បទ​សម្ភាសន៍​ទាក់ទង​នឹង​បញ្ហា​កម្ពុជា​ជំពាក់​​ប្រាក់​​បរទេស

2009-08-07

កន្លង​មក​មាន​សេចក្តី​រាយការណ៍​ថា ប្រទេស​កម្ពុជា​ជំពាក់​ប្រាក់​​​បរទេស​រាប់​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។

RFA File Photo

អ្នក​តំណាង​រាស្ត្រ​របស់​គណបក្ស​សមរង្ស៊ី លោក សុន ឆ័យ ។

ខាង​ក្រោម​នេះ​គឺ​ជា​កិច្ច​សម្ភាសន៍​រវាង អ្នកស្រី គឹមពៅ និង លោក សុន ឆ័យ អ្នក​តំណាង​រាស្ត្រ​មណ្ឌល​ភ្នំពេញ ៖

គឹមពៅ ៖ ខ្ញុំ​ទទួល​បាន​ដំណឹង​ថា ឯកឧត្ដម​ទើប​នឹង​បាន​ទទួល​នូវ​ឯកសារ​មួយ​ស្ដី​អំពី​កម្ពុជា ដែល​ជំពាក់​បំណុល​គេ។ តើ​មក​ដល់​ពេល​នេះ​ឯកឧត្ដម​អាច​ឲ្យ​ដឹង​ថា កម្ពុជា​យើង​ជំពាក់​បំណុល​គេ​ប៉ុន្មាន​ទៅ​ហើយ ហើយ​ជា​ពិសេស​យើង​ជំពាក់​ប្រទេស​ណា​ខ្លះ?

សុន ឆ័យ ៖ យើង​បាន​ទទួល​លិខិត​ផ្លូវការ លិខិត​នេះ​ផ្ញើ​មក​រដ្ឋ​សភា​តាំង​តែ​ពី​ខែ ធ្នូ ឆ្នាំ ២០០៨។ ក្នុង​របាយការណ៍​គឺ​មាន​ការ​បញ្ជាក់​ពី​ការ​ជំពាក់​លុយ​បរទេស គឺ​មាន​ចំនួន ២.៦៩៣​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។ ហើយ​បើ​យើង​គិត​មក​ដល់​ពេល​នេះ គិត​តាម​តួលេខ​ដែល​ប៉ាន់​ស្មាន ថា​ប្រហែល​ជា ៣​ពាន់​លាន​(ដុល្លារ)​ហើយ ដែល​យើង​ជំពាក់​បរទេស។ ហើយ​ទឹក​ប្រាក់​នេះ គឺ​ជា​ទឹក​ប្រាក់​មួយ​ដែល​ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ ថា​អាច​នឹង​ផ្ដល់​ស្ថានភាព​មួយ​ដែល​ខាង​ផ្នែក​ស្ថានប័ន​ហិរញ្ញវត្ថុ​អន្តរជាតិ គេ​ប្រហែល​ជា​បន្តិច​ទៀត គេ​ឈប់​ឲ្យ​យើង​ខ្ចី​ទៀត​ហើយ ពីព្រោះ​វា​ដល់​កម្រិត​មួយ​ដែល​គេ​មិន​ជឿ​ជាក់​ថា​យើង​នឹង​អាច​សង​គេ​បាន។

គឹមពៅ ៖ ខ្ញុំ​ចង់​ជម្រាប​សួរ​ឯកឧត្ដម​បន្ត​ទៀត អំពី​រឿង​ដែល​យើង​ខ្ចី​បុល​គេ មក​ទល់​ថ្ងៃ​ហ្នឹង​មាន​ចំនួន​ដល់​តែ​ជាង ៣​ពាន់​លាន​(ដុល្លារ) បើ​ប្រៀប​ធៀប​ទៅ​នឹង​ការ​អភិវឌ្ឍ​នៅ​ក្នុង​ស្រុក​ហ្នឹង​វា​សមរម្យ​ទេ?

សុន ឆ័យ ៖ យើង​ឃើញ​ថា​មាន​អំពើ​ពុករលួយ​ទៅ​លើ​ប្រាក់​ដែល​យើង​ខ្ចី​នេះ ព្រោះ​ប្រាក់​ខ្ចី​ហើយ​និង​ប្រាក់​ដែល​យើង​ទទួល​អំណោយ​វា​មាន​លក្ខណៈ​ខុស​គ្នា។ អំណោយ​ដែល​គេ​មិន​ទារ​យក​វិញ​នោះ គឺ​គេ​មាន​ក្រុម​តាម​មើល​គុណភាព​ពេល​ខ្លះ​ដែរ ដូច​ជា​ការ​សង់​ស្ពាន​ជ្រោយ​ចង្វា។ ឯ​លុយ​កម្ចី គឺ​ដោយសារ​យើង​ជា​អ្នក​ខ្ចី ហើយ​យើង​យក​មក​ធ្វើការ​សាងសង់​ដោយ​ខ្លួន​យើង យើង​ឃើញ​ថា​មិន​មាន​គុណភាព​ទេ។ ហើយ​គុណភាព​ផ្លូវ​បើ​យើង​ប្រៀប​ធៀប​នឹង​សហរដ្ឋ​អាមេរិក ដែល​គេ​ធ្វើ​មាន​តម្លៃ​ប្រហាក់​ប្រហែល​គ្នា ផ្លូវ​គេ​អាច​មាន​ការ​ធានា​យ៉ាង​តិច​ណាស់​ក៏ ៣០​ឆ្នាំ​ដែរ​ក្នុង​ការ​ប្រើប្រាស់។

ប្រទេស​យើង ផ្លូវ​ខ្លះ​គឺ​មាន​អាយុ​បាន ២​ឆ្នាំ ខ្លះ​ស្ទើរ​តែ​មួយ​ឆ្នាំ​ឃើញ​ខ្ទេចខ្ទី​អស់ ហើយ​ជា​បញ្ហា​ដែល​យើង​ថា​បន្តិច​ទៀត ខ្ញុំ​បាន​ជម្រាប​ខាង​ដើម គេ​លែង​ឲ្យ​យើង​ខ្ចី ហើយ​យើង​អស់​មាន​លទ្ធភាព​ខ្ចី គឺ​យើង​នៅ​តែ​អត់​មាន​ផ្លូវ​ប្រើប្រាស់ លុយ​ក៏​យើង​ជំពាក់​គេ​ថែម​ទៀត។ ឆ្នាំ ១៩៩៧ គេ​ថា​បើ​រដ្ឋាភិបាល​ចង់​បាន​លុយ ឬ​ខ្ចី​លុយ​គេ សភា​ទាមទារ​ថា​ឲ្យ​ធ្វើ​គម្រោង​ឲ្យ​សភា​មើល តើ​សង់​អី​ពិត​ប្រាកដ? តើ​ត្រឹមត្រូវ​ឬ​ទេ? ប៉ុន្តែ​ក្រោយ​ឆ្នាំ ១៩៩៧ មក រដ្ឋាភិបាល​ថា​ពិបាក​ណាស់​ទម្រាំ​បាន​សិទ្ធិ​ពី​សភា ម៉្លោះ​ហើយ​សុំ​ឲ្យ​ជា​កញ្ចប់ ហើយ​កញ្ចប់​នេះ​ធ្វើ​ឲ្យ​រដ្ឋាភិបាល​អត់​ត្រូវការ​សួរ​សភា​ទេ គឺ​លោក​ត្រូវ​បែង​ចែក​ខ្ចី​គេ​អី​ទាក់​ទង​យក​ទៅ​សម្បើម​ណាស់។

គឹមពៅ ៖ ឯកឧត្ដម តើ​ប្រាក់​កម្ចី​ទាំង​អស់​ហ្នឹង តើ​យើង​ចាំបាច់​ត្រូវ​តែ​សង​គេ ឬ ទេ?

សុន ឆ័យ ៖ យើង​ត្រូវ​តែ​សង​គេ។ យើង​ឃើញ​ហើយ​ប្រទេស​ទាំង​ឡាយ​ដែល​គេ​ធ្លាប់​ឲ្យ​លុយ​យើង​ខ្ចី​ពី​ដើម​មក ក្រោយ​មក​នៅ​ពេល​ដែល​យើង​ជួប​ប្រទះ​នូវ​សង្រ្គាម ការ​ប្រល័យ​ពូជ​សាសន៍​អី​ហ្នឹង មាន​ប្រទេស​ខ្លះ​គេ​អនុគ្រោះ​ឲ្យ​យើង ដោយសារ​ថា​យើង​មាន​បញ្ហា​ហ្នឹង។ ឯ​ប្រទេស​ខ្លះ​គេ​មាន​នយោបាយ​គេ​តឹងរ៉ឹង​ណាស់ មាន យូកូស្លាវី ថ្ងៃ​មុន​គាត់​មក​ទារ​ត្រង់ៗ​តែម្ដង។ ហើយ​ខ្ញុំ​មិន​ជឿ​ថា ចាប់​ពី​ឆ្នាំ ១៩៩៣ មក លុយ​ដែល​ជំពាក់​គេ​ប្រហែល​គេ​មិន​អនុញ្ញាត​ឲ្យ​យើង​ទៅ​ងាយ​ស្រួល​ទេ ដោយសារ​យើង​មាន​ធនធាន​ធម្មជាតិ​ដែល​គេ​សម្លឹង​ឃើញ។ យើង​ឃើញ​ហើយ​ការ​ឲ្យ​លុយ​ខ្ចី កម្រិត​នៃ​ការ​ឲ្យ​លុយ​ខ្ចី សព្វថ្ងៃ​វា​លើស​កម្រិត​ដែល​យើង​អាច​មាន​លទ្ធភាព​សង​ហើយ បើ​ប្រៀប​ធៀប​ទៅ​នឹង​ប្រាក់​ផលិតផល​សរុប​ក្នុង​ស្រុក ដែល​ភាសា​កាត់​ថា ផ.ស.ស ឬ​ភាសា​អង់គ្លេស​ថា GDP នោះ។

គឹមពៅ ៖ សូម​ជម្រាប​សួរ​ឯកឧត្ដមថា តើ​នរណា​ទទួល​ខុស​ត្រូវ​ក្នុង​រឿង​សង​គេ​ត្រឡប់​ទៅ​វិញ​ហ្នឹង?

សុន ឆ័យ ៖ រឿង​ហ្នឹង​ជា​បន្ទុក​របស់​ពលរដ្ឋ។ រដ្ឋាភិបាល​អាច​ផ្លាស់​ប្ដូរ​បាន ដូច​យើង​ឃើញ​ហើយ លុយ​ដែល​រុស្ស៊ី​ទារ​យើង​ហ្នឹង ខ្ចី​តាំង​ពី​របប​មុន​ម្ល៉េះ មិន​ត្រឹម​តែ​រដ្ឋាភិបាល​ទេ និយាយ​ពី​របប​ទៅ​ទៀត។ នេះ​ជា​ការ​បង្ហាញ​ថា​នរណា​សង? មិន​មែន​រដ្ឋាភិបាល​លើក​មុន​នោះ​សង​ឯណា ពលរដ្ឋ​ហ្នឹង​ហើយ​ដែល​ជា​អ្នក​សង។ ដូច្នេះ​បាន​ជា​ខ្ញុំ​បែង​ចែក​ទៅ​ពលរដ្ឋ​ហ្នឹង ខ្ញុំ​ថា ៣០០​ដុល្លារ​សហរដ្ឋ​អាមេរិក ក្នុង​ម្នាក់​ដែល​ជំពាក់​គេ ហ្នឹង​ត្រូវ​ដឹង ហើយ​សូម​ឲ្យ​យើង​ដែល​ទាំង​រដ្ឋាភិបាល ទាំង​ពលរដ្ឋ​ហ្នឹង គឺ​ថា​ត្រូវ​ចូល​រួម​គ្នា​ពិនិត្យ។

គឹមពៅ ៖ ជុំវិញ​ប្រាក់​បំណុល​ដែល​កម្ពុជា ជំពាក់​គេ​ច្រើន តើ​ឯកឧត្ដម​ក្នុង​នាម​ជា​តំណាង​រាស្រ្ដ​មួយ​រូប​ហ្នឹង គ្រោង​នឹង​មាន​ផែនការ​អ្វី​ទេ?

សុន ឆ័យ ៖ ដូច​បាន​ជម្រាប​បន្តិច​មុន​ថា ខ្ញុំ​នឹង​ធ្វើ​លិខិត​អញ្ជើញ​ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មក​ឆ្លើយ​បំភ្លឺ​នៅ​រដ្ឋ​សភា។ ទី​១ គឺ​ឲ្យ​គាត់​បញ្ជាក់​មក តើ​រដ្ឋាភិបាល​នៅ​មាន​គម្រោង​ខ្ចី​បុល​គេ​ប៉ុន្មាន​ទៀត​ទៅ​អនាគត​ហ្នឹង? ដើម្បី​ឲ្យ​យើង​ត្រៀម​ខ្លួន​ផង។ តើ​យើង​ម្នាក់ៗ ដូច​ខ្ញុំ​បាន​ជម្រាប​ហ្នឹង ឥឡូវ​ម្នាក់ៗ ទាំង​ខ្ញុំ ទាំង​ពលរដ្ឋ​នៅ​ស្រែ​ចម្ការ​ដែល​មិន​ដែល​ឃើញ​លុយ​ដុល្លារ​សោះ​ហ្នឹង ជំពាក់​គេ​ជាង ៣០០​(ដុល្លារ)​ម្នាក់​ហើយ។ ឥឡូវ​យើង​ចង់​ដឹង​ថា ប្រុង​ត្រៀម​ប៉ុន្មាន​ទៀត? ហើយ​យើង​នឹង​ទៅ​ជា​អ្នក​ជំពាក់​គេ​ហ្នឹង​ប៉ុន្មាន? ហើយ​ចង់​បញ្ជាក់​លទ្ធភាព​របស់​យើង​ផង ក្នុង​ការ​ប្រមូល​ធនធាន ហើយ​កាត់​បន្ថយ​ការ​រំពឹង​តែ​ទៅ​លើ​ជំនួយ ការ​ខ្ចី​បុល តើ​យើង​អាច​មាន​វិធាន​ការ​អី​ទេ? ដូច្នេះ​បាន​ជា​ថា​ចៀស​វាង​កុំ​ឲ្យ​ប្រទេស​ជាតិ​យើង​ធ្លាក់​ទៅ​ក្នុង​ភក់​ជ្រាំ​ដ៏​លំបាក​ទៅ​អនាគត។

ហើយ​កូន​ចៅ​យើង​ត្រូវ​សង​បំណុល​គេ​មិន​ចេះ​ចប់​ហ្នឹង ការ​យល់​របស់​ខ្ញុំ ថា​ត្រូវ​តែ​ពង្រឹង​វិស័យ​ការពារ ប្រឆាំង​នឹង​អំពើ​ពុករលួយ​ឲ្យ​បាន​ឆាប់ ហើយ​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​គម្រោង​នៃ​លុយ​កាក់​ដែល​យើង​អាច​នៅ​ខ្ចី​គេ​បាន ឬ​ក៏​លុយ​កាក់​ដែល​យើង​យក​ទៅ​កសាង​សមិទ្ធផល​ហ្នឹង ធ្វើ​ម៉េច​ឲ្យ​មាន​គុណភាព ធានា​សេចក្ដី​ត្រូវ​ការ​របស់​ប្រជាពលរដ្ឋ​យើង​ឲ្យ​បាន​ត្រឹមត្រូវ ទុក​ឱកាស​ឲ្យ​អ្នក​ដឹកនាំ​ក្រោយ​គេ​មាន​លទ្ធភាព​ទៅ​ខ្ចី​បុល​មក​ប្រើប្រាស់​ផង៕

No comments: