នាយករដ្ឋមន្ត្រីប្រតិកម្មទៅនឹងអ្នករិះគន់ថ្ងៃ៧ មករា
ដោយ ម៉ៅ សុធានី
2010-01-04
ខណៈដែលថ្ងៃ៧ មករា ខិតជិតចូលមកដល់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានរិះគន់ខ្លាំងៗទៅលើបុគ្គលទាំងឡាយណាដែលមិនចាត់ទុកថ្ងៃ៧ មករា ថាជាថ្ងៃរំដោះប្រជាជនខ្មែរឲ្យរួចផុតពីសេចក្តីស្លាប់នោះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងទៅកាន់និស្សិតនៅក្នុងពិធីផ្ដល់អាហារូបករណ៍ ក្នុងទីក្រុងភ្នំពេញ កាលពីថ្ងៃទី២០ វិច្ឆិកា ២០០៨។
ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សា ស្ថិតនៅភូមិអញ្ចាញ សង្កាត់អូរចារ ស្រុកបាត់ដំបង ខេត្តបាត់ដំបង នៅព្រឹកថ្ងៃច័ន្ទ ៤ មករានេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចាត់ទុកថា ថ្ងៃ៧ មករា គឺជាថ្ងៃកំណើតទីពីររបស់ប្រជាពលរដ្ឋខ្មែរ ដែលគេគួរតែធ្វើបុណ្យរំឭកផងដែរ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ដូច្នេះ ៖«ថាអតីតកាល៣១ឆ្នាំហើយរំឭកធ្វើអី? ហើយចុះខ្លួនឯងធ្វើបុណ្យកំណើតធ្វើអី? និយាយអ៊ីចេះ។ ស្អី! Happy birthday to you អីឯណា អ្ហែងខំធ្វើៗអី? កំណើតខ្លួនឯងចេះរំឭក ចុះថ្ងៃរស់ហ្នឹងម៉េចមិនរំឭកផង? ប៉ុន្តែធុនហ្នឹងតិចតួចទេ។ បើសិនជាគេជាមនុស្សពិតប្រាកដ ហោចណាស់គេយល់ ទោះបីថាយ៉ាងម៉េចក៏ដោយ។ អ្នកដែលមិនធ្លាប់រងគ្រោះនៅកម្ពុជា គេបានចេញពីផុតពីកម្ពុជាក៏ដោយ ក៏ប៉ុន្តែគេមិនត្រូវភ្លេចថា មានសាច់ញាតិរបស់គេរស់នៅក្នុងប្រទេស។ ៧ មករា ហោចណាស់បានរំដោះបងប្អូនសាច់ញាតិរបស់គេឲ្យរស់រានមានជីវិត»។
ថ្ងៃ៧ មករា ឆ្នាំ១៩៧៩ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយសម្រាប់ប្រជាពលរដ្ឋកម្ពុជា គឺនៅពេលដែលកងទ័ពវៀតណាមរាប់ម៉ឺននាក់បានឈ្លានពានចូលកាន់កាប់ប្រទេសកម្ពុជា បន្ទាប់ពីបានផ្តួលរំលំរបបកម្ពុជាប្រជាធិបតេយ្យដឹកនាំដោយ ប៉ុល ពត អស់រយៈពេលជិត៤ឆ្នាំមកនោះ។
រហូតមកដល់ពេលនេះការខ្វែងគំនិតគ្នារវាងប្រជាពលរដ្ឋ្ម មន្ត្រីរាជការនិងមន្ត្រីអង្គការក្រៅរដ្ឋាភិបាលនៅតែកើតមានជាដដែល។ អ្នកខ្លះយល់ថា ព្រឹត្តិការណ៍ថ្ងៃ៧ មករា ឆ្នាំ១៩៧៩ គឺជាថ្ងៃកងទ័ពបរទេសឈ្លានពាន ជាថ្ងៃដែលប្រទេសកម្ពុជាបាត់បង់អធិបតេយ្យជាតិរបស់ខ្លួន។ រីឯអ្នកខ្លះទៀតយល់ថា គឺជាថ្ងៃរំដោះដែលកងទ័ពវៀតណាមបានជួយពួកគេឲ្យរួចផុតពីការសម្លាប់របស់ពួកខ្មែរក្រហម៕
No comments:
Post a Comment