សាលដីកាសាលាឧទ្ធរណ៍លើករណីហង្ស ចក្រា ទទួលរងការរិះគន់
ដោយ កែវ និមល
2009-08-11
តំណាងសមាគមអ្នកកាសែត សកម្មជនការពារសិទ្ធិមនុស្ស និងអ្នកកាសែតមួយចំនួន បានចាត់ទុកថា ការសម្រេចរបស់តុលាការសាលាឧទ្ធរណ៍ក្នុងការបន្តដាក់គុក លោក ហង្ស ចក្រា ចាងហ្វាងកាសែត«ខ្មែរម្ចាស់ស្រុក» តាមសាលក្រមចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ជារឿងអយុត្តិធម៌និងបំភ័យអ្នកកាសែត។
លោក ហែន ភារៈ ប្រធានសមាគមអ្នកសារព័ត៌មានកម្ពុជាដើម្បីសេរីភាព បានមានប្រសាសន៍ថា ការសម្រេចរបស់ចៅក្រមសាលាឧទ្ធរណ៍ នៅថ្ងៃទី១១ សីហា ឲ្យលោក ហង្ស ចក្រា បន្តជាប់គុកនិងផាកពិន័យប្រាក់់ចំនួន ៩លានរៀលនោះ គឺជាការគាបសង្កត់លើសេរីភាពសារព័ត៌មានរបស់អ្នកកាសែតកម្ពុជា។
លោក ហែន ភារៈ ថ្លែងយ៉ាងដូច្នេះថា ៖ «ជារូបភាពធ្វើឲ្យអ្នកកាសែតផ្សេងទៀតមិនហ៊ាន ដូចលោក ហង្ស ចក្រា ជាគំរូ ពាក្យសាមញ្ញគេនិយាយអ៊ីចឹង»។
លោក ប៉ា ងួនទៀង ប្រធានមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ បានមានប្រសាសន៍ថា នៅក្នុងការសម្រេចសេចក្តីរបស់ចៅក្រមសាលាឧទ្ធរណ៍នោះ លោកសង្កេតឃើញមានការលម្អៀងនិងមានលក្ខណៈនយោបាយ ៖ «ខ្ញុំចូលរួមផ្ទាល់នៅថ្ងៃបើកសវនាការ ខ្ញុំសង្កេតផ្ទាល់ ខ្ញុំឃើញគ្រាន់តែចាប់ផ្ដើមឡើង គឺចៅក្រមបង្ហាញភាពលម្អៀងមកខាងរដ្ឋាភិបាលហើយ ព្រោះគាត់ឈ្លេចសួរទៅលោក ហង្ស ចក្រា ឲ្យលោក ហង្ស ចក្រា ឆ្លើយតែអ្វីដែលគាត់ចង់បាន»។
លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានមានប្រសាសន៍ទាក់ទងជាមួយការសម្រេចរបស់សាលាឧទ្ធរណ៍ក្នុងរឿងលោក ហង្ស ចក្រា នោះថា លោកមិនមានការភ្ញាក់ផ្អើលទេ ព្រោះលោកមិនជឿថា ករណីលោក ហង្ស ចក្រា នោះ ចៅក្រមសាលាឧទ្ធរណ៍អាចសម្រេចខុសពីការសម្រេចរបស់សាលាដំបូងនោះឡើយ។
លោក អ៊ូ វីរៈ ថ្លែងយ៉ាងដូច្នេះ ៖ «យើងមានអារម្មណ៍ទាក់ទងរឿងនយោបាយច្រើន ចៅក្រមហាក់ដូចជាមានការព្រួយបារម្ភនូវអ្វីដែលបានលើកឡើង នូវអ្វីក៏ដោយដែលអាចប៉ះពាល់ដល់អ្នកដឹកនាំរដ្ឋាភិបាល។ អ៊ីចឹងយើងឃើញថា គាបសង្កត់ទៅលើមេធាវីការពារក្ដីជាច្រើនទាក់ទងរឿងនយោបាយ»។
លោក ជុំ សុផល និពន្ធនាយកកាសែត«ខ្មែរម្ចាស់ស្រុក» បានមានប្រសាសន៍ថា ការសម្រេចរបស់សាលាដំបូងនិងសាលាឧទ្ធរណ៍នោះ វាអយុត្តិធម៌ចំពោះលោក ហង្ស ចក្រា និងសុំឲ្យមានការពិចារណាសម្រេចឡើងវិញ ៖ «ខ្ញុំយល់ថាវានៅតែជារឿងអយុត្តិធម៌ដដែល សម្រាប់ចាងហ្វាងរបស់ខ្ញុំ ព្រោះតាមពិត គេយកច្បាប់ព្រហ្មទណ្ឌអន្តរកាលមកប្រើជំនួសច្បាប់សារព័ត៌មាន កន្លែងនេះ វាអយុត្តិធម៌បំផុតសម្រាប់ចាងហ្វាងរបស់ខ្ញុំ»។
លោក ឯក វិសារៈឃុន អគ្គលេខាធិការរបស់ក្រុមប្រឹក្សាសមាគមអ្នកសារព័ត៌មានកម្ពុជា បានមានប្រសាសន៍ថា ការដាក់គុកអ្នកកាសែតមិនមែនជាដំណោះស្រាយមួយល្អនោះទេ។
បើទោះបីជាមានការរិះគន់ទៅលើការកាត់សេចក្តីរបស់សាលាឧទ្ធរណ៍ ដែលបន្តឲ្យលោក ហង្ស ចក្រា ជាប់គុកក៏ដោយ ប៉ុន្តែមេធាវីការពារក្តីរបស់រដ្ឋាភិបាលដែលបានប្តឹងរឿងនេះ បានសាទរថា ការកាត់សេចក្តីនោះត្រឹមត្រូវ។
សូមជម្រាបថា លោក ហង្ស ចក្រា ចាងហ្វាងកាសែត«ខ្មែរម្ចាស់ស្រុក» ត្រូវចៅក្រមសាលាដំបូងរាជធានីភ្នំពេញ កាត់ទោសឲ្យជាប់គុកចំនួន ១ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៩លានរៀល តាមពាក្យបណ្តឹងរបស់មេធាវីរដ្ឋាភិបាលថា កាសែតរបស់លោកបានផ្សាយព័ត៌មានមិនពិត៕
No comments:
Post a Comment