អ្នក​ភូមិ​នៅ​ភ្នំ​ដងរែក​ចោទ​ថា​ទាហាន​ថៃ​បាញ់​កូន​ចៅ​គាត់​ក្នុង​ដី​ខ្មែរ

2010-01-05

កម្លាំង​ប្រដាប់​អាវុធ​ថៃ​រង​ការ​ចោទ​ថា បាន​បាញ់​អ្នក​ភូមិ​ខ្មែរ​ម្នាក់​ទៀត​បណ្តាល​ឲ្យ​របួស​បាក់​ជើង​ បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​មិត្ត​ភាព​កម្ពុជា​ជប៉ុន​មង្គល​បុរី ខណៈ​ដែល​ជន​រង​គ្រោះ និង​ អ្នក​ភូមិ​ខ្មែរ​បី​នាក់​ទៀត​បាន​ចូល​ព្រៃ​ដាក់​អន្ទាក់​សត្វ និង​ដើរ​រក​បោច​ស្លឹក​ឈើ​យក​ទៅ​លក់​ចិញ្ចឹម​ជីវិត។

RFA File Photo/Savyuth

ទាហាន​ថៃ​ដើរ​ក្បែរ​តំបន់​ក្បែរ​ប្រាសាទ​ព្រះវិហារ​ខ្មែរ​នា​ថ្ងៃ​ទី​១៩ កក្កដា ២០០៨។

លោក​ស្រី ជា សារឿន អាយុ ៤១​ឆ្នាំ ម្តាយ​ជន​រងគ្រោះ​បាន​ថ្លែង​ថា កូន​លោក​ស្រី​ឈ្មោះ ភឿត ភីម អាយុ ២៥​ឆ្នាំ​រស់​នៅ​ភូមិ​ដងរែក ឃុំ​បន្ទាយ​ឆ្មារ ស្រុក​ថ្ម​ពួក​ខេត្ត​បន្ទាយមានជ័យ ត្រូវ​ទាហាន​​ថៃ​​បាញ់​​ចំនួន​បី​គ្រាប់​ឲ្យ​របួស​ជើង​ឆ្វេង​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ។

លោក​ស្រី​បញ្ជាក់​ថា ៖ «គេ​បាញ់​វា​ត្រូវ​ជើង​ឆ្វេង រាល់​ថ្ងៃ​គ្នា​តែ​ង​តែ​ដើរ​ដាក់​អន្ទាក់ និង​បេះ​ស្លឹក​ព្រិច​យក​មក​ឲ្យ​ប្រពន្ធ​កូន​លក់​។ វា​ (ថៃ) ឃោរឃៅ​ពេក​ចូល​ទឹក​ដី​វា​សម​នឹង​បាញ់ អា​នេះ​ទឹក​ដី​ខ្មែរ​សោះ​»

លោក​ស្រី ជា សារឿន បន្ត​ថា កូន​លោក​ស្រី និង​គ្នា​បី​នាក់​ទៀត​បាន​ធ្វើ​ដំណើរ​ឡើង​ភ្នំ​ដាក់​អន្ទាក់​ចាប់​សត្វ និង​រក​បេះ​ស្លឹក​ឈើ​នៅ​ចំណុច​មួយ​ក្នុង​ភូមិ​ថ្មី ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ ជាប់​ខេត្ត​ស្រះ​កែវ​ថៃ​។

នេះ​ជា​អំ​ពើ​ហឹង្សា​ថ្មី​មួយ​ទៀត​ដែល​បង្ក​ឡើង​ដោយ​កង​តម្រួត​ថៃ បន្ទាប់​ពី​ប្រជា​ពលរដ្ន​ខ្មែរ​ជា​ច្រើន​បាន​ទទួល​រងគ្រោះ​ដោយ​សារ​ភាគី​ថៃ​ចាប់​ដាក់​គុក​យក​ទៅ​ធ្វើ​បាប និង​បាញ់​សម្លាប់​ជា​ដើម។ ហេតុការណ៍​ទាំង​នេះ​ធ្លាប់​កើត​មាន​នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ ឧត្តរមានជ័យ និង​ខេត្ត​បាត់ដំបង​។

កាល​ពី​ចុង​ខែ​តុលា ឆ្នាំ​២០០៩​ បុរស​ខ្មែរ​ម្នាក់​ជា​កម្មករ​ស៊ី​ឈ្នូល​កាប់​ជ្រូក​ឲ្យ​ថៅ​កែ​ថៃ​ត្រូវ​បាន​ជន​ជាតិ​ថៃ​មួយ​ក្រុម​មាន​គ្នា​ជិត ១០​នាក់​ព្រួត​គ្នា​វាយ​រហូត​ដល់​ស្លាប់​។ ទទឹ្ទម​គ្នា​នេះ​ដែរ​មាន​ករណី​ថ្មី​មួយ​ទៀត​គឺ​ថា នៅ​ឯ​ស្រុក​តាប់​ព្រះ​យ៉ា ខេត្ត​ស្រះកែវ​ថៃ​ជាប់​ស្រុក​ថ្ម​ពួក​ខេត្ត​បន្ទាយ​មាន​ជ័យ តម្រួត​​ថៃ​ពីរ​នាក់​ប្រើ​អំពើ​ហឹង្សា​ទាត់​ធាក់​ស្ត្រី​ខ្មែរ​ម្នាក់​រហូត​ដល់​បាក់​ដៃ។

លោក​ស្រី ហ៊ួន ហាន អាយុ ៤៨​ឆ្នាំ រស់​នៅ​ភូមិ​សាមគ្គី ឃុំ​គោក​រមៀត ស្រុក​ថ្ម​ពួក​ ខេត្ត​បន្ទាយមានជ័យ ​បាន​មាន​ប្រសាសន៍​ថា កាល​ពី​ចុង​ខែ​តុលា ឆ្នាំ​២០០៩ លោក​ស្រី និង​កូន​ស្រី​អាយុ ៨​ឆ្នាំ​បាន​ឆ្លង​ដែន​ទៅ​រាវ​ខ្ចៅ​ក្នុង​ទឹក​អូរ​មួយ​ជាប់​ប៉ុស្តិ៍​យាម​លេខ ១៧​ថៃ គៀក​បង្គោល​ឡាក់ ៣៨​ក្នុង​ស្រុក​តាប់​ព្រះយ៉ាខេត្ត​ស្រះកែវ​។ ស្រាប់​តែ​មាន​កង​តម្រួត​ថៃ​ពីរ​នាក់​ទៅ​ដល់​ហៅ​លោក​ស្រី និង​កូន​ស្រី​ឡើង​លើ​ទាត់​បី​ជើង​បណ្តាល​ឲ្យ​លោក​ស្រីបាក់​ក​ដៃ​ឆ្វេង។

អ្នក​ស្រី​បញ្ជាក់​ថា ៖ «ខ្ញុំ​ទៅ​ខ្វារ​ខ្ចៅ ដល់​នេះ​ទៅ​គ្នា​វា​ពីរ​នាក់​វា​ហៅ​ឡើង​លើ​ថ្នល់​ទៅ​ក៏មិន​បាន​សួរ​នាំ​អី​ទាត់​យក​តែ​ម្តង ចំ​បោះ​ដៃ​ផុត ចង្កេះ​មួយ​ជើង​ ចុង​ក្រោយ​បាក់​ក​ដៃ តម្រូត​ដេញ​ឲ្យ​ខ្ញុំ​មក វា​បាញ់​មួយ​គ្រាប់​ទៀត​បាញ់​គំរាម​ឡើង​លើ កាំ​ភ្លើង​អឹម​សី​គេ»

លោក ម៉ៃ ពៅ មេ​ភូមិ​សាមគ្គី​បាន​មាន​ប្រសាសន៍​ថា អាជ្ញាធរ​ថៃ​ជា​និច្ចកាល​បាន​ប្រើ​អំពើ​ឃោរ​ឃៅ​មក​លើ​ប្រជា​ពលរដ្ន​ខ្មែរ ដោយ​លោក​បញ្ជាក់​ថា ៖ «កន្លង​មក​វា​មាន​បាញ់​ដល់​ស្លាប់​ ហើយ​វា​ចោទ​យើង​ជួញ​ម៉ា កាលណា​វា​បាញ់​ស្លាប់​ហើយ វា​ដាក់ម៉ា​ដាក់​គ្រាប់​បែក​តែ​វា​បាញ់​ហើយ​វា​ដាក់​របស់​ហ្នឹង​នៅ​លើ​ខ្លួន​អញ្ចឹង​ឯង»

លោក យឹម សុវណ្ណ មន្ត្រី​នាំ​ពាក្យ​គណបក្ស​សមរង្ស៊ី​បាន​មាន​ប្រសាសន៍​ថា គណ​បក្ស​សមរង្ស៊ី​បាន​ផ្តល់​អនុសាស្ត្រ​ទៅ​ឲ្យ​រដ្ឋាភិបាល​ចាត់​វិធាន​ការ​ចំពោះ​អាជ្ញាធរ​ថៃ ដែល​បាន​រំលោភ​បំពាន​មក​លើ​ប្រជា​ពលរដ្ន​ខ្មែរ។ តំណាង​រាស្ត្រ​រូប​នេះ​បន្ត​ថា ប្រជា​ពលរដ្ន​ខ្មែរ​ក្រីក្រ​នៅ​តែ​ទទួល​រង​ការ​បាញ់​សម្លាប់​ជា​បន្តបន្ទាប់​ពី​សំណាក់​អាជ្ញាធរ​ថៃ ខណៈ​ដែល​ពួក​គេ​បាន​ធ្វើ​ដំណើរ​ឆ្លង​រក​ការងារ​ធ្វើ​ក្នុង​ទឹក​ដី​ថៃ។

លោក យឹម សុវណ្ណ ថ្លែង​ថា ៖ «យើង​ស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​ជួយ​គាត់​លើ​កិច្ចការ​ពីរ ទី១ បង្ក​លក្ខណៈ​ងាយ​ស្រួល​ធ្វើ​ម៉េច​នៅ​តាម​ឃុំ នៅ​តាម​ព្រំដែន​មាន​ការងារ​ធ្វើ​នៅ​ក្នុង​ប្រទេស​។ ហើយ​ជូន​ព័ត៌​មាន​ទៅ​គាត់​ធ្វើ​ម៉េច​ឲ្យ​គាត់​ប្រយ័ត្នប្រយែង នៅ​ការ​ឆ្លង​ព្រំ​ប្រទល់​ដែន​ទៅ​ឲ្យ​គេ​មាន​អំពើ​ហឹង្សា​បាញ់​សម្លាប់​គាត់​យ៉ាង​ដូច្នេះ»

លោក យឹម សុវណ្ណ បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ខ្មែរ​ត្រូវ​ជជែក​គ្នា​ជា​មួយ​រដ្ឋាភិបាល​ថៃ​ឲ្យ​បញ្ឈប់​អំពើ​ឃោរឃៅ​មក​លើ​ប្រជា​ពលរដ្ឋ​ខ្មែរ​ទៀត។

លោក កុយ គួង មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការបរទេស​រដ្ឋាភិបាល​ខ្មែរ​បាន​មាន​ប្រសាសន៍​ថា រដ្ឋា​ភិបាល​បាន​ឲ្យ​អគ្គ​កុង​ស៊ុល​ខ្មែរ​នៅ​ស្រុក​ថៃ ឲ្យ​ធ្វើ​ការ​ស៊ើប​អង្កេត​ករណី​ទាំង​ឡាយ​ដែល​កើត​ឡើង​មក​លើ​ប្រជា​ពលរដ្ន​ខ្មែរ។ លោក​បន្តថា កន្លង​មក​រដ្ឋាភិបាល​ខ្មែរ​បាន​ធ្វើ​កំណត់​ទូត​ជា​បន្ត​បន្ទាប់​ទាម​ទារ​ឲ្យ​អាជ្ញាធរ​ថៃ​ទប់​ស្កាត់​ការ​ប្រើ​អំពើ​ហឹង្សា​បាញ់​សម្លាប់​ប្រជា​ពលរដ្ន​ខ្មែរ។

លោក កុយ គួង បន្ត​ថា ៖ «ថៃ​បាន​ប្រព្រឹត្តិ​ល្មើស​ស្មារតី​អង្គប្រជុំ​ចំណុច ៧៧​ដែល​ព្រម​ព្រាង​ថា ដោះ​ស្រាយ​អ្វីៗ​ ប្រកប​ដោយ​អហឹង្សា​ឃោរឃៅ។ យើង​បាន​ទាមទារ​ឲ្យ​យក​ជន​ដៃ​ដល់​ទៅ​ផ្តន្ទា​ទោស​»

មន្ត្រី​ស្ថាន​ទូត​ថៃ​ប្រចាំ​កម្ពុជា​មិន​អាច​ទាក់​ទង​សុំ​ការ​បញ្ជាក់​បាន​ទេ​ដោយ​អ្នក​ទទួល​ទូរស័ព្ទ​និយាយ​ថា មន្ត្រី​ទទួល​ខុស​ត្រូវ​ការ​ងារ​នេះ​មិន​នៅ​កន្លែង។

សមាគម​ការពារ​សិទ្ឋិ​មនុស្ស​អាដហុក កំពុង​ធ្វើការ​លម្អិត​ទាក់ទង​ការ​វាយ​ធ្វើ​បាប​បាញ់​សម្លាប់​ពី​សំ​ណាក់​កង​កម្លាំង​ប្រដាប់​អាវុធ​ថៃ​មក​លើ​ប្រជា​ពលរដ្ឋ​ខ្មែរ ដើម្បី​បញ្ជូន​របាយការណ៍​ទៅ​វេទិការ​ហ្វ័រ៉ម​អេស៊ា​ (Forum Asia) ដែល​មាន​ភាគី​ថៃ​ជា​សមាជិក​ធ្វើ​យ៉ាង​ណា​យក​ជន​ដែល​បាន​ប្រព្រឹត្តិ​ទៅ​ផ្តន្ទា​ទោស​តាម​ច្បាប់​។

លោក ស៊ុម ច័ន្ទគារ បាន​ថ្លែង​ថា វិបត្តិការ​ទូត​ខ្មែរ​ថៃ​បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ទំាង​ពីរ​បន្ថយ​ការ​ទទួល​ខុស​ត្រូវ​ដោយ​លោក​មាន​ប្រសានស៍​ថា ៖ «ដូច្នេះ​ហើយ​យើង​មាន​ដៃ​គូ Forum Asia ដើម្បី​ឲ្យ​ខាង​អង្គការ​ដែល​មាន​ថៃ​ជា​សមា​ជិក​ខាង​សិទ្ឋិមនុស្ស​មួយ​ដែរ​ឲ្យ​គេ​អន្តរាគមន៍​ទៅ​ខាង​រដ្ឋាភិបាល​ថៃ​ដើម្បី​ចាត់​ការ​ផ្តល់​ជន​ប្រព្រឹត្តិ​បទ​ល្មើស​នៅ​កន្លែង​ហ្នឹង​ចាប់​យក​ទៅ​ផ្តន្ទា​ទោស​តាម​ច្បាប់​»

សមាគម​អាដហុក​បាន​ថ្កោល​ទោស​យ៉ាង​ខ្លាំង​ក្លា​ដោយ​ចាត់​ទុក​ទង្វើ​របស់​កងម្លាំង​ប្រដាប់​អាវុធ​ថៃ​ដែល​បាន​ប្រើ​កាំ​ភ្លើង​បាញ់​សម្លាប់​ប្រជា​ពលរដ្ន​ខ្មែរ​ជា​បន្តបន្ទាប់​មក​នេះ គឺ​អំពើ​រំលោភ​សិទ្ឋិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ។

ថ្វី​ត្បិត​មិន​មាន​របាយការណ៍​ជាក់​លាក់​ពី​ចំនួន​ប្រជា​ពលរដ្ឋ​ខ្មែរ​ដែល​ទទួល​រង​គ្រោះ​ដោយ​សា​ការ​ វាយ​ធ្វើ​បាប​បាញ់​សម្លាប់ និង​បាញ់​សម្លាប់​ក៏​ដោយ ប៉ុន្តែ​កាល​ចុង​ឆ្នាំ ២០០៩​និង​ដើម​ឆ្នាំ ២០១០​នេះ គេ​សង្កេត​ឃើញ​មាន​ប្រជា​ពលរដ្ន​ខ្មែរ​ជា​ច្រើន​នាក់​បាន​ទទួល​រង​គ្រោះ​។ រហូត​មក​ទល់​ពេល​នេះ គេ​ មិន​ដែល​ឃើញ​ភាគី​ថៃ​ដែល​ជា​អ្នក​ប្រព្រឹត្តិ​ក្នុង​អំពើ​បាញ់​ប្រហារ​មក​លើ​ប្រជា​ពលរដ្ន​ខ្មែរ​ទាំង​នោះ​ ត្រូវ​បាន​គេ​នាំ​ផ្តន្ទា​ទោស​ឡើយ​៕


No comments: