ពលរដ្ឋនៅបឹងកក់មួយចំនួនបង្ខំចិត្តទទួលសំណងក្នុងការចាកចេញ
ដោយ សោភ័ណ
2009-08-17
ប្រជាពលរដ្ឋរស់នៅតំបន់បឹងកក់នៅក្នុងភូមិ២ និងភូមិ៤ បានអះអាងថា ពួកគាត់បង្ខំចិត្តទទួលយកសំណងក្នុងការចាកចេញ ក្រោយពីការដាក់បញ្ជាយ៉ាងកំហិតរបស់អាជ្ញាធរក្រុង ក្នុងការរុះរើលំនៅរបស់ពួកគាត់ នាថ្ងៃទី ១៧ សីហា នេះ។
ពលរដ្ឋនៅតំបន់បឹងកក់កំពុងរុះរើលំនៅដោយខ្លួនឯង នាថ្ងៃទី ១៦ សីហា ២០០៩។
លោក ហ៊ុន គឹមហាង រស់នៅក្នុងភូមិ៤ ដែលកំពុងរុះរើផ្ទះនៅថ្ងៃទី ១៦ សីហា បានលើកឡើងថា លោកបានបង្ខំចិត្តចាកចេញពីភូមិដែលរស់នៅតាំងពីឆ្នាំ ១៩៨៨ មកនោះ ដោយទទួលយកសំណងជាលុយ។
លោក ហ៊ុន គឹមហាង បានឲ្យដឹងដូច្នេះ ៖ «គេថារុះរើក្នុងរយៈពេលប្រហែលជា ៧ថ្ងៃ និយាយរួមមុនថ្ងៃទី ១៧ ឲ្យហើយ។ ដល់ពេលអ៊ីចឹងខ្ញុំក៏រុះរើទៅ។ ចំពោះសោកស្ដាយ គឺសោកស្ដាយណាស់ ប៉ុន្តែបង្ខំចិត្ត ដល់ពេលកៀកថ្ងៃអ៊ីចឹងហើយខ្លាចគេឈូសចោល»។
ស្ត្រីមេផ្ទះម្នាក់ទៀតឈ្មោះ សូ សិលា រស់នៅក្នុងភូមិ៤ ដែលកំពុងរុះរើផ្ទះដែរនោះ បានសំដែងការភ័យខ្លាចបន្ថែម ៖ «គេថាអ៊ីចឹង ម្នាក់ៗភ័យ ខ្លាចអត់បានលុយ គេមកឈូសឆាយ។ គេថារយៈពេល ៧ថ្ងៃហ្នឹងត្រូវតែរុះរើ។ ទាំងគេទាំងខ្ញុំត្រូវតែទៅ»។
ស្រ្តីមេផ្ទះម្នាក់ឈ្មោះ ចន សុផា រស់នៅផ្ទះជួលក្នុងភូមិ២ បានរៀបរាប់ថា អ្នកស្រីជាស្ត្រីមេម៉ាយ មានកូន ៣នាក់ក្នុងបន្ទុក បានជួលផ្ទះនេះរស់នៅរយៈពេល ៥ឆ្នាំមកហើយ ដោយតម្លៃ ៣ម៉ឺនរៀលក្នុង១ខែ ប៉ុន្តែចាប់ពីថ្ងៃនេះតទៅ អ្នកស្រីនឹងត្រូវដេកតាមចិញ្ចើមថ្នល់ ព្រោះពុំមានលុយទៅជួលផ្ទះនៅកន្លែងផ្សេងឡើយ។
អ្នកស្រីបន្តថា ៖ «គេដេញមិនឲ្យនៅតាមហ្នឹង យើងទៅនៅតាមផ្លូវអីអ៊ីចឹងទៅ បើគេរុះផ្ទះអស់ហើយ»។
សេចក្តីជូនដំណឹងចុះថ្ងៃទី ១០ សីហា របស់អភិបាលខណ្ឌដូនពេញ ដែលវិទ្យុអាស៊ីសេរី ទទួលបានបញ្ជាក់ថា សាលាខណ្ឌដូនពេញ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ដែលកំពុងរស់នៅបណ្តោះអាសន្ននៅក្នុងភូមិ២ និងភូមិ៤ តំបន់អភិវឌ្ឍន៍បឹងកក់ ឲ្យជ្រាបថា តំបន់បឹងកក់ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ធ្វើការវិនិយោគឲ្យក្លាយទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មទំនើប។ សូមប្រជាពលរដ្ឋអញ្ជើញរួសរាន់មកទទួលយកគោលនយោបាយរបស់រដ្ឋាភិបាល ដែលមានទាំងបីចំណុច។ ដើម្បីប្រគល់ទីតាំងជូនរាជរដ្ឋាភិបាល និងសាលារាជធានីភ្នំពេញ ធ្វើការអភិវឌ្ឍជាបន្ទាន់ក្នុងរយៈពេល ០៧ថ្ងៃ គិតចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។
ក្នុងករណីប្រជាពលរដ្ឋនៅតែរឹងរូសមិនព្រមមកទទួលយកគោលនយោបាយខាងលើនេះទេ នោះសាលាខណ្ឌដូនពេញ នឹងមានវិធានការចុះរុះរើដោយមិនទទួលខុសត្រូវរាល់ការខូចខាត ឬបាត់បង់សម្ភារៈ និងទ្រព្យសម្បត្តិបងប្អូនឡើយ។
ប្រធានភូមិ៤ លោក នេត សារឿន បានឲ្យដឹងថា ប្រជាពលរដ្ឋនៅក្នុងភូមិរបស់លោកជាង ៨០គ្រួសារហើយ បានយល់ព្រមយកគោលនយោបាយរបស់រដ្ឋាភិបាល នៅសល់ ៥២គ្រួសារទៀតមិនទាន់យល់ព្រម។
លោកបន្តថា ៖ «រឿងហ្នឹងគ្រាន់តែឮទេ (ចុះរុះរើ) មិនដឹងច្បាស់ដែរទេ ប៉ុន្តែគ្រាន់តែថា ការនិយាយ គឺនិយាយមែន តែការអនុវត្តមិនទាន់បានដឹងច្បាស់ទេ»។
ពាក់ព័ន្ធនឹងសេចក្តីជូនដំណឹងខាងលើនេះ ត្រូវតំណាងរាស្ត្រមណ្ឌលភ្នំពេញ លោក សុន ឆ័យ បានរិៈគន់ថា សេចក្តីជូនដំណឹងរបស់អភិបាលខណ្ឌដូនពេញ នោះ គឺខុសច្បាប់ភូមិបាល ដោយនៅក្នុងច្បាប់ភូមិបាល ការរុះរើផ្ទះរបស់ប្រជាពលរដ្ឋមានតែសាលារាធានីភ្នំពេញ ទេ ដែលមានសិទ្ធិ។
លោកបន្តថា ៖ «សូមជម្រាបថា មានការចាត់ការពីមន្រ្តីមូលដ្ឋានខ្លះៗហើយ ដឹងថាមានក្រុមប្រឹក្សាខណ្ឌដូនពេញ គាត់មកពីគណបក្សសមរង្ស៊ី ហ្នឹង គាត់នឹងរៀបចំលិខិតមួយបដិសេធសេចក្ដីជូនដំណឹងរបស់សាលាខណ្ឌហ្នឹង។ សាលាខណ្ឌមិនមានសិទ្ធិចេញសេចក្ដីជូនដំណឹងទៅរើផ្ទះអ្នកស្រុកបែបហ្នឹងទេ។ ហើយយើងក៏ដឹងដែរថា ក្រុមប្រឹក្សារាជធានីភ្នំពេញ ក៏ជំរុញឲ្យមានការលើកឡើងក្នុងកិច្ចប្រជុំ ដែលគេនឹងប្រព្រឹត្តទៅនៅថ្ងៃអង្គារ ទី១៨ ខែសីហា នេះ ដើម្បីសួរនាំទៅអភិបាលរាជធានី ភ្នំពេញ ហ្នឹង ថាហេតុដូចម្ដេចបានជាហ៊ានផ្ដល់សិទ្ធិឲ្យទៅសាលាខណ្ឌ ចេញលិខិតរុះរើខុសពីគោលការណ៍ច្បាប់? ពីព្រោះនៅក្នុងច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត/ក្រុង ស្រុក/ខណ្ឌហ្នឹង គឺគេមានចែងច្បាស់លាស់ណាស់នៅក្នុងមាត្រា ១៥៧ និង ១៥៨ មានតែក្រុមប្រឹក្សារាជធានីទេ ដែលមានសិទ្ធិសម្រេចទៅលើគោលការណ៍ ហើយខាងគណៈអភិបាលរាជធានីនោះ គ្រាន់តែអនុវត្តទេ»។
មន្ត្រីអង្គការក្រុមការងារពិសេសសិទ្ធិមានលំនៅដ្ឋាន កញ្ញា រចនា បានលើកឡើងថា សេចក្តីជូនដំណឹងរបស់អភិបាលខណ្ឌដូនពេញ នេះ គឺជាការបង្ខិតបង្ខំរបស់អាជ្ញាធរលើប្រជាពលរដ្ឋឲ្យពួកគាត់ចាកចេញដោយបង្ខំចិត្ត។
កញ្ញា រចនា បានលើកឡើងដូច្នេះ ៖ «យ៉ាងហោចណាស់ក៏មានប្រជាជនពី ៤០ ទៅ ៥០% ដែរ បន្ទាប់ពីបានឃើញលិខិតជូនដំណឹងហ្នឹង គឺគាត់បង្ខំចិត្តទទួលយកគោលនយោបាយហ្នឹងឯង»។
អ្នកស្រី អ៊ិន សាថន ចៅសង្កាត់រងនៃសង្កាត់ស្រះចក សូមឆ្លើយបំភ្លឺរឿងរ៉ាវខាងលើនេះ នៅថ្ងៃទី ១៩ សីហា ឆ្នាំ២០០៩។
មន្ត្រីសាលារាជធានីភ្នំពេញ ដែលសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា នៅថ្ងៃទី ១៧ សីហា ២០០៩ សាលារាជធានីភ្នំពេញ ឲ្យប្រជាពលរដ្ឋដែលទទួលយកគោលនយោបាយអភិវឌ្ឍន៍នៅនឹងកន្លែងទៅជួបដើម្បីដោះស្រាយ។
សូមជម្រាបដែរថា ឯកសាររដ្ឋាភិបាលកម្ពុជា បានជួលបឹងកក់ឲ្យទៅក្រុមហ៊ុនឯកជនមួយឈ្មោះស៊ូកាគូ ក្នុងតម្លៃជាង ៧៩លានដុល្លារសហរដ្ឋអាមេរិក សម្រាប់រយៈពេលដំបូង ៩៩ឆ្នាំ។ ថ្លៃឈ្នួលនេះបានអនុញ្ញាតឲ្យប្រើប្រាស់ក្នុងការដោះស្រាយគោលនយោបាយជូនប្រជាពលរដ្ឋប្រមាណ៤.២៥២គ្រួសារ ហើយភាគីក្រុមហ៊ុននឹងទទួលបានទីតាំងបឹងកក់ចំនួន ១៣៣ហិកតារមកគ្រប់គ្រង គឺបន្ទាប់ពីភាគីសាលាក្រុងបានដោះស្រាយបញ្ហាដីរួចទាំងស្រុង។
ការអនុញ្ញាតនេះត្រូវបានក្រុមសិទ្ធិមនុស្សសំដែងថាបានរំលោភលើច្បាប់ភូមិបាលឆ្នាំ ២០០១ ដែលថា ការប្រគល់បឹងដែលជាកម្មសិទ្ធិរបស់រដ្ឋទៅឲ្យឯកជន គឺមិនត្រូវហួសពី ១៥ឆ្នាំឡើយ៕
No comments:
Post a Comment