មន្ត្រី​ខ្មែរ​ប្រតិកម្ម​នឹង​ការបង្កើត​មូលដ្ឋាន​ទ័ព​ជើងទឹក​របស់​ថៃ

2009-08-17

មន្ត្រី​ជាន់​ខ្ពស់​ខ្មែរ​មួយ​រូប​បាន​ថ្លែង​នៅ​ថ្ងៃ​ច័ន្ទ ទី​១៨ សីហា ដោយ​ចាត់ទុក​ថា ទង្វើ​របស់​ថៃ​ក្នុង​ការបង្កើត​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​នៅ​ឯ​កោះ​គត់ នៃ​ខេត្ត​ត្រាត​របស់​ថៃ​នោះ គឺ​ជា​ការរំលោភ​លើ​អនុស្សរណៈ​យោគយល់​គ្នា​រវាង​កម្ពុជា​និង​ថៃ ឆ្នាំ​២០០០ ហើយ​ថា​ក៏​ជា​ការគំរាម​កំហែង​សន្តិសុខ​កម្ពុជា​ផងដែរ។

នាវា
នាវា​ល្បាត​របស់​កម្ពុជា​ដែល​ជា​ជំនួយ​របស់​ប្រទេស​ចិន។ RFA File/Ouk Savborey

រដ្ឋលេខាធិការ​ទីស្តីការ​គណៈរដ្ឋមន្ត្រី គឺ​លោក ផៃ ស៊ីផាន បាន​ថ្លែង​យ៉ាង​ដូច្នេះ​គឺ​នៅ​បន្ទាប់​ពី​មាន​សេចក្តី​រាយការណ៍​ថា នាវា​ចម្បាំង​នៃ​កង​ទាហាន​ជើង​ទឹក​ថៃ​ត្រូវ​បាន​បញ្ជា​ឲ្យ​ចេញ​ល្បាត​នៅ​ក្នុង​តំបន់​ដែន​សមុទ្រ​ត្រួត​ស៊ី​គ្នា​ដើម្បី​ប្រឆាំង​សកម្មភាព​នានា​របស់​កម្ពុជា។

លោក ផៃ ស៊ីផាន បាន​មាន​ប្រសាសន៍​ថា ៖ «ដូច្នេះ​ការបង្ហាញ​នូវ​ការគំរាម​កំហែង​ខាង​ផ្នែក​កងទ័ព​ហ្នឹង មក​ប៉ះពាល់​ដល់​ទៅ​សន្តិសុខ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ ហើយ​បញ្ហា​ទី​២ ការប្រើប្រាស់​ទ័ព​ក្នុង​បំណង​និយាយ​ដោះស្រាយ​ព្រំដែន ឬ​កិច្ច​ការពារ​ផ្ទៃ​ទឹក​ក្នុង​ឈូង​សមុទ្រ​កម្ពុជា​ថៃ​នោះ គឺ​មិន​មែន​សមស្រប​ពី​អ្វី​ដែល​យើង​បាន​ចុះ​ហត្ថលេខា​យោគយល់​គ្នា​ពី​ឆ្នាំ​២០០០ ឬ​ភាសា​អង់គ្លេស​ថា MOU នោះ»

មន្ត្រី​ស្ថានទូត​ថៃ​ប្រចាំ​នៅ​កម្ពុជា​មិន​អាច​ទាក់ទង​បាន​ដើម្បី​បញ្ជាក់​ឲ្យ​ដឹង​ថា មាន​កប៉ាល់​ចម្បាំង​ថៃ​ប៉ុន្មាន​គ្រឿង និង​កង​ទាហាន​ជើង​ទឹក​ថៃ​ប៉ុន្មាន​នាក់​ដែល​កំពុង​ប្រតិបត្តិការ​នៅ​ឯ​កោះ​គត់​នៃ​ឈូង​សមុទ្រ​ថៃ ដែល​ស្ថិត​នៅ​ជិត​ដែន​សមុទ្រ​កម្ពុជា​នោះ​ទេ។

ទាហាន​ថៃ​ម្នាក់​ដែល​ត្រូវ​កាសែត​បាងកក​ប៉ុស្តិ៍​របស់​ថៃ​ដក​ស្រង់​សម្តី​ដោយ​មិន​បញ្ចេញ​ឈ្មោះ​បាន​ថ្លែង​ថា ការបញ្ជូន​នាវា​ចម្បាំង​និង​ការចេញ​ល្បាត​របស់​កង​នាវិក​ថៃ​គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​កម្ពុជា​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ប្រេង​តូតាល់​របស់​ប្រទេស​បារាំង​រុករក​ប្រេង​នៅ​តំបន់​ដែល​ថៃ​ចាត់ទុក​ថា​ជា​តំបន់​ព្រំដែន​សមុទ្រ​ត្រួត​ស៊ី​គ្នា។

មន្ត្រី​ថៃ​ដដែល​ក៏​ចាត់ទុក​ទៀត​ថា កិច្ច​ព្រមព្រៀង​របស់​កម្ពុជា​ឲ្យ​ក្រុមហ៊ុន​បារាំង​រាវ​រក​ប្រេង​នៅ​ទី​នោះ​គឺ​ជា​ហេតុ​ផល​នយោបាយ ដោយ​សំអាង​ថា កម្ពុជា​ចង់​ឲ្យ​បារាំង​ជួយ​ដោះស្រាយ​ជម្លោះ​ព្រំដែន​ទឹក​ជាមួយ​ថៃ។

មន្ត្រី​ថៃ​ដដែល​ក៏​រំឭក​ដែរ​ថា កាល​ពី​អតីតកាល​ប្រទេស​បារាំង​ក៏​ធ្លាប់​ជួយ​កម្ពុជា​ឲ្យ​ឈ្នះ​ថៃ​ក្នុង​រឿង​ក្តី​ប្រាសាទ​ព្រះវិហារ​នៅ​តុលាការ​អន្តរជាតិ​ក្រុង​ឡាអេ នា​ឆ្នាំ​១៩៦២​នោះ​ដែរ។

ក៏​ប៉ុន្តែ លោក ផៃ ស៊ីផាន ថ្លែង​ថា កិច្ច​ព្រមព្រៀង​របស់​កម្ពុជា​ជាមួយ​ក្រុមហ៊ុន​ប្រេង​នៃ​ប្រទេស​បារាំង​គឺ​ដើម្បី​ប្រយោជន៍​សេដ្ឋកិច្ច​នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា​ថៃ។

លោក ផៃ ស៊ីផាន បាន​បញ្ជាក់​ថា ៖ «ហើយ​កម្ពុជា គឺ​គោរព​ណាស់​នូវ​អ្វី​ដែល​ជា​ការមិត្ត​ជិតខាង​គ្នា ភូមិ​ផង​របង​ជាមួយ​គ្នា ហើយ​គោរព​ណាស់​នូវ​អ្វី​ដែល​ជា​ច្បាប់​អន្តរជាតិ»

លោក ផៃ ស៊ីផាន ថ្លែង​គូស​បញ្ជាក់​ទៀត​ថា កម្ពុជា​នឹង​ធ្វើ​កំណត់​ទូត​ជូន​ទៅ​ភាគី​ថៃ​ចំពោះ​សកម្មភាព​ដែល​ថៃ​ពង្រាយ​កងទ័ព​និង​នាវា​ចម្បាំង​នៅ​តំបន់​ដែន​សមុទ្រ​ត្រួត​ស៊ី​គ្នា​នោះ។

មក​ដល់​ពេល​នេះ គេ​មិន​ទាន់​ដឹង​នៅ​ឡើយ​ថា ការពង្រាយ​កង​នាវា​របស់​ថៃ​នៅ​តំបន់​ដែន​សមុទ្រ​អាច​រារាំង​ដល់​ការវិនិយោគ​ប្រេង​រវាង​បារាំង​និង​កម្ពុជា​យ៉ាង​ណា​នោះ​នៅ​ឡើយ​ទេ៕

No comments: