ដោយ មឿង ទុម
2011-01-27
តើរយៈពេល ២៦ឆ្នាំកន្លងមកនេះ ប្រជាជាតិខ្មែរទទួលបានសមិទ្ធផលអ្វីខ្លះពីការដឹកនាំរបស់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន? តើមានកត្តាអ្វីខ្លះដែលនឹងត្រូវដោះស្រាយកែលម្អ?លោក ហ៊ុន សែន បានកាន់តំណែងជានាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា តាំងពីឆ្នាំ១៩៨៥ រហូតមកដល់បច្ចុប្បន្ន។ គណបក្សប្រជាជនកម្ពុជា ដែលមានលោក ហ៊ុន សែន ជាអនុប្រធានមានមោទនភាពខ្លាំងចំពោះសមិទ្ធផលដែលលោកបានកសាងឡើង បើទោះជាមានមតិរិះគន់ពីប្រជាពលរដ្ឋ រួមមានបក្សប្រឆាំង និងក្រុមអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិមួយចំនួនក្ដី។
លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីនៃរដ្ឋាភិបាលកម្ពុជា មានប្រសាសន៍នៅក្នុងកិច្ចពិភាក្សានៃនាទីវេទិកាអ្នកស្ដាប់វិទ្យុ អាស៊ីសេរី កាលពីយប់ថ្ងៃអង្គារ ទី២៥ ខែមករាថា កម្ពុជាកំពុងសាទរចំពោះសមិទ្ធផលដែលចេញពីនយោបាយឈ្នះៗរបស់លោក ហ៊ុន សែន។
លោក ផៃ ស៊ីផាន មានប្រសាសន៍ដូច្នេះ ៖ «យើងកំពុងតែរីករាយនៅក្នុង អ្វីដែលជាសមិទ្ធផលរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគតិបណ្ឌិត និងភាពរស់រវើករបស់សម្ដេចអគ្គសេនាធិបតីតេជោ ហ៊ុន សែន គឺសន្តិភាព។ ទោះសន្តិភាពនោះយ៉ាងណាក៏ដោយ ក៏មិនដែលជាទីពេញចិត្តរបស់ជនអសមានចិត្ត ឬក៏មានគំនិតបិសាចនោះទេ។ ចំណុចទី២ អ្វីដែលជាកិច្ចការការពារឯករាជ្យ អព្យាក្រឹត និងការពារបូរណភាពទឹកដី គឺយើងទទួលបានពិតប្រាកដរបស់យើង»។
លោក ផៃ ស៊ីផាន មានប្រសាសន៍ថា ក្រៅពីនេះ លោក ហ៊ុន សែន បានដឹកនាំសេដ្ឋកិច្ចកម្ពុជា ឲ្យមានស្ថិរភាព នៅខណៈសហគមន៍អន្តរជាតិប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចពិភពលោក។ ចំណែកវិស័យទេសចរណ៍វិញ លោកថា មានការរីកចម្រើនក្រោមការដឹកនាំរបស់លោក ហ៊ុន សែន ជួយបង្កើនកិតិ្តសព្ទកម្ពុជា ទាំងនៅក្នុង និងក្រៅតំបន់អាស៊ីអាគ្នេយ៍។
លោក មានប្រសាសន៍បន្តថា ៖ «យើងបានធ្វើឲ្យកម្ពុជា ទទួលបានកិត្យានុភាព និងមុខមាត់ខ្ពស់ តាមរយៈការប្រជុំនៅអាស៊ាន ទេសចរណ៍របស់យើង។ អ្វីដែលយើងសម្រេចបាន គឺសម្រេចបានយ៉ាងច្រើន ជាពិសេសក្នុងការពង្រឹងអ្វីដែលជាប្រជាធិបតេយ្យ សេរីពហុបក្ស និងនីតិរដ្ឋ ដូចជាការអភិវឌ្ឍសង្គម គឺការប្ដេជ្ញារបស់រដ្ឋាភិបាលក្នុងកិច្ចការពារនិរន្តរភាពការងារ រដ្ឋាភិបាល និងការពារសន្តិភាព ស្ថិរភាពនយោបាយ»។
លោករដ្ឋលេខាធិការនៃទីស្ដីការគណៈរដ្ឋមន្ត្រី មានប្រសាសន៍បន្ថែមថា រដ្ឋាភិបាលកំពុងបន្តអនុវត្តកម្មវិធីកំណែទម្រង់ស៊ីជម្រៅ រួមមានប្រឆាំងនឹងអំពើពុករលួយ រក្សាស្ថិរភាពសេដ្ឋកិច្ច។ លោក ផៃ ស៊ីផាន លើកឧទាហរណ៍នៃការស្ទង់មតិរបស់វិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ IRI មកសំអាង ដែលលទ្ធផលនៃការស្ទង់មតិនោះបានបង្ហាញថា ប្រជាពលរដ្ឋខ្មែរចំនួន ៧៦% ក្នុងចំណោម ២ពាន់នាក់នៅកម្ពុជា ឆ្លើយថា រដ្ឋាភិបាលដែលដឹកនាំដោយលោក ហ៊ុន សែន កំពុងដើរលើផ្លូវត្រូវ។ លោកថា គ្រប់វិស័យទាំងអស់ដែលរដ្ឋាភិបាលបានធ្វើ មានតែចំនួនតួច ដែលមិនទាន់បានជោគជ័យទាំងស្រុង ដូចជាករណីចែកប័ណ្ណកម្មសិទ្ធិដីធ្លី។
លោក ផៃ ស៊ីផាន ប្រតិកម្មតបថា ការរិះគន់ដែលថា សេរីភាពសារព័ត៌មាននៅកម្ពុជា ធាក់ថយក្រោយ គឺជាការវាយតម្លៃមិនសមហេតុផល ៖ «ចំពោះសេរីភាពនៃការបញ្ចេញ យោបល់ យើងរហូតបង្កើតច្រើនជាងប្រទេសដទៃទៀត គឺយើងមានទីលានប្រជាធិបតេយ្យដែលបងប្អូនគាត់ប្រើទីលាននេះ ដើម្បីបញ្ចេញយោបល់ ហើយយើងដឹងទៀតថា ក្នុងន័យថែរក្សាទីផ្សារ ដើម្បីឆ្លើយតបនឹងសេចក្ដីត្រូវការទីផ្សារការងាររបស់ពលករ យើងថែរក្សាឲ្យមានស្ថិរភាពរវាងកម្មករ ជាមួយម្ចាស់សហគ្រាស ក៏ប៉ុន្តែទោះជាយ៉ាងណា ក្នុងហ្នឹងយើងមានអង្គការ មានអង្គការ ILO និងប្រព័ន្ធតុលាការជួយការពារ ហើយយើងមានច្បាប់ការពារទៀត»។
លោក ឡុង បូរ៉ាត ពីក្រុងភ្នំពេញ ជាអ្នកស្ដាប់មួយរូប បានចូលរួមក្នុងនាទីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរីដែរ តាមរយៈទូរស័ព្ទ បានសាកសួរ និងថ្លែងរិះគន់មតិរបស់លោក ប្រែដ អាដាម (Brad Adams) នាយកប្រតិបត្តិនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំតំបន់អាស៊ី ដែលបានរិះគន់ថា ការដឹកនាំយូរឆ្នាំរបស់លោក ហ៊ុន សែន នៅកម្ពុជា ថាអាចនាំឲ្យប្រទេសជាតិមានគ្រោះថ្នាក់។
ពីខេត្តបាត់ដំបង អ្នកស្ដាប់មួយរូបថ្លែងរិះគន់អំពីប្រតិកម្មរបស់រដ្ឋាភិបាលកម្ពុជា ដែលប្រឆាំងនឹងមតិរបស់លោក ឡៅ ម៉ុងហៃ អ្នកវិភាគស្ថានការណ៍សិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា ដោយលោកបានប្រៀបធៀបស្ថានភាពនៅកម្ពុជា អាចដូចគ្នានឹងស្ថានភាពនៅប្រទេសទុយណេស៊ី (Tunisia) បើស្ថានភាពអត់ការងារធ្វើកាន់តែមានកម្រិតខ្ពស់ និងការគោរពច្បាប់មានការធ្លាក់ចុះនោះ។ ប្រធានាធិបតីនៃប្រទេសទុយណេស៊ី ត្រូវបានប្រជាពលរដ្ឋប្រទេសទុយណេស៊ី រួមគ្នាធ្វើកុប្បកម្មបណ្ដេញចេញពីអំណាចដោយសារវិបត្តិអត់ការងារ អំពើពុករលួយ និងផ្ដាច់ការ។
ទាក់ទងនឹងកម្មវិធីអភិវឌ្ឍន៍វិញ លោក ផៃ ស៊ីផាន បានមានប្រសាសន៍ថា រដ្ឋាភិបាលបានខិតខំអភិវឌ្ឍតំបន់ជនបទ ផ្លូវគមនាគមន៍ និងវិស័យអប់រំបណ្ដុះបណ្ដាលធនធានមនុស្សឲ្យមានវិជ្ជាជីវៈជាដើម។ លោកបញ្ជាក់បន្ថែមថា កន្លងមកសហគមន៍អន្តរជាតិបានទទួលស្គាល់ថា ការបោះឆ្នោតនៅកម្ពុជា មានយុត្តិធម៌ច្រើន បើទោះបីជាមានភាពមិនប្រក្រតីបន្តិចបន្តួចក្តី។
លោក ផៃ ស៊ីផាន មានប្រសាសន៍ថា លទ្ធិប្រជាធិបតេយ្យដែលរដ្ឋាភិបាលកម្ពុជា កំពុងអភិវឌ្ឍ និងពង្រឹង គឺឈរនៅលើគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស តាមរយៈការផ្ទេរអំណាចទៅដល់ថ្នាក់មូលដ្ឋាន ដែលហៅថា វិមជ្ឈការ និងសហវិមជ្ឈការ ដោយធ្វើតាមផែនការហិរញ្ញវត្ថុ ផែនការ ៥ឆ្នាំ ផែនការរំអិល ៣ឆ្នាំ ដើម្បីពង្រឹងស្ថាប័ននីតិបញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ។
ទាក់ទងនឹងសំណួរថា តើកម្ពុជាជំពាក់លុយបរទេសប៉ុន្មាន? លោក ផៃ ស៊ីផាន ថ្លែងបំភ្លឺថា រដ្ឋាភិបាលមិនជំពាក់បំណុលបរទេសច្រើនដោយចាយខ្ជះខ្ជាយដូចការចោទ ប្រកាន់ខ្លះនោះទេ គឺរដ្ឋាភិបាលធ្វើការអភិវឌ្ឍដោយប្រើថវិកាកម្ចី ថវិកាជាតិ និងថវិកាពីដៃគូអភិវឌ្ឍន៍នៃប្រទេសជាមិត្ត។
លោក ផៃ ស៊ីផាន បន្តថា ៖ «បន្ថែមមកទៀត យើងដឹងពីមារយាទរបស់យើងជារាជរដ្ឋាភិបាលដែលធ្វើឲ្យគេទុកចិត្ត រហូតដល់គេឲ្យប្រាក់ខ្ចី ១ពាន់លានដុល្លារក្នុងការអភិវឌ្ឍ ហើយបូកផ្សំនឹងលុយដែលយើងមាននៅក្នុងដៃក្នុងការទិញបន្ថែមក្នុង ការអភិវឌ្ឍសាធារណៈ បង្កើតឲ្យសេដ្ឋកិច្ចយើងមានល្បឿនលឿនបន្ថែមទៀត»។
លោក ផៃ ស៊ីផាន ចាត់ទុកមតិរិះគន់របស់លោក ឡៅ ម៉ុងហៃ ថាជាគំនិតឈ្នានីស។ លោកមានប្រសាសន៍ថា ជនណាដែលប្រឆាំងនឹងជោគជ័យសន្តិភាពរបស់កម្ពុជាបច្ចុប្បន្ន គឺជាឧក្រិដ្ឋជន ៖ «ខ្ញុំគួរឲ្យសោកស្ដាយណាស់ ដែលបណ្ឌិតម្នាក់ដែលគ្មានសតិសម្បជញ្ញៈ គ្មានមោទនភាពខ្លួនជាខ្មែរ ដែលឃើញខ្មែរកំពុងតែរីករាយនឹងសន្តិភាព ក៏ប៉ុន្តែបណ្ឌិត ឡៅ ម៉ុងហៃ គាត់មានគំនិតមួយឈ្នានីស គឺឈ្នានីសតែប៉ុណ្ណេះទេ ដែលយើងគ្មានអ្វីគួរឲ្យភ័យព្រួយនោះទេ»។
លោក ឡៅ ម៉ុងហៃ បានបដិសេធចំពោះការចោទប្រកាន់ថា លោកមានបំណងញុះញង់ប្រជាពលរដ្ឋខ្មែរឲ្យងើបធ្វើកុប្បកម្មប្រឆាំងនឹង រដ្ឋាភិបាលកម្ពុជា ដូចនៅក្នុងប្រទេសទុយណេស៊ី។ លោកថា លោកស្ដាយណាស់ដែលមន្ត្រីរដ្ឋាភិបាលបកស្រាយសម្ដីរបស់លោកខុស។ លោកបញ្ជាក់ថា អ្វីដែលលោកនិយាយ គឺជាការបញ្ចេញមតិ ចង់បង្ហាញឆន្ទៈល្អជួយដល់រដ្ឋាភិបាលតែប៉ុណ្ណោះ។
កាលពីថ្ងៃទី១៦ ខែមករា កន្លងទៅនេះ លោក ឡៅ ម៉ុងហៃ បានប្រាប់វិទ្យុអាស៊ីសេរីថា ការផ្ទុះកំហឹងប្រឆាំងរដ្ឋាភិបាលនៅប្រទេសទុយណេស៊ី ជាមេរៀនមួយសម្រាប់អ្នកដឹកនាំកម្ពុជា ប្រសិនបើកម្ពុជា ជួបវិបត្តិសេដ្ឋកិច្ច អត់ការងារធ្វើ ហើយលោកថា ការរៀបចំ និងដឹកនាំប្រទេសជាតិទៅតាមក្របខ័ណ្ឌច្បាប់ អាចជួយឲ្យសង្គមកម្ពុជា ក្លាយជានីតិរដ្ឋ ដែលជាកត្តាអាចជួយបញ្ចៀសភាពវឹកវរ និងអំពើហិង្សាដូចនៅប្រទេសទុយណេស៊ី។
លោក ឡៅ ម៉ុងហៃ មានប្រសាសន៍ដូច្នេះ ៖ «ដើម្បីផលប្រយោជន៍ជាតិ គេគួរកសាងស្ថាប័នដែលមានចែងក្នុងរដ្ឋធម្មនុញ្ញទាំងប៉ុន្មានហ្នឹង ឲ្យមានលក្ខណៈ និងដំណើរការឲ្យស្របទៅតាមលក្ខណៈរបស់ស្ថាប័នប្រជាធិបតេយ្យ ឬស្ថាប័ននីតិរដ្ឋ...។ កាលណារឹងមាំទៅ គឺថា យើងអាចផ្លាស់ប្ដូររបបអីគឺវាស្រួល ហើយឲ្យមានការកែប្រែអីដោយសន្តិវិធីបាន»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគំរាមចាប់លោក ឡៅ ម៉ុងហៃ បន្ទាប់ពីលោកបានធ្វើការប្រៀបធៀបស្ថានភាពប្រទេសកម្ពុជា ទៅនឹងប្រទេសទុយណេស៊ី៕

No comments:
Post a Comment