ចាប់​ខ្លួន​មនុស្ស​៣​នាក់​​​ពី​​បទ​កាប់​​​​ព្រៃ​ឈើ​រដ្ឋ​​នៅឧត្ដរមានជ័យ

2010-01-06

បុរស​៣​នាក់​នៅ​ភូមិ​អូរអំបិល ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ ត្រូវ​បាន​ចាប់​ខ្លួន​បញ្ជូន​ទៅ​តុលាការ​ខេត្ត​សៀមរាប កាល​ពី​ពេល​ថ្មីៗ ដោយសារ​តែ​មន្ត្រី​បរិស្ថាន​ការពារ​ឧទ្យាន​ជាតិ​នៅ​តំបន់​នោះ​ចោទ​ប្រកាន់​ពី​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​របស់​រដ្ឋ។

ក្រុម​គ្រួសារ​ដែល​មាន​សមាជិក​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​និង​អ្នក​ភូមិ​​ប្រមាណ​៧០​នាក់​មក​ពី​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ កំពុង​លើក​គ្នា​មក​ខេត្ត​​សៀមរាប ដើម្បី​ទាមទារ​ឲ្យ​តុលាការ​ខេត្ត​នេះ​ដោះ​លែង​អ្នក​ភូមិ​៣​នាក់​ដែល​រង​ការ​ចោទ​ប្រកាន់​ពី​បទ​កាប់​រាន​ព្រៃ​ឈើ​របស់​រដ្ឋ​ដើម្បី​យក​ដី។

ស្ត្រី​ឈ្មោះ មឿន ហៀក បាន​មាន​ប្រសាសន៍​ថា ប្តី​របស់​គាត់​ឈ្មោះ ឆើត ឆុង និង​កូន​ប្រុស​ឈ្មោះ ឆុង ឆៃ ជាមួយ​នឹង​កូន​ប្រសា​ប្រុស​ម្នាក់​ទៀត​ឈ្មោះ វិត ម៉េង ត្រូវ​បាន​សមត្ថកិច្ច​ស្រុក​អន្លង់វែង ចាប់​បញ្ជូន​ខ្លួន​មក​តុលាការ​​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​១ ខែ​មករា។

ស្រ្តី​ដដែល​បាន​មាន​ប្រសាសន៍​ថា មន្ត្រី​បរិស្ថាន​តំបន់​នោះ​បាន​ចោទ​ប្រកាន់​ប្តី​និង​កូន​របស់​គាត់​ថា បាន​កាប់​ឈើ​ខុស​ច្បាប់ ប៉ុន្តែ​គាត់​បដិសេធ​ថា ប្តី​និង​កូន​របស់​គាត់​មិន​បាន​ធ្វើ​ខុស​ទេ។

ស្រ្ដី​ឈ្មោះ មឿន ហៀក បាន​ឲ្យ​ដឹង​ដូច្នេះ ៖ «ខ្ញុំ​ទាមទារ​ឧឲ្យ​ដោះ​លែង​ប្តី​ខ្ញុំ​វិញ ប្រជាជន​ទាំង​អស់​គ្នា​ក៏​អត់​សុខ​ចិត្ត​ទេ។ ប្រជាជន​មក​ពេញ​នេះ​ឯង គេ​មិន​សុខ​ចិត្ត គេ​ទាមទារ​យក​តែ​ពី​បាន»

ទោះ​យ៉ាងណា​មន្ត្រី​បរិស្ថាន​​នៃ​ឧទ្យានុរក្ស​ការពារ​ព្រៃ​ឈើ​ប្រចាំ​តំបន់​​នោះ មិន​បាន​អធិប្បាយ​បញ្ហា​នោះ​ទេ។

លោក ខេង សុជាតិ នាយ​ផ្នែក​កម្រង​បរិស្ថាន​នៃ​ឧទ្យានុរក្ស​​ដែន​គូលែន​ព្រហ្មទេព គ្រាន់​តែ​មាន​ប្រសាសន៍​ថា អ្នក​ភូមិ​ទាំង​៣​ដែល​សមត្ថកិច្ច​បាន​ចាប់​ខ្លួន ពិត​ជា​មាន​ពាក់ព័ន្ធ​នឹង​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​របស់​រដ្ឋ​មែន ប៉ុន្តែ​ក្រៅ​ពី​នោះ លោក​មិន​អធិប្បាយ​ទេ ដោយ​ថា ជាប់​រវល់​ប្រជុំ ៖ «បាទ​រុក​រាន​មែន បង​សួរ​ខាង​រដ្ឋបាល​ព្រៃ​ឈើ​ទៅ ព្រោះ​ឥឡូវ​ហ្នឹង​ខ្ញុំ​ជាប់​រវល់​ប្រជុំ»

អ្នកស្រី មឿន ហៀប បាន​មាន​ប្រសាសន៍​ទៀត​ថា ប្តី​គាត់​គ្រាន់​តែ​បាន​កាប់​ឈើ​នៅ​លើ​ដី​ទំហំ​ក្បាល​៣០​ម៉ែត្រ​គុណ​នឹង​២០០​ម៉ែត្រ ដែល​ជា​ដី​កម្មសិទិ្ធ​របស់​គាត់។ ដី​កម្មសិទ្ធិ​នោះ​គឺ​គាត់​បាន​ទិញ​តម្លៃ​១.០០០​ដុល្លារ​ពី​មន្ត្រី​បរិស្ថាន​ម្នាក់​ឈ្មោះ រី ហេង ដែល​ជា​កូនចៅ​របស់​លោក ខេង សុជាតិ នោះ កាល​ពី​ឆ្នាំ​២០០៧​កន្លង​មក។

អ្នក​ស៊ើប​អង្កេត​របស់​សមាគម​ការពារ​សិទ្ធិ​​មនុស្ស​អាដហុក ខេត្ត​សៀមរាប លោក សួស ណារិន បាន​មាន​ប្រសាសន៍​ថា លោក​បាន​រក​ឃើញ​ឯកសារ​ដែល​ប្រជាពលរដ្ឋ​នោះ​បាន​ទិញ​ដី​ព្រៃ​មែន ដោយ​មាន​អាជ្ញាធរ​ភូមិ​ចុះ​ហត្ថលេខា​ទទួល​ស្គាល់​ផង ប៉ុន្តែ​បើ​មន្ត្រី​បរិស្ថាន​យក​ដី​ព្រៃ​ទៅ​លក់​ឲ្យ​ប្រជាពលរដ្ឋ​ដូច​ការ​អះអាង​នោះ​មែន គឺ​មន្ត្រី​បរិស្ថាន​នោះ​ក៏​មាន​កំហុស​ដែរ។

លោក សួស ណារិន មាន​ប្រសាសន៍​ដូច្នេះ ៖ «កន្លែង​ហ្នឹង​យើង​ដឹង​ហើយ​ថា វា​ជា​ភូមិ​ថ្មី ហើយ​តំបន់​ដែល​ទៅ​ចាប់​រាន​ហ្នឹង​វា​សុទ្ធ​តែ​ដី​ព្រៃ​ដែល​រដ្ឋ​ការពារ ប៉ុន្តែ​រឿង​ហ្នឹង​យើង​មើល​ទៅ​វា​ឃើញ​ខុស​ទាំង​សងខាង។ មន្រ្តី​បរិស្ថាន​មិន​ត្រូវ​យក​ដី​ព្រៃ​ទៅ​លក់​ឲ្យ​ពលរដ្ឋ ហើយ​វា​ទៅ​ជា​រឿង​ឆបោក​គាត់ ព្រោះ​គាត់​មាន​លិខិត​ស្នាម មាន​លិខិត​លក់​ទិញ​អី​ហ្នឹង​ស៊ីញ៉េ​ដោយ​មេភូមិ ប៉ុន្តែ​មេ​ឃុំ​អត់​មាន​ទេ»

មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​បាន​ឲ្យ​ដឹង​ថា គេ​នឹង​ជួយ​ជ្រោមជ្រែង​ផ្តល់​មេធាវី​ឲ្យ​ប្រជាពលរដ្ឋ​ដើម្បី​ត​តាំង​រឿង​ក្តី​នោះ៕


No comments: