ស្ថិតិនៃការបោសសម្អាតមីននៅកម្ពុជាក្នុងឆ្នាំ២០០៩
ដោយ មុំ សុផុន
2010-01-06
មន្ត្រីជាន់ខ្ពស់របស់មជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (CMAC) បានថ្លែងឲ្យដឹងនៅថ្ងៃ៦ មករា ឆ្នាំ២០១០ថា នៅក្នុងឆ្នាំ២០០៩កន្លងទៅថ្មីៗនេះ មជ្ឈមណ្ឌលបានបោសសម្អាតមីននិងគ្រាប់មិនទាន់ផ្ទុះបានជាង១សែន៤ម៉ឺនគ្រាប់ តួលេខនេះនៅតិចជាងឆ្នាំ២០០៨កន្លងមក។
អ្នកដោះមីនរបស់ស៊ីម៉ាក (CMAC) រៀបចំកម្ទេចគ្រាប់មីន កាលពីថ្ងៃ២៩ កញ្ញា ២០០៦។
លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា បានថ្លែងបន្ថែមទៀតថា សម្រាប់ផ្ទៃដីដែលបានសម្អាតមីននិងគ្រាប់មិនទាន់ផ្ទុះក្នុងឆ្នាំ២០០៩ មានជាង៣១គីឡូម៉ែត្រការ៉េ គឺចំនួនច្រើនជាង បើធៀបនឹងឆ្នាំ២០០៨ ដែលមានចំនួនតែជាង២៧គីឡូម៉ែត្រការ៉េ។
លោក ហេង រតនា បានឲ្យដឹងដូច្នេះ ៖ «១សែន៤ម៉ឺនគ្រាប់នេះ យើងរាប់បញ្ជូលទាំងគ្រាប់មីនប្រឆាំងមនុស្ស គ្រាប់មីនប្រឆាំងរថក្រោះនិងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលមានគ្រាប់រ៉ុកែតគ្រាប់អីគ្រប់ប្រភេទហ្នឹង។ យើងនិយាយអំពីផ្ទៃដីមានការកើនឡើង បើយើងប្រៀបធៀប២០០៨ មានតែប្រហែលជា២៧ជិត២៨គីឡូមែត្រការ៉េទេ ២០០៩នេះយើងសម្រេចបានជាង៣១គីឡូម៉ែត្រការ៉េហើយដល់ដាច់ខែ១១ អ៊ីចឹងខែ១២នេះ យើងបានប្រហែលជាជាង២គីឡូម៉ែត្រការ៉េទៀត»។
លោកបានថ្លែងទៀតថា ក្នុងមួយឆ្នាំៗ CMAC បានចំណាយថវិកាចំនួនប្រមាណ១០ទៅជាង១២លានដុល្លារអាមេរិកនៅក្នុងសកម្មភាពកម្ចាត់មីន។ លោកអគ្គនាយក CMAC មានប្រសាសន៍ទៀតថា តាមផែនការជាតិ ប្រទេសកម្ពុជានឹងដោះមីនប្រឆាំងមនុស្សឲ្យអស់នៅចុងឆ្នាំ២០១៩។
ចំណែកឯលោក ជុំ ប៊ុនរ៉ុង អគ្គលេខាធិការអាជ្ញាធរមីនកម្ពុជា បានមានប្រសាសន៍ថា ដីដែលសមត្ថកិច្ចជំនាញបានបោសសម្អាតមីនរួចរាល់ជាង៥០០គីឡូម៉ែត្រការ៉េនោះ គឺបានប្រគល់ទៅឲ្យសហគមន៍និងអាជ្ញាធរនៅតាមតំបន់នោះចែកជូនប្រជាពលរដ្ឋ។
លោកថ្លែងទៀតថា រដ្ឋាភិបាលមានយុទ្ធសាស្ត្រចំនួន៥សំខាន់ៗដើម្បីដោះមីន និងជួយអ្នករងគ្រោះដោយសារគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះនោះ។
លោក ជុំ ប៊ុនរ៉ុង មានប្រសាសន៍ដូច្នេះ ៖ «យុទ្ធសាស្រ្ដរបស់យើង គឺប្រមូលផ្ដុំទៅលើយុទ្ធសាស្រ្ដទាំង៥ គឺថា ត្រូវតែដោះមីន កម្ទេចមីន ជួយអ្នករងគ្រោះដោយសារមីន ផ្សព្វផ្សាយពីមីន ហើយនិងធ្វើការតស៊ូដើម្បីឲ្យមានជំនួនដើម្បីការសម្អាតមីនហ្នឹង។ យុទ្ធសាស្រ្ដគឺមានយុទ្ធសាស្រ្ដ៥ឆ្នាំ ស្របទៅតាមយុទ្ធសាស្រ្ដចតុកោណរបស់រាជរដ្ឋាភិបាលយើងហ្នឹង គឺទុកអាទិភាពដោះមីនហ្នឹងជាអាទិភាពចម្បង ហើយគួបផ្សំនឹងយុទ្ធសាស្រ្ដនិងផែនការសហសវត្សរ៍របស់យើងជាមួយអង្គការសហប្រជាជាតិ ក៏ទុកបញ្ហាការដោះមីន សកម្មភាពមីនជាអាទិភាពចម្បងដែរ»។
លោក ជុំ ប៊ុនរ៉ុង មានប្រសាសន៍បញ្ជាក់ទៀតថា ដោយសារតែប្រទេសកម្ពុជាបានឆ្លងកាត់សង្គ្រាមជាច្រើនលើកមកហើយតាំងពីឆ្នាំ១៩៧០មកដល់ឆ្នាំ១៩៩៨ និងរងឥទ្ធិពលសង្គ្រាមពីប្រទេសជិតខាងនោះ គឺបានបន្សល់ទុកនូវគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះជាច្រើននៅតាមបណ្តាខេត្តមួយចំនួន។ លោកថ្លែងទៀតថា គ្រាន់តែសង្គ្រាមសហរដ្ឋអាមេរិកជាមួយប្រទេសវៀតណាមនោះ សហរដ្ឋអាមេរិកបានទម្លាក់គ្រាប់ក្នុងប្រទេសកម្ពុជាចំនួនជាង២លាន៧៥តោន៕
No comments:
Post a Comment