សង្ឃ​២​អង្គ​បិណ្ឌបាត​ក្នុង​ផ្សារ​ខុស​ពី​សង្ឃ​ដទៃ​ម្នាក់​អត់​កោរ​រោមចិញ្ចើម ម្នាក់​ស្លៀក​លី​អូ

(ប្រុសកោះ)
ថ្ងៃ សុក្រ ទី ១៥ ខែ មករា ឆ្នាំ ២០១០
Kohsantepheapdaily.com.kh
សង្ឃជាប់ចោទស្លៀកលីអូ (រូប កោះសន្តិភាព)
សង្ឃជាប់ចោទស្លៀកលីអូ (រូប កោះសន្តិភាព)
ខេត្ដតាកែវ ៖ សមត្ថកិច្ច​ប៉ូលិស​ប៉ុស្ដិ៍រដ្ឋបាល​ឃុំ​ត្រាំកក់ ស្រុក​ត្រាំកក់ បាន​ឃាត់សង្ឃ​២​អង្គ​យក​មក​សាកសួរ ខណៈ​ពេល​ដែលសង្ឃ​ទាំង​២​អង្គ​នោះ​បាន​ធ្វើ​សកម្មភាព​និមន្ដបិណ្ឌបាត​លុកលុយ​ពេញ​ក្នុង​ផ្សារ​ត្រាំកក់ ដែល​ខុស​ប្លែក​ពី​ការ​និមន្ដ​បិណ្ឌបាត​របស់​ព្រះសង្ឃ​ដទៃ​ទៀត ។ ហេតុការណ៍​នេះ​បានកើតឡើង​កាលពី​ថ្ងៃ​ទី​១៣ មក​រា ២០១០ វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​នៅ​ក្នុង​ផ្សារត្រាំកក់ ខេត្ដតាកែវ ។
ទាក់ទិន​នឹង​ករណី​ខាងលើ​នេះ លោក​មេប៉ុស្ដិ៍​រដ្ឋបាល​ឃុំ​ត្រាំកក់​បានឱ្យ​ដឹង​ថា នៅ​ព្រឹកថ្ងៃ​ទី​១៣ មក​រា មាន​ប្រជាពលរដ្ឋ​មក​រាយការណ៍​ប្រាប់​លោក​ថា មាន​សង្ឃ​២​អង្គ​កំពុងតែ​និមន្ដ​បិណ្ឌបាត​ពេញ​ក្នុង​ផ្សារ​តាម​កន្លែងលក់​ត្រី លក់​សាច់ លក់​បន្លែ និង​កន្លែងផ្សេង​ៗ​ទៀត ដោយ​មាន​មួយ​អង្គ​អត់​កោរចិញ្ចើម​ទេ ។ ពេល​ឮ​ប្រជាពលរដ្ឋ​ប្រាប់​ដូច្នេះ រូប​លោក​និង​សហការី​២​នាក់​ទៀត​បាន​ចូលទៅ​ក្នុង​ផ្សារ​ដើម្បី​ឃាត់​សង្ឃ​ទាំង​២​អង្គ​នោះ យក​មក​សាកសួរ​នៅ​ប៉ុស្ដិ៍ និង​ឆែកឆេរ​មើលឆាយា ហើយ​បានឃើញ​ថា​មាន​សង្ឃ​១​អង្គគ្រង​ស្បង់​ចីវរ​ត្រឹមត្រូវ ប៉ុន្ដែ​ស្លៀកខោ​ស្លីបនៅ​ខាងក្នុង និង​ពុំ​មាន​លិខិត​ស្នាម​បញ្ជាក់​ថា ជា​សង្ឃ​បួស​នៅ​វត្ដ​ណា​នោះ​ទេ ។ ដោយ​មានការ​សង្ស័យ​រូប​លោក​បាន​រាយការណ៍​ជូន លោក​មេឃុំ និង​ក្រុមប្រឹក្សា​មក​ជួយ​ពិនិត្យមើល​បន្ថែម ។ ក្រោយ​ពី​ធ្វើការ​សាកសួរ និង​ត្រួតពិនិត្យ​មើល​សព្វគ្រប់​ហើយ អាជ្ញាធរមូលដ្ឋាន​ក៏​បាន​បញ្ជូន​សង្ឃ​ទាំង​២​អង្គ​នោះ​ទៅ​វត្ដ​អង្គតាសោម ដើម្បី​ប្រគល់​ឱ្យ​ព្រះ​មេគណ​ស្រុក​ធ្វើការ​ដោះស្រាយ​ទៅ​តាម​ផ្លូវ​ព្រះពុទ្ធសាសនា ។
សង្ឃជាប់ចោទមិនកោរចិញ្ចើម (រូប កោះសន្តិភាព)
សង្ឃជាប់ចោទមិនកោរចិញ្ចើម (រូប កោះសន្តិភាព)
ព្រះ​តេជគុណ​ព្រះ​នាម​ខែ​ម សុខ ព្រះ​មេគណ​ស្រុក​ត្រាំកក់ និង​ជា​ព្រះ​ចៅអធិការវត្ដ​អង្គតាសោម​បាន​មាន​ថេរ​ដីកា​ថា លោកសង្ឃ​ទាំង​២​អង្គ​នេះ​ធ្វើ​ខុស​ទៅ​នឹង​វិន័យសង្ឃ​យ៉ាង​ខ្លាំង ពីព្រោះ​ព្រះសង្ឃ​មិន​ត្រូវស្លៀក​ខោខ្លី​ទេ​។ បើ​សង្ឃ​អង្គ​ណា​ស្លៀក​ខោខ្លី ហើយ​អត់​កោរ​ចិញ្ចើម​ទៀត​នោះ គឺ​ខុស​ទាំង ស្រុង​ទៅ​នឹង​វិន័យ​ព្រះពុទ្ធ​សាសនា​ដែល​ជាសាសនា​របស់​រដ្ឋ ។
សង្ឃ​ទាំង​២​អង្គ​នោះ​មួយ​អង្គ​នាម​អ៊ុ​ក ញ៉​ក់ ព្រះ​ជន្ម​២៧​ឆ្នាំ មានស្រុក​កំណើត​នៅ​ឃុំពោធិ​អង្ក្រង ស្រុក​ប​សេដ្ឋ ខេត្ដកំពង់ស្ពឺ បច្ចុប្បន្ន​គង់នៅ​ក្នុង​មណ្ឌល​វិបស្សនាធុរៈ​ភ្នំតូច ឃុំ​ត្រ​ញំ​ង​សាប ស្រុក​បាទី ខេត្ដតាកែវ សង្ឃ​អង្គ​នេះ​គ្រង​ស្បង់​ចីវរ​និង​កោរ​ចិញ្ចើម ត្រឹមត្រូវព្រះ​មេគណ​ស្រុក​អត់​ចាប់​ផ្សឹក​ទេ​។ ចំណែក​១​អង្គ​ទៀត​នាម​មឿ​ន បូ​រី ព្រះ​ជន្ម២១​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​ស្ពាន​ជ័យ ឃុំ​សេនា​រាជ​ឧត្ដម ស្រុក​ព្រះស្ដេច ខេត្ដ​ព្រៃវែង តែ​បាន​មក​គង់នៅ​ជាមួយ​សង្ឃ​អ៊ុ​ក ញ៉​ក់ នៅ​ភ្នំ​តូច ។ សង្ឃ​នេះ​ស្លៀកខោ​ស្ល៉ី​ប​ពី​ក្នុង និង​អត់​កោរ​ចិញ្ចើម​ទេ ត្រូវ​បាន​ព្រះ​មេគណចាប់​ផ្សឹក រួច​ប្រគល់​ឱ្យ​ប៉ូលិស​ស្រុក​ជា​អ្នកចាត់ការ រីឯ​វត្ថុ​តាង​មាន​លុយ​ដែល​បាន​ពី​ការបិណ្ឌបាត​ចំនួន​៤០.៤០០​រៀល បាត្រ​២ឆត្រ១ ។ ព្រះ​មេគណ​ស្រុក​បាន​មាន​ថេរ​ដីកា​បន្ដទៀត​ថា បន្ទាប់​ពី​មានការ​ឃាត់ខ្លួន​សង្ឃ​២អង្គ​នេះ​មក​មាន​ព្រះសង្ឃ​ជា​ច្រើន​បាន​ទូរស័ព្ទមក​សុំ​ការ​លើកលែងទោស​កំហុស​ឱ្យ​សង្ឃ ទាំង​២ ប៉ុន្ដែ​ព្រះ​អង្គ​មិន​យល់ព្រម​ទេ​គឺ​ម្នាក់ត្រូវ​តែ​ផ្សឹក​ប្រគល់​ឱ្យ​ប៉ូលិស​ចាត់ការ និងម្នាក់​ទៀត​នាំ​យក​ទៅ​ពិតទូល​ថ្វាយ​សម្ដេច ព្រះ​សង្ឃរាជ​ដើម្បី​មាន​ព្រះ​តំរិះ​ដោះស្រាយ ៕

No comments: