អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី​ប្រកាស​លុប​ឈ្មោះ​ក្រុមហ៊ុន​ចំនួន​៥០

ដោយ ឱ ភារិទ្ធ
2010-01-13
​វិទ្យុ​អាស៊ីសេរី

អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី​បាន​ចេញ​សេចក្តី​ប្រកាស​លុប​ឈ្មោះ​ក្រុមហ៊ុន​ចំនួន​៥០ ក្នុង​ចំណោម ៦៣​ក្រុមហ៊ុន​ដែល​បាន​ស្នើសុំ​ការ​អភិវឌ្ឍ​ក្នុង​ខេត្ត បន្ទាប់​ពី​មិន​មាន​សកម្មភាព​អភិវឌ្ឍន៍​តាម​កិច្ច​សន្យា។

លោក​ស្រី អាយស៊ី សុគន្ធារី អភិបាល​រង​ខេត្ត​មណ្ឌលគិរី ទទួល​គ្រប់គ្រង​លើ​ការ​អភិវឌ្ឍ​នេះ​បាន​បញ្ជាក់​ពី​មូលហេតុ​នៃ​ការ​លុប​ឈ្មោះ​ក្រុមហ៊ុន​នោះ​ថា ក្រុមហ៊ុន​ទាំង​នោះ​មិន​ព្រម​ចូល​ខ្លួន​មក​ស្រាយ​បំភ្លឺ​ចំពោះ​ការ​អសកម្ម​ក្នុង​ការ​អភិវឌ្ឍ​របស់​ខ្លួន នៅ​ពេល​ដែល​អាជ្ញាធរ​ខេត្ត​អញ្ជើញ​ឲ្យ​ចូលរួម​រយៈពេល​ដល់ ៤០​ថ្ងៃ។

លោក​ស្រី អាយស៊ី សុគន្ធារី បាន​មាន​ប្រសាសន៍​ថា ៖ «គឺ​ឈ្មោះ​ថា​ក្រុមហ៊ុន​ហ្នឹង ខេត្ត​នីមួយៗ​គឺ​សប្បាយ​ចិត្ត​ណាស់ គ្មាន​អ្នក​ណា​ចង់​ធ្វើ​អ៊ីចឹងៗ​ទេ។ មិន​ដឹង​ជា​ក្រុមហ៊ុន​ពិត​ប្រាកដ ឬ​មួយ​គេ​គ្រាន់​មក​បង្កក់​ដី តែ​ដាក់​ដល់​ទៅ ៥០​ក្រុមហ៊ុន នៅ​ស្ងៀម រហូត​មក​ដល់​ថ្ងៃ​នេះ​អត់​មាន​ប្រតិកម្ម​ផង​ហ្នឹង។ បើ​មាន​ប្រតិកម្ម គឺ​មាន​ប្រតិកម្ម​ទៅ​លើ​អ្នក​ដែល​រត់ការ​ច្បាប់​ហ្នឹង​ណា៎! អ្នក​គួកជេរ​ដី គួកជេរ​អី​អ៊ីចឹង​ទេ!»។

លោក​ស្រី អាយស៊ី សុគន្ធារី បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា ការ​លំបាក​របស់​អាជ្ញាធរ​ដែរ​គឺ​ក្រុមហ៊ុន​មិន​មាន​ទីស្នាក់ការ​នៅ​ក្នុង​ខេត្ត ដែល​ជា​ការ​លំបាក​ក្នុង​ការ​ទាក់ទង។

លោក កឺត ជ្រែង តំណាង​សហគមន៍​ឃុំ​ដាក់ដាំ ស្រុក​អូររាំង បាន​ផ្តល់​សម្ភាសន៍​ថា មាន​ក្រុមហ៊ុន​បី​ដែល​បោះ​ទីតាំង​ក្នុង​ឃុំ​របស់​លោក គឺ​មាន​តែ​ក្រុមហ៊ុន​មួយ​ទេ​ដែល​អភិវឌ្ឍ​ដាំ​ដើម​ស្រល់​ដោយ​មិន​បំផ្លាញ​ព្រៃ​ឈើ។

លោក កឺត ជ្រែង បាន​បញ្ជាក់​ថា ៖ «ក្រុមហ៊ុន​ពីរ… អា​ហ្នឹង​កាប់​ព្រៃ គាត់​កាប់​ប្លង់ៗ​អ៊ីចឹង ហើយ​កន្លែង​ខ្លះ​អត់​ទេ ក៏​ចោល​អ៊ីចឹង​ទៅ តាំង​ពី ២០០៥ អត់​ទាន់​ឃើញ​ដាំ​អី​ទេ។ ក្រុមហ៊ុន​ពីរ​ហ្នឹង​គាត់​មក​សុំ​ដី ២​ពាន់​ហិកតា បើ​ក្រុមហ៊ុន​មួយ​ទៀត ១២០០​ជាង​ហិកតា…»។

ផ្អែក​ទៅ​លើ​ការ​ស៊ើប​អង្កេត​និង​ផ្អែក​ទៅ​លើ​ការ​សម្រេច​របស់​អាជ្ញាធរ​ខេត្ត​ក្នុង​ការ​លុប​ឈ្មោះ​ក្រុមហ៊ុន​មួយចំនួន​ធំ​នេះ ត្រូវ​បាន​លោក ឆាយ ធី មន្ត្រី​ស៊ើប​អង្កេត​នៃ​សមាគម​សិទ្ធិ​មនុស្ស អាដហុក បាន​ទទួល​ស្វាគមន៍​លើ​ចំណាត់ការ​នេះ ដោយ​ថា វា​នឹង​អាច​ផ្តល់​យុត្តិធម៌​ឲ្យ​ដល់​ក្រុមហ៊ុន​ក្រោយៗ​ទៀត។

លោក ឆាយ ធី បាន​អះអាង​ថា ៖ «ជា​គំរូ​ល្អ​មួយ​សម្រាប់​ក្រុមហ៊ុន​វិនិយោគ​ដទៃ​ទៀត​ដែល​មាន​បំណង​មក​ដាក់​វិនិយោគ​ដី​សម្បទាន​សេដ្ឋកិច្ច​លើក​ក្រោយ ដើម្បី​ឲ្យ​មាន​ការ​គោរព​និង​អនុវត្ត​តាម​កិច្ច​ព្រមព្រៀង​រវាង​រដ្ឋាភិបាល​និង​ក្រុមហ៊ុន​ដទៃ​ទៀត។ ក្រុមហ៊ុន​ដែល​សព្វថ្ងៃ​កំពុង​តែ​កាប់​ឆ្ការ​ហើយ មិន​បាន​ធ្វើ​ការ​អភិវឌ្ឍ​អី​លេច​ជា​ទ្រង់ទ្រាយ​ធំ​ដុំ​នៅ​ឡើយ​ទេ គ្រាន់​តែ​ធ្វើ​ព្រំ​ហ៊ុមព័ទ្ធ​ដី​ព្រៃ ហើយ​ខ្លះ​មាន​ការ​កាប់​រាន​ដី​ព្រៃ ហើយ​ទុក​ចោល​ទំនេរ ដូច​ជា​នៅ​ស្រុក​ពេជ្រាដា… និង​ចំណុច​ឃុំ​ពូទ្រី»។

ទោះ​បី​ជា​មាន​ការ​សម្រេច​លុប​ក្រុមហ៊ុន​ចំនួន ៥០ ក្នុង​ចំណោម ៦៣​ក្រុមហ៊ុន​ក៏​ដោយ ក៏​លោក​ស្រី អាយស៊ី សុគន្ធារី អភិបាល​រង​ខេត្ត បាន​បញ្ជាក់​ថា នឹង​អាច​ផ្តល់​សិទ្ធិ​ឲ្យ​បន្ត​សកម្មភាព​ទៀត​បាន ចំពោះ​ក្រុមហ៊ុន​ណា​ដែល​មាន​បំណង​សុំ​បន្ត​ដោយ​ឲ្យ​បំពេញ​លក្ខណៈ​ច្បាប់​និង​បែបបទ​គ្រប់គ្រាន់។ ហេតុ​នេះ​ហើយ​ក៏​មាន​ក្រុមហ៊ុន​ចាស់​ចំនួន​បី​បាន​ដាក់​ពាក្យ​សុំ​បន្ត តែ​លោក​ស្រី​មិន​បាន​បញ្ជាក់​ឈ្មោះ​ក្រុមហ៊ុន​នោះ​ឡើយ៕


No comments: