កម្ពុជានឹងកាត់បន្ថយទ័ពចេញពីតំបន់ជម្លោះព្រំដែន
ដោយ មុំ សុផុន
2009-08-22
នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាបានថ្លែងថា កងទ័ពកម្ពុជានឹងកាត់បន្ថយចេញពីតំបន់ព្រំដែនកម្ពុជាថៃ ដោយលោកបញ្ជាក់ថា កងពលចំនួន៣ដកថយក្រោយវិញនិងកងអង្គរក្សត្រូវកាត់បន្ថយកម្លាំងចំនួន៥០%។
ទាហានខ្មែរអង្គុយជាមួយទាហានថៃក្បែរប្រាសាទព្រះវិហារ ជាប់ព្រំដែនថៃក្នុងខែត្រព្រះវិហារ នាថ្ងៃទី២០ កក្កដា ២០០៨ ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍បែបនេះក្នុងឱកាសពេលដែលលោកចុះទៅសួរសុខទុក្ខប្រជាពលរដ្ឋនិងពិនិត្យមើលការបង្កបង្កើនផលស្រូវវស្សារបស់ប្រជាពលរដ្ឋនៅឯស្រុកបាកាន ខេត្តពោធិ៍សាត់ នៅថ្ងៃទី២២ ខែសីហា។
លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ៖ «ប្រហែលជាមានផែនការផ្លាស់ប្ដូរបន្តិច។ ឥឡូវកំពុងឲ្យកងពលទី១១បកក្រោយមកកំពតវិញ។ តំបន់ប្រតិបត្តិការសឹកសៀមរាប កំពង់ធំ បកមកក្រោយវិញ ហើយកងអង្គរក្សហ្នឹងកាត់៥០% ហើយកំពុងតែឲ្យពិនិត្យមើលកងពល៩១១និងកងពលទី១។ បានសេចក្ដីថា ទល់ដែនមិនវ៉ៃគ្នាទេ បើអ៊ីចឹងទេ បញ្ហាបញ្ជូនកម្លាំងឡើងមុខច្រើនពេកក៏វាមិនល្អដែរ ទុកជួយបង្កបង្កើនផលប្រជាជន ប៉ុន្តែបើមានការហើយ ឡើងទៅក៏អត់យូរប៉ុន្មានដែរ ប៉ុន្តែខ្ញុំសង្ឃឹមថា វាមិនវ៉ៃគ្នាទេ»។
លោកបានថ្លែងទៀតដែរថា សភាពការណ៍ព្រំដែនមានសភាពធូរស្រាលដោយសារតែកងទ័ពរបស់ថៃបានដកកម្លាំងរបស់ខ្លួនពីចំនួនជាង៧០០នាក់ក្នុងពេលដែលសភាពការណ៍កំពុងតានតឹង មកត្រឹម៣០នាក់វិញនៅក្បែរព្រំដែន និង១០នាក់ផ្សេងទៀតនៅក្នុងវត្តកែវសិក្ខាគិរីស្វរៈ ក្បែរប្រាសាទព្រះវិហារនោះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងទៀតថា បើទោះបីជាដកកម្លាំងចេញខ្លះ ក៏ប៉ុន្តែកងទ័ពត្រូវមានលក្ខណៈត្រៀមបម្រុងជានិច្ច។
លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ៖ «បើចរចាគ្នាបានក៏ចរចា បើគេមកហើយ អាហ្នឹងគឺត្រូវតែដាក់ហើយ ចៀសវាមិនរួច មិនមែនពួកឯងក្បាលប៉ាតដែកទេ។ និយាយឲ្យច្បាស់ ខ្មែរអត់មានទៅវ៉ៃនរណាទេ តែបើគេមកវ៉ៃខ្លួនហើយ ដាក់ហើយ កុំឆ្ងល់! អ្នកឯងចង់មានស្អីក៏ដោយ បរមាណូក៏ដោយ ចាំតែខ្មែរខ្លាចតើ!»។
សូមបញ្ជាក់ថា ព្រំដែនប្រទេសកម្ពុជានិងថៃ ជាពិសេសក្បែរតំបន់ប្រាសាទព្រះវិហារបានប្រឈមមុខដាក់គ្នាដោយកម្លាំងកងទ័ព តាំងពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៨ ក្រោយពេលដែលប្រាសាទព្រះវិហាររបស់ប្រទេសកម្ពុជាត្រូវបានដាក់បញ្ចូលជាបេតិកភណ្ឌពិភពលោកក្នុងបញ្ជីរបស់អង្គការយូណេស្កូ (UNESCO)៕
No comments:
Post a Comment