សាលា​ឧទ្ធរណ៍​សម្រេច​តម្កល់​សាលក្រម​ផ្ដន្ទា​ទោស​ចាងហ្វាង​កាសែត​ខ្មែរ​ម្ចាស់​ស្រុក

2009-08-11

តុលាការ​សាលា​ឧទ្ធរណ៍​នៅ​កម្ពុជា នៅ​ថៃ្ង​អង្គារ ទី​១១ ខែ​សីហា បាន​សម្រេច​តម្កល់​សាលក្រម​ផ្តន្ទា​ទោស​ចាងហ្វាង​កាសែត​«ខែ្មរ​ម្ចាស់​ស្រុក» គឺ​លោក ហង្ស ចក្រា ដោយ​តុលាការ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​កន្លង​មក​នោះ ចាត់​ទុក​ថា​ជា​បាន​ការ​នៅ​ក្នុង​ការ​ផ្តន្ទា​ទោស​រូប​លោក​ឲ្យ​ជាប់​គុក​១២​ខែ និង​ផាក​ពិន័យ​ជា​ប្រាក់ ៩​លាន​រៀល ក្រោម​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត។

RFA/Sok Serey

លោក ហង្ស ចក្រា ចាងហ្វាង​កាសែត​ខ្មែរ​ម្ចាស់​ស្រុក នៅ​ពេល​ត្រូវ​នាំ​ខ្លួន​ចូល​ស្ដាប់​សវនាការ​សាលា​ឧទ្ធរណ៍​នា​ថ្ងៃ​ទី​១១ សីហា ២០០៩។

លោក ជូង ជូងី ជា​មេធាវី​របស់​លោក ហង្ស ចក្រា បាន​មាន​ប្រសាសន៍​នៅ​ក្រៅ​តុលាការ​សាលា​ឧទ្ធរណ៍ ក្រោយ​ពី​ការ​ប្រកាស​សាល​ដីកា​នោះ​ថា លោក​មិន​ទទួល​ស្គាល់​ការ​សម្រេច​នេះ​ទេ ៖«ពីព្រោះ​ទី​១ អត់​មាន​កើត​កោលាហល កើត​ចេញ​ពី​ការ​ផ្សាយ​ព័ត៌មាន។ ការ​តម្កល់​សាលក្រម​របស់​សាលា​ឧទ្ធរណ៍​នេះ គឺ​មិន​ត្រឹម​ត្រូវ​ទេ»

សវនាការ​របស់​តុលាការ​សាលា​ឧទ្ធរណ៍​នេះ បាន​ធ្វើ​ទ្បើង​ក្រោម​អធិបតី​ភាព​របស់​ចៅក្រម ៣​នាក់ និង​មាន​វត្តមាន​លោក សួង ចាន់ថន ជា​មេធាវី​របស់​រដ្ឋាភិបាល​កម្ពុជា​ជា​ដើម​ចោទ លោក ហង្ស ចក្រា ជា​ចុង​ចោទ និង​មេធាវី​របស់​លោក គឺ​លោក ជូង ជូងី មាន​ព្រះ​រាជ​អាជ្ញា សកម្មជន​អង្គការ​សិទ្ធិ​មនុស្ស​ជាតិ​និង​អន្តរជាតិ តំណាង​ស្ថានទូត​អាមេរិក​នៅ​កម្ពុជា និង​តំណាង​រាស្រ្ត​គណបក្ស​សម​រង្ស៊ី​មួយ​ចំនួន បាន​ចូលរួម​តាមដាន​សវនាការ​ជា​ច្រើន​នាក់​នៅ​ពេញ​បន្ទប់​សវនាការ​នោះ។

លោក សេង ស៊ីវុត្ថា ជា​ចៅក្រម​ជម្រះ​ក្តី នៅ​ក្នុង​ចំណោម​ចៅក្រម​ប្រឹក្សា​ចំនួន​២​រូប​ទៀត បាន​អាន​សាល​ដីកា​ដូច្នេះ​ថា តុលាការ​សាលា​ឧទ្ធរណ៍​សម្រេច​តម្កល់​សាលក្រម​ផ្តន្ទា​ទោស​របស់​តុលាការ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ចាត់​ទុក​ជា​បាន​ការ។ ហើយ​តុលាការ​សាលា​ឧទ្ធរណ៍​បង្គាប់​ឲ្យ​បន្ត​ឃុំ​ខ្លួន​លោក ហង្ស ចក្រា ជា​បន្ត​ទៀត។

លោក ហង្ស ចក្រា ត្រូវ​បាន​ក្រុម​ឆ្មាំ​គុក​ព្រៃ​ស បាន​ដាក់​ខ្នោះ​ដៃ​នាំ​ខ្លួន​ទៅ​ចូល​រថយន្ត ដឹក​ទៅ​ឃុំ​ខ្លួន​នៅ​ក្នុង​ព្រៃ​ស​វិញ នៅ​មុន​ពេល​ការ​ប្រកាស​សាល​ដីកា​ខាង​លើ​នេះ ក្រោយ​ពី​លោក​បាន​ធ្វើ​សំណូម​ពរ​ជា​ចុង​ក្រោយ​នៅ​ក្នុង​សវនាការ​នោះ​ថា លោក​សុំ​ទោស​ចំពោះ​ការ​ផ្សាយ​កន្លង​មក និង​សុំ​ឲ្យ​តុលាការ​លើក​លែង​ការ​ចោទ​ប្រកាន់​និង​ដោះលែង​ឲ្យ​មាន​សេរី​ភាព​វិញ​ដើម្បី​ជួប​ជុំ​គ្រួសារ។

លោក សួង ចាន់ថន ជា​មេធាវី​របស់​រដ្ឋាភិបាល​កម្ពុជា​ដែល​ជា​ដើម​បណ្ដឹង បាន​មាន​ប្រសាសន៍​ថា លោក​ពេញ​ចិត្ត​ចំពោះ​ការ​សម្រេច​ខាង​លើ​នេះ ៖ «ខ្ញុំ​ដើម​បណ្ដឹង ខ្ញុំ​យល់​ថា យើង​អាច​ទទួល​យក​បាន»

ផ្ទុយ​ទៅ​វិញ លោក អំ សំអាត ជា​ប្រធាន​ផែ្នក​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស លីកាដូ ដែល​បាន​តាមដាន​សំណុំ​រឿង​ក្តី​នេះ​កន្លង​មក បាន​ថែ្លង​ថា លោក​មាន​ការ​សោក​ស្តាយ ៖ «ការ​សម្រេច​របៀប​នេះ​គឺ​ជា​ការ​មួយ​ដែល​បំបាក់​ស្មារតី ឬ​ក៏​សិទ្ធិ​សេរី​ភាព​ក្នុង​ការ​បញ្ចេញ​មតិ»

លោក សុន ឆ័យ តំណាង​រាស្ត្រ​គណបក្ស​សម​រង្ស៊ី ដែល​បាន​ទៅ​តាមដាន​សវនាការ​នោះ​ដែរ បាន​មាន​ប្រសាសន៍​អត្ថាធិប្បាយ​ថា ៖ «អ្វី​ដែល​ជា​ការ​សម្រេច​របស់​តុលាការ គឺ​បាន​បង្ហាញ​ពី​ជំហរ​របស់​គណបក្ស​កាន់​អំណាច​ក្នុង​ការ​ផ្ដន្ទា​ទោស​អ្នក​ដែល​ហ៊ាន​មាន​យោបល់​រិះ​គន់​ដល់​រដ្ឋាភិបាល»

លោក ហង្ស ចក្រា អាយុ ៥៥​ឆ្នាំ មាន​ឈ្មោះ​ក្រៅ​ថា ជ័យ ឧត្តម ជា​ចាងហ្វាង​កាសែត​«ខែ្មរ​ម្ចាស់​ស្រុក» ត្រូវ​បាន​តុលាការ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ បាន​ផ្តន្ទា​ទោស​ឲ្យ​ជាប់​គុក​១២​ខែ និង​ផាក​ពិន័យ​ជា​ប្រាក់​ចំនួន ៩​លាន​រៀល កាល​ពី​ថៃ្ង​ទី​២៦ ខែ​មិថុនា កន្លង​ទៅ​នេះ ក្រោម​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត ក្រោយ​ពី​កាសែត​របស់​លោក​បាន​ចេញ​ផ្សាយ​ព័ត៌មាន​មួយ​ចំនួន ក្រោម​ចំណង​ជើង​ថា លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​បំបែក​សម្បុក​មន្រ្តី​ពុក​រលួយ​និង​មន្រ្តី​អាក្រក់​នៅ​ជុំវិញ​លោក សុខ អាន៕

No comments: