អាជ្ញាធរ​ចាត់​វិធានការ​ទប់ស្កាត់​មិន​ឲ្យ​ពលរដ្ឋ​ឆ្លង​ដែន​ទៅ​កាប់​ឈើ

2010-01-08

នាយ​ទាហាន​ជាន់​ខ្ពស់​នៅ​យោធ​ភូមិភាគ​ទី​៤ បាន​ឲ្យ​ដឹង​ថា កង​ទ័ព​យោធ​ភូមិភាគ​ទី​៤​នៅ​ទិស​អន្លង់វែង​បាន​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ទប់ស្កាត់​អ្នក​ស្រុក​មិន​ឲ្យ​លួច​ឆ្លង​កាត់​ច្រក​ព្រំដែន​ចូល​ប្រទេស​ថៃ​កាប់​ឈើ ឬ​ស្វែងរក​អនុផល​ព្រៃ​ឈើ​ដូច​មុន​ឡើយ ដោយសារ​ខ្លាច​មាន​គ្រោះថ្នាក់។

RFA/Hang Savyouth

ក្មេង​ស្រី​អូស​រទេះ​ផ្លែ​ឈើ​ខណៈ​ម្ដាយ​រុញ​ពី​ក្រោយ ចេញ​ពី​ទឹក​ដី​ថៃ​តាម​ច្រក​ជាំស្រងាំ ក្នុង​ស្រុក​អន្លង់វែង ខែត្រ​ឧត្ដរមានជ័យ។

លោក នួន នៅ នាយ​សេនាធិការ​កង​ទ័ព​យោធ​ភូមិភាគ​ទី​៤ ប្រចាំ​ទិស​អន្លង់វែង បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៧ មករា ឲ្យ​ដឹង​ថា លោក​បាន​ទទួល​បញ្ជា​ពី​ថ្នាក់​លើ​ឲ្យ​ទាហាន​ជួយ​ទប់ស្កាត់​កុំ​ឲ្យ​អ្នក​ស្រុក​ឆ្លង​ដែន ព្រោះ​ខ្លាច​មាន​គ្រោះថ្នាក់​ដោយ​ទាហាន​ថៃ​បាញ់​ឬ​ចាប់​ខ្លួន។

លោក នួន នៅ បាន​បញ្ជាក់​ថា ៖ «យើង​បង្ក្រាប​ហើយ ឥឡូវ​ចាប់ផ្ដើម​បង្ក្រាប​ប្រជាពលរដ្ឋ​ដែល​ឡើង​ទៅ​ហ្នឹង​ណា៎! យើង​យក​បទបញ្ជា​ពី​អគ្គ​បញ្ជាការ ហើយ​ទប់​ស្កាត់​សហការ​ជាមួយ​អាជ្ញាធរ​ដែន​ដី យើង​ខំ​ពន្យល់​គាត់ អប់រំ​គាត់​ដើម្បី​ឲ្យ​គាត់​យល់។ ឆ្លង​ដែន​ទៅ អី​ទៅ ខុស​ច្បាប់​ខុស​អី​ទៅ ថៃ​កាត់​ទោស​ជាប់​គុក​ជាប់​អី​ហ្នឹង​វា​យូរ​ពេក ម្នាក់​សុទ្ធ​តែ ៨​ឆ្នាំ​ឯ​ណោះ ឲ្យ​គាត់​យល់​ពី​ការ​ខាត​មុខរបរ​រកស៊ី​របស់​គាត់​ផង។ សហការ​គ្នា​ជាមួយ​អាជ្ញាធរ យើង​បាន​ធ្វើ​បណ្ដើរៗ​មក​ហើយ ហើយ​ចុង​ឆ្នាំ​២០០៩ ក៏​យើង​បាន​ធ្វើ ចាប់ផ្ដើម​ឆ្នាំ​២០១០​នេះ​បន្តឹង​គាត់​មែនទែន​ហើយ!»

លោក នួន នៅ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ផងដែរ​ថា ក្រៅ​ពី​មាន​វិធានការ​អប់រំ​អ្នក​ស្រុក​កុំ​ឲ្យ​ឆ្លង​កាត់ ក៏​មាន​វិធានការ​តឹងរ៉ឹង​ចាប់​ខ្លួន​ទុក​អប់រំ​ផងដែរ​ចំពោះ​អ្នក​ស្រុក​រូប​ណា​ដែល​មាន​ការ​រឹង​ទទឹង​មិន​ស្តាប់​តាម​ការ​ណែនាំ​ផងដែរ។

លោក នួន នៅ បាន​អះអាង​ថា ៖ «កន្លង​មក​យើង​បាន​បញ្ជូន​ទៅ​ខាង​ប៉ូលិស​ខាង​អី​គេ​ដោះស្រាយ ហើយ​រហូត​មក​ដល់​ថ្ងៃ​នេះ​វា​ធូរ​ស្បើយ​ហើយ មិន​មាន​អី​ឡើង​ទេ។ បើ​ថា ហាម​ហើយ​មិន​ស្ដាប់​យើង​ឃាត់​ទុក ពិន័យ​អី​ខ្លះ ឲ្យ​គាត់​យល់ ពិន័យ​បន្តិច​បន្តួច​ទេ មិន​ឲ្យ​គាត់​ធ្ងន់ធ្ងរ​អី​ទេ ប៉ុន្តែ​ឲ្យ​គាត់​យល់​ពី​ការ​លំបាក»

លោក វណ្ណ កុសល អភិបាល​ស្រុក​ត្រពាំងប្រាសាទ ខេត្ត​ឧត្តរមានជ័យ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា វិធានការ​ថ្មី​ឲ្យ​កង​ទ័ព​យាម​ល្បាត​តាម​បណ្តោយ​ព្រំដែន​ជួយ​ទប់ស្កាត់​អប់រំ​អ្នក​ស្រុក​កុំ​ឲ្យ​ឆ្លង​ដែន​នោះ ទើប​តែ​បាន​អនុវត្ត​តែ​ប៉ុណ្ណោះ។

លោក​អភិបាល​ស្រុក​ត្រពាំងប្រាសាទ​បាន​ឲ្យ​ដឹង​ផងដែរ​ថា ដោយសារ​ទាហាន​ថៃ​បាន​បាញ់​និង​ចាប់​អ្នក​ស្រុក​ខ្មែរ​ជា​ញឹកញយ​នោះ បច្ចុប្បន្ន​អ្នក​ស្រុក​នៅ​អន្លង់វែង​ផ្ទាល់​មិន​ហ៊ាន​ឆ្លង​ដែន​ចូល​ដី​ថៃ​កាប់​ឈើ ឬ​រក​អនុ​ផល​ព្រៃ​ឈើ​ដូច​មុន​ឡើយ មាន​តែ​អ្នក​ស្រុក​មក​ពី​ឆ្ងាយៗ​តែ​ប៉ុណ្ណោះ ដែល​នៅតែ​លប​លួច​ឆ្លង​ដែន​ខុស​ច្បាប់។

លោក វណ្ណ កុសល បាន​មាន​ប្រសាសន៍​ថា ៖ «វា​ពិបាក​ដែរ ជួនកាល​វា​មក​តាម​រយៈ​ពី​តំបន់​ឆ្ងាយៗ​មក។ អ្នក​មូលដ្ឋាន​នេះ​តាំង​ពី​មាន​បញ្ហា​គ្រោះថ្នាក់​អី​មក​បង​ប្អូន​អត់​មាន​រវីរវល់​អី​ទៅ​គិត​គូរ​ទេ គិត​គូរ​រឿង​ចម្ការ រឿង​ដាំ​ល្ង ដាំ​សណ្ដែក​របស់​គេ ដែល​បង​ប្អូន​មក​ពី​ឆ្ងាយ ចំណាក​ស្រុក​អី​មក អត់​ការងារ គាត់​ចេះ​តែ​លួច​ឆ្លៀត​ឡើង យើង​គ្រប់គ្រង​មិន​ទាន់​បាន មក​មួយ​ថ្ងៃ​អី​អ៊ីចឹង​គាត់​ទៅ​បាត់​ទៅ...»

តាម​លោក​អភិបាល​ស្រុក​បាន​ឲ្យ​ដឹង​ផងដែរ​ថា រយៈពេល​កន្លង​មក​នៅ​តំបន់​របស់​លោក​គ្រប់គ្រង​មាន​ទាហាន​ថៃ​បាន​បាញ់​ប្រជាពលរដ្ឋ​ខ្មែរ​ឆ្លង​ដែន​ខុស​ច្បាប់​ស្លាប់​ចំនួន ៦​នាក់ និង​មាន​ចាប់​ខ្លួន​ឃុំ​នៅ​ប្រទេស​ថៃ​ចំនួន ១១​នាក់៕


No comments: