ពលរដ្ឋរស់នៅតាមដងទន្លេក្នុងខែត្រកណ្ដាលបារម្ភពីការបូមខ្សាច់
ដោយ សុខ សេរី
2009-08-22
ពលរដ្ឋជាង២០០គ្រួសារនៅតាមដងទន្លេមេគង្គនៅក្នុងខេត្តកណ្តាលកំពុងតែមានការព្រួយបារម្ភយ៉ាងខ្លាំងនាពេលនេះអំពីសុវត្ថិភាពរស់នៅប្រចាំថៃ្ងដោយសារតែសាទ្បង់ធំៗបូមខ្សាច់ចំនួនជាង១០គ្រឿងកំពុងតែធ្វើសកម្មភាពបូមខ្សាច់ពីបាតទន្លេជារៀងរាល់ថៃ្ង ហើយបានខិតមកក្បែរច្រាំងទន្លេនៅរដូវទឹកទ្បើងនាពេលនេះ។
កប៉ាល់បូមខ្សាច់នៅតាមដងទន្លេមេគង្គ ក្នុងខេត្តកណ្ដាល។
តំណាងប្រជាពលរដ្ឋម្នាក់ឈ្មោះ យាយ យ៉ង់ អាយុ៦០ឆ្នាំ រស់នៅក្នុងភូមិចុងកោះ ឃុំចុងកោះ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដែលបានមកតវ៉ាសុំកិច្ចអន្តរាគមន៍ពីសាលាឃុំនៅកោះឧកញ៉ាតី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានថែ្លងប្រាប់វិទ្យុអាស៊ីសេរីតាមទូរស័ព្ទមកថា ប្រជាពលរដ្ឋជាង២០០គ្រួសារនោះកំពុងតែរស់នៅក្រោមការភ័យខ្លាចជារៀងរាល់ថៃ្ង ដោយសារការបូមខ្សាច់ដោយសាទ្បង់ធំៗចំនួនជាង១០គ្រឿងនៅក្បែរច្រាំងទន្លេ ៖«សាឡង់ហ្នឹងវានៅតែបូមខាងៗ ផ្ទះខ្ញុំ ផ្ទះប្រជាជននៅមាត់ទន្លេហ្នឹង នៅសល់តែបីបួនម៉ែត្រទៀតដល់ផ្ទះហើយ»។
លោក សំ សាវ៉ាង អាយុ៥០ឆ្នាំ តំណាងប្រជាពលរដ្ឋម្នាក់ទៀតនៅក្នុងឃុំកោះឧកញ៉ាតី បានថែ្លងថា សកម្មភាពនៃការបូមខ្សាច់នោះមិនបានថមថយទេនៅរដូវទឹកទន្លេទ្បើងនេះ។
លោក សំ សាវ៉ាង បានឲ្យដឹងថា ៖ «យើងចេះតែបារម្ភខ្លាចលោវាស្រុត ព្រោះវាយូរ។ សាឡង់វាធំៗ ដីចេះតែបាក់»។
មិនអាចទាក់ទងបានទេនៅថៃ្ងសុក្រ ទី២១ ខែសីហា ដើម្បីសុំការបំភ្លឺពីតំណាងក្រុមហ៊ុនឬម្ចាស់សាទ្បង់បូមខ្សាច់នោះចំពោះការតវ៉ារបស់ប្រជាពលរដ្ឋជាច្រើនរយគ្រួសារខាងលើនេះ ហើយគ្មានប្រភពណាមួយអះអាងថា តើសាទ្បង់បូមខ្សាច់ចំនួនជាង១០គ្រឿងនោះគឺជារបស់ក្រុមហ៊ុនណាមួយទេ។
លោក ម៉ៅ សេង ជាមេឃុំកោះឧកញ៉ាតី ខេត្តកណ្តាល ដែលបានជួបជាមួយនឹងប្រជាពលរដ្ឋតវ៉ានៅថ្ងៃសុក្រ ទី២១ សីហា បានថ្លែងថា អាជ្ញាធរមូលដ្ឋានរបស់លោកកំពុងតែបង្កើតគណកម្មការចម្រុះមួយឆាប់ៗនេះដើម្បីទប់ស្កាត់ការបូមខ្សាច់ខុសគោលដៅ។
លោក ម៉ៅ សេង បានបញ្ជាក់ថា ៖ «មានវិធានការនាំគ្នាចុះទៅទប់ស្កាត់សាឡង់ហ្នឹងណា៎។ សំខាន់ការបូមហ្នឹងមកបូមកៀកច្រាំងដីប្រជាពលរដ្ឋ ធ្វើឲ្យប្រជាពលរដ្ឋមានការថ្នាំងថ្នាក់»។
លោក សុន ឆ័យ តំណាងរាស្រ្តគណបក្សសមរង្ស៊ី បានមានប្រសាសន៍អត្ថាធិប្បាយថា ក្រសួងមានសមត្ថកិច្ចគប្បីមានវិធានការទប់ស្កាត់បញ្ហានេះ។
លោក សុន ឆ័យ បានមានប្រសាសន៍ថា ៖ «ហើយខ្ញុំនឹងទៅធ្វើជាលិខិតផ្លូវការ និងអាចចុះទៅថ្ងៃនេះទៀត ទៅថតរូបសាឡង់ដែលបូមខ្សាច់ហើយនិងសកម្មភាពនោះ»។
ទាក់ទងនឹងបញ្ហាខាងលើនេះ លោក ម៉ៅ ហាក់ ជាប្រធាននាយកដ្ឋានជលសាស្រ្តនិងទន្លេ នៃក្រសួងធនធានទឹកនិងឧតុនិយម បានមានប្រសាសន៍ថា ៖ «អានេះយើងត្រូវមានវិធានការហើយ ព្រោះកាលណាគាត់ខុសកន្លែងយើងត្រូវមានវិធានការ»។
សូមជម្រាបថា កាលពីថៃ្ងទី៨ ខែឧសភាកន្លងទៅ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចេញសេចក្តីសម្រេចមួយក្នុងការការពារនូវភាពលំនឹងនិងបរិស្ថានធម្មជាតិទាំងទន្លេនិងសមុទ្រ ដោយបញ្ជាក់ថា ខ្សាច់ទឹកសាបនៅក្នុងទន្លេ ស្ទឹង ព្រែកនិងអូរ អាចអនុញ្ញាតឲ្យធ្វើអាជីវកម្មបានក្នុងករណីដើម្បីដល់តម្រូវការប្រើប្រាស់នៅក្នុងស្រុកតែប៉ុណ្ណោះ និងបញ្ឈប់ការនាំខ្សាច់ចេញទៅក្រៅប្រទេស។
វិធានការជាច្រើនត្រូវបានប្រកាសកន្លងមកនោះ ក្រោយមានការបាក់ច្រាំងទន្លេនិងរអិលផ្ទះសម្បែងប្រជាពលរដ្ឋរាប់សិបខ្នងចូលក្នុងទឹកទន្លេ កាលពីឆ្នាំ២០០៧និងឆ្នាំ២០០៨កន្លងទៅ ដោយសារការបូមខ្សាច់នោះ៕
No comments:
Post a Comment