កិច្ច​សហប្រតិបត្តិការ​កម្ពុជា​-ចិន​​កាន់​តែ​ស៊ី​ជម្រៅ​

ដោយ ប៉ែន បូណា
អត្ថបទ RFI
ថ្ងៃទី 10/01/2010

បើ​ទោះ​បី​ជា​កម្ពុជា​និង​ចិន​មាន​ទំនាក់​ទំនង​ការទូត​ជា​មួយ​គ្នា​យ៉ាង​ស្អិត​ល្មួត​ហើយ​​ក៏​ដោយ ​ក៏​ប្រទេស​ទាំងពីរ​នេះ​នៅ​តែ​បន្ត​ពង្រឹង​ចំណង​ទាក់ទង​ការទូត​របស់​ខ្លួន​ឲ្យ​កាន់​​តែ​រឹងមាំ​ថែម​ទៀត​ឥត​ឈប់​ឈរ។​

ការ​អនុម័ត​សេចក្តី​ព្រាង​អនុសញ្ញា​កុងស៊ុល​កម្ពុជា​​ចិន​ពី​សំណាក់​គណៈ​រដ្ឋមន្ត្រី​កម្ពុជា​កាល​ពី​ថ្ងៃ​សុក្រ​គឺ​ជា​ភស្តុតាង​ថ្មី​ទៀត​ដែល​បង្ហាញ​​ពី​ការ​បង្កើន​ទំនាក់​ទំនង​និង​កិច្ច​សហ​ប្រតិបត្តិការ​ឲ្យ​កាន់​តែ​ស៊ីជម្រៅ​ថែម​ទៀត​រវាង​ប្រទេស​ទាំងពីរ។

កម្ពុជា​និង​ចិន​ចុះ​ហត្ថលេខា​លើ​កិច្ច​ប្រតិបត្តិ​ការ​ទ្វេភាគី

កម្ពុជា និង ចិន ចុះ ហត្ថលេខា លើ កិច្ច ប្រតិបត្តិ ការ ទ្វេភាគី

រដ្ឋាភិបាល​កម្ពុជា​ទើប​តែ​បាន​អនុម័ត​សេចក្តី​ព្រាង​អនុសញ្ញា​កុងស៊ុល​កម្ពុជា​ចិន​កាល​​ពី​ថ្ងៃ​សុក្រ​ទី៨មករា​ចុង​សប្តាហ៍​នេះនៅ​ក្នុង​អង្គ​ប្រជុំ​គណៈ​រដ្ឋមន្ត្រី​ដែល​តែងតែ​ប្រព្រឹត្ត​ទៅ​នៅ​រៀង​រាល់​ចុង​សប្តាហ៍។

អនុសញ្ញា​កុងស៊ុល​កម្ពុជា​ចិន ​គឺ​ជា​លិខិត​បទដ្ឋាន​គតិយុត្ត​​ថ្មី​​មួយ​ទៀត​ក្នុង​​ក្របខណ្ឌ​នៃ​កិច្ច​សហ​ប្រតិបត្តិការ​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ​ដែល​កំពុង​តែ​ប​ពង្រឹង​និង​បង្កើន​ល្បឿន​​​ចំណង​​ទាក់​ទង​ការទូត​របស់​ខ្លួន​យ៉ាង​លឿន​ស្លេវ​គួរ​ឲ្យ​កត់​សម្គាល់​នា​រយៈ​​ពេល​ចុង​ក្រោយ​នេះ។

បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​ដែល​ត្រូវ​បាន​​គេ​ផ្សព្វ​ផ្សាយ​ជា​សាធារណៈ​នៅ​ចុង​សប្តាហ៍​នេះ​ ការ​បង្កើត​អនុសញ្ញា​កុងស៊ុល​កម្ពុជា-​​ចិន​គឺ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​រីក​ចម្រើន​ជា​លំដាប់​នៃ​ទំនាក់​ទំនង​សេដ្ឋកិច្ច​ពាណិជ្ជកម្ម ការវិនិយោគ​និង​ទេសចរណ៍​រវាង​ប្រទេស​ទាំង​ពីរ។

អនុសញ្ញា​កុងស៊ុល​នេះ​មាន គោលដៅ​ជា​ចម្បង​សម្រាប់​ការពារ​ផល​ប្រយោជន៍​របស់​ពលរដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ។

អនុសញ្ញា​កុងស៊ុល​កម្ពុជា​ចិន​នេះ​មាន​ខ្លឹមសារ​គ្រប​ដណ្តប់​លើ​វិស័យ​ជាច្រើន ដូចជា​អត្រានុកូលដ្ឋាន សារការីកម្ម នីត្យានុកូលកម្ម ការស្នងមរតក​រហូត​ដល់​បញ្ហា​នាវា​​និង​យន្តហោះ​ថែមទៀត។ គឺ​ជា​អនុសញ្ញា​ដែល​មាន​លំនាំ​ដូច​ជា​អនុសញ្ញា​ទីក្រុង វីយែន​​ឆ្នាំ ១៩៦៣​ដោយ​មាន​ការ​តាក់តែង​លម្អិត​បន្ថែម​ទៅតាម​សេចក្តី​ត្រូវការ​ជាក់ស្តែង​របស់​ប្រទេស​ទាំង​ពីរ។

សូម​បញ្ជាក់ថា​បច្ចុប្បន្ន​នេះ កម្ពុជា​មាន​ស្ថាន​អគ្គកុងស៊ុល​របស់​ខ្លួន​ចំនួន ៧​នៅ​​ក្នុង​ប្រទេស​ចិន​ដែល​មាន​ទីតាំង​នៅ​ក្នុង​ក្រុង ហុងកុង ម៉ាកាវ សៀងហៃ ក្វាងចូវ ចុងគីង ណាននីង​និង​ទីក្រុង គួនមិង។ កម្ពុជា​គ្រោង​នឹង​បង្កើន​ចំនួន​អគ្គកុងស៊ុល​របស់​ខ្លួន​បន្ថែម​ទៀត​នៅ​ក្នុង​មហា​ប្រទេស​ចិន។

ទំនាក់​ទំនង​ចាក់​ទឹក​មិន​លិច​រវាង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​និង​ភ្នំពេញ​បាន​ស្តែង​​ឡើង​តាម​រយៈ​ការ​ផ្តល់​ជំនួយ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​របស់​ចិន​ដល់​ប្រទេស​កម្ពុជា។ គឺ​ជា​​ជំនួយ​ដែល​គ្មាន​ភ្ជាប់​ដោយ​ល័ក្ខខ័ណ្ឌ​អ្វី​ទាំង​អស់​ហើយ​ដែល​លោក​នាយក​រដ្ឋមន្ត្រី​​ហ៊ុន​សែន តែង​តែ​កោត​សរសើរ​មិន​ដាច់​ពី​មាត់​និង​បាន​តប​វិញ​ដោយ​ការ​គាំទ្រ​ឥត​ងាក​រេ​នយោបាយ​ចិន​តែ​មួយ។

ទំនាក់​ទំនង​បេះ​មិន​ដាច់​នេះ​ហើយ​ដែល​នាំឲ្យ​កម្ពុជា​សម្រេច​ចិត្ត​ចាប់​បញ្ជូន​​ជន​ភៀស​ខ្លួន​ជាតិ​អ៊ុយហ្គួរ​ចំនួន ២០​នាក់​ត្រឡប់​ទៅ​ប្រទេស​ចិន​វិញ​កាល​ពី​ថ្ងៃ ១៩​ធ្នូ​​ឆ្នាំ ២០០៩​​ទៅ​តាម​សំណើ​របស់​ទីក្រុង​ប៉េកាំង។ ទង្វើ​នេះ​បាន​នាំ​ឲ្យ​មាន​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​សំណាក់​អ្នក​ការពារ​សិទ្ធិមនុស្ស​និង​ពី​សហគមន៍​អន្តរជាតិ៕


No comments: