មេ​ដឹកនាំ​ខ្មែរ​អ៊ិស្លាម​និយាយ​ពី​ការប្រើប្រាស់​ជំនួយ​ថវិកា​របស់​គុយវ៉េត

2009-08-12

រដ្ឋលេខាធិការ​ក្រសួង​ការងារ​និង​ជា​ប្រធាន​អង្គការ​មូលនិធិ​អភិវឌ្ឍន៍​មូស្លឹម​កម្ពុជា លោក អូស្មាន ហាស្សាន់ មាន​ប្រសាសន៍​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១១ សីហា ថា ថវិកា​ចំនួន​៥​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ត្រូវ​គណៈកម្មាធិការ​គ្រប់គ្រង​ប្រើប្រាស់​អស់​ប្រមាណ​១០​ម៉ឺន​ដុលា្លរ​សហរដ្ឋ​អាមេរិក​ហើយ​ក្នុង​ការសាងសង់​វិហារ​អ៊ិស្លាម​ចំនួន​បី​ជូន​ជនជាតិ​ចារាយ​នៅ​ក្នុង​ស្រុក​អូរយ៉ាដាវ ខែត្រ​រតនគិរី។

RFA Photo

ខ្មែរ​អ៊ិស្លាម​ចូលរួម​ស្ដាប់​មតិ​សំណេះសំណាល​របស់​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក នៅ​ឯ​ស្ថានទូត​សហរដ្ឋ​អាមេរិក កាលពី​ខែ​តុលា ឆ្នាំ​២០០៧ ។

លោក ឧស្មាន ហាស្សាន់ បាន​បញ្ជាក់​ដូច្នេះ ៖ «ហើយ​យើង​នឹង​បង្កើត​ឲ្យ​មាន​សាល​ប្រជុំ​មួយ សម្រាប់​ចំណុះ​ពី​១០០០ ទៅ ១៥០០ គឺ​អាច​ឈាន​ទៅ​ដល់​២០០០​នាក់​ដើម្បី​ធ្វើការ​ប្រជុំ​សម្រាប់​សហគមន៍​អ៊ិស្លាម​នៅ​រាជធានី​ភ្នំពេញ ដើម្បី​ជា​ប្រយោជន៍​សម្រាប់​សហគមន៍​អ៊ិស្លាម​ផង ឬ​ក៏​ជា​ប្រយោជន៍​សម្រាប់​សង្គម​ជាតិ​ផង»

លោក អូស្មាន ហាស្សាន់ បាន​បញ្ជាក់​ទៀត​ថា ថវិកា​ដែល​នៅ​សល់​ជាង​៤​លាន​ដុល្លារ​ទៀត​គឺ​នៅ​ក្នុង​គម្រោង​សាងសង់​មជ្ឈមណ្ឌល​អ៊ិស្លាម អន្តេវាសិកដ្ឋាន សាកល​វិទ្យាល័យ សាល​ប្រជុំ​និង​ការជួសជុល​វិហារ​ធំ​បឹងកក់​ឬ​ការសាងសង់​វិហារ​ថ្មី ហើយ​ការសាងសង់​នេះ​គឺ​ស្ថិត​នៅ​ក្នុង​ទីតាំង​តែ​មួយ​ក្នុង​បរិវេណ​វិហារ​អ៊ិស្លាម​ធំ​បឹងកក់​បច្ចុប្បន្ន ដែល​មាន​ផ្ទៃ​ដី​ប្រមាណ​២​ហិកតារ។

លោក អូស្មាន ហាស្សាន់ បាន​មាន​ប្រសាសន៍​ថា ៖ «បន្ទាប់​មក​គឺ​យើង​នឹង​សម្រេច​គ្នា​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ ២​-​៣​ថ្ងៃ​នេះ ថា យើង​ត្រូវ​ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ ទី​១ ជំហាន​វិហារ​ឲ្យ​បាន​ទៅ​មុខ​សិន»

អ្នក​ស្រាវជ្រាវ​ឯករាជ្យ​លើ​ជនជាតិ​ចាម គឺ​លោក អ៊ីសា អូស្មាន បាន​សម្ដែង​នូវ​សុទិដ្ឋិនិយម​ចំពោះ​ជំនួយ​ពី​ប្រទេស​គុយវ៉េត ដែល​បាន​ផ្តល់​សម្រាប់​សហគមន៍​ខ្មែរ​អ៊ិស្លាម។ លោក អ៊ីសា អូស្មាន បាន​បញ្ជាក់​ទៀត​ថា ប្រការ​ដែល​សំខាន់​បំផុត​នោះ គឺ​រាល់​សមិទ្ធិផល​ទាំងឡាយ​ក្នុង​គម្រោង​នៃ​ជំនួយ​នេះ គឺ​ថ្នាក់​ដឹកនាំ​មិន​ត្រូវ​ប្រកាន់​និន្នាការ​នយោបាយ​គណបក្ស​ឬ​សាសនា​ណា​មួយ​នោះ​ទេ។

លោក អ៊ីសា អូស្មាន បាន​បញ្ជាក់​ថា ៖ «គឺ​ជា​មជ្ឈមណ្ឌល​មួយ​ដែល​មាន​លក្ខណៈ​ជា​អព្យាក្រឹត្យ មិន​ប្រកាន់​និន្នាការ​សាសនា​មក​ពី​ប្រទេស​ផ្សេងៗ​ពី​គ្នា។ ថ្នាក់​ដឹកនាំ​សាសនា​អ៊ិស្លាម​នៅ​កម្ពុជា ហ្នឹង​គួរ​ដែរ គឺ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ការអភិវឌ្ឍ​នៅ​ក្នុង​សហគមន៍ ពីព្រោះ​នៅ​ក្នុង​ប្រទេស​មួយ​ដែល​ក្រីក្រ រឿង​ចំណូល​សម្រាប់​ចិញ្ចឹម​ជីវិត​ខ្លួន​គាត់​ជា​រឿង​ចាំបាច់​បំផុត។ មុន​នឹង​យើង​សម្លឹង​ទៅ​មើល​ឃើញ​អ្វី​ផ្សេង គឺ​ថា ទី​១ ចាំ​បាច់​បំផុត​គឺ​ធ្វើ​ម៉េច​ឲ្យ​គាត់​មាន​អង្ករ​ហូប មាន​ទី​កន្លែង​រស់នៅ»

សូម​ជម្រាប​ថា ជំនួយ​ពី​ប្រទេស​គុយវ៉េត​ដែល​បាន​ផ្តល់​ជូន​រដ្ឋាភិបាល​កម្ពុជា​នេះ​តាំង​ពី​ខែ​សីហា ឆ្នាំ​២០០៨​មក​ម៉្លេះ។

លោក អូស្មាន ហាសាន់ បាន​ឲ្យ​ដឹង​ទៀត​ថា ក្នុង​ជំនួយ​ទាំង​៥​លាន​ដុល្លារ​នេះ គឺ​គណៈកម្មាធិការ​គ្រប់គ្រង​ថវិកា​ទទួល​ពី​ម្ចាស់​ជំនួយ​បាន​តែ​៦​សែន​ដុល្លារ​ទេ នៅ​ជាង​៤​លាន​ទៀត ម្ចាស់​ជំនួយ​សន្យា​ថា​នឹង​ផ្តល់​ឲ្យ​ជា​បន្ត​បន្ទាប់។

ជាមួយ​នឹង​ជំនួយ​នេះ អ្នក​ស្រាវជ្រាវ​លើ​ជនជាតិ​ចាម​ដដែល​ទទូច​ថា ប្រសិន​បើ​ជំនួយ​នេះ​សល់​ថវិកា​ខ្លះ​ពី​គម្រោង​ខាង​លើ ឬ​ក៏​ប្រទេស​គុយវ៉េត ផ្តល់​ប្រាក់​ឲ្យ​បន្ថែម​ទៀត​នោះ គណៈកម្មាធិការ​គ្រប់គ្រង​ថវិកា​គួរតែ​យក​ចិត្ត​ទុក​ដាក់​បណ្តុះ​បណ្តាល​ជំនាញ​ណា​មួយ​ដល់​ប្រជាពលរដ្ឋ​នៅ​តាម​សហគមន៍​ដែល​ប្រជាពលរដ្ឋ​ទូទៅ​ជា​ច្រើន​នាក់​កំពុង​ចោទ​អំពី​បញ្ហា​អត់​ការងារ​ធ្វើ​នា​ពេល​បច្ចុប្បន្ន៕

No comments: