សហគមន៍​២៧​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​បញ្ហា​ផល​ប៉ះពាល់​ចំពោះ​ជីវភាព

2009-08-11

អ្នក​ភូមិ​ប្រហែល​២០០​នាក់​នៃ​សហគមន៍​ចំនួន​២៧​មក​ពី​ខេត្ត​ក្រុង​ចំនួន​១៩ បាន​ធ្វើការ​ជួប​ជុំ​គ្នា​នៅ​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃ​អង្គារ ទី​១១ សីហា ឆ្នាំ​២០០៩ ដើម្បី​ដាក់​ញតិ្ត​ជូន​ស្ថាប័ន​សំខាន់ៗ​ចំនួន​៩​នៃ​ប្រទេស​កម្ពុជា ប្រយោជន៍​ស្វែងរក​ការដោះស្រាយ​ស្តីពី​បញ្ហា​រំលោភ​ដី​ធ្លី ការកាប់​ព្រៃ​ឈើ​ខុស​ច្បាប់ ការធ្វើ​អាជីវកម្ម​រ៉ែ​ធម្មជាតិ​និង​ការបំផ្លាញ​មច្ឆា​ជាតិ។

RFA Photo/Ratha Visal

ពិធី​ដង្ហែ​ក្បួន​ទាមទារ​ឲ្យ​បញ្ឈប់​ការកាប់​រាន​ព្រៃ​ឈើ​និង​ការរំលោភ​យក​ដី​ធ្លី​នៅ​ខែត្រ​រតនគិរី កាលពី​ថ្ងៃ​២៥ មិថុនា ២០០៩។

ប្រភព​ពី​មន្ត្រី​សិទ្ធិ​មនុស្ស​បញ្ជាក់​ថា ក្រុម​អ្នក​ភូមិ​ដែល​បំបែក​គ្នា​ជា​ក្រុម​តូចៗ​និង​ក្រុម​ធំ ក្រុម​ខ្លះ​មាន​គ្នា​ពី​៤​ទៅ​៦​នាក់ ក្រុម​ខ្លះ​មាន​គ្នា​៤០​ទៅ​៦០​នាក់​ជិះ​ម៉ូតូ​ឌុប​ឬ​រ៉ឺមក​បាន​នាំ​ញតិ្ត​តាម​ខេត្ត​នីមួយៗ​ទាមទារ​ឲ្យ​មាន​ការដោះស្រាយ​នោះ។

តំណាង​សហគមន៍​ជនជាតិ​ដើម​ចារាយ​មក​ពី​ខេត្ត​រតនគិរី លោក សេវ ហ្វែល បញ្ជាក់ ៖ «សំខាន់​ជាង​គេ​គឺ​បញ្ហា​ដី​ធ្លី​ជនជាតិ​ដើម​ភាគ​តិច​នៅ​ខេត្ត​រតនគិរី ពឹង​ផ្អែក​ទៅ​លើ​ចម្ការ​វិល​ជុំ​របស់​ពួក​គាត់»

ចំណែក​តំណាង​សហគមន៍​ជនជាតិ​ដើម​ព្នង​មក​ពី​ខេត្ត​មណ្ឌលគិរី លោក ព្រឹម វណ្ណៈ បន្ថែម ៖ «វា​មាន​ប៉ះពាល់​ដល់​ដី​ចម្ការ ដី​កប់​ខ្មោច អារក្ខ ហើយ​ដី​ត្រណម»

ប្រភព​ពី​អ្នក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ដដែល​អះអាង​ថា ពុំ​មាន​ការរារាំង​ឬ​ហាម​ឃាត់​ណា​មួយ​ត្រូវ​បាន​ធ្វើ​ឡើង​ចំពោះ​ការនាំ​ញត្តិ​របស់​អ្នក​ភូមិ​នោះ​ទេ ប៉ុន្តែ​នៅ​មុខ​ទីស្តីការ​គណៈរដ្ឋមន្ត្រី ប៉ូលិស​ចរាចរណ៍​បាន​បិទ​ការធ្វើ​ចរាចរណ៍​ពី​ម៉ោង​ជាង​៨​ព្រឹក​រហូត​ម៉ោង​ជិត​១១​ថ្ងៃ​ត្រង់ ធ្វើ​ឲ្យ​មាន​ការកក​ស្ទះ​ចរាចរណ៍​តាម​វិថី​នៅ​ក្បែរៗ​នេះ។

មន្ត្រី​ដដែល​មាន​ប្រសាសន៍​ថា ក្រុម​អ្នក​នាំ​ញត្តិ​គ្រប់​ក្រុម​ត្រូវ​បាន​ស្ថាប័ន​ទាំង​៩ មាន​សភា​ជាតិ ក្រសួង​មហាផ្ទៃ ក្រសួង​កសិកម្ម ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី ហុន សែន ទីស្តីការ​គណៈរដ្ឋមន្ត្រី អាជ្ញាធរ​ជាតិ​ដោះស្រាយ​វិវាទ​ដី​ធ្លី ក្រសួង​បរិស្ថាន ក្រសួង​ឧស្សាហកម្ម និង​ឧត្តម​ក្រុមប្រឹក្សា​អង្គ​ចៅក្រម អនុញ្ញាត​ឲ្យ​ចូល​ជួប ក៏​ប៉ុន្តែ​ញត្តិ​ទាក់ទង​បណ្តឹ​អ្នក​ភូមិ​គងយុ ខេត្ត​រតនគិរី ប្តឹង​ចោទ​អ្នកស្រី គាត កុលណី ភរិយា​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​រាជ​រដ្ឋាភិបាល គឺ​លោក ឆាន់ សាផាន់ ស្ថាប័ន​អាជ្ញាធរ​ជាតិ​ដោះស្រាយ​វិវាទ​ដី​ធ្លី​បដិសេធ​មិន​ទទួល។

មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អង្គការ​លីកាដូ លោក សម សំអាត បញ្ជាក់ ៖ «គងយុ​ហ្នឹង​ខ្ញុំ​ជួប​គាត់​នៅ​ពេល​ដែល​គាត់​ចេញ​មក​វិញ ថា​អត់​ព្រម​ទទួល​ពាក្យ​គាត់»

ចំណែក​មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ពី​សមាគម​អាដហុក លោក ប៉ែន ប៊ុណ្ណារ៍ បន្ថែម ៖ «ទី​បំផុត​យើង​ឃើញ​ថា គេ​ក៏​បាន​ទទួល​ចាត់​ឲ្យ​តំណាង​ចូល​បាន​ដាក់​ពាក្យ​ប្ដឹង​ហ្នឹង»

តំណាង​អ្នក​ភូមិ​គងយុ ឈ្មោះ សេវ ខែម ប្រតិកម្ម​ថា ៖ «ករណី​នេះ​អយុត្តិធម៌ ស្ដី​ឲ្យ​អ្នក​ភូមិ​អ៊ីចឹង»

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​ប្រធាន​អាជ្ញាធរ​ជាតិ​ដោះស្រាយ​វិវាទ​ដី​ធ្លី លោក ប៊ិន ឈិន បាន​ទេ​ដោយ​ទូរស័ព្ទ​មិន​អាច​ភ្ជាប់​បាន។

អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ ដោយ​សំអាង​ថា​ជា​ភារកិច្ច​របស់​អាជ្ញាធរ​ជាតិ​ដោះស្រាយ​វិវាទ​ដី​ធ្លី។

រហូត​មក​ពេល​នេះ ប្រភព​អ្នក​ភូមិ​ដែល​នាំ​ញតិ្ត​បញ្ជាក់​ថា មិន​ទាន់​មាន​ការឆ្លើយ​តប​ណា​មួយ​ពី​ស្ថាប័ន​ទាំង​៩​នោះ​ទេ បើ​ទោះ​បី​ជា​ស្ថាប័ន​ខ្លះ​ទទួល​ពាក្យ​បណ្តឹង​ហើយ​ក៏​ដោយ៕

No comments: