អាជ្ញាធរ​កំណត់​បាន​អត្តសញ្ញាណ​ខ្មែរ​២​នាក់​ដែល​ថៃ​បាញ់​ស្លាប់

ដោយ ហង្ស សាវយុត
2010-01-13
​វិទ្យុ​អាស៊ីសេរី

មន្ត្រី​ព្រំដែន​ខ្មែរ​នៃ​ខេត្ត​ឧត្តរមានជ័យ​បាន​អះអាង​ថា រហូត​មក​ដល់​រសៀល​ថ្ងៃ​ពុធ ទី​១៣ ខែ​មករា​នេះ គេ​បាន​ស្គាល់​ឈ្មោះ​ប្រជាពលរដ្ឋ​ខ្មែរ ២​នាក់​ដែល​ស្លាប់ និង​ម្នាក់​ទៀត​ដែល​កំពុង​បាត់​ខ្លួន​ដោយសារ​ក្រុម​មេ​ព្រៃ​និង​ប៉ូលិស​ថៃ​នៃ​ស្រុក​ឃុនហាន ខេត្ត​ស៊ីសាកេត បាញ់​រះ​នោះ​ហើយ។

លោក​វរសេនីយ៍​ទោ តូច រ៉ា អនុ​ប្រធាន​ទំនាក់​ទំនង​ព្រំដែន​ខ្មែរ​-​ថៃ​ប្រចាំ​ច្រក​ជាំសាង៉ាំ​នៃ​ស្រុក​អន្លង់វែង បាន​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​ពុធ​ថា អាជ្ញាធរ​ថៃ​បាន​សុខចិត្ត​អនុញ្ញាត​ឲ្យ​មន្ត្រី​ទំនាក់​ទំនង​ព្រំដែន​ខ្មែរ​និង​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​សង្ស័យ​ថា​សាច់​ញាតិ​របស់​ខ្លួន​ស្លាប់​នោះ បាន​ចូល​ទៅ​កាន់​ខេត្ត​អ៊ូប៊ុនរ៉ាតថានី ប្រទេស​ថៃ កាល​ពី​ព្រឹក​មិញ​ដើម្បី​ឲ្យ​មាន​ការ​បញ្ជាក់​ច្បាស់លាស់​ពី​ឈ្មោះ​អ្នក​ស្លាប់​និង​អ្នក​បាត់​ខ្លួន​នៅ​ឡើយ​នោះ។

លោក តូច រ៉ា បាន​បញ្ជាក់​ថា នៅ​ពេល​នេះ​អាជ្ញាធរ​ខ្មែរ​បាន​ស្គាល់​ឈ្មោះ​ប្រជាពលរដ្ឋ​ខ្មែរ ២​នាក់​ដែល​ស្លាប់​នោះ​គឺ​ឈ្មោះ ចេង សុជាតិ អាយុ ២៧​ឆ្នាំ និង​ឈ្មោះ អឿន អេង អាយុ ១៩​ឆ្នាំ។ ចំណែក​បុរស​ម្នាក់​ទៀត​កំពុង​បាត់​ខ្លួន គាត់​ឈ្មោះ អឿន អុល ដែល​ជា​ឪពុក​របស់​ឈ្មោះ អឿន អេង ដែល​បាន​ស្លាប់​ក្នុង​ការ​បាញ់​រះ​នោះ។

លោក តូច រ៉ា បាន​ឲ្យ​ដឹង​ថា ៖ «អ្នក​ស្លាប់​ដឹង​ឈ្មោះ​ពិត​ហើយ​បង ឈ្មោះ ចេង ជាតិ ហើយ​និង អឿន អេង ហើយ​ឥឡូវ​ហ្នឹង​គេ​ខាង​ណោះ​គេ​សម្រេច​បូជា​សព​កូន​គេ​នោះ​ណា៎ បន្តិច​ទៀត​បែប​ចេញ​មក​វិញ​ហើយ។ ឯ​សព​របស់ ចេង ជាតិ ហ្នឹង គឺ​នៅ​​ឯហ្នុង​ឯង ដល់​គ្រួសារ​គេ​ទៅ​​​ធានា​ទទួល​មក​ទៀត​ទើប​បាន។ បាត់ អឿន អុល រក​អត់​ឃើញ។ រក​តែ​ខាង​យើង​ទេ​បង​អើយ ខាង​គេ​ចូល​ជ្រៅ​ពេក។ ខ្ញុំ​បាន​ជម្រាប​ខាង​កង​កម្លាំង​ខាង​ថៃ​ហើយ​ឲ្យ​ជួយ​រុករក​ឲ្យ​ផង»។

ការ​រក​ឃើញ​ឈ្មោះ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ស្លាប់​និង​បាត់​ខ្លួន​នេះ គឺ​នៅ​ក្រោយ​ពេល ៣​ថ្ងៃ​បន្ទាប់​ពី​ក្រុម​មេព្រៃ​និង​ប៉ូលិស​ស្រុក​ឃុនហាន​​​របស់​ថៃ​ បានប្រើអាវុធ​បាញ់រះ​ទៅលើ​ក្រុម​ប្រ​ជា​ពលរដ្ឋ​ខ្មែរ​ដែល​បាន​ឆ្លង​ដែន​ចូល​ទៅ​ក្នុង​ទឹក​ដី​ថៃ​ដើម្បី​ជញ្ជូន​ឈើ​មក​ឲ្យ​ក្រុម​ឈ្មួញ​នៅ​ជាប់​ភូមិសាស្ត្រ​ឃុំ​អូរស្វាយ ស្រុក​ត្រពាំងប្រាសាទ ខេត្ត​ឧត្តរមានជ័យ របស់​ខ្មែរ​នោះ​មក។

មេ​បញ្ជាការ​យោធា​ខ្មែរ​​វរ​ការពារ​ព្រំដែន​ដែល​កំពុង​ប្រចាំការ​នៅ​តាម​បន្ទាត់​ព្រំដែន​ខ្មែរ​-​ថៃ​លើ​ខ្នង​ភ្នំ​ដងរែក ចាប់​ពី​ជាំស្រង៉ាំ​រហូត​ដល់​ភូមិសាស្ត្រ​ស្រុក​ត្រពាំងប្រាសាទ បាន​ឲ្យ​ដឹង​ថា ទាហាន​ខ្មែរ​ជា​ច្រើន​នាក់​បាន​ធ្វើ​សកម្មភាព​ជាង ៤០​ម៉ោង​មក​ហើយ​នៅ​ក្នុង​ព្រៃ​តាម​ព្រំដែន​ដើម្បី​តាម​រក​អ្នក​បាត់​ខ្លួន។

មេ​បញ្ជាការ​​កង​ការពារ​ព្រំដែន​ខ្មែរ​លេខ​៤០៣ លោក​វរ​សេនីយ៍​ឯក ធឿង ធា បាន​មាន​ប្រសាសន៍​ថា រហូត​មក​ដល់​រសៀល​ថ្ងៃ​ពុធ ទាហាន​របស់​លោក​នៅតែ​បន្ត​ការ​រុក​រក​អ្នក​បាត់​ខ្លួន ហើយ​បាន​សុំ​ថៃ​ចូល​ទៅ​រក​ក្នុង​ទឹក​ដី​ថៃ​ទៀត​ផង ក៏​ប៉ុន្តែ​មិន​បាន​រក​ឃើញ​នៅ​ឡើយ​ទេ។

លោក​វរ​សេនីយ៍​ឯក ធឿង ធា បាន​បញ្ជាក់​ថា ៖ «បទ​បញ្ជា​របស់​ឯកឧត្តម​មេ​បញ្ជាការ​ទិស​ហ្នឹង​ឲ្យ​ខ្ញុំ​ជួយ​រុករក​ប្រជាជន​ដែល​បាត់។ ខ្ញុំ​កំពុង​តែ​រុករក​បន្ត​ស្រាវជ្រាវ​តំបន់​ចំបក់កោង។ តាំង​ពី​ម្សិលមិញ​មក​កង​ទ័ព​របស់​ខ្ញុំ​ជួយ​រុករក​​ចូល​ដី​គេ​ទៀត សុំ​សហការ​ជាមួយ​គេ​ទៀត។ គេ​អត់​ជួយ​យើង​ទេ ប៉ុន្តែ​យើង​សុំ​ផ្លូវ​ដើរ គេ​ថា យើង​រុក​ទៅ​ណេះៗ គេ​អនុញ្ញាត​ឲ្យ​យើង​រុករក ប៉ុន្តែ​វា​អត់​ឃើញ»។

អាជ្ញាធរ​ខេត្ត​ឧត្តរមានជ័យ​បាន​ឲ្យ​ដឹង​ថា ចាប់​តាំង​ពី​អំឡុង​ខែ​កញ្ញា ឆ្នាំ​២០០៩ រហូត​មក​ដល់​ពេល​នេះ​ចំនួន​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ទាហាន​ថៃ​បាញ់​ស្លាប់​បាន​កើន​ឡើង​ដល់ ៨​នាក់។ ម្នាក់​កំពុង​បាត់​ខ្លួន ២​នាក់​បាន​រង​របួ​ស និង​ម្នាក់​ទៀត​ត្រូវ​ទាហាន​ថៃ​នៃ​ស្រុក​កាប់ជើង ខេត្ត​សុរិន្ទ ចាប់​ខ្លួន​យក​ទៅ​កាត់​ទោស​មិន​ទាន់ដោះ​លែង​នៅ​ឡើយ៕


No comments: