កម្ពុជា​បដិសេធ​ការ​លើក​ឡើង​របស់​ក្រសួង​ការ​បរទេស​ថៃ​ពី​រឿង​ព្រះវិហារ


ដោយ ដែន អយុធ្យា
2010-01-13
​វិទ្យុ​អាស៊ីសេរី

អាជ្ញាធរ​កម្ពុជា​បដិសេធ​ការ​លើក​ឡើង​របស់​ក្រសួង​ការ​បរទេស​ថៃ ដោយ​កម្ពុជា​បញ្ជាក់​ច្បាស់​ថា ប្រាសាទ​ព្រះវិហារ​និង​ដី​បរិវេណ​ប្រាសាទ​គឺ​ពិត​ជា​របស់​កម្ពុជា។

ប្រាសាទ​ព្រះវិហារ​របស់​ខ្មែរ​នៅ​លើ​កំពូល​ភ្នំ​ដងរែក​នៃ​ខេត្ត​ព្រះវិហារ។ (RFA file photo/Uy Sophea)

ប្រាសាទ ព្រះវិហារ របស់ ខ្មែរ នៅ លើ កំពូល ភ្នំ ដងរែក នៃ ខេត្ត ព្រះវិហារ។ (RFA FILE PHOTO/UY SOPHEA)

ទីស្តីការ​គណៈរដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី​១២ ខែ​មករា បាន​ចេញ​សេចក្តី​បំភ្លឺ​មួយ​ដោយ​បាន​ច្រាន​ចោល​ទាំង​ស្រុង​នូវ​ការ​លើក​ឡើង​ប្រសាសន៍​របស់​លោក វីម៉ុន ឃីតឆប (Vimon Kidchob) អគ្គនាយក​នៃ​នាយកដ្ឋាន​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​ថៃ ដែល​បាន​ចុះ​ផ្សាយ​ក្នុង​សារព័ត៌មាន​ថៃ The Nation កាល​ពី​ថ្ងៃ​ទី​៩ ខែ​មករា ឆ្នាំ​២០១០ ដែល​ថា “ប្រាសាទ​ព្រះវិហារ​និង​ដី​ជុំវិញ​បរិវេណ​ប្រាសាទ​ព្រះវិហារ និង​វត្ត​កែវសិខាគិរីស្វរៈ ជា​របស់​ថៃ“។

បន្ថែម​លើ​សេចក្តី​បំភ្លឺ លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ​និង​ជា​មន្ត្រី​នាំ​ពាក្យ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​១២ ខែ​មករា​នេះ មាន​ប្រសាសន៍​ដោយ​បាន​ចាត់ទុក​ការ​លើក​ឡើង​របស់​អគ្គនាយកដ្ឋាន​របស់​ក្រសួង​ការបរទេស​ថៃ បាន​និយាយ​នៅ​លើ​ទំព័រ​កាសែត The Nation ទាក់ទង​ទៅ​នឹង​បញ្ហា​ប្រាសាទ​ព្រះវិហារ ថា​ជា​ការ​បំភ្លៃ​មតិ​សាធារណ​ជន និង​មាន​បំណង​ធ្វើ​ឲ្យ​ទំនាក់ទំនង​ប្រទេស​កម្ពុជា​ថៃ​កាន់តែ​មាន​ភាព​តានតឹង​និង​អាក្រក់​ទៅៗ។

លោក ផៃ ស៊ីផាន បញ្ជាក់​ឲ្យ​ដឹង​ថា ៖ «អំពី​ការ​ចុះ​ផ្សាយ​របស់​កាសែត​របស់​ថៃ The Nationហ្នឹង យើង​សុំ​ជម្រាប​ថា នេះ​គ្រាន់​តែ​ជា​ការ​ផ្សព្វផ្សាយ​នៃ​គំនិត​របស់​អ្នក​ធ្វើ​ឲ្យ​គេ​យល់​ច្រឡំ ហើយ​បង្កើត​ឲ្យ​មាន​ការ​ញុះញង់ រឹត​តែ​ធ្វើ​ឲ្យ​មាន​ភាព​តានតឹង​រវាង​កម្ពុជា​ថៃ»។

លោក ផៃ ស៊ីផាន បាន​បំភ្លឺ​ទៅ​សាធារណ​ជន​ជាតិ​និង​អន្តរជាតិ ពិសេស​ប្រជាជន​ថៃ​ទាំង​អស់​ឲ្យ​បាន​ជ្រាប​ថា តុលាការ​យុត្តិធម៌​ទីក្រុង​ឡាអេ​បាន​ចេញ​សាល​ដីកា​សម្រេច​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​១៩៦២ យ៉ាង​ច្បាស់​ថា ប្រាសាទ​ព្រះវិហារ​និង​បរិវេណ​ជុំវិញ​​ប្រាសាទ​ស្ថិត​នៅ​ក្នុង​ទឹក​ដី​កម្ពុជា​ទាំង​ស្រុង។ សេចក្តី​សម្រច​នេះ​ផ្អែក​ទៅ​លើ​ផែនទី​ឧបសម្ព័ន្ធ​១ ដែល​ជា​លទ្ធផល​នៃ​អនុសញ្ញា​ចុះ​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ឆ្នាំ​១៩០៤ ដែល​បាន​ចែង​យ៉ាង​ច្បាស់​ពី​ព្រំដែន​នៅ​តំបន់​ភ្នំ​ដងរែក​ខាង​កើត និង​សន្ធិសញ្ញា​ថ្ងៃ​ទី​២៣ ខែ​មីនា ឆ្នាំ​១៩០៧ រវាង​បារាំង​និង​សៀម​ក្នុង​ការ​កំណត់​ខ្សែ​បន្ទាត់​ព្រំដែន។

លោក ផៃ ស៊ីផាន បាន​អះអាង​ថា ៖ «តុលាការ​បាន​ចេញ​ជា​សាលក្រម​ដេញ​កង​ទ័ព​ថៃ​ឬ​កង​ទ័ព​សៀម ឆ្មាំ​កាំភ្លើង ឬ​អ្នក​ថែ​រក្សា​ដទៃ​ទៀត និង​អ្នក​ដែល​ពាក់ព័ន្ធ​នៅ​ក្នុង​តំបន់​ប្រាសាទ​ព្រះវិហារ​នេះ ចេញ​ពី​កន្លែង​ហ្នឹង។ អា​ហ្នឹង​ជា​សាលក្រម​របស់​សាលា​ក្ដី​យុត្តិធម៌ …បាន​បណ្ដេញ​ពួក​នោះ​ចេញ​ពី​តំបន់​នោះ​តាំង​ពី​ឆ្នាំ​១៩៦២»។

លោក​បន្ត​ថា ដោយ​សំអាង​ទៅ​លើ​សេចក្តី​សម្រេច​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​និង​ការ​ពិនិត្យ​ពិច័យ​យ៉ាង​ហ្មត់ចត់​របស់​ក្រុមប្រឹក្សា​អន្តរជាតិ​សម្រាប់​បូជនីយដ្ឋាន​និង​តំបន់​ប្រាសាទ គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​បាន​សម្រេច​ចុះ​បញ្ជី​ប្រាសាទ​ព្រះវិហារ​ជា​បេតិកភណ្ឌ​ពិភពលោក​កាល​ពី​ថ្ងៃ​ទី​៧ ខែ​កក្កដា ឆ្នាំ​២០០៨ នៅ​ទីក្រុង​កេប៊ិច ប្រទេស​កាណាដា។

គួរ​រំឭក​ឲ្យ​ដឹង​ផងដែរ​ថា មួយ​សប្តាហ៍​ក្រោយ​ពេល​ប្រាសាទ​ព្រះវិហារ​របស់​កម្ពុជា​ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ប្រទេស​ថៃ​បាន​ដាក់​បញ្ជូន​កម្លាំង​ទ័ព​ចូល​មក​ឈ្លានពាន​ទឹក​ដី​កម្ពុជា​នៅ​តាម​ព្រំដែន​តំបន់​ប្រាសាទ​ព្រះវិហារ និង​នៅ​បរិវេណ​វត្ត​កែវសិខាគិរីស្វរៈ នៅ​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០០៨ ដែល​រហូត​មក​ដល់​ឆ្នាំ​២០១០​នេះ កង​ទ័ព​ទាំង​នោះ​នៅ​ពុំ​ទាន់​ដក​ថយ​នៅ​ឡើយ៕


No comments: