ទស្សនៈ​​ជុំវិញ​ការ​រំឭក​គុណ​​​​ថ្ងៃ​៧ មករា

2010-01-07

ថ្ងៃ​៧ មករា ឆ្នាំ​១៩៧៩ បាន​ក្លាយ​ជា​ប្រធានបទ​សំខាន់​នៃ​ការ​ប្រទាញ​ប្រទង់​ទស្សនៈ​រវាង​ប្រជាពលរដ្ឋ​ខ្មែរ ដោយ​ក្រុម​មន្ត្រី​អ្នក​កាន់​អំណាច​ជំរុញ​ឲ្យ​មាន​ការ​ដឹង​គុណ​ថ្ងៃ​៧ មករា និង​ប្រជាពលរដ្ឋ​ខ្មែរ​ខ្លះ​ចាត់​ទុក​ថា ថ្ងៃ​៧ មករា ជា​ថ្ងៃ​វៀតណាម​ឈ្លានពាន។

AFP Photo

ប្រធាន​ព្រឹទ្ធ​សភា លោក ជា ស៊ីម (កណ្ដាល) ប្រធាន​រដ្ឋសភា លោក ហេង សំរិន (ឆ្វេង) និង នាយក​រដ្ឋមន្ត្រី​លោក ហ៊ុន សែន (ស្ដាំ) លើក​ដៃ​គ្រវី​ស្វាគមន៍​អ្នក​គាំទ្រ​ក្នុង​ឱកាស​ប្រារព្ធ​ទិវា​ជ័យ​ជំនះ​លើ​របប​ប្រល័យ​ពូជ​សាសន៍ នា​ថ្ងៃ​ទី​៧ មករា ២០០៩ នៅ​ពហុ​កីឡដ្ឋាន​អូឡាំពិក ក្រុង​ភ្នំពេញ។

នៅ​ពេល​ដែល​និយាយ​អំពី​ថ្ងៃ​៧ មករា មាន​មនុស្ស​ជាច្រើន​បាន​គេច​ចេញ​ពី​ការ​សម្ភាស​របស់​អ្នក​យក​ព័ត៌មាន​នៅ​តាម​ចិញ្ចើម​ផ្លូវ​ក្នុង​ទីក្រុង​ភ្នំពេញ ដោយ​ប្រាប់​ថា មិន​ហ៊ាន​និយាយ​ខ្លាច​ជាប់​គុក ឫ​ខ្លាច​គេ​រក​រឿង ៖ «អត់​ហ៊ាន​ទេ ខ្លាច​គេ​រក​រឿង»

ការ​ញញើត​ញញើម​របស់​ក្រុម​អ្នក​បញ្ចេញ​មតិ​មិន​គាំទ្រ​ចំពោះ​ការ​ដឹង​គុណ​ថ្ងៃ​៧ មករា បាន​ធ្វើ​ឡើង​នៅ​ក្រោយ​ពេល​ដែល​ប្រមុខ​រដ្ឋាភិបាល​បាន​ហៅ​ក្រុម​អ្នក​ជំទាស់​ក្នុង​ការ​គោរព​ថ្ងៃ​៧ មករា ថា​ជា​សត្វ។

សុន្ទរកថា​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ធ្វើ​ឡើង​ប៉ុន្មាន​ថ្ងៃ​ជាប់​គ្នា​មុន​ថ្ងៃ​៧ មករា ដែល​ជា​ខួប​លើក​ទី​៣១ នៃ​ថ្ងៃ​ដួល​រលំ​របប​ខ្មែរ​ក្រហម លោក ហ៊ុន សែន បាន​រំឭក​ឡើង​វិញ​អំពី​ការ​ឈឺ​ចាប់​នៅ​ក្នុង​របប​នោះ។

លោក ហ៊ុន សែន បាន​ថ្លែង​ដូច្នេះ ៖ «អ្នក​ដែល​ធ្លាប់​អា​ពត​វាស់​ដី​ឲ្យ​រែក ក៏​ក្លាយ​ទៅ​ជា​អ្នក​ប្រឆាំង​៧ មករា អ៊ីចឹង​ទេ នេះ​បើ​និយាយ​តាម​មួយ​បែប វា​មិន​មែន​ជា​មនុស្ស។ សត្វ​គង់​ដឹង​ថា នេះ​មេ​របស់​វា​ដែរ! អ៊ីចឹង​ទេ​បើ​និយាយ​ទៅ​អា​នេះ​អន់​ជាង​សត្វ​ទៅ​ទៀតៗ»

លោក​បាន​បន្ត​ទៅ​ទៀត​ដោយ​ថ្លែង​ថា អ្នក​ដែល​មិន​គោរព​ថ្ងៃ​នោះ​នឹង​ចុះ​នរក​៩២​ជាន់ ៖ «ប៉ុន្តែ​សម្រាប់​៧ មករា អត់​បាន​យក​នរណា​ធ្វើ​ជា​សត្រូវ​ទាំង​អស់។ ៧ មករា ជា​របស់​ប្រជាជន​កម្ពុជា។ ៧ មករា គឺ​ជា​របស់​ជាតិ​កម្ពុជា​ទាំង​មូល អត់​ធ្វើ​សត្រូវ​ជាមួយ​នរណា​ទេ តែ​សូម​កុំ​ឲ្យ​គេ​ប្រឆាំង​នឹង ៧ មករា ដែរ! ព្រះ​ប្រោស​មិន​រស់​ទេ ចុះ​នរក​១៨​ជាន់ មាន​អា​៩២​ជាន់​ទៀត​ឥឡូវ​នេះ»

ជាមួយ​គ្នា​នេះ មេ​ឃុំ​បាធាយ ខេត្ត​កំពង់ចាម​វិញ បាន​បន្ថែម​ថា ថ្ងៃ​នោះ​វា​មាន​សារសំខាន់​សម្រាប់​រូប​លោក ៖ «អ្វី​ដែល​ប្រជាជន​ខ្មែរ​បាន​រួច​រស់​មាន​ជីវិត​មក ហ្នឹង​គឺ​យើង​ចង​ចាំ​ក្នុង​ស្មារតី​របស់​យើង​ជានិច្ច»

បើ​ទោះ​បី​ជា​លោក​នាយរដ្ឋមន្ត្រី​និង​អ្នក​មាន​ទំនោរ​ខាង​បក្ស​ប្រជាជន សុទ្ធ​តែ​អះអាង​ថា ថ្ងៃ​៧ មករា ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​និង​ជា​ថ្ងៃ​ដែល​ត្រូវ​ពលរដ្ឋ​ខ្មែរ​ដឹង​គុណ ប៉ុន្តែ​អ្នក​ធ្លាប់​រស់​នៅ​ក្នុង​របប​ខ្មែរ​ក្រហម​នេះ​ដែរ ហើយ​បាន​ចេញ​ទៅ​រស់​នៅ​ប្រទេស​បារាំង​វិញ លោក សុធន ថ្លែង​ថា គេ​មិន​គួរ​បង្ខំ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ឲ្យ​គោរព​ថ្ងៃ​នោះ​គ្រប់​គ្នា​ឡើយ ហើយ​បើ​ចង់​គោរព​គួរ​តែ​គោរព​តែ​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​គោរព​តែ​គ្នា​ឯង​បាន​ហើយ។ លោក​ចាត់​ទុក​ថា ថ្ងៃ​៧ មករា គ្រាន់​តែ​ជា​ព្រឹត្តិការណ៍​នៃ​ថ្ងៃ​ផ្លាស់​ប្តូរ​សង្គម​ខ្មែរ​ពី​របប​មួយ​ទៅ​របប​មួយ​ប៉ុណ្ណោះ។

លោក សុធន ពន្យល់​អំពី​របត់​នយោបាយ​ស៊ី​ជម្រៅ​ថា បញ្ហា​ខ្មែរ​ក្រហម​មិន​មែន​កើត​ដោយសារ​តែ​ខ្មែរ​ចង់​សម្លាប់​ខ្មែរ​នោះ​ទេ ផ្ទុយ​ទៅ​វិញ​វា​បាន​កើត​ឡើង​ដោយសារ​តែ​នយោបាយ​របស់​ប្រទេស​កុម្មុយនីស្ត​ជិត​ខាង ហើយ​វា​ក៏​បង្ក​ឲ្យ​មាន​របប​ប្រល័យ​ពូជ​សាសន៍​មក​លើ​ពលរដ្ឋ​ខ្មែរ ដែល​អ្នក​ដឹក​នាំ​ខ្មែរ​មិន​គួរ​យក​រឿង​នេះ​មក​ឈ្លោះ​គ្នា​មិន​ចេះ​ចប់​មក​ដល់​បច្ចុប្បន្ន។

លោក សុធន មាន​ប្រសាសន៍​ដូច្នេះ ៖ «យើង​ពិចារណា​មើល៍! សព្វថ្ងៃ​ហ្នឹង​នៅ​ស្រុក​ខ្មែរ​ជិះ​ឡាន​ឡែនគ្រូស៊័រ លុយ​រាប់​រយ​លាន​ដុល្លារ​យក​ទៅ​លាក់​នៅ​បរទេស មាន​លុយ​ចាយ​សព្វ​គ្រប់​ហ្នឹង គឺ​មិន​មែន​មាន​ដោយសារ ៧ មករា ១៩៧៩ ហ្នឹង​ទេ គឺ​ដោយសារ​តែ​សន្ធិសញ្ញា​ទីក្រុង​ប៉ារីស ហើយ​មាន​ការ​ចរចា​គ្នា​មហា​អំណាច​នៃ​លោក​កុម្មុយនីស្ត​វា​រលាយ​បាត់​ទៅ បាន​បញ្ចប់​សង្រ្គាម​នៅ​ស្រុក​ខ្មែរ ហើយ​រហូត​ដល់​មាន​លុយ​ចាយ​សព្វថ្ងៃ​ហ្នឹង។ ដូច្នេះ​ខ្ញុំ​គ្រាន់​តែ​មាន​មតិ​ថា ល្មម​ឈប់​ចង​គំនុំ​គុំ​កួន​គ្នា​រវាង​ខ្មែរ​គ្នា​ឯង»

សមាជិក​ព្រឹទ្ធ​សភា​និង​ជា​ប្រធាន​មូលនិធិ​សម្តេច​សឺន សាន គឺ​លោក សឺន សូប៊ែរ្តិ៍ មាន​ប្រសាសន៍​ទទួល​ស្គាល់​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​របស់​លោក​នៅ​ថ្ងៃ​ដដែល​នេះ​ថា ថ្ងៃ​៧ មករា ១៩៧៩ សម្រាប់​លោក គឺ​ជា​ថ្ងៃ​ដែល​បាន​ត្រួស​ត្រាយ​ឲ្យ​មាន​សមិទ្ធផល​របស់​ឥណ្ឌូ​ចិន​បារាំង វិល​ទៅ​រក​ឥណ្ឌូចិន​វៀតណាម​វិញ។ លោក​បន្ត​ទៀត​ដោយ​បន់​ស្រន់​ថា ការ​ភ័យ​ខ្លាច​របស់​លោក ក៏​ដូច​ជា​ប្រជាជន​ខ្មែរ​ចំពោះ​វត្តមាន​របស់​វៀតណាម​នៅ​លើ​គ្រប់​ផែនការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ទាំង​អស់​នៅ​កម្ពុជា​និង​មិន​មែន​ជា​ការ​ពិត​ទេ។

លោក កាន់ វីរៈ មក​ពី​គណបក្ស​អំណាច​រាស្ត្រ​វិញ ដែល​អះអាង​ថា ថ្ងៃ​៧ មករា ៣០​ឆ្នាំ​មុន​នោះ ជា​ថ្ងៃ​វៀតណាម​ឈ្លាន​ពាន​កម្ពុជា ហើយ​ដែល​លោក​ចោទ​ថា ដោយសារ​ថ្ងៃ​នោះ​ហើយ បាន​នាំ​ឲ្យ​មាន​លំហូរ​ចូល​នៃ​ជន​អន្តោប្រវេសន៍​វៀតណាម​ដ៏​ច្រើន​នៅ​កម្ពុជា​បច្ចុប្បន្ន។

លោក កាន់ វីរៈ បាន​បន្ថែម​ថា ៖ «ខ្ញុំ​យល់​ថា ប្រជាជន​ទាំង​អស់​ដែល​មិន​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​ក្រៅ​ពី​សន្លឹក​ឆ្នោត​៣​លាន​៤​សែន​របស់​គណបក្ស​ប្រជាជន​ហ្នឹង គឺ​គាត់​ពុំ​ពេញ​ចិត្ត ៧ មករា ព្រោះ​គាត់​យល់​ថា ៧ មករា គឺ​ជា​ថ្ងៃ​ដែល​យួន​ឈ្លានពាន ៧ មករា គឺ​ជា​ថ្ងៃ​ដែល​នាំ​ឲ្យ​មាន​អំពើ​ពុករលួយ ៧ មករា គឺ​ជា​ថ្ងៃ​ដែល​នាំ​ឲ្យ​មាន​អំពើ​អយុត្តិធម៌​ហួស​ហេតុ​របស់​ស្ថាប័ន​តុលាការ​សព្វថ្ងៃ​ហ្នឹង ហើយ​៧ មករា គឺ​ជា​ថ្ងៃ​ដែល​ធ្វើ​ឲ្យ​វៀតណាម​សព្វថ្ងៃ​នេះ សឹង​តែ​ក្លាយ​ទៅ​ជា​ម្ចាស់​ប្រទេស​(កម្ពុជា)​ទៅ​ហើយ»

ជុំវិញ​ភាព​ចម្រូង​ចម្រាស់​ទាំង​អស់​នេះ សុខា អាយុ​ជាង​២០​ឆ្នាំ អ្នក​លក់​ទឹក​អំពៅ​ចល័ត​នៅ​តាម​ដង​ផ្លូវ​វិញ បាន​និយាយ​ថា គេ​មិន​បាន​ខ្វាយ​ខ្វល់​អំពី​ថ្ងៃ​៧ មករា នោះ​ទេ។ សុខា ឲ្យ​ដឹង​ថា នោះ​ជា​ថ្ងៃ​បុណ្យ ប៉ុន្តែ​ដោយសារ​តែ​ជីវភាព​យ៉ាប់យ៉ឺន សុខា មិន​ចាប់​អារម្មណ៍​ឡើយ ៖ «ជាប់​មមាញឹក​ក្នុង​ការ​លក់​ដូរ»

ការ​មិន​ចាប់​អារម្មណ៍​អំពី​ថ្ងៃ​៧ មករា មិន​មែន​មាន​តែ​សុខា មួយ​ទេ យុវជន​វ័យ​ក្មេង​ជា​ច្រើន​នាក់​ទៀត ក៏​មិន​ចាប់​អារម្មណ៍​អំពី​រឿង​នេះ​ដែរ ៖ «អត់​មាន​អី​ត្រូវ​ខ្វល់ សម័យ​ឥឡូវ​ម្នាក់ៗ​គិត​ពី​អនាគត​ផ្ទាល់​ខ្លួន»

ខ្លះ​បាន​និយាយ​ថា រឿង​នោះ​ស្ថិត​ក្នុង​អតីតកាល​៣០​ឆ្នាំ​មក​ហើយ​ដែល​គេ​មិន​ធ្លាប់​ស្គាល់ ហើយ​ខ្លះ​ទៀត​ថា ពួកគេ​កំពុង​តែ​គិត​អំពី​បញ្ហា​ការងារ​និង​រៀន​សូត្រ​នៅ​ពេល​បច្ចុប្បន្ន ៖ «ថ្ងៃ ៧ មករា គេ​គួរ​តែ​ប្រារព្ធ​ធ្វើ​ឡើង​មែន ក៏​ប៉ុន្តែ​មិន​សូវ​ជា​ចាប់​អារម្មណ៍ នេះ​ជា​អតីតកាល​ដែល​កន្លង​ផុត​ទៅ​ហើយ»

អ្នក​រស់​នៅ​ខេត្ត​តាកែវ​ម្នាក់​ទៀត ដែល​កំពុង​រុញ​រទេះ​នៅ​តាម​ដង​ផ្លូវ បាន​ថ្លែង​ថា លោក​ទទួល​ស្គាល់​ថា ថ្ងៃ​៧ មករា បាន​រំដោះ​លោក​ឲ្យ​រស់​មាន​ជីវិត ប៉ុន្តែ​មក​ដល់​ពេល​នេះ ៣០​ឆ្នាំ​ក្រោយ​មក លោក​យល់​ថា ល្មម​គ្រប់គ្រាន់​ចំពោះ​ការ​រំឭក​នោះ​ហើយ។ លោក​ថា មនុស្ស​ជា​ច្រើន​នាក់​ណាស់​ដែល​កំពុង​រស់​នៅ​ដោយ​លំបាក​លំបិន ប្រឈម​មុខ​នឹង​បញ្ហា​មិន​ចេះ​ចប់ ដូច​ជា​ការ​បាត់បង់​ដីធ្លី​ស្រែ​ចម្ការ​ជាដើម។

អ្នក​រស់​នៅ​ខេត្ត​តាកែវ​ដែល​មិន​បញ្ចេញ​ឈ្មោះ ឲ្យ​ដឹង​ដូច្នេះ ៖ «ថ្ងៃ ៧ មករា គាត់​ជា​អ្នក​រំដោះ​ក៏​ពិត​មែន ក៏​ប៉ុន្តែ​ក្រោយ​ពេល​រំដោះ​ហើយ ការ​ដឹកនាំ​វា​ខុស​ពី​ទស្សនៈ​របស់​ប្រជាជន ខុស​ពី​គោល​បំណង​ដែល​ប្រជាជន​ចង់​បាន។ ជាក់​ស្ដែង​ដូច​សព្វថ្ងៃ​អ៊ីចឹង គាត់​ដឹក​នាំ​មិន​ឲ្យ​ប្រជាជន​ស្លាប់​ដោយ​អត់​បាយ ប៉ុន្តែ​ធាតុ​ពិត​អ្នក​ធំ អ្នក​មាន​អំណាច​យក​ដី​ពី​ប្រជាជន ហើយ​អ្នក​ជាប់​គុក​ប្រជាជន ហើយ​ប្រជាជន​អត់​ដឹង​អី​សោះ គាត់​ទៅ​ធ្វើការ​តវ៉ា​បែរ​ជា​ចាប់​គាត់​ដាក់​គុក»

នៅ​ថ្ងៃ​ទី​៧ មករា នេះ គណបក្ស​ប្រជាជន​បាន​ប្រារព្ធ​ពិធី​អប​អរ​ដឹង​គុណ​ថ្ងៃ​៧ មករា នៅ​ទីស្នាក់ការ​គណបក្ស​ក្នុង​ក្រុង​ភ្នំពេញ​និង​នៅ​កន្លែង​ផ្សេង​ទៀត។ ស្រប​ពេល​នឹង​ថ្ងៃ​នោះ​ដែរ លោក​នាយក​រដ្ឋមន្ត្រី​បាន​ព្រមាន​ស្វែង​រក​ចាប់​ខ្លួន​ចំពោះ​អ្នក​ដើរ​បាច​ខិត្តប័ណ្ណ​រិះគន់​ចំពោះ​ថ្ងៃ​៧ មករា​នេះ៕


No comments: