អ្នក​ភូមិ​៤​នៃ​តំបន់​បឹងកក់​សំណូមពរ​រស់នៅ​កន្លែង​ចាស់​បន្ត​ទៀត

2009-08-17

ប្រជាពលរដ្ឋ​ជិត​១០០​នាក់​តំណាង​ឲ្យ​អ្នក​រស់នៅ​ភូមិ​៤​បាន​នាំ​គ្នា​មក​តវ៉ា​នៅ​សាលា​ក្រុង​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​សីហា ដើម្បី​ទាមទារ​និង​សំណូមពរ​ឲ្យ​សាលា​ក្រុង​ភ្នំពេញ​អនុញ្ញាត​ជា​គោលការណ៍​ឲ្យ​ក្រុមហ៊ុន​ស៊ូកាគូអ៊ីន​អភិវឌ្ឍ​តំបន់​បឹង​កក់ ដោយ​ទុក​ប្រជាពលរដ្ឋ​បន្ត​រស់នៅ​កន្លែង​ចាស់។

RFA/Mom Sophon

ក្រុម​ប្រជាពលរដ្ឋ​នៅ​ភូមិ​៤​នៃ​តំបន់​បឹង​កក់​តវ៉ា​នៅ​មុខ​សាលា​ក្រុង​ភ្នំពេញ នា​ថ្ងៃ​១៧ សីហា ២០០៩។

ក្រុម​ប្រជាពលរដ្ឋ​បាន​ប្រកែក​យ៉ាង​ម៉ឺងម៉ាត់​ក្រោយ​ពេល​ដែល​ទទួល​ដំណឹង​ថា សាលា​ក្រុង​ភ្នំពេញ​មិន​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​បន្ត​រស់នៅ​លើ​កន្លែង​ចាស់​នោះ។

អ្នកស្រី ចាន់ ណារ៉េន បាន​ថ្លែង​ថា ៖ «មិន​ព្រម​ដាច់​ខាត មិន​ព្រម។ វា​លំបាក​ខ្លាំង​ណាស់ លំបាក​មែន​ទែន​តែម្ដង ដាច់​បាយ​ដាច់​ទឹក​ហើយ តែ​ទៅ​ហ្នឹង​ដឹង​តែ​ដាច់​ខ្យល់​ងាប់​មួយៗ​ហើយ អត់​បាយ​អត់​ទឹក​ហើយ។ ពិបាក​កូន​រៀន​សូត្រ ពិបាក​រស់នៅ ពិបាក​ការរកស៊ី ពិបាក​ការធ្វើ​ដំណើរ លំបាក​សព្វ​ទាំង​អស់»

មន្ត្រី​សាលា​ក្រុង​ភ្នំពេញ​មិន​ទាន់​អាច​ទាក់ទង​ដើម្បី​សុំ​ការបំភ្លឺ​បាន​ទេ នៅ​ថ្ងៃ​ទី​១៧ ខែ​សីហា ដោយ​លោក កើត ឆែ និង​លោក ហួត ហៃ នាយ​រង​ខុទ្ទកាល័យ​សាលា​ក្រុង​ភ្នំពេញ ដែល​បាន​ចូលរួម​ប្រជុំ​ជាមួយ​តំណាង​ប្រជាពលរដ្ឋ​នៅ​សាលា​ក្រុង​នោះ​ឆ្លើយ​ថា​ជាប់​ប្រជុំ។

ជាមួយ​គ្នា​នេះ តំណាង​ប្រជាពលរដ្ឋ លោក ប៉ុល ទូរីស បាន​ចូលរួម​ប្រជុំ​ជាមួយ​មន្ត្រី​សាលា​ក្រុង​ភ្នំពេញ​ថ្លែង​បន្ត​ពាក្យ​របស់​មន្ត្រី​សាលា​កុ្រង​ថា សាលា​ក្រុង​ទុក​រយៈពេល​ឲ្យ​មួយ​សប្តាហ៍​ចាប់​ពី​ថ្ងៃ​ទី​១៧ សីហា ឲ្យ​ប្រជាពលរដ្ឋ​រុះរើ​ផ្ទះ​ចេញ​ពី​តំបន់​បឹង​កក់។

លោក ប៉ុល ទូរីស បាន​បញ្ជាក់​ថា ៖ «គេ​នៅតែ​ថា​មិន​មាន​កន្លែង​សម្រាប់​ពួក​ខ្ញុំ​ធ្វើ​បណ្ដោះ​អាសន្ន​នៅ​ក្នុង​ហ្នឹង​ទេ នៅតែ​ដាច់​អហង្ការ​អ៊ីចឹង ហើយ​គេ​កំណត់​រយៈពេល​មួយ​អាទិត្យ គឺ​គេ​នឹង​ប្រើ​វិធានការ​រដ្ឋបាល​ចុះ​រុះរើ​ផ្ទះ​អ្នក​ដែល​មិន​ព្រម​រុះរើ​លំនៅ​ខ្លួន​ឯង។ គេ​ថា បើ​សិន​ជា​ទុក​ពេល​ឲ្យ​អាជ្ញាធរ​ប្រើ​វិធានាការ​រដ្ឋបាល គឺ​ប្រជាពលរដ្ឋ​នឹង​បាន​តែ​ដី​មួយ​ប្លង់​ទេ នៅ​ត្រពាំង​អញ្ចាញ​ហ្នឹង អ៊ីចឹង​គឺ​មិន​បាន​អី​ក្រៅ​ពី​ហ្នឹង​ទេ»

លោក ចាន់ សុវ៉េត មន្ត្រី​ស៊ើប​អង្កេត​សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក ដែល​បាន​ឃ្លាំ​មើល​ដំណើរការនៃ​ការអភិវឌ្ឍ​នៅ​តំបន់​បឹង​កក់​នោះ បាន​ថ្លែង​ឲ្យ​ដឹង​ថា ៖ «បើ​ទោះ​បី​ជា​មិន​ទាន់​បាន​ដេញ​ប្រើប្រាស់​កម្លាំង​ក៏​ដោយ ប៉ុន្តែ​អនុភាព​នៃ​សាលា​ក្រុង​ធ្លាប់​ធ្វើ​កន្លង​ផុត​មក​នេះ​បាន​ញាំញី​នៅ​ក្នុង​ចិត្ត​របស់​ប្រជាពលរដ្ឋ។ អ៊ីចឹង​វា​ជា​ការ​មួយ​ដែល​យើង​គិត​ថា អំពើ​នៃ​ការដេញ​ចេញ​ដោយ​បង្ខំ ហើយ​និង​ការបង្ខិត​បង្ខំ​លើ​ផ្លូវ​ចិត្ត​នេះ គឺ​ជា​ទារុណកម្ម​មួយ​ធ្ងន់ធ្ងរ ដែល​ប្រជាពលរដ្ឋ​នៅ​បឹង​កក់​នេះ​ទទួល​រង​គ្រោះថ្នាក់»

សូម​បញ្ជាក់​ថា តំបន់​បឹង​កក់​ត្រូវ​រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ស៊ូកាគូអ៊ីន វិនិយោគ​រយៈពេល​៩៩​ឆ្នាំ។ បន្ទាប់​ពី​កិច្ច​សន្យា​វិនិយោគ​នោះ អ្នក​ភូមិ​ដែល​រស់នៅ​ប្រហែល​១​ពាន់​គ្រួសារ​ត្រូវ​ប្រឈម​មុខ​ក្នុង​ការបណ្តេញ​ចេញ​ដែល​មក​ដល់​ពេល​នេះ​ការទាមទារ​ឲ្យ​ដោះស្រាយ​សំណង​កំពុង​ជួប​នូវ​ភាព​ចម្រូង​ចម្រាស៕

No comments: