​ពី​កុមារ​នៅ​ក្រោម​របប​ខ្មែរក្រហម​ក្លាយជា​អ្នក​អប់រំ​

ដោយ : ជា ផល្លា មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា
ថ្ងៃទី 12 មករា 2010
CEN

លោក តែ​ន គឹម​តុ​ន ផ្តល់​បទសម្ភាសន៍ និង​រៀបរាប់​ពី​ភាពជូរចត់​នៅក្នុង​របប​ដ៏​ខ្មៅ​ងងឹត

លោក តែ ន គឹម តុ ន ផ្តល់ បទសម្ភាសន៍ និង រៀបរាប់ ពី ភាពជូរចត់ នៅក្នុង របប ដ៏ ខ្មៅ ងងឹត

ភ្នំពេញ: នៅ​ក្នុង​វ័យ​កុមារ តែ​ន គឹម​តុ​ន ក៏ដូចជា​ក្មេង​ដទៃ​ទៀត​ដែរ ត្រូវ​ឪពុក​ម្តាយ​បញ្ជូន​ឱ្យទៅ​សាលារៀន ដោយ​សង្ឈឹមថា​នឹង​ទទួលបា​ន​ចំណេះដឹង និង​ការងារ​ខ្ពង់ខ្ពស់​ទៅ​ថ្ងៃ​អនាគត ។

គឹម​តុ​ន បាន​ចូលរៀន​នៅ​បឋមសិក្សា​កុមារី​(​បច្ចុប្បន្ន​សាលាបឋមសិក្សា​ចតុមុខ​) ដែល​ស្ថិតនៅ ខាងជើង​វិមានឯករាជ្យ​ក្នុង​ទីក្រុង​ភ្នំពេញ ។ នៅ​ឆ្នាំ​១៩៧២ បន្ទាប់​ពី​គឹម​តុ​ន​រៀន​ដល់​ថ្នាក់​ទី​៩ (​សង្គមចាស់​) ឪពុក​របស់​គាត់​ដែល​ជា​អតីត​គ្រូបង្រៀន​នៅ​សាលា​បឋម​សិក្សា​ក្នុង​ខេត្ត​ព្រៃវែង ក្រោយមក​ផ្លាស់​ធ្វើ​ជា​ទាហាន​លន់​នល់​មាន​តួនាទី​ក្នុង​កងកាំភ្លើងធំ​ប្រចាំ​នៅ​អ្នក​លឿង តែ​បាន​ស្លាប់​ដោយសារ​គ្រាប់ផ្លោង​ធ្លាក់ចំ ។ មួយរយៈ​ក្រោយមក​ម្តាយ​របស់ គឹម​តុ​ន បាន​នាំ​គាត់​និង​ប្អូនប្រុស​ពីរ​នាក់​ទៀត​ទៅ​រស់នៅ​ទី​រួម​ខេត្តបាត់ដំបង​ជាមួយ​ឪពុកមា ដែល​ជា​មន្ត្រី​ផ្នែក​អាយ​ស្ម័យ​យាន​រហូត​ដល់​របប​សាធារណៈ​ខ្មែរ​របស់​លន់ នល់ ដួលរលំ ។

​នៅពេល​ខ្មែរក្រហម​ឡើង​កាន់​អំណាច​ភ្លាម គ្រួសារ​របស់ គឹម​តុ​ន ត្រូវ​ខ្មែរក្រហម​ជម្លៀស​ទៅ​ភូមិ​បាយ​ដំ​រាំ ស្រុក​បាណន់ ខេត្ត​បាត់ដំបង ។ ដំបូង​អង្គការ​បាន​រៀបចំ​ឱ្យ​គ្រួសារ គឹម​តុ​ន ស្នាក់នៅ​ជាមួយ​គ្រួសារ​អ្នក​នៅ​មូលដ្ឋាន​រំដោះ​ដែល​មាន​ប្តី​ឈ្មោះ សេង និង​ប្រពន្ធ​ឈ្មោះ ណ​ម ។ រយៈពេល បី​ខែ​ក្រោយ​មក អង្គការ​បាន​ផ្លាស់​គ្រួសារ គឹម​តុ​ន ឱ្យទៅ​រស់នៅ​ក្នុង​ទ្រុងមាន់​បណ្តោះអាសន្ន បន្ទាប់មក ទើប​អង្គការ​សង់​ខ្ទម​មួយ​នៅក្បែរ​នោះ​ឱ្យ​គ្រួសារ​គាត់​រស់នៅ ។ នៅ​ទីនោះ​អង្គការ​បាន​បំបែក​គ្រួសារ គឹម​តុ​ន ដោយ​ចាត់តាំង​ឱ្យ​ម្តាយ​របស់​គាត់​ជា​ស្ត្រី​មេម៉ាយ​ទៅ​សមរភូមិ​មុខ ។ ចំណែក គឹម​តុ​ន និង​ប្អូន​ត្រូវ​ទៅ​នៅក្នុង​កង​កុមារ​នៅ​ក្រឡឹង​ដុំ ដែលមាន សំអឿន ជា​ប្រធាន​កងចល័ត​កុមារ និង ណា​ង ជា​អនុប្រធាន និង សេង ជា​ប្រធាន​សហករណ៍ ហើយ​ប្អូន​ពៅ​ដែល​នៅ​តូច​ត្រូវ​អង្គការ​បញ្ជូន​ឱ្យទៅ មណ្ឌលកុមារ​របស់​អង្គការ ។​

​នៅក្នុង​កងកុមារ គឹម​តុ​ន ត្រូវ​ធ្វើ​ការងារ​ធ្ងន់ៗ ដោយ​ដំបូង​ប្រធាន​កង​បាន​ចាត់តាំង​ឱ្យ​គាត់​រើស​អាចម៍គោ ក្រោយ​មក​ឱ្យ​ទៅ​រែក​ដី ជីក​ប្រឡាយ ហើយ​ពេលទំនេរ​ពី​ការងារ​ត្រូវ​ទៅ​ជួយ​រែក​អង្ករ​មក​ដាក់​នៅ​រោង​បាយ ជញ្ជូន​កណ្តាប់ និង​រក​ឧស​ដោយ​ទទួល​របប​អាហារ​ពីរ​ពេល​ប៉ុណ្ណោះ​ក្នុង​មួយថ្ងៃ ។ រៀងរាល់ថ្ងៃ គឹម​តុ​ន មិន​បាន​ចូលរៀន​ទេ និង​ត្រូវ​ធ្វើការ​រយៈពេល ៧-៨ ម៉ោង ស្ទើរតែ​គ្មាន​ពេល​សម្រាក ។ ចំពោះ​កុមារ​ដែល​រឹងរូស​មិន​ចង់​ទៅ​ធ្វើការ ឬ​លួចរ​ត់​ទៅ​ផ្ទះ នៅពេល​ប្រធាន​កង​ចាប់បាន​នឹង​ត្រូវ​ទទួល​ទណ្ឌកម្ម ដោយ​យក​ទៅ​ចង​នឹង​ដើម​ញ​ព្រៃ​រួច​វាយ​នឹង​រំពាត់​ថ្មោង បន្ទាប់មក​យក​ទៅ​ដាក់​ឱ្យ អង្ក្រង​ខាំ ហើយ​ពេល​ខ្លះ​ប្រធាន​កង​យក​សំពត់​ភ្លៀង (​ថង់​ប្លា​ស្ទិច​) មក​គ្រប​មុខ​រយៈពេល​ប្រហែល​ប្រាំ​នាទី​ដើម្បី​ឱ្យ​ថប់ដង្ហើម ។ ទោះបីជា​មិន​មាន​ការសម្លាប់​ក៏ដោយ ក៏​ការធ្វើ​ទារុណកម្ម​បែបនេះ​បាន​បណ្តាល​ឱ្យ​កុមារ​ឈ្មោះ ចឹក និង​ឈ្មោះ ស៊ីណា ដែល​បាន​រត់​ទៅ​ផ្ទះ​មាន​ការភ័យខ្លាច រួច​រត់គេច​ទៅ​ពូន​នៅ​ដំបូក​រហូត​ស្លាប់​ដោយសារ​ជំងឺ និង​មិន​មាន​អាហារ​ហូប ។ ឃើញ​បែប​នោះ គឹម​តុ​ន មិន​ដែល​ហ៊ាន​លួច​មក​លេង​ផ្ទះ​ទេ ហើយ​គាត់​បាន​ជួប​ជាមួយ​ម្តាយ​ពីរដង​ប៉ុណ្ណោះ​ក្នុង​មួយឆ្នាំ ដោយសារតែ ម្តាយ​របស់​គាត់​បាន​សុំ​អនុញ្ញាត​ពី​អង្គការ​មក​មើល​កូនៗ​នៅពេល​មាន​ការ​ប្រារព្ធ​ពិធី​បុណ្យខួប​ធំៗ ។ នៅពេល​ជួប​កូន​ម្តងៗ ម្តាយ​របស់ គឹម​តុ​ន តែងតែ​លួច​សម្រក់​ទឹកភ្នែក​ដោយសារក្តី​នឹករឭក និង​ងូតទឹក​ឱ្យ គឹម​តុ​ន និង​ប្អូន​ហើយ​ពេល​ខ្លះ​បាន​លួច​យក​ដំឡូង​ដែល​គាត់​លាក់​ទុក​យក​មក​ឱ្យ​គាត់​ហូប​ទៀតផង ។

​មួយរយៈ​ក្រោយមក ដោយ​គ្មាន​អាហារ​ហូប​គ្រប់គ្រាន់ ធ្វើ​ការងារ​ហួសកម្លាំង និង​រស់នៅ​ក្នុង​តំបន់​គ្រុនចាញ់ បាន​បណ្តាលឱ្យ គឹម​តុ​ន និង​ប្អូន​របស់​គាត់ និង​កុមារ​នៅក្នុង​កង​ជាច្រើន​នាក់ កើត​ជំងឺខាន់លឿង ។ នៅ​ទីនោះ ដោយ​គ្មាន​ថ្នាំពេទ្យ​សម្រាប់​ព្យាបាល ទើប​អង្គការ​បាន​ប្រើ​វិធី​ព្យាបាល​ដោយ​យក​ប៉ុយ (​អំ​បោះ​) លាប​ជាមួយនឹង​កំបោរ រួច​ហើយ​ដុត​ភ្លើង​ឱ្យ​ឆេះ​យកមក​អុច​លើ​ពោះ​របស់​អ្នកជំងឺ ។ ក្រោយមក ក៏​ផ្តល់​ថ្នាំ​ឫស​ឈើ​ព្រៃ និង​ថ្នាំ​អាចម៍​ទន្សាយ​ឱ្យ​លេប​បន្ថែម ហើយ​អនុញ្ញាត​ឱ្យ​ឈប់សម្រាក​រយៈពេល​បី​អាទិត្យ និង​មាន​ចែក​របប​អង្ករ​សម្រាប់​ហូប ។ មួយរយៈ​ក្រោយមក កុមារ ដែល​មាន​ជំងឺ​ជាច្រើន​បាន​ជាសះស្បើយ ។

​នៅ​ឆ្នាំ​១៩៧៨ នៅពេល​ដែល​កម្មាភិបាល​ភូមិភាគ​និរតី​ចូល​មក​គ្រប់គ្រង​តំបន់​ដែល​គ្រួសារ​របស់ គឹម​តុ​ន រស់នៅ កម្មាភិបាល​ទាំងនោះ​បាន​ប្រាប់​ឱ្យ គឹម​តុ​ន និង​ប្អូន​ដែល​នៅក្នុង​កង​ជាមួយ​គ្នា​ត្រឡប់​ទៅផ្ទះ​វិញ ដោយសារតែ​ឃើញ​គាត់​ពីរ​នាក់​បងប្អូន​នៅ​តូច ។ គឹម​តុ​ន និង​ប្អូន​បាន​ដើរ​ត្រឡប់​ទៅរស់ នៅ​ផ្ទះ​ដែល​ស្ថិតនៅក្នុង​ភូមិ​បាយ​ដំរាំ​វិញ ។ នៅ​ទីនោះ គាត់​ត្រូវ​ដើរ​រើស​អាចម៍គោ បេះ​ត្រកួន និង​រក​បន្លែ​ឱ្យ​ចុងភៅ ។ នៅ​ទីនោះ​បាន​មួយរយៈ​ប្អូន​របស់ គឹម​តុ​ន ម្នាក់​ទៀត​ដែល​នៅ​កង​ផ្សេង​មាន​ជំងឺ​បាន​ត្រឡប់មកផ្ទះ​វិញ ចំណែក​ម្តាយ​របស់​គាត់​ត្រូវ​ពស់​ចឹក​បណ្តាល​ឱ្យ​ឈឺ​ជា​ទម្ងន់ ត្រូវ​អង្គការ​បញ្ជូនមក នៅ​ផ្ទះ​ដែរ ។ គឹម​តុ​ន បាន​ជួប​ម្តាយ និង​ប្អូន​សារ​ជា​ថ្មី​ទៀត ។

​នៅ​ថ្ងៃ​មួយ អ្នក​ភូមិ​ម្នាក់​បាន​ឱ្យ គឹម​តុ​ន ជួយរ​វៃ​ឌី​ណា​ម៉ូ​រក​ប៉ុស្តិ៍​វិទ្យុ (​បើក​វិទ្យុ​) ដើម្បី​ស្តាប់​ព័ត៌មាន ។ ពេល​នោះ​វិទ្យុ​បាន​ផ្សព្វផ្សាយ​ថា កងទ័ព​វៀតណាម​បាន​វាយ​បែក​ទីក្រុង​បាត់ដំបង ។ ប៉ុន្តែ ខ្មែរក្រហម​បាន​កៀរ​ប្រជាជន​នៅក្នុង​តំបន់​ដែល​គាត់​រស់នៅ​ទាំងអស់​ឱ្យ​ទៅ​ភ្នំ​សំពៅ ។ ដោយ​ដឹង​ពី សភាពការណ៍​មុន និង​មានកូន​ច្រើន​ពិបាក​ធ្វើ​ដំណើរ​ឱ្យ​បាន​លឿន ទើប​ម្តាយ​របស់ គឹម​តុ​ន បាន​នាំ​គាត់ និង​ប្អូនៗ​រត់​ចូល​ក្នុង​ទឹក​បឹង​ដើម្បី​គេចខ្លួន បន្ទាប់​មក​ដើរ​ត្រឡប់​ទៅ​ភូមិ​បាយ​ដំ​រាំ និង​ទៅ​តំបន់​ដែល​កងទ័ព​រណសិរ្ស និង​កងទ័ព​វៀតណាម​រំដោះ​វិញ ។

​គ្រួសារ​របស់ គឹម​តុ​ន បាន​ត្រឡប់​មក​រស់នៅ​ជួបជុំ​ជាមួយ​ឪពុកមា​ក្នុង​ខេត្ត​បាត់ដំបង ក្រោយមក​ដោយ​ឮ​ដំណឹង​ថា សាច់ញាតិ​ដែល​រស់នៅ​ខេត្ត​ព្រៃវែង​បាន​ស្លាប់​អស់ ហើយ​នៅ​រស់​តែ​មីង​ពីរ​នាក់ ទើប​ម្តាយ​របស់ គឹម​តុ​ន សម្រេច​ចិត្ត​ទៅ​រស់នៅ​ស្រុកកំណើត​ក្នុង​ខេត្តព្រៃវែង​វិញ ។ ដោយ​ឃើញ​ទីនោះ​មាន​ស្ថិរភាព ហើយ​មាន​សាលារៀន​ត្រឹមត្រូវ គឹម​តុ​ន បាន​ចូលរៀន​បន្ត​នៅ​ថ្នាក់​ទី​៤ ។ គឹម​តុ​ន បាន​ប្រឡង​បញ្ចប់​ថ្នាក់មធ្យមសិក្សា​ទុតិយភូមិ​នៅ​ថ្នាក់​ទី​១១ (​បច្ចុប្បន្ន​ថ្នាក់​ទី​១២) នៅ​ខេត្ត​ព្រៃវែង បន្ទាប់​មក​រៀន​បន្ត​នៅ​ភ្នំពេញ ។ គឹម​តុ​ន ទទួលបាន​អាហារូបករណ៍​ផ្នែក​អក្សរសាស្ត្រ​ពី​រដ្ឋាភិបាល​ទៅ​សិក្សា​នៅ​ប្រទេស​ឡាវ និង​ត្រូវ​រៀន​ភាសា​រុស្ស៊ី ។ ការសិក្សា​ជា​ភាសា​រុស្ស៊ី​មិន​មាន​ការលំបាក​ប៉ុន្មាន​ទេ​ចំពោះ គឹម​តុ​ន ព្រោះ​គាត់​ធ្លាប់​រៀន​ភាសា​នេះ​តាំងពី​នៅ​ថ្នាក់​វិទ្យាល័យ ហើយ​សាលា​តម្រូវ​ឱ្យ​គឹម​តុ​ន រៀន​ភាសា​រុស្ស៊ី​មួយ​ឆ្នាំ​មុន​នឹង​អនុញ្ញាត​ឱ្យ​ចូល​រៀន​ថ្នាក់​បិរញ្ញាប័ត្រ​ឆ្នាំទី​១ ។ នៅ​ឆ្នាំ​១៩៩៤ គឹម​តុ​ន បាន​បញ្ចប់​ការសិក្សា​ហើយ​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ និង​បាន​ចូល​ធ្វើការ​នៅ​នាយកដ្ឋាន​ស្រាវជ្រាវ​គរុកោសល្យ ហើយ​ក្រសួង​អប់រំ​បាន​ចា ត់តាំង​ឱ្យ​គាត់​ធ្វើ​ជា​គណៈកម្មាការ​សរសេ​រ​សៀវភៅ​ជា​ភាសា​ខ្មែរ ក្រោម​ការបណ្តុះបណ្តាល​ពី​មូលនិធិ​អង្គការសហប្រជាជាតិ​ដើម្បី​កុមារ (UNICEF) រយៈពេល ៥​ឆ្នាំ ។ គឹម​តុ​ន បាន​សរសេរ​សៀវភៅ​ភាសា​ខ្មែរ​សម្រាប់ សិស្ស​ថ្នាក់​ទី​៣ ទី​៤ និង​ទី​៥ និង​សរសេរ​សៀវភៅ​តម្រង់​ទិស​សម្រាប់​គ្រូបង្រៀន និង​សៀវភៅ​សិក្សា​សង្គម​សម្រាប់​ថ្នាក់​ទី​៨ និង​ទី​១០ និង​ជា​អនុប្រធាន​ការិយាល័យ​ផែនការ​ទទួលបន្ទុក​រៀបចំ​ផែនការ ។ នៅ​ឆ្នាំ​២០០៩ គឹម​តុ​ន បាន​ក្លាយទៅជា​គ្រូ​បង្គោល​ថ្នាក់ជាតិ​បង្រៀន​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ​ពី​ឆ្នាំ (១៩៧៥-១៩៧៩) ។​

​គឹម​តុ​ន បញ្ជាក់ថា កម្មវិធី​បង្រៀន​ពី​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ​នៅ​ពេល​នេះ គឺជា​ពេល​ល្អ​បំផុត ព្រោះ​វា​ស្រប​នឹង​ពេល​ដែល​សាលាក្តី​ខ្មែរក្រហម​កំពុងតែ​ដំណើរការ ។ លើសពីនេះទៅទៀត ការបង្រៀន​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​នេះ បាន​ធ្វើ​ឱ្យ​ក្មេងជំនាន់ក្រោយ យល់ដឹង​កាន់តែច្រើន​ពី​ផលប៉ះពាល់​នៃ​របប​នេះ​មក​លើ​ប្រជាជន​កម្ពុជា និង​ទប់ស្កាត់​កុំ​ឱ្យ​របប​ដ៏​ឃោរឃៅ​នោះ​កើតមាន ម្តងទៀត ។ តាមរយៈ​បទពិសោធន៍​ទាំងនេះ នឹង​ធ្វើ​ក្មេងជំនាន់ក្រោយ​ចេះ​រស់នៅ​ដោយ​ការ​អធ្យាស្រ័យ ឈប់​ប្រើ​អំពើហិង្សា និង​មិន​ប្រកាន់ពូជសាសន៍​ដែល​នឹង​នាំទៅរក​ការអភិវឌ្ឍន៍​ប្រទេសជាតិ​ទាំងមូល ៕


No comments: