គណបក្ស​ប្រជាជន​ប្រារព្ធ​ខួប​លើក​ទី​៣១​នៃ​ថ្ងៃ​៧​មករា

2010-01-08

ក្នុង​ខួប​លើក​ទី​៣១ នៃ​ថ្ងៃ​រំដោះ ៧​មករា ឆ្នាំ​នេះ តើ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បាន​កាន់​អំណាច ៣​ទសវត្សរ៍​កន្លង​ទៅ​ហើយ​នេះ មាន​គម្រោង​អ្វី​ខ្លះ​សម្រាប់​ការ​ដឹកនាំ​របស់​ខ្លួន?

AFP PHOTO/KHEM SOVANNARA

០៧-មករា-២០០៩: ប្រធាន​ព្រឹទ្ធសភា​និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ជា ស៊ីម (ឆ្វេង) និយាយ​ទៅ​កាន់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​អំឡុង​ពេល​ប្រារព្ធ​ខួប​លើក​ទី​៣១ នៃ​ថ្ងៃ​៧​មករា នៅ​ឯ​ទីស្នាក់ការ​គណបក្ស ក្នុង​រាជធានី​ភ្នំពេញ។

ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​សម្ដែង​ការ​គាំទ្រ​យ៉ាង​ខ្លាំងក្លា​ចំពោះ​សេចក្តី​ព្រាង​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​ដែល​រដ្ឋ​សភា​កម្ពុជា​នឹង​ធ្វើ​ការ​អនុម័ត​នា​ពេល​ឆាប់ៗ​ខាង​មុខ។

សេចក្តី​ព្រាង​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​ត្រូវ​បាន​ជាប់​គាំង​ក្នុង​ដៃ​រដ្ឋាភិបាល​អស់​រយៈពេល​ជាង ១០​ឆ្នាំ​មក​ហើយ គេ​ទើប​តែ​នឹង​ឃើញ​មេ​ដឹកនាំ​ចាប់ផ្តើម​គិតគូរ​នា​ពេល​នេះ​ក្នុង​ខណៈ​ដែល​ស្ថានភាព​សេដ្ឋកិច្ច​កំពុង​ជួប​វិបត្តិ។

ថ្លែង​ក្នុង​ឱកាស​ខួប​លើក​ទី​៣១ ថ្ងៃ​ជ័យ​ជម្នះ ៧​មករា ឯ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា នា​ទីក្រុង​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​៧ ខែ​មករា ឆ្នាំ​២០១០ ប្រធាន​គណបក្ស​គឺ​លោក ជា ស៊ីម បាន​អះអាង​ថា នៅ​ពេល​ដែល​ច្បាប់​នេះ​ចូល​ជា​ធរមាន សង្គម​នឹង​មាន​សមភាព​និង​យុត្តិធម៌។

លោក ជា ស៊ីម បាន​ថ្លែង​ថា ៖ «គណបក្ស​ប្រជាជន​កម្ពុជា​គាំទ្រ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​ប្រឆាំង​អំពើ​ពុក​រលួយ​ដែល​គណៈរដ្ឋមន្ត្រី​ទើប​នឹង​បាន​អនុម័ត​ដោយ​បាន​ឆ្លុះ​បញ្ចាំង​នូវ​ឆន្ទៈ​រួម​របស់​រដ្ឋ​និង​ប្រជាជន យើង​មាន​ជំនឿ​ថា ក្រោយ​ពេល​ច្បាប់​នេះ​ត្រូវ​បាន​រដ្ឋ​សភា​អនុម័ត​យន្តការ​នានា​នឹង​ត្រូវ​បាន​ពង្រឹង និង​បង្កើន​ថែម​ទៀត​ដើម្បី​ធានា​ការ​អនុវត្ត​ដោយ​ប្រសិទ្ធភាព ឆ្លើយ​តប​នឹង​សំណូមពរ​ដ៏​ទទូច​របស់​ប្រជាជន»

ប៉ុន្តែ​អតីត​នាយក​រដ្ឋមន្ត្រី​នៃ​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា និង​បច្ចុប្បន្ន​ជា​ប្រធាន​គណៈកម្មការ​វិន័យ​នៃ​គណបក្ស​សិទ្ធិ​មនុស្ស គឺ​លោក ប៉ែន សុវណ្ណ មិន​យល់​ស្រប​នឹង​ប្រសាសន៍​របស់​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ជា ស៊ីម ដែល​បាន​អះអាង​នោះ​ទេ។

លោក​មាន​ប្រសាសន៍​ថា ៖ «ខ្ញុំ​អត់​សង្ឃឹម​ទេ សព្វថ្ងៃ​ហ្នឹង​អ្នក​មាន​នៅ​ប្រទេស​កម្ពុជា​គឺ​ប្លែក​ពី​អ្នក​មាន​នៅ​បរទេស។ អ្នក​មាន​នៅ​ប្រទេស​កម្ពុជា អ្នក​កាន់​អំណាច និយាយ​រួម​មន្ត្រី​រាជការ ជា​រដ្ឋមន្ត្រី​ផង ជា​តំណាង​រាស្ត្រ​ផង ម្នាក់ៗ​កាន់​៤​-​៥​តួនាទី​ម្នាក់​ឯង ហើយ​តើ​គេ​ស្ម័គ្រ​ចិត្ត​ដើម្បី​បង្ហាញ​នូវ​ទ្រព្យ​សម្បត្តិ​របស់​គេ​ជា​សាធារណៈ​ឲ្យ​ប្រជាពលរដ្ឋ​ដឹង​ទេ? តាម​ខ្ញុំ អត់​សង្ឃឹម​ទេ»

អ្នក​វិភាគ​ឯករាជ លោក​ស្រី ជា វណ្ណាត មាន​ប្រសាសន៍​ថា ច្បាប់​អាច​ល្អ តែ​គេ​ក៏​ត្រូវការ​យន្តការ​ដែល​អនុវត្ត​ច្បាប់, ការ​អប់រំ​ផ្នត់​គំនិត​និង​ឥរិយាបថ​សង្គម​ផងដែរ ទើប​អាច​ធ្វើ​ឲ្យ​សង្គម​មាន​សមភាព យុត្តិធ៌ម​និង​ស្អាតស្អំ និង​មាន​ការ​អភិវឌ្ឍ​បាន។

អ្នកស្រី ជា វណ្ណាត បាន​បញ្ជាក់​ថា ៖ «ប្រទេស​មួយ​ដែល​មាន​ជោគជ័យ​ក្នុង​ការ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​ហ្នឹង នៅ​ត្រង់​ថា គេ​អប់រំ​ហើយ​និង​ការពារ​កុំ​ឲ្យ​អំពើ​ពុក​រលួយ​កើត​ទាន់»

ថ្លែង​ក្នុង​ឱកាស​នោះ​ដែរ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ជា ស៊ីម ក៏​បាន​អះអាង​ផងដែរ​ថា ក្នុង​រយៈកាល ៣១​ឆ្នាំ​នៃ​ការ​គ្រប់គ្រង​អំណាច គណបក្ស​ប្រជាជន​កម្ពុជា​បាន​ធ្វើ​ឲ្យ​សង្គម​ជាតិ​មាន​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ។ ជា​ថ្មី​ម្តង​ទៀត គណបក្ស​ប្រជាជន​កម្ពុជា​ក៏​បាន​អះអាង​ពី​ការ​គ្រាំទ្រ​បេក្ខភាព​លោក ហ៊ុន សែន ជា​នាយក​រដ្ឋមន្ត្រី​នា​អាណត្តិ​ក្រោយៗ​ទៀត៕


No comments: