នាយករដ្ឋមន្ត្រីអំពាវនាវឲ្យកាត់បន្ថយប្រេងតាមស្ថាប័នរដ្ឋ
ដោយ សោភ័ណ
2009-08-22
នាយករដ្ឋមន្ត្រីខ្មែរបានមានប្រសាសន៍អំពាវនាវនៅថ្ងៃទី២២ សីហា ថា នឹងកាត់បន្ថយប្រេងគ្រប់ស្ថាប័នរដ្ឋនៅទូទាំងប្រទេសដើម្បីកាត់បន្ថយចំណាយតម្លៃប្រេងនិងដើម្បីយកទៅផ្គត់ផ្គង់ផ្នែកកសិកម្ម។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងទៅកាន់និស្សិតនៅក្នុងពិធីផ្ដល់អាហារូបករណ៍ ក្នុងទីក្រុងភ្នំពេញ កាលពីថ្ងៃទី២០ វិច្ឆិកា ២០០៨។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ក្នុងឱកាសចុះសាកសួរសុខទុក្ខប្រជាកសិករនៅក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់ ថា លើកលែងតែកងទ័ពនិងស្ថាប័នដែលត្រូវអន្តរាគមន៍ ដូចជាផ្នែកគ្រឿងចក្រអន្តរាគមន៍ជីកប្រឡាយទឹកនិងបូមទឹក ដែលមិនកាត់ចំនួនផ្គត់ផ្គង់ប្រេងនោះ។
លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថ ៖ «ក៏ប៉ុន្តែផ្នែករដ្ឋបាលរបស់កងទ័ពក៏ត្រូវកាត់ដែរ។ ការមិនកាត់ចំពោះកងទ័ពឬនគរបាល តែក្នុងប្រតិបត្តិការការពារទឹកដីនិងប្រតិបត្តិការការពារសណ្ដាប់ធ្នាប់សង្គមទេ តែផ្នែករដ្ឋបាលគឺកាត់ កាត់បន្តទៀត។ កាត់ដោយវិធានការរដ្ឋបាលផង ដោយវិធានការកាត់លុយតែម្ដង។ តែស្នើមកខ្ញុំ ត្រូវហើយ ឲ្យតែបានប៉ះមកដល់ខ្ញុំ ត្រូវហើយ គឺយល់ព្រមតាមសំណើ តែសូមកាត់៣០%លើគម្រោងស្នើសុំ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានមានប្រសាសន៍អំពាវនាវទៀតថា បើសប្បុរសជនណាចង់ផ្តល់ជំនួយគួរតែផ្តល់ជាប្រេងដើម្បីស្រោចស្រពផ្នែកកសិកម្ម។
លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ៖ «ហើយចំពោះសប្បុរសជន ព្រះសង្ឃក្ដី សប្បុរសជនក្ដី បើបែរជាផ្ដល់អំណោយ គួរតែផ្ដល់អំណោយជាប្រេងដើម្បីស្រោចស្រព ព្រោះយើងមានម៉ាស៊ីនបូមទឹក ប៉ុន្តែកន្លែងខ្លះខ្វះប្រេង។ យើងធ្វើបែបនេះគឺដើម្បីជួយគ្នាក្នុងគ្រាដែលលំបាក»។
លោក សុន ឆ័យ តំណាងរាស្ត្រមកពីគណបក្សសមរង្ស៊ី មានប្រសាសន៍ថា ការគ្រប់គ្រងប្រេងឲ្យមានប្រសិទ្ធភាពនោះគឺត្រូវមានការគ្រប់គ្រងផ្នែករដ្ឋបាលឲ្យបានត្រឹមត្រូវ គឺត្រូវប្រើប្រាស់ប្រេងនៅពេលដែលចាំបាច់តែប៉ុណ្ណោះ។
លោក សុន ឆ័យ បានឲ្យដឹងថា ៖ «ទី១ គឺប្រើប្រាស់រថយន្តរបស់រដ្ឋហ្នឹងគឺច្របូលច្របល់ជាមួយការប្រើប្រាស់រថយន្តសម្រាប់គ្រួសារ។ ទី២ទៀត ការប្រើប្រេងហ្នឹងតាមរយៈបុងចាក់នៅតាមស្ថានីយមួយចំនួនហ្នឹង គឺមានការកេងបំបាត់ពីស្ថានីយផង ហើយមន្ត្រីរាជការខ្លះគាត់ក្រីក្រ គាត់យកបុងហ្នឹងទៅលក់បន្តទៅទៀត»។
នៅក្នុងឱកាសចុះជួបប្រជាកសិករនៅក្នុងស្រុកបាកាននេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ដោយយល់ឃើញថា ក្នុងខេត្តមួយចំនួនអត់មានទឹកភ្លៀងសម្រាប់ធ្វើស្រែ នោះក៏អំពាវនាវដែរថា តំបន់ដែលមានប្រភពទឹកត្រូវដាក់គ្រឿងចក្របូមទឹកហើយត្រូវបន្ថែមម៉ាស៊ីនបូម។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ទៀតថា ក្នុងឆ្នាំនេះប្រជាពលរដ្ឋធ្វើស្រូវស្រាលបានលើសឆ្នាំមុនចំនួន៨ម៉ឺនហិកតារ ស្រូវកណ្តាលលើសឆ្នាំមុន១៧ម៉ឺនហិកតារ ស្រូវធ្ងន់លើសឆ្នាំមុន៤ម៉ឺន៩ពាន់ហិកតារ ប៉ុន្តែស្រូវឡើងទឹកតិចជាងឆ្នាំមុន២៤០០ហិកតារ៕
No comments:
Post a Comment