បញ្ហា​ពលរដ្ឋ​ខ្មែរ​ធ្វើ​ចំណាក​ស្រុក​ទៅ​រក​ការងារ​ធ្វើ​នៅ​ក្រៅ​ប្រទេស

2009-08-12

បញ្ហា​ខ្វះ​ការងារ​ធ្វើ​នៅ​ប្រទេស​កម្ពុជា បាន​ញុំាង​ឲ្យ​ប្រជាពលរដ្ឋ​សម្រេច​ចិត្ត​ចំណាក​ស្រុក​ជា​បន្ត​បន្ទាប់​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ទៅ​កាន់​ប្រទេស ម៉ាឡេស៊ី ថៃ ជប៉ុន និង កូរ៉េ។

RFA/Zakariya

ពលករ​ខ្មែរ​កំពុង​ចុះ​ឈ្មោះ​សុំ​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស​នៅ​ការិយាល័យ​ក្រុមហ៊ុន​មួយ​នា​ទីក្រុង​ភ្នំពេញ រូបថត ខែ​កុម្ភៈ ២០០៩។

ក្នុង​ចំណោម​អ្នក​ចំណាក​ស្រុក​ទំាង​នោះ គេ​សង្កេត​ឃើញ​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​បាន​ទៅ​ធ្វើ​ការ​ស្រប​ច្បាប់ និង​មិន​ស្រប​ច្បាប់​នៅ​ក្រៅ​ប្រទេស​នោះ។

ពលករ​មួយ​រូប​ឈ្មោះ នៅ សុខនឿន នៅ​ភូមិ​ព្រែក​ប្រសព្វ ខេត្រ​ក្រចេះ មាន​ប្រសាសន៍​ថា អ្នកស្រី​ធ្លាប់​បាន​ទៅ​ធ្វើ​ការ​នៅ​តាម​ផ្ទះ​ក្នុង​ប្រទេស​ម៉ាឡេស៊ី ចំនួន​ពីរ​ឆ្នាំ​មក​ហើយ ដោយ​មាន​ប្រាក់​ខែ​សរុប និង​ប្រាក់​លើក​ទឹក​ចិត្ត​ពី​ម្ចាស់​ផ្ទះ​បាន​ជាង ៣​ពាន់​ដុល្លារ។ ប៉ុន្តែ​ក្រោយ​ពី​ពេល​ត្រឡប់​ពី​ប្រទេស​ម៉ាឡេស៊ី មក​នៅ​ភូមិ​កំណើត ពឹង​លើ​របរ​កសិកម្ម ឬ​ធ្វើ​ការ​រោងចក្រ​នោះ គឺ​មិន​អាច​ផ្គត់ផ្គង់​គ្រួសារ​បាន​ទេ ដូច្នេះ​អ្នកស្រី​សម្រេច​ចិត្ត​ទៅ​ធ្វើ​ការ​នៅ​ម៉ាឡេស៊ី ទៀត តាម​រយៈ​ក្រុមហ៊ុន OSM Group។

ពលករ នៅ សុខនឿន ឲ្យ​ដឹង​ដូច្នេះ ៖ «នៅ​ទីនេះ​មាន​ការងារ​ធ្វើ​តែ​ចាយ​អត់​គ្រាន់ បាន​ប្រាក់​ខែ​បន្តិច​បន្តួច ធ្វើ​ការ​រោងចក្រ​ចាយ​អត់​គ្រប់»

ក្នុង​ឯក​សណ្ឋាន​ពណ៌​ខ្មៅ នៅ​ក្នុង​មជ្ឈមណ្ឌល​អប់រំ​ភាសា​បរទេស និង​បញ្ជួន​ពលករ​ទៅ​ក្រៅ​ប្រទេស អ្នកស្រី ស៊ាង សុណា មក​ពី​ខែត្រ​កំពត មាន​ប្រសាសន៍​ទំាង​ទឹក​មុខ​ស្រពោន​ថា គ្មាន​អ្នក​ណា​ម្នាក់​ចង់​ឃា្លត​ឆ្ងាយ​ពី​ក្រុម​គ្រួសារ​នោះ​ទេ ប៉ុន្តែ​ដោយ​គ្មាន​ការងារ​ធ្វើ​នៅ​ស្រុក​កំណើត ហើយ​រក​ការងារ​ធ្វើ​នៅ​តាម​រោងចក្រ​នៅ​ភ្នំពេញ មិន​បាន​ទៀត​នោះ គួប​ផ្សំ​នឹង​ជីវភាព​ខ្វះខាត អ្នកស្រី​ត្រូវ​បង្ខំ​ចិត្ត​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស ដើម្បី​យក​ប្រាក់​ខែ​ផ្ញើ​ឲ្យ​កូន​រៀន។

អ្នកស្រី ស៊ាង សុណា មាន​ប្រសាសន៍​ដូច្នេះ ៖ «នៅ​ស្រុក​ខ្មែរ​រាល់​ថ្ងៃ​មាន​ការ​លំបាក ព្រោះ​រោងចក្រ​បិទ​ច្រើន ស្រ្តី​ខ្មែរ​អត់​មាន​ការងារ​ធ្វើ ម្ល៉ោះ​ហើយ​ចេញ​ទៅ​ធ្វើការ​នៅ​ប្រទេស​ក្រៅ។ សូម​ឲ្យ​រដ្ឋាភិបាល​ជួយ​រក​ការងារ​ធ្វើ ដើម្បី​កាត់​បន្ថយ​នូវ​ជីវភាព​ក្រីក្រ»

កញ្ញា ឯក សុខណាង មាន​អាយុ ២០​ឆ្នាំ នៅ​ភូមិ​ព្រៃ​តាហូ ស្រុក​ស្ទឹងសែន ខែត្រ​កំពង់ធំ បាន​ឲ្យ​ដឹង​ថា កញ្ញា​មក​រៀន​ភាសា​អង់គ្លេស​នៅ​ភ្នំពេញ គឺ​ក្នុង​គោល​បំណង​ទៅ​រក​ការងារ​ធ្វើ​ក្រៅ​ប្រទេស។ កញ្ញា​បាន​ឲ្យ​ដឹង​ទៀត​ថា ដោយសារ​រស់​នៅ​ក្នុង​គ្រួសារ​ក្រីក្រ​មិន​មាន​លទ្ធភាព​រៀន​បាន​ច្រើន គឺ​កញ្ញ​បាន​ឈប់​រៀន​តាំង​ពី​ឆ្នាំ ២០០៥ ត្រឹម​ថ្នាក់​ទី​៧ តែ​ប៉ុណ្ណោះ។ សុខណា បាន​ដក​ដង្ហើម​ធំ​ទាំង​នឹក​ស្តាយ​ការ​សិក្សា​ដែល​ខ្លួន​ចង់​រៀន​បាន​ខ្ពង់ខ្ពស់​ដូច​មិត្ត​ភក្ដិ​ដែរ តែ​ឪពុក​ម្តាយ​គ្មាន​លទ្ធភាព​ឲ្យ​សិក្សា​បន្ត។

កញ្ញា ឯក សុខណាង បាន​ឲ្យ​ដឹង​ថា ៖ «ចង់​ទៅ​ធ្វើការ​ទី​នោះ ព្រោះ​ចង់​រក​កម្រៃ​ដើម្បី​ជួយ​សម្រួល​គ្រួសារ ជួយ​ផ្ដល់​ឲ្យ​ប្អូនៗ បាន​រៀន​ខ្ពស់​ជាង»

ស្រី លក្ខណ៍ មាន​ស្រុក​កំណើត​នៅ​ស្រុក​កំពង់សៀម ខែត្រ​កំពង់ចាម មាន​ប្រសាសន៍​ថា កញ្ញា​បាន​មក​ធ្វើ​ការ​រោងចក្រ​នៅ​ទីក្រុង​ភ្នំពេញ ជា​ច្រើ​ឆ្នាំ​មក​ហើយ ប៉ុន្តែ​ស្រប​ពេល​ដែល​វិបត្តិ​សេដ្ឋកិច្ច​ពិភព​ធ្លាក់​ចុះ បាន​ប៉ះពាល់​ដល់​ប្រទេស​កម្ពុជា រោងចក្រ​មួយ​ចំនួន​បាន​បិទ​ទ្វារ ដូច្នេះ​កញ្ញា​ក៏​បាន​សម្រេច​ចិត្ត​មក​ចុះ​ឈ្មោះ​ជាមួយ​ក្រុមហ៊ុន OSM Group។ កញ្ញា​បាន​បញ្ជាក់​ថា កាល​ពី​ធ្វើ​ការ​រោងចក្រ​នៅ​ក្រុង​ភ្នំពេញ គឺ​ទទួល​បាន​ប្រាក់​ខែ​ជាង ៦០​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​ខែ។

ប្រធាន​ក្រុមហ៊ុន OSM Group លោក សុះ ម៉ាត់ មាន​ប្រសាសសន៍​ថា ក្រុមហ៊ុន​របស់​លោក​យក​ពលករ​ទៅ​ធ្វើការ​នៅ​ប្រទេស​ម៉ាឡេស៊ី និង​ប្រទេស​ថៃ ដែល​ធ្វើការ​ខាង អេឡិចត្រូនិក សំណង់ និង​ធ្វើ​ការ​ជា​មេ​ផ្ទះ​ជាដើម។ លោក​បន្ត​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ សន្ទុះ​នៃ​ពលករ​បាន​ទាក់ទង​និង​ចុះ​ឈ្មោះ​ដើម្បី​ធ្វើការ​នៅ​ប្រទេស​ក្រៅ​នោះ កើន​ឡើង​ជាង​មុន ហើយ​ពួក​គេ​អាច​ទទួល​បាន​ប្រាក់​ខែ ១៨០​ដុល្លារ​ក្នុង​មួយ​ខែ ដោយ​ធ្វើការ​ជា​មេ​ផ្ទះ​នៅ​ប្រទេស​ម៉ាឡេស៊ី។

លោក សុះ ម៉ាត់ មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «បន្ទាប់​ពី​មាន​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​មក​ហ្នឹង គឺ​ពលករ​ខ្មែរ​យើង​មាន​មក​ចុះ​ឈ្មោះ​ច្រើន​ទៅ​ធ្វើ​ការ​នៅ​បរទេស។ ការ​ដែល​ទៅ​ហ្នឹង​មិន​សូវ​ជា​មាន​បញ្ហា​អី​ទេ បញ្ហា​គឺ​បន្តិច​បន្តួច​តែ​ប៉ុណ្ណោះ គឺ​បញ្ហា​ដោយសារ​ពលករ​យើង​ភាគ​ច្រើន​គ្នា​មក​ពី​ជនបទ ដល់​អ៊ីចឹង​អ្នក​ខ្លះ​ទៅ​នៅ​ជាមួយ​គេ ប្រទេស​គេ​ទំនើប ប្រើ​ឧបករណ៍​ទំនើប​ស្អីៗ ហើយ​និង​ការ​ស្អាត​ស្អំ​របស់​គេ​ហ្នឹង គឺ​ពលករ​កែ​ទម្លាប់​ចាស់​វា​មិន​កើត»

ប្រធាន​អង្គការ​ខារ៉ាម កម្ពុជា លោក យ៉ា ណាវុធ បាន​មាន​ប្រសាសន៍​ថា ការ​ធ្វើ​ចំណាក​ស្រុក​របស់​ពលករ​ខ្មែរ គឺ​មាន​មួយ​ចំនួន​បាន​ធ្វើ​ការ​ចំណាក​ស្រុក​មិន​ស្រប​ច្បាប់​ផង​ដែរ។ ពលករ​ដែល​បាន​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស​ទាំង​ស្រប​ច្បាប់ និង​មិន​ស្រប​ច្បាប់ គឺ​ធ្វើការ​រោងចក្រ​សំណង់​នេសាទ ធ្វើ​ការ​ក្នុង​ផ្ទះ កម្ម​សិក្សា និង​ផ្នែក​ឧស្សាហកម្ម​ជាដើម។ លោក​បាន​បន្ត​ថា ដោយសារ​ប្រទេស​កម្ពុជា មាន​ទីផ្សារ​ចង្អៀត ពលរដ្ឋ​គ្មាន​ការងារ​ធ្វើ​ច្រើន គឺ​បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ធ្វើ​ការ​ចំណាក​ស្រុក​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ជិត​ខាង​ដោយ​ខុស​ច្បាប់។ លោក​បន្ត​ថា រដ្ឋាភិបាល​គួរ​តែ​បង្កើត​ការងារ​ឲ្យ​បាន​ច្រើន​សម្រាប់​ឲ្យ​ពលរដ្ឋ​ខ្មែរ។

លោក យ៉ា ណាវុធ មាន​ប្រសាសន៍​ថា ៖ «ប៉ុន្តែ​ទោះ​បី​យ៉ាង​ណា​ក៏ដោយ យើង​ត្រូវ​ព្យាយាម​បង្កើត​ការងារ​នៅ​ក្នុង​ស្រុក​សម្រាប់​ប្រជាពលរដ្ឋ​យើង​បន្ថែម​ទៀត បើ​ពុំ​នោះ​ទេ​ប្រជាពលរដ្ឋ​នៅ​តែ​ធ្វើ​ចំណាក​ស្រុក​ទៅ​ក្រៅ​ប្រទេស​ដើម្បី​ស្វែង​រក​ការងារ​អ៊ីចឹង។ ហើយ​មួយ​ទៀត ដោយសារ​ប្រទេស​កម្ពុជា យើង ជា​ប្រទេស​ផ្នែក​កសិកម្ម អ៊ីចឹង​យើង​គួរ​តែ​គិត​គូរ​ទៅ​លើ​ផ្នែក​វិស័យ​កសិកម្ម​ឲ្យ​បាន​ច្រើន ធ្វើ​យ៉ាង​ម៉េច​ធ្វើ​ប្រព័ន្ធ​ធារាសាស្រ្ដ ការ​រក​ទីផ្សារ​ផលិតផល​សម្រាប់​ប្រជាពលរដ្ឋ ការ​បង្កើត​ការងារ​នៅ​តាម​មូលដ្ឋាន ខ្ញុំ​គិត​ថា​ប្រហែល​ជា​អាច​ជួយ​ប្រជាពលរដ្ឋ​យើង​បាន​ច្រើន ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ និង​វិបត្តិ​សេដ្ឋកិច្ច»

រដ្ឋលេខាធិការ​ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ លោក ឧស្មាន ហាស្សាន់ ធ្លាប់​ឲ្យ​វិទ្យុ​អាស៊ី​សេរី ដឹង​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ពលករ​ខ្មែរ​ដែល​ធ្វើ​ការ​ចំណាក​ស្រុក​នោះ មាន​ជាង ៧​ម៉ឺន​នាក់​ក្នុង​ឆ្នាំ ២០០៨ រួម​មាន​ទៅ​ប្រទេស ថៃ ម៉ាឡេស៊ី ជប៉ុន និង កូរ៉េ។

លោក​បន្ត​ថា ក្រសួង​ការងារ​បាន​ធ្វើការ​ផ្សព្វផ្សាយ​និង​ណែនាំ​ដល់​ក្រុមហ៊ុន​នានា​នោះ ឲ្យ​​យក​ចិត្ត​ទុក​ដាក់​ដល់​ពលករ ជៀស​វាង​ការ​ធ្វើ​បាប​ដល់​ពលករ​កម្ពុជា នៅ​ក្រៅ​ប្រទេស​ផង​ដែរ។

លោក យ៉ា ណាវុធ បាន​ឲ្យ​ដឹង​ទៀត​ថា ពលករ​ខ្មែរ​នៅ​តែ​មាន​ការ​ធ្វើ​បាប​ពី​ម្ចាស់​ផ្ទះ ឬ​ថៅកែ​របស់​ខ្លួន​នៅ​ក្រៅ​ប្រទេស ដោយសារ​ម្ចាស់​ក្រុមហ៊ុន​មួយ​ចំនួន​បាន​ចុះ​កិច្ចសន្យា​លក្ខខណ្ឌ​ការងារ​នៅ​ប្រទេស​កម្ពុជា ជាមួយ​ពលករ​ផ្សេង​តែ​នៅ​ពេល​ក្រុមហ៊ុន​ដៃគូ​នៅ​បរទេស​នោះ យក​ពលករ​ឲ្យ​ធ្វើ​ការងារ​នៅ​ប្រទេស​មួយ​ចំនួន​នោះ​ចុះ​លក្ខខណ្ឌ​ការងារ​ផ្សេង​ទៅ​វិញ ដែល​រំលោភ​ទៅ​លើ​សិទ្ធិ​ការងារ​របស់​ពលករ​កម្ពុជា។ លោក​មាន​ប្រសាសន៍​ថា ក្នុង​ចំណោម​ពលករ​ជា​ស្រ្តី​មួយ​ចំនួន ត្រូវ​បាន​គេ​យក​ទៅ​ជួញ​ដូរ​ក៏​មាន នា​ពេល​កន្លងមក។

លោក យ៉ា ណាវុធ បាន​បញ្ជាក់​ទៀត​ថា ថ្មីៗ​នេះ រដ្ឋាភិបាល​ថៃ បាន​ចាប់​បញ្ជួន​ពលករ​ខ្មែរ​ខុស​ច្បាប់​មក​កម្ពុជា វិញ ក្នុង​មួយ​ថ្ងៃ ពី ៥០០​នាក់ ទៅ ៧០០​នាក់។ លោក​បញ្ជាក់​ថា ចំពោះ​បញ្ហា​នេះ គឺ​ដោយសារ​តែ​ភាព​ឥត​ការងារ​ធ្វើ​នៅ​កម្ពុជា កើន​ឡើង បាន​ជា​ពលករ​ទាំង​នោះ​ធ្វើ​ការ​ចំណាក​ស្រុក​ទៅ​រក​ការងារ​នៅ​ប្រទេស​ជិត​ខាង។

លោក​បាន​លើក​ឡើង​ទៀត​ថា ដើម្បី​ចៀស​វាង​នៃ​ការ​ចំណាក​ស្រុក​កាន់​តែ​ច្រើន​របស់​ពលរដ្ឋ​ខ្មែរ​នោះ រដ្ឋាភិបាល​គួរ​តែ​បង្កើន​ការងារ​ក្នុង​ស្រុក​ឲ្យ​បាន​ច្រើន​ថែម​ទៀត ដើម្បី​ចៀស​វាង​នៃ​ការ​ធ្វើ​បាប​ពលករ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​នោះ៕

No comments: