ពិធីករ​ទូរទស្សន៍​លោក ឈួ​ន សុខ​ច័ន្ទ ទទួលមរណភាព

(ប្រុសកោះ)
ថ្ងៃ ព្រហស្បតិ៍ ទី ១៤ ខែ មករា ឆ្នាំ ២០១០
Kohsantepheapdaily.com.kh
លោក​ ឈួន សុខច័ន្ទ ពេលនៅរស់
លោក ឈួន សុខច័ន្ទ ពេលនៅរស់
រាជធានី​ភ្នំពេញ ៖ ពិធីករ​ស្ថានីយទូរទស្សន៍​កង​យោធពលខេមរភូមិន្ទ​ប៉ុស្ដិ៍​លេខ៥ លោក​ឈួ​ន សុខ​ច័ន្ទ បាន​ទទួលមរណភាពហើយ កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹកថ្ងៃ​ទី​១៤ មក​រា ឆ្នាំ​២០១០ នៅ​មន្ទីរពេទ្យកាល់​ម៉ែ​ត ដោយសារ​ជម្ងឺ​រលាក​ទងសួត ។ សព​បាន​តំកល់​ទុក​រៀបចំ​ធ្វើបុណ្យ​តាមប្រពៃណី​នៅ​វត្ដ​សា​រាវ​ន្ដ័​តេ​ជោ ហើយនឹង ដង្ហែ​យក​ទៅ​បូជា​នៅ​វត្ដ​សន្សំ​កុសលនា​វេលាម៉ោង​៨​ព្រឹកថ្ងៃ​សៅរ៍ទី​១៦ មក​រា ឆ្នាំ ២០១០ ។
អ្នកចូលរួមពិធីបុណ្យសពលោក​ ឈួន សុខច័ន្ទ
អ្នកចូលរួមពិធីបុណ្យសពលោក ឈួន សុខច័ន្ទ
Cambodian Rocks Volume 1 (3rd Edition)Cambodian Rocks Volume 2Dengue Fever: Sleep Walking Through The Mekong
ម្ដាយ​របស់​លោក​ឈួ​ន សុខ​ច័ន្ទ គឺ​អ្នកស្រី ហម បាន​មាន​ប្រសាសន៍​ថា កូនប្រុស​របស់អ្នកស្រី​មាន​ជម្ងឺនិង​យក​ទៅ​ព្យាបាល​បាន​តែរយៈពេល​២​ថ្ងៃ​ប៉ុណ្ណោះ ក៏​ទទួលមរណភាពតែ​ម្ដង ដែល​ធ្វើ​ឱ្យ​បងប្អូន​មានការ​ស្រណោះអាឡោះអាល័យ​យ៉ាង​ខ្លាំង ។ ក្រុម​គ្រូពេទ្យបាន​ប្រាប់​ថា កូន​របស់​គាត់​មាន​ជម្ងឺ​រលាក​ទង សួត​ធ្ងន់ធ្ងរ​មិន​អាច​ជួយ​សង្គ្រោះ​បាន​ទាន់ពេលវេលា​ទេ ។
លោក​ឈួ​ន សុខ​ច័ន្ទ គឺជា​ពិធីករ​ដ៏​មានប្រជាប្រិយភាព​ប្រចាំ​ស្ថានីយទូរទស្សន៍​កងយោធពលខេមរភូមិន្ទ​ប៉ុស្ដិ៍​លេខ​៥ ។ លោកមាន​សំនួនវោហារ​ឆ្លើយឆ្លង​ជាមួយ​ពិធី​ការិនី​ជា​ដៃគូ​យ៉ាង​ពីរោះ​ក្បោះក្បាយធ្វើ​ឱ្យ​ទស្សនិក​ជន​ជក់ចិត្ដ​ដិតអារម្មណ៍ និង​ពេញចិត្ដ​យ៉ាងខ្លាំង ។ ក្រៅពី​មាន​នាទី​ជា​ពិធីករ​ក្នុង​កម្មវិធីអាថ៌​កំបាំងនៃ​ចក្រវាល​, រាត្រី​អស្ចារ្យ និងវិទ្យាសាស្ដ្រ​បច្ចុប្បន្ន លោក​សុខ​ច័ន្ទ ក៏​ជា​អ្នកអាន​ព័ត៌មាន​ដ៏​មាន​ថ្វីមាត់​ម្នាក់ និង​ជា​អ្នកចម្រៀង​ម្ដងម្កាល​ដែរ ។ ទោះបីជា​មាន អាជីព​ច្បាស់លាស់​ក្ដី លោក​សុខ​ច័ន្ទ នៅ​តែឆ្លៀត​សិក្សា​គឺ លោក​ជា​និស្សិត​ភាសា​អង់គ្លេ​ស​នៅ​វិទ្យាស្ថាន ELT ។
លោក​សុខ​ច័ន្ទ មានស្រុក​កំណើត​នៅ​ស្រុកល្វាឯម ខេត្ដកណ្ដាល និង​មាន​បង​ប្អួ​ន​៧​នាក់ ក្នុង​នោះ​រូប​លោក​ជា​កូនច្បង ។ មរណភាព​របស់​លោក​ឈួ​ន សុខ​ច័ន្ទ គឺជាការ​បាត់បង់​នូវ​ធនធានមនុស្ស​ក្នុង​វិស័យ​សារព័ត៌មាន​គួរ​ឱ្យ​សោកស្ដាយ​យ៉ាង​ខ្លាំង ។ ការ បាត់​ស្រមោល​លោក​ពីលើ​លោក​នេះ ប្រាកដជា​ធ្វើ​ឱ្យ​មិន​ត្រឹមតែ​ក្រុម​គ្រួសារ​ប៉ុណ្ណោះ​ទេ គឺប្រិ​យ​មិត្ដ​ទូរទស្សនិកជន​ទូ​ទាំង​ប្រទេស អាឡោះអាល័យ​យ៉ាង​ខ្លាំង ។ តាង​នាម​អ្នកសារព័ត៌មាន​ទាំងអស់ និង​ប្រិ​យ​មិត្ដ​ទស្ស​និកជន​ទូ​ទាំង​ប្រទេស យើង​សូម​បួងសួង និងឧទ្ទិស​ដល់​វិញាណក្ខន្ធ​លោក​ឈួ​ន សុខ​ច័ន្ទ បាន​ទៅ​ដល់​សុគតិភព​ចុះ ៕

No comments: