តុលាការ​បាត់ដំបង​ឃុំ​ខ្លួន​ស្ត្រី​ម្នាក់​ពី​បទ​សង្ស័យ​ថា​នាំ​ក្មេង​២​នាក់​ទៅ​លក់​នៅ​ថៃ

2009-08-12

ក្រុម​ប៉ូលិស​បាន​ចាប់​ស្ត្រី​មាន​ផ្ទៃ​ពោះ​៥​ខែ​ម្នាក់ ប្រគល់​ឲ្យ​តុលាការ​ខេត្ត​បាត់ដំបង​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន បន្ទាប់​ពី​ស្រ្តី​រូប​នោះ​រង​ការ​ចោទ​ថា បាន​នាំ​យក​ក្មេង​ប្រុស​ក្មេង​ស្រី​ពីរ​នាក់ ទៅ​អំពាវនាវ​លក់​ក្នុង​តំលៃ​ប្រាក់​១​ម៉ឺន​បាត​នៅ​ផ្សារ​មួយ​ក្នុង​ទឹក​ដី​ថៃ។

RFA Photo/Sophalmony

រូប​សំណាក​តា​ដំបង​គ្រញូង​នៅ​ក្នុង​ទីរួម​ខែត្រ​បាត់ដំបង។

ប្រធាន​ប៉ុស្តិ៍​នគរបាល​ច្រក​អូរ​រំដួល នៅ​ស្រុក​ភ្នំព្រឹក ខេត្ត​បាត់ដំបង លោក មួយ លាងសេង បាន​មាន​ប្រសាសន៍​ថា ស្រ្តី​មាន​ផ្ទៃ​៥​ខែ មក​ពី​ស្រុក​ត្រាំកក់​ខេត្ត​តាកែវ ត្រូវ​បាន​ក្រុម​ប៉ូលិស​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​២០០៩ ដោយ​ចោទ​ពី​បទ​ជួញដូរ​មនុស្ស។

លោក​បន្ត​ថា ស្រ្តី​ឈ្មោះ សេង អូន អាយុ ៣០​ឆ្នាំ ខាង​លើ​នេះ បាន​លួច​យក​កូន​ស្រី​អ្នក​ស្រុក​កំរៀង​ម្នាក់ អាយុ ៤​ឆ្នាំ និង​កូន​ប្រុស​ផ្ទាល់​ខ្លួន​ម្នាក់ អាយុ ៣​ឆ្នាំ ទៅ​អំពាវនាវ​លក់​ឲ្យ​ប្រជាជន​ថៃ​នៅ​ផ្សារ​សុខ​សាលី ក្នុង​ទឹក​ដី​ថៃ ទល់​មុខ​ច្រក​អូរ​រំដួល ស្រុក​ភ្នំ​ព្រឹក ខេត្ត​បាត់ដំបង។

លោក មួយ លាង​សេង មាន​ប្រសាសន៍​ដូច្នេះ ៖ «យើង​ទទួល​ដំណឹង​ពី​ថៃ​មក​វិញ ថា​មាន​គេ​យក​ក្មេង​ទៅ​លក់ អ៊ីចឹង​យើង​ទៅ​ឃាត់​ខ្លួន​គាត់​មក។ ក្មេង​ហ្នឹង​តែ​មួយ​ទេ កូន​វា​១។ ក្មេង​ស្រី​អាយុ​៤​ឆ្នាំ កូន​អាយុ​៣​ឆ្នាំ កូន​ប្រុស ហើយ​មាន​ផ្ទៃ​ពោះ ៥​ខែ​ទៀត។ យក​លក់​នៅ​ថៃ​ហ្នឹង​តែ​ម្ដង»

អធិការ​នគរបាល​ស្រុក​កំរៀង លោក ឈឹម គឹម​ហុង បាន​ថ្លែង​ថា ក្រោយ​ពី​នគរបាល​ស្រុក​ភ្នំ​ព្រឹក បញ្ជូន​ជន​សង្ស័យ​មក នគរបាល​ស្រុក​កំរៀង ស្រ្តី​ជា​ជន​សង្ស័យ​នោះ បាន​ឆ្លើយ​ថា មូលហេតុ​ដែល​យក​ក្មេង​ទាំង​ពីរ​ទៅ​អំពាវនាវ​លក់​ឲ្យ​ថៃ គឺ​ដោយសារ​ខ្លួន​ក្រីក្រ​អត់​លុយ។

លោក ឈឹម គឹម​ហុង មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «គាត់​យក​ក្មេង​ពី​ឃុំ​អូរ​ដា​លើ ឃុំ​បឹង​រាំង យក​ទៅ​ស្រុក​ភ្នំ​ព្រឹក ដើរ​អំពាវនាវ​លក់​កូន ដោយសារ​គាត់​អត់​មាន​លុយ តែ​កូន​គេ​ទេ ទៅ​ឆបោក​អ៊ីចឹង ហើយ​ដល់​ខាង​ម្តាយ​ខាង​ជន​រង​គ្រោះ គ្នា​រវល់​លក់​នំ​នៅ​ស្រុក​ខ្ញុំ​នេះ»

នាយ​ប៉ុស្តិ៍​នគរបាល​ឃុំ​បឹងរាំង លោក សេន សុផាន បាន​ថ្លែង​ថា ក្មេង​ស្រី​រង​គ្រោះ​ដែល​ត្រូវ​បាន​ជន​សង្ស័យ​លួច​យក​ទៅ​លក់​នោះ អាយុ ៤​ឆ្នាំ រស់​នៅ​ភូមិ​អូរ​ដា​លើ ឃុំ​បឹង​រាំង ស្រុក​កំរៀង ខេត្ត​បាត់ដំបង ត្រូវ​បាន​ប៉ូលិស​ប្រគល់​ឲ្យ​លោកស្រី យ៉ាំ ចាន់ ជា​ម្តាយ​វិញ។ ចំណែក​ស្ត្រី​ជា​ជន​សង្ស័យ​និង​កូន​ប្រុស អាយុ​បី​ឆ្នាំ ត្រូវ​បាន​ប៉ូលិស​កសាង​សំណុំ​រឿង​បញ្ជូន​ឲ្យ​តុលាការ​ចាត់ការ​តាម​ផ្លូវ​ច្បាប់។

ព្រះ​រាជ​អាជ្ញា​តុលាការ​ខេត្ត​បាត់ដំបង លោក ស យស​ថាវរៈ បាន​ថ្លែង​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១១ ខែ​សីហា ថា ស្រ្តី​ជា​ម្តាយ​និង​កូន ត្រូវ​តុលាការ​សម្រច​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន ៖ «ខ្ញុំ​អត់​ដឹង​ថា គេ​ចោទ​ពី​បទ​អី​ទេ លោក​ព្រះ​រាជ​អាជ្ញា​រង​គាត់​កាន់ ប៉ុន្តែ​យក​ទៅ​ឃុំ​បាត់​ហើយ»

មន្ត្រី​ស៊ើប​អង្កេត​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក ដែល​មាន​មូលដ្ឋាន​នៅ​ខេត្ត​បាត់ដំបង លោក យិន ម៉េងលី បាន​ថ្លែង​ថា ផ្អែក​តាម​ច្បាប់​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ ដែល​រដ្ឋ​សភា​បាន​អនុម័ត​កាល​ពី​ឆ្នាំ​២០០៨ ជន​ល្មើស​ត្រូវ​តែ​ទទួល​ទោស។

លោក​បន្ត​ថា ប្រសិន​បើ​ករណី​អនីតិជន​ខាង​លើ​នេះ តាម​ផ្លូវ​ច្បាប់ ជន​សង្ស័យ​អាច​ត្រូវ​តុលាការ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​រយៈពេល​ពី ១៥​ឆ្នាំ ទៅ ២០​ឆ្នាំ៕

No comments: