ស្ថានភាព​ជម្លោះ​ដីធ្លី​នៅ​ខេត្ត​កោះកុង​ក្នុង​ឆ្នាំ​២០០៩


ដោយ មុំ សុផុន
2010-01-12
​វិទ្យុ​អាស៊ីសេរី

មន្ត្រី​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​និង​អភិវឌ្ឍន៍​នៅ​កម្ពុជា​(អាដហុក) ប្រចាំ​នៅ​ឯ​ខេត្ត​កោះកុង បាន​មាន​ប្រសាសន៍​នៅ​ល្ងាច​ថ្ងៃ​១២ ខែ​មករា ឆ្នាំ​២០១០​ថា ករណី​ទំនាស់​ដីធ្លី​នៅ​ឯ​ខេត្ត​កោះកុង ក្នុង​ឆ្នាំ​២០០៩​កន្លង​មក​នេះ បាន​ថយ​ចុះ​ចំនួន​៥​ករណី​បើ​ធៀប​ទៅ​ឆ្នាំ​២០០៨។

ប្រជា​សហគមន៍​ស្រែអំបិល​ក្នុង​ខែត្រ​កោះកុង ធ្វើ​ដំណើរ​ទៅ​តវ៉ា​ពី​បញ្ហា​ដី​ធ្លី នៅ​មុខ​រដ្ឋ​សភា ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ខែ​មីនា ឆ្នាំ​២០០៧។ (www.licadho-cambodia.org)

ប្រជា សហគមន៍ ស្រែអំបិល ក្នុង ខែត្រ កោះកុង ធ្វើ ដំណើរ ទៅ តវ៉ា ពី បញ្ហា ដី ធ្លី នៅ មុខ រដ្ឋ សភា ក្នុង រាជធានី ភ្នំពេញ កាល ពី ខែ មីនា ឆ្នាំ ២០០៧។ (WWW.LICADHO-CAMBODIA.ORG)

លោក អ៊ុន ថាណន់ អ្នក​សម្រប​សម្រួល​អង្គការ​អាដហុក​ប្រចាំ​នៅ​ខេត្ត​កោះកុង បាន​មាន​ប្រសាសន៍​ថា ឆ្នាំ​២០០៩​កន្លង​ទៅ ករណី​ជម្លោះ​ដី​បាន​កើត​ឡើង​ចំនួន​៥​ករណី ដែល​កាល​ពី​ឆ្នាំ​២០០៨ មាន​១០​ករណី។

លោក អ៊ុន ថាណន់ មាន​ប្រសាសន៍​ដូច្នេះ ៖ «កាល​មុន​ដី​វា​ច្រើន ឥឡូវ​វា​កាន់​តែ​ថយ​ដែរ ក្រៅ​ពី​ដី​ភោគៈ​អី វា​នៅ​សល់​ដី​ព្រៃ​ដី​អី​អ៊ីចឹង​ទៅ ទំនាស់​ដី​ហ្នឹង ដី​មាត់​សមុទ្រ​អី។ ណា​មួយ​ទៀត ដូច​របាយការណ៍​ទូទាំង​ខេត្ត​ដែរ​អះអាង​ថា វា​អាច​ទាក់ទង​ទៅ​នឹង​ការ​អត់​មាន​ការ​កក្រើក​ដោយសារ​ឈ្មួញ​ទិញ​អី ហាងឆេង​ដី​ចុះ ក៏​បញ្ឈប់​ដែរ​ការ​រំលោភ…»។

លោក​បាន​ថ្លែង​ទៀត​ថា ទំនាស់​ទាំង​៥​ករណី​នោះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ជាង​៤០០​គ្រួសារ ហើយ​ភាគី​ដែល​មាន​ទំនាស់​ជាមួយ​ប្រជាពលរដ្ឋ​នោះ​មាន​អាជ្ញាធរ​រដ្ឋបាល​ព្រៃឈើ អង្គការ​ការពារ​បរិស្ថាន​មួយ​ឈ្មោះ CI (Conservation International) អាជ្ញាធរប៉ូលិស​និង​ឈ្មួញ​ទិញ​លក់​ដី​ជា​ដើម។ លោក​បញ្ជាក់​ទៀត​ថា អាជ្ញាធរ​មូលដ្ឋាន​ហាក់​ព្រងើយ​កន្តើយ​ក្នុង​ការ​ដោះស្រាយ ដោយ​គ្រាន់​តែ​យក​លេស​ថា នឹង​រក​ដំណោះ​ស្រាយ​តែប៉ុណ្ណោះ។

ប្រជាពលរដ្ឋ​អ្នក​រងគ្រោះ​ក្នុង​ករណី​ជម្លោះ​ដីធ្លី​នៅ​ក្នុង​ឃុំ​ជីខក្រោម ស្រុក​ស្រែអំបឹល ខេត្ត​កោះកុង លោក ញ៉ែម អាន អាយុ​៤៣​ឆ្នាំ បាន​មាន​ប្រសាសន៍​ថា ពួកគាត់​មាន​ទំនាស់​ដីធ្លី​ដែល​បាន​អូស​បន្លាយ​ច្រើន​ឆ្នាំ​មក​ហើយ ប៉ុន្តែ​នៅ​តែ​មិន​ទាន់​មាន​ដំណោះ​ស្រាយ​ទេ។

លោក ញ៉ែម អាន មាន​ប្រសាសន៍​ថា ៖ «ច្បាប់​ភូមិបាល​ច្បាប់​អី​ថា ការពារ​ប្រជាជន ដល់​ពេល​បង្កើត​ច្បាប់​ហ្នឹង​មក​ហើយ បែរ​ជា​យក​ដី​ប្រជាជន​វិញ ខ្ញុំ​អត់​ដឹង​ដែរ​អាហ្នឹង។ ប្ដឹង​តវ៉ា​ទៀត គ្មាន​នរណា​គេ​ដឹង​ឮ​ទេ គ្មាន​នរណា​គេ​មក​ជួយ​ដោះស្រាយ​ឲ្យ​ទេ ទោះបី​ប្ដឹង​ទៅ​ណា​ក៏​អត់​មាន​នរណា​គេ​ដោះស្រាយ​ឲ្យ​ដែរ។ ខ្ញុំ​សូម​សំណូមពរ​ទៅ​សម្ដេច ហ៊ុន សែន ម្ដង​ទៀត សូម​ឲ្យ​សម្ដេច​ជួយ​មក​មើល​ប្រជាជន កូន​ចៅ​នៅ​ភូមិ​ព្រែកជីក ឃុំ​ជីខក្រោម​នេះ​ផង កូន​ចៅ​សុទ្ធ​តែ​ក្រ ពិបាក​វេទនា​ណាស់ ហើយ​ថៅកែ សុខ ហុង និង​ថៅកែ ហ៊ឹម ហ៊ុយ នេះ គាត់​មក​គាប​សង្កត់ សូម្បី​តែ​ធ្វើ​ផ្ទះ​ក៏​មិន​បាន ហើយ​ចេញ​ទៅ​រក​ស៊ី​ឯណា​ក៏​គ្មាន​ដែរ។ គាត់​គំរាម​បោះ​ពាក្យ​មក​ថា សូម្បី​តែ​ទ្រុង​មាន់​ក៏​គាត់​មិន​ឲ្យ​ធ្វើ​ដែរ ហើយ​ដូច​ផ្ទះ​ខ្ញុំ​អី​បាក់​បែក​អស់​ហើយ អត់​មាន​ធ្វើ​វិញ​បាន​ទេ»។

សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​កោះកុង លោក ជិន សុផល ធ្លាប់​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​គួរ​តែ​ពិចារណា​ឲ្យ​បាន​ល្អិតល្អន់​មុន​ពេល​ដែល​ប្រគល់​ដី​សម្បទាន​ផ្សេងៗ​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​វិនិយោគ ហើយ​ក៏​ត្រូវ​តែ​គិត​ពី​នយោបាយ​ដីធ្លី​ជូន​ដល់​ប្រជាពលរដ្ឋ​ឲ្យ​បាន​គ្រប់គ្រាន់ សម្រាប់​ប្រកប​របរ​ធ្វើ​ស្រែ​ចម្ការ។

អ្នក​សម្របសម្រួល​អង្គការ​អាដហុក ប្រចាំ​នៅ​ខេត្ត​កោះកុង លោក អ៊ុន ថាណន់ បាន​មាន​ប្រសាសន៍​ថា ដំណោះ​ស្រាយ​ដើម្បី​កុំ​ឲ្យ​បន្ត​ជម្លោះ​ដី​រវាង​អ្នក​មាន​អំណាច ឬ​ឈ្មួញ​ជាមួយ​នឹង​ប្រជាពលរដ្ឋ​នោះ គឺ​គួរ​តែ​មាន​ដំណោះស្រាយ​ដែល​អាច​ទទួល​យក​បាន​ទាំង​ពីរ​ភាគី៕


No comments: