គណបក្ស​ប្រឆាំង​និង​អង្គការ​សង្គម​ស៊ីវិល​ប្រកាស​គាំទ្រ​ការ​លុប​ចោល​​ក្រុម​ហ៊ុន​មិន​ធ្វើ​សកម្មភាព

ដោយ គី សុខលីម, www.rfi.fr

អត្ថបទចុះផ្សាយកាលពីថ្ងៃទី 09/01/2010 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 09/01/2010 13:57 ម៉ោងសកល

គណបក្ស​ប្រឆាំង​សម​រង្ស៊ី​​ គណបក្ស​សិទ្ធិមនុស្ស​និង​​អង្គការ​សង្គមស៊ីវិល​បាន​ប្រកាស​គាំទ្រ​ចំពោះ​ការលុបចោល​ក្រុមហ៊ុន​ចំនួន​៥០​ដែល​មិន​ធ្វើ​សកម្មភាព​បន្ទាប់​ពី​ទទួល​បាន​សិទ្ធិ​វិនិយោគ​ពី​រដ្ឋាភិបាល​។​ក្រុមហ៊ុន​ដែល​លុបចោល​ទាំងអស់​នេះ​ត្រូវបាន​គេចោទ​ប្រកាន់​ថា​បាន​កាប់​បំផ្លាញ​ព្រៃឈើ​ជាច្រើន​។

សូមចុចខាងក្រោមដើម្បីស្តាប់ ៖

សេចក្តី​រាយការណ៍​​របស់​ គី ​សុខលីម​ ពី​ទី​ក្រុង​​ភ្នំពេញ

09/01/2010

លោក កឹម សុខា ប្រធានគណបក្ស​សិទ្ធមនុស្ស​(រូបថត ៖ លី ម៉េងហួរ)

លោក កឹម សុខា ប្រធានគណបក្ស​សិទ្ធមនុស្ស​
(រូបថត ៖ លី ម៉េងហួរ)

គណបក្ស​ប្រឆាំង​និង​អង្គការ​សង្គម​ស៊ីវិល​ប្រកាស​នៅថ្ងៃ​សៅរ៍​នេះ​គាំទ្រ​សេចក្តី​សម្រេច​លុបចោល​ក្រុមហ៊ុន​វិនិយោគ​កសិឧស្សាហកម្ម​ចំនួន​៥០​នៅក្នុង​ខេត្ត​មណ្ឌលគីរី​។

​ប្រតិកម្ម​របស់​គណបក្ស​ប្រឆាំង​និង​អង្គការ​សង្គមស៊ីវិល​បាន​ធ្វើឡើង​បន្ទាប់​ពី​អាជ្ញាធរ​ខេត្តមណ្ឌលគីរី​បាន​ប្រកាស​លុបចោល​ក្រុមហ៊ុន​ចំនួន​៥០​ដែល​ទទួល​បាន​ដី​សម្បទាន​ពី​រដ្ឋ​ប៉ុន្តែ​មិន​បាន​ធ្វើអ្វី​ទាំងអស់​។​​​​

លោក​យ៉ែម​ប៉ុញ្ញរិទ្ធិ​អគ្គលេខាធិការ​នៃ​គណបក្ស​សិទ្ធិមនុស្ស​និង​ជា​តំណាងរាស្ត្រ​បាន​ប្រកាស​នៅថ្ងៃ​សៅរ៍ទី​៩​ខែ​មករា​ឆ្នាំ​២០១០​នេះថា​​ការលុបចោល​ក្រុមហ៊ុន​វិនិយោគ​ទាំងនេះ​គឺ​ជា​រឿងត្រឹមត្រូវ​បំផុត​​ពីព្រោះ​ក្រុមហ៊ុន​ទាំងនេះ​ទទួល​បាន​សិទ្ធិ​វិនិយោគ​ពីរដ្ឋ​ហើយ​​ប៉ុន្តែ​ពួកគេ​មិន​ធ្វើអ្វី​ទាំងអស់​។

​​លោក​តំណាងរាស្រ្ត​រូបនេះ​បាន​បញ្ជាក់​បន្ថែម​ថា​​កាលុប​ចោល​គឺ​ជារឿងល្អ​ប៉ុន្តែ​លោក​សម្តែងការ​សោកស្តាយ​ថា​​រដ្ឋអាច​យកដី​បានមកវិញ​មែន​ប៉ុន្តែ​​ក្រុមហ៊ុន​បានកាប់​ព្រៃឈើ​អស់ហើយ​។

លោក​យឹម​សុវណ្ណ​តំណាងរាស្រ្ត​​និង​ជា​អ្នក​នាំពាក្យ​គណបក្ស​សម​រង្ស៊ី​ បាន​ថ្លែងថា​ដីសម្បទាន​សេដ្ឋកិច្ច​ដែល​ប្រមូល​យកមក​វិញនេះ​ត្រូវ​បែងចែក​ជូន​ប្រជាជន​ក្រីក្រ​អត់ដីធ្លី​ធ្វើស្រែចម្ការ​​​។​លោក​អំ​សំអាត​មន្ត្រី​ស៊ើបអង្កេត​របស់​អង្គការ​លីកាដូ​បាន​និយាយ​​ដូចគ្នា​ទៅនឹង​តំណាងយឹម​សុវណ្ណដែរ។​

​លោក​សំ​អាត​ អំពាវនាវ​អោយ​រាជរដ្ឋាភិបាល​ផ្ទេរ​ដីសម្បទាន​សេដ្ឋកិច្ច​ដែល​ប្រមូល​បាន​ទៅ​ជាដីសម្បទាន​សង្គមកិច្ច​ដើម្បី​ជួយ​ដល់​ប្រជាជន​ក្រីក្រ​ខ្វះខាតដី​ធ្លី​និង​ផ្ទះសម្បែង​។​

លោក​ឆាយ​ធី​មន្រ្តី​អង្កេត​របស់អង្គការ​អាដហុក​ប្រចាំ​នៅក្នុង​ខេត្ត​មណ្ឌលគីរី​បានថ្លែង​តាមទូរស័ព្ទ​មក​ថា​​ការលុបចោល​ក្រុមហ៊ុន​មិនធ្វើ​សកម្មភាព​គឺ​ជាការ​ល្អបំផុត​ប៉ុន្តែ​លោក​អំពាវនាវ​អោយ​មាន​ស៊ើបអង្កេត​ចំពោះ​ក្រុមហ៊ុន​​ដែល​បានកាប់​បំផ្លាញ​ព្រៃឈើ​អស់ពី​លើដី​តែមិន​បាន​ធ្វើអ្វី​ទាំងអស់​។ ​​លោក​​ ឆាយ​ ធី​បាន​បន្ត​ទៀត​​ថា​ក្រុមហ៊ុន​មួយចំនួន​មិន​បាន​អភិវឌ្ឍន៏​អ្វីទេ​ប៉ុន្តែ​ពួកគេ​កាប់ព្រៃ​ឈើ​។​

​​មន្ត្រី​អង្គការ​សិទ្ធិមនុស្ស​បានពន្យល់​ថា​នាពេលកន្លងមក​​ការផ្តល់​ដីសម្បទាន​សេដ្ឋកិច្ច​ពីរដ្ឋាភិបាល​ទៅអោយ​ក្រុមហ៊ុន​ឯកជន​តែងតែ​បង្ក​អោយមាន​ភាព​ចម្រូងចម្រាស​រវាង​ក្រុមហ៊ុន​និង​ប្រជាជន​នៅតំបន់​នោះ​ពីព្រោះ​​ការផ្តល់​ដីសម្បទាន​សេដ្ឋកិច្ច​មួយ​ចំនួន​បាន​ប៉ះពាល់​ដល់ដី​ចម្ការ​វិលជុំ​របស់​ជនជាតិ​ភាគតិច​​និង​ជាន់លើ​ដីអារក្ស​អ្នកតា​របស់​ជនជាតិ​ភាគតិច៕

No comments: