ហ៊ុនសែនព្រមានចំពោះអ្នកបាចខិត្តប័ណ្ណប្រឆាំងថ្ងៃ៧ មករា
ដោយ ទីន ហ្សាការីយ៉ា
2010-01-05
លោក ហ៊ុន សែន បានមានប្រសាសន៍ដោយព្រមានចំពោះជនដែលបានបាចត្រាក់នៅព្រំដែនថៃ ប្រឆាំងនឹងថ្ងៃ៧ មករាថា លោកទទួលបានត្រាក់ដែលជេរប្រមាថលោកនោះហើយ ហើយលោកកំពុងបញ្ជាឲ្យតាមចាប់ខ្លួនជននោះ ព្រោះលោកដឹងមុខសញ្ញានោះហើយ។
ការថ្លែងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដូច្នេះ គឺនៅក្នុងពិធីសម្ពោធផ្លូវជាតិលេខ១ឲ្យប្រើប្រាស់និងពិធីសម្ពោធបើកការដ្ឋានសាងសង់ផ្លូវនេះបន្តនៅក្នុងស្រុកកៀនស្វាយ ខែត្រកណ្តាល នៅព្រឹកថ្ងៃទី៥ មករា។
លោក ហ៊ុន សែន បានមានប្រសាសន៍ដោយព្រមានចំពោះអ្នកដែលបានបាចត្រាក់ប្រឆាំងនឹងថ្ងៃទី៧ មករា ដូច្នេះ ៖ «ខិត្តប័ណ្ណឯងដែលបោះនៅលើដីថៃចូលមកដល់ភ្នំពេញហើយ។ អញដឹងមុខហើយខិត្តប័ណ្ណជេរ៧ មករា។ អ្ហែងតែបោះអញចាប់ហើយ អញដឹងមុខច្បាស់ហើយ។ ម្សិលមិញអញឃើញហើយ ជេរអា ហ៊ុន សែន ហើយខិត្តប័ណ្ណគេបោះនៅលើដីថៃបញ្ជូនចូលមកកម្ពុជាដើម្បីបោះ។ ប្រាប់ទៅបែកការណ៍ហើយ ហើយអាងអីរត់សម្ងំនៅបាងកកហ្នុងទៅ ឲ្យសម្ងំនៅហ្នុងទៅ អាបាចមុនក៏ទៅហ្នុង អាត្រៀមមកបាចទៀត បែកការណ៍ហើយ ខ្ញុំមើលហើយខិត្តប័ណ្ណហ្នឹងនោះ ឥឡូវនៅត្រង់ណាអីត្រង់ណា។ អស់លោកហើយ! សន្តិភាព បង្រួបបង្រួមជាតិ ឯករាជ្យ វាសំខាន់ណាស់សម្រាប់ប្រទេស គ្មានប្រទេសណាមួយអភិវឌ្ឍទៅកើតនៅពេលដែលប្រទេសច្របូកច្របល់នោះទេ។ កម្ពុជាទើបមានការឯកភាពទឹកដីជាង១១ឆ្នាំតែប៉ុណ្ណឹងទេ ពិតមែនតែយើងរំដោះបាន៣១ឆ្នាំ ប៉ុន្តែសង្រ្គាមរ៉ាំរ៉ៃអត់ទាន់បញ្ចប់ ឥឡូវយើងបញ្ចប់បានតាមរយៈនយោបាយឈ្នះៗ»។
កន្លងមកគឺឲ្យតែថ្ងៃខួប៧ មករា មកដល់ គឺតែងតែមានសកម្មភាពជំទាស់ផ្សេងៗកើតមានឡើង ដូចជាមានការសុំធ្វើបាតុកម្មប្រឆាំងជាដើម៕
No comments:
Post a Comment