ពលរដ្ឋភូមិ២និងភូមិ៤នៅបឹងកក់ចាកចេញពីលំនៅយ៉ាងគំហុក
ដោយ អ៊ុក សាវបូរី
2009-08-22
ប្រភពពីអ្នកភូមិបឹងកក់និងអាជ្ញាធរសង្កាត់ស្រះចក ខណ្ឌដូនពេញ ឲ្យដឹងនៅថ្ងៃសុក្រ ទី២១ ខែសីហា ថា ប្រជាជនភូមិ២និងភូមិ៤កំពុងចាកចេញពីលំនៅរបស់ខ្លួនយ៉ាងគំហុក នៅគ្រាដែលសេចក្តីប្រកាសឱសានវាទរបស់អាជ្ញាធរបញ្ចប់នៅថ្ងៃសុក្រសប្តាហ៍នេះ។
ពលរដ្ឋនៅតំបន់បឹងកក់កំពុងរុះរើលំនៅដោយខ្លួនឯង នាថ្ងៃទី ១៦ សីហា ២០០៩។
ប្រជាជនភូមិ៤ លោក ឱ សត្យា អះអាងថា អ្នកភូមិ២បានចេញពីផ្ទះបឹងកក់អស់ហើយ។ ឯភូមិ៤វិញបានចេញគគ្រឹកគគ្រេងពីថ្ងៃទី២០ និងថ្ងៃទី២១ សីហា ជាបន្តបន្ទាប់។ នៅសល់ប្រមាណ១០គ្រួសារកំពុងប្រមូលផ្តុំគ្នាដើម្បីដាក់ពាក្យស្នើសុំទៅទីស្តីការគណៈរដ្ឋមន្រ្តីសុំឲ្យអាជ្ញាធរសង់រោងឲ្យពួកគាត់រស់នៅលើដីបឹងកក់បន្តទៀត រង់ចាំក្រុមហ៊ុនសង់អគារតាមការអភិវឌ្ឍនៅកន្លែងនោះរួច ដោយមិនចង់ប្តូរឲ្យទៅនៅដំណាក់ត្រយឹង ខណ្ឌដង្កោនោះ ឆ្ងាយពេក។
លោក ឱ សត្យា បានមានប្រសាសន៍ឲ្យដឹងថា ៖ «ភូមិដទៃទៀតគេថា អត់ទាន់ប៉ះពាល់ទេ កុំឲ្យអ្នកភូមិហ្នឹងកម្រើកអី ឲ្យនៅឲ្យស្ងៀមអ៊ីចឹង។ គេធ្វើម្ដងមួយភូមិៗ កុំឲ្យប្រជាជននៅបឹងកក់ហ្នឹងសាមគ្គីគ្នា ឬក៏មានការខឹងសម្បាអី។ គេបេះយើងម្ដងមួយៗ»។
តាមសេចក្តីជូនដំណឹងលេខ១៨០ស.ជ.ណ អណ១ ធ្វើនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០០៩ បានកំណត់ឲ្យប្រជាជនភូមិ២និងភូមិ៤ ទទួលយកគោលការណ៍បីយ៉ាង ទី១ យកប្រាក់ផ្តាច់ ទី២ យកផ្ទះផ្ទាល់ដីមួយល្វែងនៅដំណាក់ត្រយឹង និងទី៣ អភិវឌ្ឍនៅកន្លែង។
អ្នកស្រី ពេជ្រ សុខណា រស់នៅភូមិ២ និងជាក្រុមប្រឹក្សាសង្កាត់ស្រះចក ដែលតវ៉ាមិនព្រមចេញពីបឹងកក់ចុងក្រោយគេ ដោយសុំបន្តរស់នៅដូចភូមិ៤ដែរ ឲ្យដឹងថា គាត់យល់ព្រមយកប្រាក់ផ្តាច់ដើម្បីចេញពីបឹងកក់ ដោយមិនសង្ឃឹមថា ៥ឆ្នាំក្រោយក្រុមគ្រួសារគាត់បានវិលមករស់នៅក្នុងអគារដែលក្រុមហ៊ុនស៊ូកាគូបានសង់រួច ហៅប្រជាជនមករស់នៅលើអគារគេនោះទេ។
ចៅសង្កាត់រងនៃសង្កាត់ស្រះចក អ្នកស្រី អ៊ិន សាផន ថ្លែងថា មកដល់ម៉ោងនេះ អ្នកភូមិ២និងភូមិ៤ស្ទើរ១០០%បានចេញពីបឹងកក់។ អ្នកនៅភូមិ៤សេសសល់ប្រមាណ១០គ្រួសារប៉ុណ្ណោះមិនទាន់សម្រេចចិត្ត។
ក្រុមប្រឹក្សារាជធានីភ្នំពេញ លោក ថាច់ ស៊ីថា មានប្រសាសន៍ពីបញ្ហាអ្នករស់នៅបឹងកក់ថា ៖ «មិនមែនប្រជាពលរដ្ឋលោកបដិសេធទាំងមូលទេ គឺលោកទទួលយកលក្ខខណ្ឌហ្នឹងហើយ ប៉ុន្តែបែរជាសាលាក្រុងតម្រូវឲ្យគាត់ទៅនៅជាយក្រុង ដូច្នេះវាជាផលលំបាកមួយយ៉ាងធ្ងន់ធ្ងរសម្រាប់កូនចៅរៀនសូត្រ មុខរបរ។ អ៊ីចឹងខ្ញុំនឹងស្នើឲ្យខាងសាលាក្រុងហ្នឹងពិភាក្សាឡើងវិញ ហើយរៀបចំធ្វើឲ្យគាត់មានទីកន្លែងនៅបណ្ដោះអាសន្នក្នុងមូលដ្ឋានរបស់គាត់»។
នាយរងខុទ្ទកាល័យសាលារាជធានីភ្នំពេញ លោក កើត ឆែ មានប្រសាសន៍ថា អាជ្ញាធរមូលដ្ឋានមានជំហរច្បាស់លាស់ក្នុងការដោះស្រាយបញ្ហាតាមសំណូមពរប្រជាជននៅបឹងកក់នេះ។
សូមជម្រាបថា កាលពីខែកុម្ភៈ ឆ្នាំ២០០៧កន្លងទៅ សាលារាជធានីភ្នំពេញបានសម្រេចជួលដីទីតាំងបឹងកក់ដែលមានទំហំ១៣៣ហិកតារ មានប្រជាជនរស់នៅចំនួន៤.២៥២គ្រួសារ ទៅឲ្យក្រុមហ៊ុនស៊ូកាគូក្នុងរយៈពេល៩៩ឆ្នាំ ដើម្បីអភិវឌ្ឍជាមជ្ឈមណ្ឌលពាណិជ្ជកម្មទំនើប ជាតំបន់លំនៅឋាន ជាកន្លែងសេវាកម្ម និងជាកន្លែងកម្សាន្ត៕
No comments:
Post a Comment