ជប៉ុនរៀបចំធ្វើមហោស្រពសិល្បៈឆ្នាំ២០០៩នៅខែត្រសៀមរាប
ដោយ សាវយុត
2009-08-18
ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា សមាជិកសភា និងមន្ត្រីរដ្ឋាភិបាលខ្មែរ រួមទាំងប្រជាពលរដ្ឋខ្មែរនិងជប៉ុន ប្រមាណជិត៥០០នាក់បានចូលរួមអបអរសាទរមហោស្រពសិល្បៈជប៉ុន ឆ្នាំ២០០៩ ដែលបានប្រារព្ធឡើងនៅឯខេត្តសៀមរាប កាលពីរាត្រីថ្ងៃច័ន្ទ ទី១៦ ខែសីហា ប្រយោជន៍ស្វែងរកការទាក់ទាញអ្នកទេសចរណ៍ជនជាតិជប៉ុនឲ្យមកទស្សនាតំបន់អង្គរថែមទៀត។
ក្រុមទេសចរបរទេស មកទស្សនាប្រាសាទអង្គរវត្ត នៅខែត្រសៀមរាប ។
របាំប្រពៃណីជប៉ុននិងរបាំប្រពៃណីខ្មែរត្រូវបានគេសម្ដែងជូនភ្ញៀវកិត្តិយសនិងប្រជាពលរដ្ឋកម្ពុជាជប៉ុនទស្សនាយ៉ាងគគ្រឹកគគ្រេងក្នុងកម្មវិធីនោះ។
លោកស្រី Matsuda Kazumi ដែលតំណាងឲ្យប្រធានគណៈកម្មការរៀបចំពិធីបុណ្យវប្បធម៌ជប៉ុន បានមានប្រសាសន៍ថា មហោស្រពជប៉ុន ឆ្នាំ២០០៩ គឺជាកម្មវិធីមួយនៅក្នុងកម្មវិធីឆ្នាំផ្លាស់ប្តូរជប៉ុននិងតំបន់ទន្លេមេគង្គដែរ។
លោកស្រី Matsuda Kazumi បានមានប្រសាសន៍ថា ៖ "ខ្ញុំសង្ឃឹមថា ចាប់ពីថ្ងៃនេះតទៅ ទំនាក់ទំនងរវាងប្រជាពលរដ្ឋខ្មែរនិងប្រជាពលរដ្ឋជប៉ុន រវាងអ្នកនយោបាយនិងអ្នកនយោបាយ រវាងវប្បធម៌និងវប្បធម៌ និងរវាងក្រុមហ៊ុនឯកជននិងឯកជន ត្រូវបានរីកចម្រើនថែមទៀតសម្រាប់ពេលអនាគត"។
អភិបាលខេត្តសៀមរាបនៃប្រទេសកម្ពុជា លោក ស៊ូ ភិរិន្ទ បានថ្លែងនៅក្នុងទិវាមហោស្រពនោះថា ព្រឹត្តិការណ៍មួយនេះបានផ្តល់ឱកាសឲ្យប្រជាជនជប៉ុននិងកម្ពុជាបានផ្លាស់ប្តូរចំណេះដឹងទៅវិញទៅមកអំពីវប្បធម៌ អរិយធម៌ នៃប្រទេសទាំងពីរ និងស្តែងចេញនូវមិត្តភាពដ៏រឹងមាំនិងស្និទ្ធស្នាល។
លោកអភិបាលខេត្តសៀមរាបបានមានប្រសាសន៍ចាត់ទុកថា នេះជាដំណើរទស្សនៈនៃគណៈប្រតិភូជប៉ុនតាមរយៈវប្បធម៌ ហើយលោកជឿថា តាមរយៈដំណើរទស្សនកិច្ចវប្បធម៌នេះពិតជាធ្វើឲ្យទំនាក់ទំនងរវាងប្រជាពលរដ្ឋនៃប្រទេសទាំងពីរកាន់តែប្រសើរឡើង និងជំរុញកំណើនភ្ញៀវទេសចរណ៍ជប៉ុនមកកម្ពុជាកាន់តែច្រើនឡើងៗ។
លោក ស៊ូ ភិរិន្ទ បានមានប្រសាសន៍ថា ៖ «សូមឲ្យដំណើរនៃទស្សនកិច្ចសិក្សាផ្លាស់ប្ដូរពិសោធន៍រវាងវប្បធម៌និងអរិយធម៌របស់ប្រជាជនកម្ពុជានិងជប៉ុន ដែលបានស្ដែងនូវភក្ដីភាព មិត្តភាព សហប្រតិបត្តិការ សូមឲ្យឋិតថេរយូរអង្វែរ កម្ពុជា-ជប៉ុន តរៀងទៅ»។
តួលេខទេសចរក្នុងឆ្នាំ២០០៩ បានឲ្យដឹងថា ទេសចរជនជាតិជប៉ុនដែលមកទស្សនាប្រទេសកម្ពុជាបានស្ថិតក្នុងលំដាប់ទី២ នៃទេសចរបរទេសមកពីប្រទេសជាច្រើន។
របាយការណ៍មន្ទីរទេសចរណ៍ខេត្តសៀមរាបបានឲ្យដឹងថា ក្នុងរយៈពេល៦ខែ ឆ្នាំ២០០៩នេះ មានជនជាតិជប៉ុនប្រមាណជាង៥១.៩០០នាក់បានមកទស្សនានៅតំបន់អង្គរ ខេត្តសៀមរាប។ ចំនួនទេសចរនេះបានថយចុះប្រមាណ១៨,៥៦%៕
No comments:
Post a Comment