នាយក​រដ្ឋមន្ត្រី៖ ការឈ្នះ​ក្ដី​លើ មូរ សុខហួរ គឺ​ជា​រឿង​យុត្តិធម៌

2009-08-12

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​លើក​ឡើង​ថា តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ប្រកាស​សាលក្រម​ឲ្យ​លោក​ឈ្នះ​ក្តី​រវាង​លោកស្រី មូរ សុខហួរ នោះ ជា​រឿង​មួយ​យុត្តិធម៌ ហើយ​ថា នេះ​មិន​មែន​លោក​ជា​អ្នក​ប្តឹង​មុន​ទេ គឺ​លោកស្រី មូរ សុខហួរ ទេ ដែល​នាំ​អាទិ៍​ប្តឹង​លោក​មុន​នោះ។

AFP Photo

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៃ​ប្រទេស​កម្ពុជា។

ការថ្លែង​ដូច្នេះ​នៅ​ក្នុង​ឱកាស​ចែក​សញ្ញាបត្រ​ជូន​និស្សិត​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្រ្ត​និង​វិទ្យាសាស្រ្ត​សេដ្ឋកិច្ច​នៅ​ព្រឹក​ថ្ងៃ​ទី​១២ សីហា។

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន មាន​ប្រសាសន៍​ថា លោក​នឹង​តបត​តាម​បាន​ទាំងអស់​គឺ​លោកស្រី មូរ សុខហួរ អាច​ប្តឹង​តាម​ផ្លូវ​ច្បាប់ ផ្លូវ​នយោបាយ ឬ​ផ្លូវ​យោធា ក៏​ដោយ។

លោក​នាយក​រដ្ឋមន្រ្តី​បាន​ថ្លែង​ថា ៖ «មិន​មែន អង់សាន ស៊ូជី ទេ​ណា៎ កុំ​សង្ឃឹម។ ឥឡូវ​និយាយ​ប៉ុណ្ណឹង​ប្ដឹង​ទៀត​ទៅ! ប្ដឹង ខ្ញុំ​ប្ដឹង​ទៀត ហើយ​ដល់​គេ​ប្ដឹង​តាម​ផ្លូវ​តុលាការ ល្អ​ណាស់​ហើយ ប៉ះពាល់​គេ គេ​មិន​ប្រើ​អំណាច​គេ​នោះ។ ខ្ញុំ​ជា​នាយក​រដ្ឋមន្ត្រី​សុខ​ចិត្ត​ប្រើ​តុលាការ កង​ទ័ព​គេ​សុខចិត្ត​ប្រើ​តុលាការ ហើយ​ចុះ​បើ​មិន​ឲ្យ​គេ​ប្រើ​តុលាការ ឲ្យ​គេ​ប្រើ​កាំភ្លើង​ឬ​អី? និយាយ​គ្នា​ឲ្យ​ច្បាស់ ខ្ញុំ​បញ្ជា​ត្រូវការ​តែ​២​ម៉ោង​ទេ​ភ្នំពេញ​យក​អស់ សាក​ល​មើល៍។ បើ​ខ្ញុំ​ប្រើ​អំណាច​ផ្ដាច់ការ រត់​ទៅ​ណា​ក៏​វា​មិន​រួច​ដែរ ឃ្លុំបេ​យក​ទាំងអស់»

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​បញ្ជាក់​ថា គួរតែ​ប្រជែង​គ្នា​តាម​ផ្លូវ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​វិញ​ប្រសើរ​ជាង។

ប្រធាន​គណបក្ស​ប្រឆាំង គឺ​លោក សម រង្ស៊ី មាន​ប្រសាសន៍​ប្រតិកម្ម​ថា តុលាការ​ក្នុង​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​គ្រាន់តែ​ជា​ឧបករណ៍​បម្រើ​អ្នក​ដឹកនាំ​ប្រទេស​តែ​ប៉ុណ្ណោះ មិន​មែន​បម្រើ​យុត្តិធម៌​ជូន​ប្រជារាស្រ្ត​នោះ​ទេ។ ប៉ុន្តែ​លោក សម រង្ស៊ី បាន​យល់​ស្រប​ទៅ​នឹង​ការលើក​ឡើង​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ដែល​ថា បើ​ចង់​យក​ឈ្នះ​គ្នា​គឺ​យក​ឈ្នះ​តាម​ផ្លូវ​អភិវឌ្ឍន៍​វិញ​នោះ ដើម្បី​ឲ្យ​ប្រទេស​ជាតិ​មាន​ការរីក​ចម្រើន។

លោក សម រង្ស៊ី បាន​បញ្ជាក់​ថា ៖ «ឃ្លា​ចុង​ក្រោយ​នេះ​គឺ​សមរម្យ ត្រឹមត្រូវ គឺ​ថា បើ​យើង​យក​ចាញ់​ឈ្នះ ចាញ់​ឈ្នះ​ផ្លូវ​អភិវឌ្ឍន៍ គឺ​ថា យើង​ប្រមូល​គំនិត​ឲ្យ​ប្រជារាស្ត្រ​ប្រៀបធៀប​ថា គំនិត​ណា​ល្អ​ប្រសើរ​ជាង​សម្រាប់​ប្រទេស​ជាតិ​ធ្វើ​ឲ្យ​ជីវភាព​ប្រជារាស្ត្រ​មាន​ការរីក​ចម្រើន​បាន​ឆាប់»

មន្រ្តី​ស៊ើប​អង្កេត​សមាគម​សិទ្ធិ​មនុស្ស អាដហុក លោក ចាន់ សូវ៉េត មាន​ប្រសាសន៍​ថា ការលើក​ឡើង​របស់​លោក​នាយក​រដ្ឋមន្រ្តី​ខាង​លើ​គឺ​គួរ​ឲ្យ​ព្រួយ​បារម្ហ ព្រោះ​នេះ​ជា​ការសម្ដែង​នូវ​ឫទ្ធិ​អំណាច​របស់​លោក។

លោក ចាន់ សូវ៉េត បាន​មាន​ប្រសាសន៍​ថា ៖ «ការប្រើ​កម្លាំង​ប្រដាប់​អាវុធ​ក្ដី គឺ​ខ្ញុំ​គិត​ថា គ្មាន​នរណា​មួយ​នៅ​ក្នុង​ស្រុក​ខ្មែរ​មាន​អាវុធ​ជាតិ​ផ្ទុះ​ឬ​ជា​កង​កម្លាំង​អី​ទៀត​ទេ គឺ​មាន​តែ​ច្បាប់​ទេ។ ដូច្នេះ​អ្វី​ដែល​ជា​ការកត់​សម្គាល់ ខ្ញុំ​គិត​ថា ប្រសាសន៍​សម្ដេច​នាយក​រដ្ឋមន្ត្រី​គឺ​ធ្វើ​ឲ្យ​មាន​ការព្រួយ​បារម្ភ​ទៅ​វិញ​ទេ ព្រួយ​បារម្ភ​ថា ទោះ​ជា​មាន​ការប្ដឹងផ្ដល់​យ៉ាង​ណា​ក៏​មិន​អាច​ឈ្នះ​សម្ដេច​បាន​ដែរ»

សូម​ជម្រាប​ថា តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ប្រកាស​សាលក្រម​កាល​ពី​ថ្ងៃ​ទី​៤ សីហា ដោយ​ផ្តន្ទា​ទោស​លោកស្រី មូរ សុខហួរ តំណាង​រាស្រ្ត​គណបក្ស​សមរង្ស៊ី ឲ្យ​លោកស្រី​បង់​ប្រាក់​ផាក​ពិន័យ​ចំនួន​សរុប​១៦​លាន​៥​សែន​រៀល ក្រោម​បទ​បរិហារ​កេរ្តិ៍​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន។

ទោះ​ជា​យ៉ាង​ណា លោក ចាន់ សូវ៉េត មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស ហៅ​កាត់​ថា អាដហុក បាន​ទទូច​ថា សូម​បញ្ចប់​ទៅ​ការប្តឹងផ្តល់​គ្នា​អំពី​បទ​បរិហារ​កេរ្តិ៍ និង​ការផ្សាយ​ព័ត៌មាន​មិន​ពិត​នោះ គួរតែ​ដោះស្រាយ​តាម​ផ្លូវ​សន្តិវិធី​វិញ​ប្រសើរ​ជាង ដែល​ស្រប​នឹង​ប្រទេស​កម្ពុជា​ជា​ប្រទេស​ប្រកាន់​នូវ​លិទ្ធិ​ប្រជាធិបតេយ្យ៕

No comments: