អាជ្ញាធរ​តាម​ចាប់​សង្ឃ​ខ្មែរ​ក្រោម​៥​អង្គ​ពី​បទ​បាច​ត្រាក់​ប្រឆាំង​ថ្ងៃ​៧​មករា

ដោយ សុខ សេរី
2010-01-14
​វិទ្យុ​អាស៊ីសេរី
ព្រះសង្ឃ​ខែ្មរ​កម្ពុជា​ក្រោម​៥​អង្គ​កំពុង​តែ​លាក់​ខ្លួន​ដើម្បី​សុវត្ថិភាព​ពី​ការ​តាម​ចាប់​ដោយ​អាជ្ញាធរ​នគរបាល​ក្រសួង​មហាផ្ទៃ ដែល​បាន​ចោទ​ប្រកាន់​ថា ព្រះសង្ឃ​ទាំង​នោះ​បាន​បាច​ខិត្តប័ណ្ណ​ឬ​ត្រាក់​ប្រឆាំង​ថៃ្ង​ជ័យ​ជម្នះ​ ៧ មករា របស់​គណបក្ស​ប្រជាជន​កម្ពុជា​កាល​ពី​ពេល​ថ្មីៗ​នេះ។
ព្រះសង្ឃ​ខ្មែរ​ក្រោម​ចូលរួម​ក្នុង​ពិធី​រំឭក​ខួប​ទី​៦០​នៃ​ថ្ងៃ​បាត់បង់​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម នៅ​ក្នុង​ទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃ​៤ មិថុនា ២០០៩។ (AFP Photo)
ព្រះសង្ឃ ខ្មែរ ក្រោម ចូលរួម ក្នុង ពិធី រំឭក ខួប ទី ៦០ នៃ ថ្ងៃ បាត់បង់ ទឹក ដី ខ្មែរ កម្ពុជា ក្រោម នៅ ក្នុង ទីក្រុង ភ្នំពេញ កាលពី ថ្ងៃ ៤ មិថុនា ២០០៩។ (AFP PHOTO)
Vista Point PHNOM PENH Cambodia'Cambodian Monk', Limited Edition Photograph, Home Decor ArtworkMonks of Cambodia Photographic Poster Print, 20x24Angkor Wat Temple with Monk, Siem Reap, Cambodia Photographic Poster Print by Steve Raymer, 48x64The Road to Chiang Mai The Road to Chiang Mai: Hill Tribes, Poppy Culture and Ancient Khmers
ព្រះ​ភិក្ខុ​សង្ឃ​ព្រះនាម លីវ ផល្លី នៅ​ក្នុង​ចំណោម​ព្រះសង្ឃ​ខែ្មរ​កម្ពុជា​ក្រោម​ចំនួន​៥​អង្គ​ដែល​កំពុង​តែ​រស់​នៅ​ក្នុង​ការ​លាក់​ខ្លួន​ដើម្បី​សុវត្ថិភាព​ពី​ការ​តាម​ចាប់​ខ្លួន បាន​មាន​ថេរដីកា​ប្រាប់​វិទ្យុ​អាស៊ី​សេរី​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៤ ធ្នូ​នេះ​ថា ៖ «អាត្មា​លាក់​ខ្លួន​នេះ​តាំង​ពី​ថ្ងៃ​៧ មករា​មក។ មូលហេតុ​ដែល​អាត្មា​លាក់​ខ្លួន​នេះ គឺ​ដោយសារ​តែ​មាន​ការ​ចោទ​ប្រកាន់​ពី​ក្រសួង​មហាផ្ទៃ​និង​រដ្ឋាភិបាល ចោទ​ប្រកាន់​ថា អាត្មា​បាន​ដើរ​បាច​ខិត្តប័ណ្ណ»។
សុខ សេរី ៖ តើ​ព្រះអង្គ​បាន​ចែក​មែន​ឬ​ក៏​អត់​ទេ?ព្រះភិក្ខុ លីវ ផល្លី ៖ អាត្មា​អត់​បាន​ចែក​ទេ ក៏​អត់​បាន​ឃើញ​ខិត្តប័ណ្ណ​គេ​និយាយ​អំពី​ស្អី​ផង។
ព្រះភិក្ខុ​សង្ឃ​ខែ្មរ​កម្ពុជា​ក្រោម​មួយ​អង្គ​ទៀត ព្រះនាម ថាច់ ញ៉ាញ់ ដែល​កំពុង​តែ​រស់​នៅ​លាក់​ខ្លួន​ផង​ដែរ បាន​មាន​ថេរដីកា​ថា ព្រះអង្គ​កំពុង​តែ​រស់​នៅ​ក្រោម​ការ​ភ័យ​ខ្លាច​នៅ​ពេល​នេះ។
ព្រះភិក្ខុ​ព្រះនាម ថាច់ ញ៉ាញ់ មាន​ថេរដីកា​ដូច្នេះ ៖ «គោលដៅ​របស់​អាត្មា អាត្មា​គ្មាន​ទី​កន្លែង​ណា​ដែល​ជ្រកកោន​ទេ។ ទៅ​ស្នាក់​នៅ​វត្ត​សារាវ័ន្ត​ក៏​គេ​ដេញ ចូល​ខាង​សាមគ្គី​ក៏​គេ​ដេញ ហើយ​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង​អំពី​រដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ធ្វើ​មក​លើ​ពួក​អាត្មា»។
សុខ សេរី ៖ គេ​ចោទ​ប្រកាន់​ព្រះអង្គ​ថា ជា​អ្នក​បាច​ត្រាក់​ប្រឆាំង​ថ្ងៃ​៧ មករា តើ​រឿង​ហ្នឹង​ពិត​ឬ​ទេ? ព្រះភិក្ខុ ថាច់ ញ៉ាញ់ ៖ រឿង​ហ្នឹង​មិន​ពិត​ទេ។
វិទ្យុ​អាស៊ី​សេរី​បាន​ទាក់​ទង​លោក ទូច ណារ៉ុថ ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​សាក​សួរ​ជុំវិញ​វិធានការ​របស់​អាជ្ញាធរ​នៅ​ជុំវិញ​សំណុំ​រឿង​នេះ ប៉ុន្តែ​លោក​បាន​មាន​ប្រសាសន៍​ថា លោក​ជាប់​រវល់។
លោក​ឧត្តមសេនីយ៍​ឯក ខៀវ សុភ័គ ជា​មន្រ្តី​អ្នក​នាំ​ពាក្យ​របស​ក្រសួង​មហាផៃ្ទ បាន​មាន​ប្រសាសន៍​ថា លោក​មិន​បាន​ដឹង​រឿង​នេះ​ទេ។
លោក ថាច់ សេដ្ឋា ជា​ប្រធាន​សហគមន៍​ខែ្មរ​កម្ពុជា​ក្រោម​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​បាន​ដឹង​អំពី​រឿង​នេះ​បាន​មាន​ប្រសាសន៍​ថា រឿង​នេះ​ជា​រឿង​ចោទ​ប្រកាន់​ធ្ងន់ធ្ងរ​មក​លើ​ព្រះសង្ឃ​ទាំង​នោះ។
លោក ថាច់ សេដ្ឋា មាន​ប្រសាសន៍​ដូច្នេះ ៖ «សូម​ឲ្យ​ខាង​រដ្ឋាភិបាល គឺ​ចាត់​វិធានការ​ស៊ើប​អង្កេត​ឲ្យ​បាន​ច្បាស់​លាស់ កុំ​ធ្វើ​ឲ្យ​ច្របូក​ច្របល់ ហើយ​ធ្វើ​បាប​អ្នក​ស្លូត​ត្រង់​អ៊ីចឹង ធ្វើ​ឲ្យ​មាន​ការ​ភ័យ​ខ្លាច​ដល់​ព្រះសង្ឃ ជា​ពិសេស​ខ្មែរ​ក្រោម ដូច្នេះ​សុំ​កុំ​ឲ្យ​មាន​បញ្ហា​ហ្នឹង​កើត​ឡើង»។
គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​តែ​កាន់​អំណាច​ជាង​៣០​ឆ្នាំ​មក​ហើយ​នោះ បាន​ប្រារព្ធ​ខួប​លើក​ទី​៣១ នៃ​ថ្ងៃ​ជ័យ​ជម្នះ​៧ មករា ឆ្នាំ​១៩៧៩ និង​ឆ្នាំ​២០១០ កាល​ពី​ពេល​ថ្មីៗ​នេះ លើ​របប​វាល​ពិឃាត​ខែ្មរ​ក្រហម ដែល​មាន​អ្នក​គាំទ្រ​ជា​ច្រើន​ពាន់​នាក់​បាន​ចូល​រួម​សាទរ។
ព្រះ​ភិក្ខុ​សង្ឃ​ដែល​កំពុង​តែ​លាក់​ខ្លួន​បាន​ឲ្យ​ដឹង​ថា អាជ្ញាធរ​នៃ​ក្រសួង​មហាផ្ទៃ​មាន​ឯកសារ​រូប​ថត​របស់​ព្រះសង្ឃ​ខែ្មរ​កម្ពុជា​ក្រោម​ចំនួន​៤​អង្គ និង​មួយ​អង្គ​ទៀត​មិន​ស្គាល់​ឈ្មោះ បាន​ស្វែង​រក​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​៧ ខែ​មករា​ថ្មីៗ​នេះ ក្រោម​បទ​ចោទ​ថា បាន​បាច​ខិត្តប័ណ្ណ​ឬ​ត្រាក់​ប្រឆាំង​ថៃ្ង​៧ មករា របស់​គណបក្ស​ប្រជាជន​កម្ពុជា​នោះ។
វត្ត​អារាម​នានា​នៅ​ក្នុង​រាជធានី​ភ្នំពេញ មិន​ហ៊ាន​ទទួល​ឲ្យ​ព្រះសង្ឃ​ទាំង​នោះ​ស្នាក់​នៅ​ទេ នៅ​គ្រា​ដែល​កំពុង​តែ​លាក់​ខ្លួន​នោះ៕

No comments: