អ្នកភូមិនៅតាកែវសុំឲ្យជួយដោះស្រាយបញ្ហាក្រុមហ៊ុនមិនទិញខ្សាច់
ដោយ អ៊ុក សាវបូរី
2010-01-05
អ្នកភូមិត្រពាំងព្រីង ឃុំពពេល ស្រុកត្រាំកកក់ ជាច្រើននាក់លើកគ្នាទៅសុំឲ្យមេភូមិជួយដោះស្រាយបញ្ហាក្រុមហ៊ុន ប្រាក់បូរិន្ទ មិនព្រមទិញខ្សាច់ពីអ្នកភូមិនៅក្រោយពេលដែលក្រុមហ៊ុននេះបានហាមប្រាមមិនឲ្យអ្នកភូមិលក់ទៅឲ្យឈ្មួញកណ្តាល។
តំណាងឲ្យក្រុមតវ៉ាបុរសពិការជើងស្តាំត្រឹមជង្គង់ឈ្មោះ ឡាច សម្បត្តិ នៅភូមិត្រពាំងព្រីង បានអះអាងថា ៤ថ្ងៃហើយក្រុមហ៊ុន ប្រាក់បូរិន្ទ មិនព្រមទិញខ្សាច់ពីអ្នកស្រុក។ ពួកគាត់បានដឹកខ្សាច់កើបបានពីស្ទឹងស្លាគូនោះមកផ្ទះ និងបន្តលក់ឲ្យឡានផ្សេងទៀតដើម្បីយកកម្រៃចិញ្ចឹមជីវិត ប៉ុន្តែមានសមត្ថកិច្ចនិងតំណាងក្រុមហ៊ុនមកឃាត់មិនឲ្យគាត់លក់ខ្សាច់ទៅឲ្យអ្នកផ្សេងក្រៅពីក្រុមហ៊ុនដែលមិនព្រមទិញ ទើបគាត់មកតវ៉ាឲ្យមេភូមិជួយដោះស្រាយ។
លោក ឡាច សម្បត្តិ បានឲ្យដឹងថា ៖ «លោកមេភូមិព្រឹកមិញគាត់ថា ប្រជាជនទៅលួចខ្សាច់គេយកមកលក់ឯផ្ទះ! ធ្វើម៉េចបើកាលណាដឹកយកទៅលក់ឲ្យគេឯនោះ គេអត់ទិញ ខានទិញយើង ៤ថ្ងៃហើយ...»។
អ្នកស្រី ស៊ុំ សុផល បានឲ្យដឹងថា ក្រុមហ៊ុនបានឃាត់ឡានទិញខ្សាច់ធ្វើឲ្យគាត់បាត់ប្រាក់ចំណូលប្រចាំថ្ងៃ ដោយសារក្រុមហ៊ុនមិនបានទិញខ្សាច់រាល់ថ្ងៃ។
អ្នកស្រី ស៊ុំ សុផល បញ្ជាក់ថា ៖ «ក្រុមហ៊ុនអត់ទិញ ខ្ញុំដឹកយកមកផ្ទះមក កូនរៀនក៏ច្រើន ហើយខ្ញុំមិនដឹងរកអី ក៏ឲ្យកូនដឹកមក ហើយបើដឹកមកហើយ ហៅឡានមកដាក់បន្តិចបន្តួច បានគេមកឃាត់ឡាន»។
ស្រី្ត ម៉ៅ សារ៉ុម អះអាងថា ក្រុមហ៊ុនមិនព្រមទិញខ្សាច់ពីពួកគាត់អ្នកកើបរទេះច្រើនថ្ងៃមកហើយ ដោយបានអះអាងថាគ្មានកន្លែងទុក នៅពេលពួកអ្នកភូមិកើបខ្សាច់មកដល់ផ្ទះ គេឲ្យក្រុមការងាររបស់គេមកតាមឃ្លាំមើលការលក់ខ្សាច់របស់អ្នកភូមិ។
ស្ត្រីឈ្មោះ ម៉ៅ សារ៉ុម បានអះអាងថា ៖ «ទិញមួយថ្ងៃខានមិនដឹងប៉ុន្មានថ្ងៃៗផង ដូចថាមួយអាទិត្យអ៊ីចឹង ឈប់ ៤ថ្ងៃ ហើយដល់អ៊ីចឹងពួកខ្ញុំនាំគ្នាដឹកមកផ្ទះទាំង ៤ថ្ងៃហ្នឹងមក គាត់តាមដានតែរហូត ហាមទាំងឡាន ហាមទាំងអ្នករទេះអត់ឲ្យរកស៊ី អត់ឲ្យដឹកចូលមកផ្ទះទេ។ កាលពីមុនថា ហាមឡានអត់ឲ្យចុះស្ទឹង ទាល់តែខ្សាច់ដល់ផ្ទះ គាត់តាមដល់ផ្ទះទៀត!»។
ពាក់ព័ន្ធបញ្ហានេះមេភូមិត្រពាំងព្រីង លោក ឌី កោត មានប្រសាសន៍ថា ក្រុមហ៊ុន ប្រាក់បូរិន្ទ ដែលវិនិយោគខ្សាច់នៅស្ទឹងស្លាគូ បានប្រកាសមិនឲ្យអ្នកស្រុកបន្តលក់ខ្សាច់ទៅឲ្យឈ្មួញកណ្តាលដូចពីមុនមែន ប៉ុន្តែអ្នកស្រុកនៅតែចង់បន្តលក់ខ្សាច់ទៅឈ្មួញកណ្តាលទៀត ទើបក្រុមហ៊ុនឃាត់ការលក់ខ្សាច់នោះ។
លោកបន្តថា ៖ «ប៉ុន្តែគេក៏អត់ប្រកែកថា ឈប់ទិញរហូតក៏គេអត់ដែរ គេគ្រាន់ថា សម្រាកទិញ!»។
តំណាងក្រុមហ៊ុន ប្រាក់បូរិន្ទ លោក លីម ថែ មានប្រសាសន៍ថា នៅបន្តទិញខ្សាច់ពីអ្នកស្រុក ដោយក្រុមហ៊ុនមិនបន្តឲ្យអ្នកភូមិលក់ខ្សាច់ទៅឲ្យឈ្មួញកណ្តាលខុសពីក្រុមហ៊ុនឡើយ ព្រោះនាំឲ្យខូចតម្លៃទីផ្សារខ្សាច់ ។ លោកថា ក្រុមហ៊ុនប្រមូលទិញខ្សាច់ ឲ្យតម្លៃមួយរទេះ ២៥០០រៀល ដូចពួកគាត់ធ្លាប់លក់ឲ្យឈ្មួញកណ្តាលដែរ។
មេឃុំពពេល លោក ណុប ហាន ធ្លាប់មានប្រសាសន៍ថា អាជ្ញាធរមូលដ្ឋាននឹងតាមដានការធ្វើអាជីវកម្មខ្សាច់របស់ក្រុមហ៊ុន ប្រាក់បូរិន្ទ នោះ។ ប្រសិនបើក្រុមហ៊ុននោះមិនគោរពតាមច្បាប់អនុញ្ញាតពីក្រសួងនានារបស់រដ្ឋាភិបាលដែលឲ្យអ្នកស្រុកមូលដ្ឋានមានសិទ្ធិទទួលផលពីខ្សាច់ទេ អាជ្ញាធរមានសិទ្ធិបញ្ឈប់អាជីវកម្មរបស់ក្រុមហ៊ុននោះ។
ប្រភពពីអាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា មានប្រជាជននៅស្រុកត្រាំកក់នៅខេត្តតាកែវចំនួន ២ឃុំ មានឃុំជាងទងនិងឃុំពពេល ឲ្យអ្នកភូមិ ៥ ទៅ ៦ភូមិ កំពុងរស់នៅពឹងពាក់លើអាជីវកម្មកើបខ្សាច់ លក់ខ្សាច់ពីបាតស្ទឹងស្លាគូនោះ៕
No comments:
Post a Comment