អាជ្ញាធរ​រៀបចំ​បង្កើត "កម្មវិធី​ព្រៃ​ឈើ​ជាតិ"

2009-08-22

មន្ដ្រី​ក្រុម​ការងារ​បច្ចេកទេស​ស្ដីពី​ព្រៃ​ឈើ​និង​បរិស្ថាន​និង​រដ្ឋបាល​ព្រៃឈើ​របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​២១ សីហា ២០០៩ ថា គេ​កំពុង​រៀបចំ​ចងក្រង​នូវ​សេចក្ដី​ព្រាង​មួយ​ហៅ​ថា "កម្មវិធី​ព្រៃ​ឈើ​ជាតិ" ដើម្បី​ធ្វើ​ឲ្យ​សម្រេច​បាន​នូវ​ការគ្រប់គ្រង​ព្រៃ​ឈើ​នៅ​កម្ពុជា​ប្រកប​ដោយ​និរន្ដរភាព​ឬ​ភាព​យូរ​អង្វែង។

RFA/Or Phearith

ព្រៃ​សហគមន៍​នៅ​ឃុំ​ព្រែក​ព្រលូង ស្រុក​ព្រែក​ប្រសព្វ ខេត្ត​ក្រចេះ​ដែល​រង​ការ​កាប់​ទន្ទ្រាន។ រូប​ថត​ថ្ងៃ​ទី​១២ សីហា ២០០៩។

លោក សុខ ហេង អ្នក​សម្រប​សម្រួល​កម្មវិធី​ព្រៃ​ឈើ​ជាតិ បាន​បញ្ជាក់​ថា ការចងក្រង​នូវ​កម្មវិធី​នេះ​ឡើង គឺ​ជា​គំនិត​ផ្ដួចផ្ដើម​របស់​បណ្ដា​ប្រទេស​នានា​ក្នុង​សកលលោក បន្ទាប់​ពី​មាន​ការអំពាវនាវ​របស់​អង្គការ​សហប្រជាជាតិ​សុំ​ឲ្យ​ប្រទេស​ជា​សមាជិក ដែល​ក្នុង​នោះ​រួម​មាន​ទាំង​កម្ពុជា​ផង នាំ​គ្នា​ចាប់ផ្ដើម​ធ្វើ​កម្មវិធី​នេះ។

លោក​បាន​បន្ដ​ថា ការអំពាវនាវ​នេះ​ដោយសារ​គេ​បាន​ឃើញ​មាន​សកម្មភាព​កាប់​បំផ្លាញ​ព្រៃ​ឈើ​បាន​និង​កំពុង​តែ​កើត​មាន​សព្វថ្ងៃ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​បរិស្ថាន​និង​ការរស់នៅ​របស់​មនុស្ស ដែល​អាច​ឈាន​ទៅ​រក​ការវិនាស​អន្ដរាយ​ធនធាន​ព្រៃ​ឈើ​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ។

លោក សុខ ហេង បាន​មាន​ប្រសាសន៍​ថា ៖ «ជា​ទូទៅ​ក្នុង​សង្គម​ជាតិ​ទាំង​មូល​ហ្នឹង ព្រៃ​ឈើ​មិន​មែន​ជា​របស់​រដ្ឋ​តែ​ម្នាក់​ឯង​ទេ។ អ៊ីចឹង​យើង​ចងក្រង​ហ្នឹង​យ៉ាង​ណា​សំដៅ​ឲ្យ​មាន​ការឯកភាព​ជាតិ​ទាំង​មូល ថា ព្រៃ​ឈើ​យើង​គួរ​គ្រប់គ្រង​របៀប​ម៉េច​ដើម្បី​ផ្ដល់​ផល​ប្រយោជន៍​ជា​អតិបរមា សំដៅ​ធ្វើ​យ៉ាង​ណា​ឲ្យ​ព្រៃ​ឈើ​ហ្នឹង​គង់រង្ស​រហូត​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ»

លោក ថម អ៊ីវិន មន្ដ្រី​អង្គការ​អភិរក្ស​សត្វ​ព្រៃ​នៅ​កម្ពុជា (WCS) បាន​មាន​ប្រសាសន៍​ដែរ​ថា កម្មវិធី​ព្រៃ​ឈើ​ជាតិ បើ​តាម​ដែល​លោក​បាន​ដឹង​គឺ​ផ្ដល់​ប្រយោជន៍​សំខាន់ ដូច​ជា​ជួយ​ឲ្យ​មាន​ការទទួល​ខុស​ត្រូវ ចូលរួម​ចែក​រំលែក​បទ​ពិសោធន៍​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ធ្វើការ​គ្រប់គ្រង​ព្រៃ​ឈើ​យ៉ាង​ដូចម្ដេច​ឲ្យ​បាន​ត្រឹមត្រូវ ហើយ​និង​ការចូលរួម​ក្នុង​ការកាត់​បន្ថយ​ភាព​ក្រីក្រ។

មន្ដ្រី​ក្រុម​ការងារ​បច្ចេកទេស​ស្ដីពី​ព្រៃ​ឈើ​និង​បរិស្ថាន​បាន​ឲ្យ​ដឹង​ដែរ​ថា ចំពោះ​ស្ថិតិ​ព្រៃ​ឈើ​កាល​ពី​មិន​ទាន់​កើត​សង្គ្រាម​គឺ​មាន​ចំនួន​៧០% នៃ​ផ្ទៃ​ដី​សរុប​របស់​កម្ពុជា ប៉ុន្តែ​ក្រោយ​ពី​សង្គ្រាម​រហូត​មក​ដល់​ឆ្នាំ​២០០៦ មាន​ចំនួន​ជាង​៥៩%​ប៉ុណ្ណោះ ហើយ​ដល់​ឆ្នាំ​២០០៨ គេ​ឃើញ​ព្រៃ​ឈើ​បាន​កើន​ឡើង​ប្រមាណ​៦០%។

លោក​បាន​បន្ដ​ថា ដូច្នេះ​ការបង្កើត​កម្មវិធី​ព្រៃ​ឈើ​ជាតិ​ដែល​គេ​រំពឹង​ថា នឹង​ចងក្រង​ចប់​សព្វ​គ្រប់​នៅ​ពេល​ឆាប់ៗ​នោះ សំខាន់​តម្រូវ​ឲ្យ​មាន​ការចូលរួម​ជួយ​ការពារ​ព្រៃ​ឈើ​ពី​គ្រប់​មជ្ឈដ្ឋាន​និង​ស្ថាប័ន​ពាក់ព័ន្ធ ព្រម​ទាំង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ផងដែរ។

សូម​ជម្រាប​ជូន​ដែរ​ថា សេចក្ដី​ព្រាង​កម្មវិធី​នៃ​ព្រៃ​ឈើ​ជាតិ​ត្រូវ​គេ​បាន​លើក​យក​ទៅ​ធ្វើការ​ពិគ្រោះ​យោបល់​កាល​ពី​ខែ​មិថុនា​កន្លង​ទៅ​ថ្មីៗ​នៅ​ថ្នាក់​មូលដ្ឋាន​ចំនួន​៥ ហើយ​ក្រៅ​ពី​នេះ​គេ​គ្រោង​នឹង​យក​ទៅ​ពិគ្រោះ​យោបល់​នៅ​ថ្នាក់​ជាតិ ដែល​នឹង​ធ្វើ​នៅ​ថ្ងៃ​ទី​១៥​និង​ទី​១៦ ខែ​កញ្ញា​ខាង​មុខ​នេះ ដើម្បី​ប្រមូល​យក​នូវ​មតិ​កែ​លម្អ​ពី​អ្នក​ចូលរួម ប្រយោជន៍​ឲ្យ​កម្មវិធី​ព្រៃ​ឈើ​ជាតិ​មាន​ខ្លឹមសារ​គ្រប់គ្រាន់​និង​ធ្វើការ​អនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធភាព៕

No comments: