មឿង សុន អំពាវនាវ​សុំ​ការលើកលែង​ទោស​ពី​ព្រះមហាក្សត្រ

2009-08-18

លោក មឿង សុន ប្រធាន​មូលនិធិ​ទ្រទ្រង់​អរិយធម៌​ខ្មែរ ដែល​ត្រូវ​តុលាការ​ក្រុង​ភ្នំពេញ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​២​ឆ្នាំ​និង​បង់​ប្រាក់​ពិន័យ​ចំនួន​១៥​លាន​រៀល បាន​អំពាវនាវ​នៅ​ថ្ងៃ​អង្គារ ទី​១៨ សីហា សុំ​ឲ្យ​ព្រះ​មហាក្សត្រ​កម្ពុជា​ជួយ​ឲ្យ​លោក​បាន​រួច​ចាក​ទោស​ដើម្បី​បាន​វិល​ចូល​មក​ប្រទេស​កម្ពុជា​វិញ។

RFA Photo

លោក មឿង សុន ប្រធាន​អង្គការ​មូលនិធិ​ទ្រទ្រង់​អរិយ​ធម៌​ខ្មែរ។

លោក មឿង សុន ដែល​បច្ចុប្បន្ន​រស់នៅ​ប្រទេស​បារាំង បាន​មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​ឲ្យ​ដឹង​ថា លោក​ត្រូវ​ចៅក្រម​តុលាការ​ក្រុង​ភ្នំពេញ​កាត់​ទោស​ឲ្យ​ជាប់​គុក​និង​បង់​ប្រាក់ ពីព្រោះ​លោក​ត្រូវ​រដ្ឋាភិបាល​កម្ពុជា​ចាត់​ឲ្យ​មេធាវី​ប្តឹង​ចោទ​ពី​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត​និង​ញុះញង់ ដោយសារ​លោក​បាន​លើក​រឿង​អំពី​ការដាក់​ភ្លើង​តាំង​នៅ​ប្រាសាទ​អង្គរវត្ត កាល​ពី​ចុង​ខែ​ឧសភា​កន្លង​ទៅ។

លោក មឿង សុន បាន​ឲ្យ​ដឹង​ថា ៖ «លិខិត​ដែល​ខ្ញុំ​សរសេរ​ទៅ​ព្រះករុណា ទៅ​សម្ដេច​នាយក សរសេរ​ទៅ​ឯកឧត្ដម សុខ អាន លិខិត​ទាំងអស់​ហ្នឹង​សុទ្ធតែ​ក្នុង​គោល​បំណង​សុំ​អន្តរាគមន៍​និង​សូម​ជួយ​ធ្វើការ​អភ័យ​ទោស​ដែល​យល់​ថា អ្វី​ដែល​ខ្ញុំ​បាន​សរសេរ​និង​ធ្វើ​អធិប្បាយ​ជុំវិញ​ផល​ប៉ះពាល់​ប្រាសាទ​អង្គរវត្ត​ដោយសារ​អំពូល​ភ្លើង ការដាក់​ភ្លើង​មិន​ត្រឹមត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស និង​សុំ​ឲ្យ​រួច​ទោស​ពី​ការចោទ​ប្រកាន់»

លិខិត​របស់​លោក មឿង សុន ដែល​បាន​សុំ​ឲ្យ​ព្រះ​មហាក្សត្រ​កម្ពុជា ព្រះបាទ នរោត្តម សីហមុនី ជួយ​ចំពោះ​រូប​ខ្លួន​នោះ មាន​សេចក្តី​ជា​អាទិ៍​ថា សូម​ព្រះ​មហាក្សត្រ​មាន​ព្រះរាជ​តម្រិះ ប្រោស​ប្រណី ព្រះរាជទាន​ទោស​ដល់​កូន​ចៅ​និង​អន្តរាគមន៍​ដល់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ដើម្បី​ឲ្យ​រូប​ទូល​បង្គំ មឿង សុន បាន​រួច​ចាក​ទោស​និង​បាន​វិល​ត្រឡប់​មក​បម្រើ​ប្រទេស​តាម​ប្រក្រតី​វិញ។

សេចក្តី​លិខិត​នោះ​បាន​សរសេរ​ឲ្យ​ដឹង​ទៀត​ថា ការសរសេរ​លិខិត​របស់​លោក​កន្លង​មក​ជូន​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ទាក់ទង​ជាមួយ​ការដាក់​ភ្លើង​នៅ​ប្រាសាទ​អង្គរវត្ត​នោះ គឺ​គ្រាន់តែ​បាន​សុំ​ឲ្យ​មាន​ការយក​ចិត្ត​ទុក​ដាក់​ចំពោះ​ការដាក់​ភ្លើង​តាំង​និង​គ្មាន​ចេតនា​ប្រឆាំង​រាជ​រដ្ឋាភិបាល​ទេ ហើយ​នោះ​គ្រាន់តែ​ជា​យោបល់​តាម​ន័យ​បច្ចេកទេស​មួយ​តែ​ប៉ុណ្ណោះ។

លោក ប៉ាល់ ច័ន្ទតារា មេធាវី​រដ្ឋាភិបាល​ដែល​ធ្លាប់​បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត​ក្នុង​ស្រុក​ជា​ច្រើន​នាក់​ថា ការដាក់​ពាក្យ​ប្តឹង លោក មឿង សុន កាល​ពី​ថ្ងៃ​ទី​២ មិថុនា​កន្លង​ទៅ ក្រោយ​ពេល​លោក មឿង សុន បាន​ធ្វើ​សន្និសីទ​កាសែត​មួយ​នៅ​ខែត្រ​សៀមរាប​ទាក់ទង​ជាមួយ​ការដាក់​តាំង​អំពូល​តាម​ថែវ​នៅ​ប្រាសាទ​អង្គរវត្ត លោក មឿង សុន បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មុខ​មាត់​រាជ​រដ្ឋាភិបាល​កម្ពុជា និង​ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរណ៍​លែង​ហ៊ាន​មក​ទស្សនា​ប្រាសាទ​អង្គរវត្ត​ខ្មែរ​ទៀត។

លោក សំ សុកគង់ មេធាវី​របស់​លោក មឿង សុន នៅ​កម្ពុជា បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៨ សីហា ថា ក្រោយ​ពី​លោក​បាន​ដាក់​ពាក្យ​ប្តឹង​ទាស់​ចំពោះ​សាលក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​មក លោក​បាន​ទទួល​ដំណឹង​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា តុលាការ​រាជធានី​ភ្នំពេញ​មាន​គម្រោង​លើក​យក​រឿង​ក្តី​របស់​លោក មឿង សុន មក​កាត់​សា​ឡើង​វិញ។

លោក សំ សុកគង់ បាន​បញ្ជាក់​ថា ៖ «រឿង​នេះ​ឥឡូវ​កំពុង​នៅ​តុលាការ ហើយ​តុលាការ​ប្រហែល​ជា​កំពុង​តែ​រៀបចំ... ឧបមា​ករណី​យើង​ប្ដឹង​ទាស់ គេ​ត្រូវ​កាត់​រឿង​ហ្នឹង​ឡើង​វិញ​នៅ​តុលាការ​ដដែល​ហ្នឹង»

No comments: