផ្លូវភេទខាងក្នុង ដោយកាលនោះបានឃាត់ខ្លួន មនុស្ស៩រូប ដែលពាក់ព័ន្ធបញ្ជូនទៅឱ្យតុលាការ និងប្រមូលបានស្ត្រីបំរើ សេវាផ្លូវភេទសរុបចំនួន ៦៧នាក់ ប្រគល់ទៅឱ្យអង្គការពាក់ពន្ធ័ផ្សេងៗយកទៅធ្វើការអបរំ ។ នៅក្នុងអំឡុងពេលនោះ លោកវរសេនីយ៍ឯក អ៊ុំ អមរា បានធ្វើការប្តេជ្ញាចិត្តខ្ពស់ថា នឹងអនុវត្តឱ្យដូចភ្លៀងរលឹមនូវផែនការបោសសំអាតសកម្មភាពបំរើ សេវា ផ្លូវភេទគ្រប់រូបភាពដែលជាទង្វើប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់តំលៃថ្លៃថ្នូររបស់ស្ត្រី និងតំលៃវប្បធម៌ជាតិខ្មែរ មិន ឱ្យទឹកដីអង្គរក្លាយជាតំបន់ទេសចរណ៍ផ្លូវភេទជាដាច់ខាត ។ ចុះហេតុអ្វីពេលនេះគេនៅតែឃើញមាន សកម្មភាពបំរើផ្លូវភេទយ៉ាង ច្រើន គគ្រឹកគគ្រេងបន្តកើតឡើងបែបនេះទៅវិញ ។

ចំណែកលោកសួស ណារិន មន្ត្រីស៊ើបអង្កេតអង្គការអាដហុកប្រចាំខេត្តសៀមរាប បានថ្លែងថា ក្នុងនាម សង្គមស៊ីវិលតែងតែក្រើនរំលឹក និងស្វាគមន៏ចំពោះសមត្ថកិច្ច ដែលបានធ្វើការបង្ក្រាបទៅលើក្រុមអ្នក ប្រព្រឹត្តទាំងអ្នកទទួលផលពីសេវាបំរើផ្លូវ ភេទកន្លងមក ប៉ុន្តែបច្ចុប្បន្ននេះឃើញថា វាមិនសូវជាមានសកម្ម ភាពលេចធ្លោដូចពេលមុនទេ ធ្វើឱ្យមានការចាប់អារម្មរណ៍ថា តើហេតុអ្វីបានជាសមត្ថកិច្ចមិនបង្ក្រាបដូច ពេលមុន ។

លោក សួស ណារិន បានធ្វើការអំពាវនាវដល់គ្រប់សមត្ថកិច្ចដែលពាក់ពន្ធ័ទាំងអស់ សូមកុំធ្វើអ្វីៗតែមួយឆាវៗ ប្រៀបដូចឱ្យសកម្មភាពហ្នឹងបំរើផលប្រយោជន៍បុគ្គលណាមួយ គឺមិនចង់ឃើញស្ទីលអារកមាន់សម្រក់ឈាម បន្លាចស្វានោះទេ ។ ផ្ទុយ ទៅវិញ ចង់ឃើញការអនុវត្តមួយដែលមានទម្រង់វប្បធម៌ បែបភ្លៀង រលឹមដែលធ្វើទៅដើម្បីលើកតំកើងតំលៃថ្លៃថ្នូរ របស់ស្ត្រីខ្មែរ និងលុបបំបាត់រាល់ទម្រង់នៃការជួញដូរ និង ធ្វើអាជីវកម្មផ្លូវភេទទាំងអស់នៅកម្ពុជា ។


No comments: