រណឫទ្ធិ​ត្រៀម​ចូលរួម​កសាង​ប្រទេស​បើ​ហ៊ុន​សែន​ត្រូវការ

2010-01-06

ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ អតីត​នាយក​រដ្ឋមន្ត្រី និង​ជា​អតីត​ប្រធាន​បក្ស​ហ៊្វុនស៊ិនប៉ិច ដែល​បាន​បាត់​ព្រះ​កាយ​ជាង​មួយ​ឆ្នាំ​ពី​ឆាក​នយោបាយ​មាន​បន្ទូល​កាល​ពី​ពេល​ថ្មីៗ​​ថា ព្រះអង្គ​បាន​ត្រៀម​ជា​ស្រេច​ដើម្បី​ចូលរួម​កសាង​ប្រទេស​​ក្នុងលក្ខខណ្ឌ​ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ត្រូវការ​ព្រះអង្គ។

RFA Photo

សម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ ប្រធាន​គណបក្ស នរោត្ដម រណឫទ្ធិ។

កាសែត​ភ្នំពេញ​ប៉ុស្តិ៍​បាន​ផ្សាយ​ឲ្យ​ដឹង​ថា ក្នុង​បទសម្ភាសន៍​ជាមួយ​កាសែត​រស្មីកម្ពុជា កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ទ្រង់​មាន​ប​ន្ទូល​ថា មិន​ថា​តែ​ព្រះអង្គ​គង់​នៅ​ក្រៅ​ប្រទេស​ទេ ប្រសិន​បើ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទូរស័ព្ទ​មក​លោក​នៅ​ពេល​វេលា​ណា​ក៏​ដោយ ព្រះអង្គ​នឹង​វិល​មក​កម្ពុជា​វិញ​ភ្លាម ពីព្រោះ​ថា ព្រះអង្គ​អាច​មាន​លទ្ធភាព សមត្ថភាព​ដើម្បី​អាច​ធ្វើ​ការ​បម្រើ​ក្នុង​ជួរ​រដ្ឋាភិបាល​បាន រាប់​ទាំង​ផ្នែក​ការទូត​នៅ​ក្រៅ​ប្រទេស​ផងដែរ។

លោក ខៀវ កាញារីទ្ធ អ្នក​នាំ​ពាក្យ​រាជ​រដ្ឋាភិបាល​និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន បាន​មាន​ប្រសាសន៍​ថា ព្រះអង្គម្ចាស់ រណឫទិ្ធ និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ធ្លាប់​ជា​គូ​ប្រឆាំង​នឹង​គ្នា​ពី​មុន បច្ចុប្បន្ន​នេះ​កំពុង​តែ​ពេញ​ចិត្ត​នូវ​ទំនាក់​ទំនង​មិត្តភាព​ដ៏​ល្អ​ជាមួយ​គ្នា ហើយ​លោក កាញារីទ្ធ បាន​ព្រមាន​ថា តួនាទី​រាល់​ថ្ងៃ​របស់​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ជា​ទីប្រឹក្សា​ជាន់​ខ្ពស់​នៃ​ព្រះ​មហាក្សត្រ​ខ្មែរ សម្តេច ព្រះ​នរោត្តម សីហមុនី នោះ ពុំ​អនុញ្ញាត​ឲ្យ​ព្រះអង្គ​ចូលរួម​ក្នុង​ឆាក​នយោបាយ​បាន​នោះ​ឡើយ។

សូម​រំឭក​ជូន​ថា ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ក្រោយ​ពី​បាន​យាង​ត្រឡប់​មក​ពី​ប្រទេស​ម៉ាឡេស៊ី​ក្នុង​ខែ​កញ្ញា ឆ្នាំ​២០០៨ បន្ទាប់​ពី​បាន​ទទួល​ការ​លើកលែង​ទោស​ពី​ព្រះ​មហាក្សត្រ​មក មួយ​ខែ​ក្រោយ​មក​ព្រះអង្គ​ទ្រង់​ប្រកាស​ថា ព្រះអង្គ​នឹង​ឈប់​រវី​រវល់​ក្នុង​ឆាក​នយោបាយ​ទៀត​ឡើយ៕


No comments: