តើការផ្សព្វផ្សាយពីសាលាក្តីខ្មែរក្រហមបែបណាដែលធ្វើឲ្យប្រជារាស្រ្តភាគច្រើនជ្រួតជ្រាប?
ដោយ ផាន សូផាត
2009-08-22
ក្រុមមន្រ្តីតុលាការនិងអង្គការក្រៅរដ្ឋាភិបាលបានយល់ស្របគ្នាថា ប្រជារាស្រ្តខ្មែរស្ទើរតែទាំងអស់នៅទូទាំងប្រទេសពិតជាបានជ្រាបអំពីដំណើរការរបស់តុលាការក្នុងការកាត់ទោសពួកមេដឹកនាំខ្មែរក្រហម។
ទិដ្ឋភាពនៅក្នុងសាលសវនាការនៃសាលាក្ដីខ្មែរក្រហម នាថ្ងៃទី២៧ ខែកក្កដា ២០០៩។
លោក រាជ សម្បត្តិ ប្រធានផ្នែកកិច្ចការសាធារណៈនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ឬហៅថា សាលាក្តីខ្មែរក្រហម បានមានប្រសាសន៍ថា ក្នុងសកម្មភាពជាទូទៅការផ្សព្វផ្សាយអំពីដំណើរការរបស់សាលាក្តីខ្មែរក្រហមនេះ គឺមានការចូលរួមពីគ្រប់មជ្ឈដ្ឋានដែលធ្វើឲ្យមានជោគជ័យជាទូទៅ បានន័យថាមានប្រជារាស្រ្តភាគច្រើនលើសលុបបានជ្រាបអំពីបញ្ហានេះ។
លោក រាជ សម្បត្តិ បានមានប្រសាសន៍ថា ការផ្សព្វផ្សាយអំពីសាលាក្តីគឺបានធ្វើព្រមគ្នា គឺទាំងផ្នែកផ្ទាល់និងផ្នែកមិនផ្ទាល់ផងដែរ។
លោកបានមានប្រសាសន៍ទាក់ទងនឹងបញ្ហានៃផ្នែកផ្ទាល់ដែលក្រុមសាលាក្តីបានធ្វើនិងមានការចូលរួមពីមជ្ឈដ្ឋាននានានោះថា ៖ «ទី១ មានន័យថាផ្ទាល់ បានន័យថា ពួកគាត់អាចមកចូលរួមផ្ទាល់នៅនឹងសាលាក្ដីតែម្ដង គឺខាងផ្នែកកិច្ចការសាធារណៈយើងទៅដឹកគាត់មកបើសិនជាពួកគាត់មានគ្នាចាប់ពី៤០នាក់ឡើងទៅ។ ចំណែកមួយទៀតដែលយើងចុះទៅដល់គាត់ហ្នឹង ហ្នឹងគេហៅថា Outreach បានន័យថា ការទៅផ្ដល់ព័ត៌មានដល់ភូមិ ឃុំ ស្រុកហ្នឹង ឥឡូវហ្នឹងគឺយើងផ្អាកមួយរយៈ ដោយសារតែយើងមានកិច្ចការសវនាការ លោក កាំង ហ្កេកអ៊ាវ ហៅ ឌុច កំពុងប្រព្រឹត្តទៅ»។
ទាក់ទងនឹងបញ្ហាការផ្សព្វផ្សាយផ្នែកមិនផ្ទាល់វិញ លោក រាជ សម្បត្តិ បានមានប្រសាសន៍បញ្ជាក់ថា ៖ «មិនផ្ទាល់ហ្នឹង បានន័យថា ពួកគាត់អាចយកព័ត៌មាន តាមរយៈវិទ្យុ គឺយើងឃើញមានវិទ្យុផ្សាយរាល់ថ្ងៃ ដោយរួមទាំងអាស៊ីសេរីផង។ មួយទៀត ពួកគាត់អាចយកព័ត៌មានតាមរយៈ គឺយើងឃើញថា ទូរទស្សន៍ប៉ុន្មានប៉ុស្តិ៍នៅក្នុងប្រទេសកម្ពុជា គាត់មានផ្សាយរឿងតុលាការជាបន្តបន្ទាប់ ហើយក៏មានទូរទស្សន៍ខ្លះកំពុងតែផ្សាយផ្ទាល់ ដូចជាទូរទស្សន៍ស៊ីធីអិន ដែលគាត់ផ្សាយពីការជំនុំជម្រះក្ដី ឌុច ផ្ទាល់អ៊ីចឹង។ ហ្នឹងគឺគាត់អាចមើលតាមរយៈកញ្ចក់ទូរទស្សន៍ ហ្នឹងគេហៅថា ការមកយកព័ត៌មានមិនផ្ទាល់ បានន័យថា គាត់អត់មកដល់ឃើញជាក់ស្ដែងទេ។ ហើយមួយទៀត គាត់អានតាមកាសែត ទស្សនាវដ្ដី ឬក៏កូនសៀវភៅតូចៗដែលយើងចែកជូន ហៅថាការណែនាំបំភ្លឺអំពីតុលាការខ្មែរក្រហមនេះ»។
ប្រធានមជ្ឈមណ្ឌលឯកសារកម្ពុជា គឺលោក ឆាំង យុ បានមានប្រសាសន៍ទទួលស្គាល់ថា ជាទូទៅប្រជារាស្រ្តខ្មែរពិតជាបានជ្រាបថា មានការបង្កើតតុលាការដើម្បីកាត់ទោសពួកមេដឹកនាំខ្មែរក្រហមពិតមែន។
លោក ឆាំង យុ បានឲ្យដឹងថា ៖ «ខ្ញុំថា ជាទូទៅប្រជាជនគាត់ដឹងរឿងតុលាការខ្មែរក្រហម ហើយកិច្ចការទាំងអស់នេះមានទាំងសង្គមស៊ីវិល មានទាំងរាជរដ្ឋាភិបាល មានគ្រប់ៗគ្នា ទាំងសារព័ត៌មាន។ ជាទូទៅខ្ញុំគិតថា ស្រុកយើងគាត់ដឹង»។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោកក៏មិនអាចដឹងថា ការយល់ដឹងអំពីសាលាក្តីនេះសម្រាប់ប្រជាពលរដ្ឋខ្មែរជាទូទៅមានកម្រិតប៉ុណ្ណាឡើយ ៖ «ទម្ងន់និងការយល់ដឹងកម្រិតណានោះ វារឿងមួយផ្សេងទៀត ប៉ុន្តែវាមិនចាំបាច់ទេ ព្រោះប្រជាជនអ្វីដែលគាត់ចង់ដឹង ថាឥឡូវមានតុលាការហើយ កាត់ទោសថ្ងៃណា ហើយនរណាខ្លះជាប់គុក? អ៊ីចឹងរឿងថា យល់អំពីប្រព័ន្ធប្ដឹងឧទ្ធរណ៍ ការជជែកវែកញែកនេះ ខ្ញុំគិតថា មិនគួរជាកត្តាមួយក្នុងការវាយតម្លៃថា តើប្រជាជនហ្នឹងដឹងរឿងតុលាការដែរឬក៏អត់ ព្រោះនេះវាជារឿងច្បាប់»។
តាមប្រសាសន៍របស់លោក ឡាត់ គី មន្រ្តីឃ្លាំមើលសាលាក្តីខ្មែរក្រហមនិងតុលាការឧក្រិដ្ឋកម្មអន្តរជាតិនៃសមាគមសិទ្ធិមនុស្សឈ្មោះ អាដហុក បានឲ្យដឹងថា អង្គការរបស់លោកក៏ជាអ្នកចូលរួមចំណែកដ៏សំខាន់ក្នុងការផ្សព្វផ្សាយអំពីសកម្មភាពរបស់សាលាក្តីនេះដែរ។
លោក ឡាត់ គី បានបញ្ជាក់ថា ៖ «យើងប្រើវិធីសាស្រ្ដមួយ គឺយើងរៀបចំជាវគ្គតាមបណ្ដាស្រុក ហើយនៅតាមបណ្ដាស្រុកហ្នឹង យើងចំណាយពេល៤ម៉ោងនៅក្នុងការផ្ដល់ព័ត៌មានឲ្យគាត់ជាក់លាក់ ព័ត៌មានមូលដ្ឋានជាក់លាក់ អំពីសាលាក្ដីខ្មែរក្រហម ហើយនិងការវិវត្តន៍ ហើយក្រោយមកទៀត យើងឲ្យគាត់សួរឆ្លើយនូវអ្វីដែលគាត់មានសំណួរ ព្រោះម្នាក់ៗដែលចូលរួមហ្នឹងគាត់សុទ្ធតែមានសំណួរនៅក្នុងខ្លួនគាត់ច្រើនណាស់ ម្នាក់ៗបីបួនសំណួរអីអ៊ីចឹង»។
យោងតាមការស្ទង់មតិរបស់វិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិរបស់សហរដ្ឋអាមេរិក ដែលបានចេញផ្សាយកាលពីខែកុម្ភៈ ឆ្នាំ២០០៨ បាននិយាយថា មានប្រជារាស្រ្តខ្មែរប្រមាណ៧១%បានដឹងថា មានមេដឹកនាំខ្មែរក្រហមជាន់ខ្ពស់កំពុងស្ថិតក្រោមការកាត់ក្តីរបស់សាលាក្តីខ្មែរក្រហម។
លោក រាជ សម្បត្តិ បានថ្លែងថា បើប្រៀបធៀបនឹងតួលេខនេះ រហូតមកទល់ពេលនេះប្រជារាស្រ្តទូទៅបានជ្រាបច្រើនហើយ ក្រោយពីមានការបើកសវនាការជនជាប់ចោទជាមេគុកទួលស្លែង ឈ្មោះ កាំង ហ្កេកអ៊ាវ ហៅ ឌុច ចាប់តាំងពីថ្ងៃទី៣០ ខែមីនាកន្លងមកនោះ។
ប្រជាពលរដ្ឋមួយរូបឈ្មោះ ផាន់ នី នៅខេត្តកំពត បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីថា លោកបានអំពីដំណើរការនៃសាលាក្តីនេះ ៖ «តាមរយៈការផ្សព្វផ្សាយតាមវិទ្យុនិងតាមកាសែត ដែលនិយាយពីរឿង កាំង ហ្កេកអ៊ាវ ហៅ ឌុច នោះ»។
រីឯលោក ព្រំ បញ្ញា នៅខេត្តរតនគិរី បានមានប្រសាសន៍តាមទូរស័ព្ទអំពីមធ្យោបាយដែលលោកបានជ្រាបអំពីដំណើរការនៃសាលាក្តីខ្មែរក្រហមនោះថា ៖ «តាមរយៈប៉ុស្តិ៍វិទ្យុតែម្ដង វិទ្យុអាស៊ីសេរីច្បាស់ ព្រោះយើងនៅឯណេះភូមិភាគឦសានវាឆ្ងាយ»។
ទាក់ទងនឹងការផ្សព្វផ្សាយ លោកឧកញ៉ា គិត ម៉េង ម្ចាស់ស្ថានីយទូរទស្សន៍ក្នុងស្រុកស៊ីធីអិន (CTN) ដែលបានធ្វើការផ្សាយបន្តផ្ទាល់ជាប្រចាំអំពីអង្គសវនាការនៃសាលាក្តីខ្មែរក្រហម បានមានប្រសាសន៍ថា ការធ្វើនោះគឺលោកចង់ឲ្យជនរងគ្រោះនិងប្រជារាស្រ្តខ្មែរទាំងអស់បានយល់ជ្រាបអំពីដំណើរការនៃការស្វែងរកយុត្តិធម៌នៅសាលាក្ដីនេះ។
លោកឧកញ៉ា គិត ម៉េង បានបញ្ជាក់ថា ៖ «ប្រជាពលរដ្ឋយើង បើបានទស្សនាការកាត់ក្ដីហ្នឹង ឲ្យឃើញអំពីបញ្ហាទាក់ទិនរបបខ្មែរក្រហម។ អ៊ីចឹងហើយបានយើងសម្រេចចិត្តផ្សាយដើម្បីជួយរាជរដ្ឋាភិបាល និងប្រជាជនយើងឲ្យបានទស្សនាឃើញការកាត់ក្ដីហ្នឹង ឲ្យមានភាពយុត្តិធម៌»។
គួរបញ្ជាក់ថា អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ឬហៅថាសាលាក្តីខ្មែរក្រហម ដែលកំពុងដំណើរការគឺបានរួមសហការរវាងរដ្ឋាភិបាលកម្ពុជានិងអង្គការសហប្រជាជាតិ។
សាលាក្តីនេះបានចាប់ផ្តើមដំណើរការជាផ្លូវការនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០០៦ ហើយមានគម្រោងរហូតដល់ឆ្នាំ២០១១ ដើម្បីកាត់ទោសមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមដែលទទួលខុសត្រូវក្នុងការស្លាប់មនុស្សរាប់លាននាក់ក្រោមការដឹកនាំនៃរបបកម្ពុជាប្រជាធិបតេយ្យពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩នោះ៕
No comments:
Post a Comment